ប័ណ្ណសារ

អា​ជ្ញាធរ​ចោទប្រកាន់​ជន​ចាប់រំលោភសម្លាប់ក្នុងករណីដាច់ដោយឡែកពីគ្នា

By

November 03, 2014

​អាជ្ញាធរ​បាននិយាយ​កាលពី​ម្សិលមិញ​ថា ក្មេង​ប្រុស​ជំទង់​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខេត្ត​កំពង់ឆ្នាំង​កាលពីថ្ងៃសៅរ៍ពីបទរំលោភ ហើយសម្លាប់​​​ស្ត្រី​វិកលចរិត​ម្នាក់​​ ចំណែក​ឯ​បុរស​បី​នាក់​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ថ្ងៃ​តែ​មួយ​​​ក្នុង​ខេត្ត​កំពង់ចាម ពីបទ​រំលោភ​បូក និង​សម្លាប់​ស្ត្រី​ម្នាក់​។

​យោង​តាម​លោក ប៉ុល វុទ្ធី ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង នគរ​បាល​រក​ឃើញ​សាក​សព​ ជុំ កុសល ​អាយុ​៣៤​ឆ្នាំ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ នៅ​ក្នុង​​ឃុំជ្រៃបាក់ ស្រុក​រលាប្អៀ។ នៅ​ថ្ងៃ​នោះ​ពួកគេ​បានចាប់​ខ្លួន​ក្មេង​ប្រុស​អាយុ​១៧​ឆ្នាំ​ម្នាក់​ ដែល​សង្ស័យ​ថា បាន​រំលោភ​ជនរងគ្រោះ​ ហើយ​បាន​យក​ខ្សែ​ក្រវាត់​វាយ​ជនរងគ្រោះ និង​រឹត​​ក​នាង​រហូត​ដល់​ស្លាប់​ ហើយទុក​សាក​សព​របស់​នាង​ដេក​ផ្កាប់​មុខ​នៅក្នុង​ថ្លុក​ទឹក​ដ៏ធំមួយ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” សាកសព​មាន​ស្នាម​ជំា​ ហើយ​យើង​សន្និដ្ឋាន​ថា ជនរង​គ្រោះ​ត្រូវ​បាន​ធ្វើ​ទារុណកម្ម និង​រំលោភ​។ ជនសង្ស័យសារភាព​ថា ​បាន​រំលោភ​ ធ្វើ​ទារុណ​កម្ម និង​សម្លាប់​នាង​”។

លោក វុទ្ធី បាន​មាន​ប្រសាសន៍​ថា ​ជនចាប​់រំលោភ​ត្រូវ​បាន​​នគរ​បាល​សាក​សួរ​ ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​នេះ ដើម្បី​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​។

លោក សំ សុខា នាយប៉ុស្តិ៍​ឃុំ​បាន​មាន​ប្រសាសន៍​ថា ជនរងគ្រោះ​មាន​​ជំងឺ​សរសៃ​ប្រសាទ​ធ្ងន់​ធ្ងរ​បន្ទាប់ពី​បង​ប្អូន​ស្រី​របស់​គាត់​ស្លាប់កាលពី​៤ឆ្នាំ​មុន ហើយ​នៅពេល​បង​ប្អូនស្រី​នោះ​ស្លាប់​​នាង​ពឹង​ផ្អែក​លើ​ការ​សូមទាន​។

លោក សុខា បាន​មាន​ប្រសាសន៍​ថា ជនសង្ស័យ​ទំនង​ជា​ស្រវឹង​ស្រា​កាលពី​យប់​ថ្ងៃ​សុក្រ នៅ​ពេល​ជននេះ​ឃើញ​ជនរងគ្រោះ​ដើរ​នៅ​តាម​ផ្លូវ​។ លោក​បានមាន​ប្រសាសន៍​ថា ” ជននោះ​ស្រវឹង​ស្រា​យ៉ាង​ខ្លាំង ហើយ​គាត់​ឃើញ​ថា វា​ជា​ឱកាស​ស្ងាត់​ ដូច្នេះ​ជននេះ​បាន​ឆ្លៀត​ឱកាស​រំលោភ​នាង​តែម្ដង”។

លោក ហេង វុទ្ធី អធិការ​នគរ​បាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា ជនរងគ្រោះ​រូប​នេះ​​ឈ្មោះ សុខ គឹមស្រ៊ូ អាយុ​២២​ឆ្នាំ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អារ​ក​សម្លាប់​ក្នុង​វាល​ស្រែ​មួយ​ស្ថិត​ក្នុងឃុំ​​ត្រពាំង​គរ ស្រុក​ជើងព្រៃ កាលពី​ថ្ងៃទី​២៤ ខែ​តុលា។ លោក​ វុទ្ធី បាន​មាន​ប្រសាសន៍​ថា ” ជនចាប់​រំលោភ​ប្រហែល​ជា​ស្គាល់​​ជនរង​គ្រោះ”។

​យោង​តាម​លោក ម៉ែន ប៊ុនរិទ្ធ មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​​ឲ្យ​ដឹង​ថា បន្ទាប់ពី​ការ​ស៊ើបអង្កេត​រយៈ​ពេល​ប្រហែល​១សប្ដាហ៍ កង​រាជ​អាវុធ​ហត្ថ​បាន​ចាប់​ខ្លួនជន​សង្ស័យ​បី​នាក់​កាលពី​ថ្ងៃ​សៅរ៍ ហើយ​បច្ចុប្បន្ន​នេះ​កំពុងសាក​សួរ​ពួកគេ ដែល​លោក​បានមាន​ប្រសាសន៍​ថា លោក​មិន​អាចប្រាប់​ឈ្មោះ ឬអាយុ​ជនចាប់​រំលោះ​បាន​ទេ ពីព្រោះលោក​មិនមាន​ព័ត៌មាន​នៅ​ក្នុង​ដៃ​ឡើយ​។

យោង​តាម​លោក អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេកទេស​​របស់​អង្គការ​សិទ្ធិមនុស្ស​លីកា​ដូ​បាន​ឲ្យ​ដឹង​ថា អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​កត់​ត្រា​ករណី​រំលោភស​ម្លាប់​ចំនួន​១៤​ករណី​រហ​ូត​មក​ទល់​ពេលនេះ​នៅ​ឆ្នាំ​នេះ​នៅ​ក្នុង​ខេត្ត​ចំនួន​១៤​ដែល​ខ្លួន​បានឃ្លាំ​មើលគឺកើនឡើង​​​​១១ករណី​អំឡុង​​រយៈ​ពេល​ដូច​គ្នា​នេះ​កាលពី​ឆ្នាំ​មុន​៕ សារុន​​​​​​​​