33 C
Phnom Penh

អ្នកបើក​បរ​ម៉ូតូរង​របួស​ធ្ងន់បន្ទាប់ពី​បុកជាមួយ​រថយន្ត​នគរបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា បុរស​អាយុ​១៨​ឆ្នាំ​ម្នាក់​បាន​រង​របួស​ធ្ងន់​កាលពី​ថ្ងៃសៅរ៍ នៅ​ពេល​ម៉ូតូ​របស់​ខ្លួន​បាន​បុក​ជាមួយ​រថយន្ត​របស់​ស្នង​ការ​រង​នគរ​បាល​ខេត្ត​ប៉ៃលិន​។

យោង​តាម​លោក ឃ្លោក សាឡាន ​​នាយ​នគរ​បាល​ចរាចរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា លោក នី ប៊ុន​ធឿន បាន​បើក​ម៉ូតូ​​របស់​ខ្លួន​ឌុប​ឪពុក​របស់​ខ្លួន និង​អ្នក​ជិត​ខាង​ម្នាក់​នៅ​កៅអី​ខាង​ក្រោយ​កាត់​ក្រុង​ប៉ៃលិន​ ស្រាប់​តែ​បុក​ជាមួយ​រថយន្ត​តូយ៉ូតា​កាមរី​មួយ​គ្រឿង ដែល​បើក​បរ​ដោយ​លោក ផា ធា ស្នង​ការ​រង​នគរ​បាល​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​។

លោក សាឡាន បាន​មាន​ប្រសាសន៍ថា ” លោក ប៊ុនធឿន បាន​រង​របួស​ធ្ងន់ ហើយ​ឥឡូវ​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ បន្ទាប់ពី​ម៉ូតូ​របស់​លោក​បាន​បុក​ជាមួយ​រថយន្ត​របស់​ស្នង​ការ​រង​”។

លោក សាឡាន បាន​មាន​ប្រសាសន៍​ថា នគរ​បាល​នឹង​ឲ្យភាគី​ទាំង​ពីរ​មក​ជួប​គ្នា​នៅ​ថ្ងៃ​នេះ​ដើម្បី​ចរចា​ក្រៅ​ប្រព័ន្ធ​តុលាការ​ជុំវិញ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​ចង់​ដោះ​ស្រាយ​បញ្ហា​នេះ​ក្រៅ​ប្រព័ន្ធ​តុលាការ ពីព្រោះ​វា​ជា​បញ្ហា​តូច​តាច​​តែប៉ុណ្ណោះ”។

លោក ហែម សូនី ជា​ឪពុក​របស់​លោក ប៊ុនធឿន ដែល​បាន​​រួច​ផុត​ពី​គ្រោះ​ថ្នាក់​នោះ​ដោយ​គ្មាន​រង​របួស​ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ តាំង រ័ត្ន អាយុ​១៧​ឆ្នាំ​បាន​រង​របួស​ស្រាល។ លោក សូនី បាន​និយាយ​ថា វា​ជា​កំហុស​របស់អ្នក​បើក​បរ​រថយន្ត​​ដែល​បាន​បើក​ចេញពី​គន្លង​ផ្លូវ​របស់​ខ្លួនដើម្បី​គេច​ជង្ហុក​​ ហើយ​បាន​បុក​ម៉ូតូ​តែ​ម្ដង។

លោក​បានមាន​ប្រសាសន៍​ថា ស្នង​ការ​រង​នគរ​បាល​បាន​បើក​រថយន្ត​របស់​ខ្លួន​គេច​ពី​ជង្ហុក​នៅផ្នែក​របស់​ខ្លួន ហើយ​បាន​បុក​ម៉ូតូ​កូនប្រុស​របស់​ខ្ញុំ”។

លោក គង់ សំណាង មេឃុំ​អូតាវ៉ៃ ដែលគ្រោះថ្នាក់ចរាចរណ៍បាន​កើត​ឡើង​បានបញ្ជាក់ពី​ហេតុការណ៍​នេះ។ លោក​បានមាន​ប្រសាសន៍​ថា ” រថយន្ត​នេះ​ត្រូវ​បាន​​បន្ទោស​ ពីព្រោះ​វា​បើក​ចូល​ទៅ​​ក្នុង​ផ្នែក​ខាង​ឆ្វេង​របស់​ម៉ូតូ”។

ប៉ុន្តែ​លោក ផា ធា បាន​មាន​ប្រសាសន៍​ថា ការ​ពិត​គឺ​លោក ប៊ុនធឿន ដែលបាន​បើក​បុក​រថយន្ត​របស់​លោក​នោះ​។ លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​មិន​ចង់​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ទេ ប៉ុន្តែ​អ្នក​បើក​បរ​ម៉ូតូ​ទេដែល​បាន​ព្យាយាម​បើក​គេ​ច​ពី​ជង្ហុក​ដ៏ធំ​ទៅ​រក​ផ្លូវ​ល្អ នៅ​ពេលដែល​គាត់​បុក​រថយន្ត​របស់​ខ្ញុំ”។ លោក​បាន​បន្ថែម​ថា ” យើង​មាន​គម្រោង​ធ្វើ​ការ​ចរចា​នៅ​ថ្ងៃ​ស្អែក។ ខ្ញុំ​នឹង​បង់​សំណង​ប្រសិន​បើ​អាជ្ញាធរ​រក​ឃើញ​ថា ខ្ញុំ​មាន​កំហុស​”៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស