លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា រណសិរ្សរំដោះជាតិខ្មែរ (KNLF) ជាក្រុមតស៊ូមតិនយោបាយដែលប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច កំពុងហ្វឹកហាត់កងទ័ពសម្ងាត់ មានភេរវករប្រដាប់អាវុធរាប់រយនាក់ ក្នុងបំណងផ្តួលរំលំរដ្ឋាភិបាល។
ការអធិប្បាយរបស់អ្នកនាំពាក្យរូបនេះអំឡុងសន្និសីទនៅស្នងការដ្ឋាននគរបាលជាតិក្នុងក្រុងភ្នំពេញកាលពីព្រឹកថ្ងៃអាទិត្យ ធ្វើឡើងបន្ទាប់ពីមានការចាប់ខ្លួនសមាជិករណសិរ្សរំដោះជាតិខ្មែរ១០នាក់កាលពីខែមុនពីបទញុះញង់ឲ្យមានអំពើហិង្សា។ សេចក្តីថ្លែងការណ៍ប៉ូលិសបានចេញនៅពេលនោះបានឲ្យដឹងថា ក្រុមប្រឆាំងនេះកំពុង”ហ្វឹកហាត់កម្លាំងភេរវករដើម្បីដាក់គ្រឿងផ្ទុះជាសម្ងាត់នៅជិតព្រំដែនថៃ” និង” ផ្តួលរំលំរដ្ឋាភិបាលតាមរយៈការប្រើកម្លាំងប្រដាប់អាវុធខុសច្បាប់នេះ”។
ឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា “យើងមានភ័ស្តុតាងឯកសារដែលរឹបអូសបានដើម្បីបញ្ជាក់ថា ពួកគេមានកម្លាំងប្រដាប់អាវុធរាប់រយនាក់ ហើយយើងជឿថា ពួកគេកំពុងលាក់ខ្លួនក្នុងប្រទេសនេះ”។
លោកបានមានប្រសាសន៍ទៀតថា ក្នុងចំណោមភ័ស្តុតាងដាក់បន្ទុកលើបុរសទាំង១០នាក់ដែលចាប់ខ្លួនកាលពីថ្ងៃទី២២និង២៣ខែតុលា គឺឯកសារមួយ ចេញដោយលោក សម សេរី ប្រធានរណសិរ្សរំដោះជាតិខ្មែរ និងស្នាមមេដៃរបស់ជនសង្ស័យ ដែលប្រកាសពីការបង្កើតកងទ័ពឧទ្ទាម និងក្រសួងការពារជាតិរបស់ខ្លួនផ្ទាល់។
អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា “យើងបានសាកសួរជនសង្ស័យទាំងនោះ ហើយពួកគេបានសារភាពថា ពួកគេបានជ្រើសរើសកម្លាំងប្រដាប់អាវុធ ហើយពួកគេក៏បានទទួលការហ្វឹកហ្វឺននៅព្រំដែនខ្មែរ-ថៃដែរ” ហើយបុរសទាំងនោះបានសារភាពថាបានបញ្ចុះបញ្ចូលពលករចំណាកស្រុក ព្រះសង្ឃ និងនិស្សិតដែលសិក្សានៅប្រទេសថៃ ឲ្យធ្វើជាកម្លាំង។
ឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា ប៉ូលិសក៏បានទទួលលិខិត៤៦១ច្បាប់ ដែលបញ្ជាក់ពីគោលបំណងរបស់រណសិរ្សរំដោះជាតិខ្មែរ ញុះញង់ឲ្យពលរដ្ឋងើបឡើងប្រឆាំងរដ្ឋាភិបាល និងបានចោទក្រុមនេះពីបទព្យាយាម “កែប្រែប្រវត្តិសាស្ត្រ” ដោយការចែកចាយស៊ីឌីនិងសៀវភៅ មានចំណងជើងថា “រំលើងឫសគល់៧មករា” ដែលរិះគន់រដ្ឋាភិបាល ព្រះមហាក្សត្រ នរោត្តម សីហមុនី និងព្រះរតនកោដ្ឋ នរោត្តម សីហនុ។
លោនបានឲ្យដឹងទៀតថា អាជ្ញាធរក៏មានឯកសារបញ្ជាក់ថា រណសិរ្សរំដោះជាតិខ្មែរនេះគឺកើតចេញពីចលនាក្បាលខ្លា ជាអង្គការភេរវកម្មមួយផ្សេងទៀត ហើយបានចោទក្រុមទាំងពីរ ថានៅពីក្រោយផែនការដាក់គ្រាប់បែក២លើកដោយឡែកពីគ្នាក្នុងក្រុងភ្នំពេញកាលពីឆ្នាំ២០០៧និង២០០៩។ សមាជិក៤នាក់របស់ចលនាក្បាលខ្លាត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី២០ឆ្នាំដល់២៨ឆ្នាំចំពោះករណីនៅឆ្នាំ២០០៩ ដែលក្នុងហេតុការណ៍នោះ គេបានរកឃើញគ្រឿងផ្ទុះនៅខាងក្រៅអគារទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣។
ឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងថា ប៉ូលិសកំពុងព្យាយាមស្វែងរកនិងបោសសម្អាតសមាជិករណសិរ្សរំដោះជាតិខ្មែរក្នុងប្រទេសកម្ពុជា។ លោកបានបន្ថែមថា “យើងកំពុងផ្តោតលើពួកគេ និងស្វែងរកចាប់ខ្លួនពួកគេនៅឡើយ”។
នៅពេលទាក់ទងកាលពីថ្ងៃសុក្រ លោក សេរី ដែលបានបដិសេធការចោទប្រកាន់មុននេះដោយប៉ូលិស ដែលថាលោកជាសមាជិកនៃចលនាក្បាលខ្លា ប៉ុន្តែបានទទួលស្គាល់ថា ខ្លួនធ្លាប់ជាមិត្តភក្តិជិតស្និទ្ធជាមួយមេដឹកនាំក្រុមនេះ គឺលោក សម ឯក នោះ បាននិយាយថា លោកមិនបានពាក់ព័ន្ធក្នុងការដាក់គ្រាប់បែកនៅឆ្នាំ២០០៩ ដែលលោកនិយាយថាត្រូវបានរដ្ឋាភិបាលប្រឌិតឡើងនោះទេ។
លោក សេរី បានឲ្យដឹងតាមរយៈសារអេឡិចត្រូនិកពីប្រទេសដាណាម៉ាក ដែលលោកកំពុងរស់នៅនិរទេសដោយខ្លួនឯង ដើម្បីគេចពីការចាប់ខ្លួនពីសំណាក់អាជ្ញាធរថា “ខ្ញុំសូមបដិសេធ…ដែលថា ខ្ញុំនៅពីក្រោយការដាក់គ្រាប់បែកក្នុងឆ្នាំ២០០៩។ ខ្ញុំមិនដែលប្រើអំពើហិង្សាម្តងណាឡើយ”។
លោកបាននិយាយថា “ខ្ញុំគិតថា នេះជាគម្រោងរបស់រដ្ឋាភិបាលក្នុងការប្រឌិតរឿងនេះឡើងដើម្បីចាប់ខ្លួនខ្ញុំ គឺរដ្ឋាភិបាលខ្លួនឯងដែលបានដាក់គ្រាប់បែកក្នុងបំណងទម្លាក់កំហុសលើរណសិរ្សរំដោះជាតិខ្មែរ និងចាប់ខ្លួនយើង”។
សមាជិករណសិរ្សរំដោះជាតិខ្មែរ១៣នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពី៥ឆ្នាំដល់៩ឆ្នាំកាលពីខែមេសា ពីបទមានគម្រោងផ្តួលរំលំរដ្ឋាភិបាល គឺជាអ្វីដែលគេយល់ឃើញទូទៅថា ជាសាលក្រមមានលក្ខណៈនយោបាយ ដែលផ្អែកលើភ័ស្តុតាងបន្តិចបន្តួចស្តួចស្តើងប៉ុណ្ណោះ៕មានិត