34.8 C
Phnom Penh

អ្នកភូមិ​​​បិទ​​​ស្ពាន​​​ខេត្ត​​​កោះកុង​​​ជុំវិញ​​​វិវាទ​​​ដីធ្លី​​ជាមួយ​​​ក្រុមហ៊ុន​​​របស់​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​ម្នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិ​​​ប្រហែល​​​១០០​​​នាក់​​​ដែល​​​មាន​​​វិវាទ​​​ដីធ្លី​​​ជាមួយ​​​ក្រុមហ៊ុន​​​ដែល​​​កាន់​​​កាប់​​​ដោយ​​​អ្នក​​​នយោ​​​បាយ​​​គណ​​​បក្ស​​​កាន់​​​អំណាច​​​ម្នាក់​​​នៅ​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​កាលពី​​​ម្សិលមិញ​​​កាលពី​​​ម្សិល​​​មិញ បាន​​​ព្យាយាម​​​បិទ​​​ចរាចរណ៍​​​លើ​​​ស្ពាន​​​កោះ​​​កុង​​​ដែល​​​តភ្ជាប់​​​ប្រទេស​​​កម្ពុជា​​​និង​​​ប្រទេស​​​ថៃ ដើម្បី​​​តវ៉ា​​​ពី​​​ការ​​​ចាប់​​​តំណាង​​​របស់​​​ខ្លួន​​​ម្នាក់​​​ដាក់​​​ពន្ធ​​​នា​​​គារ​​​កាលពី​​​ពេល​​​ថ្មីៗនេះ។

កាលពី​​​ខែ​​​សីហា សាលា​​​ដំបូង​​​ខេត្ត​​​កោះ​​​កុង​​​បាន​​​កោះ​​​ហៅ​​​តំណាង​​​បួន​​​នាក់​​​របស់​​​អ្នក​​​ភូមិ​​​១៣៥​​​គ្រួ​​​សារ​​​នៅ​​​ក្នុង​​​ស្រុក​​​គិរី​​​សាគរ​​​​​​មក​​​សាកសួរ​​​​​​បន្ទាប់ពី​​​​​លោក លី យ៉ុង​​​ផាត់ សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ ចោទ​​​ប្រកាន់​​​ពួកគាត់​​​ថា បាន​​​លួច​​​និង​​​បំផ្លាញ​​​សម្ភារ​​​ក្រុមហ៊ុន​​​របស់​​​លោក​​​ ស្ថិត​​​ក្នុង​​​តំបន់​​​សេដ្ឋកិច្ច​​​​​​ពិសេស​​​ក្នុង​​​ខេត្ត​​​កោះកុង។

នៅ​​​ពេល​​​នោះ ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​និយាយ​​​ថា ពួកគាត់​​​បាន​​​ព្យាយាម​​​រារាំង​​​ការ​​​សាងសង់​​​របង​​​បេតុង​​​​​​ព័ទ្ធជុំវិញ​​​ដី​​​ទំហំ​​​ប្រហែល​​​២.០០០ហិតតា ដែល​​​អ្នក​​​ភូមិ​​​លើក​​​ឡើង​​​ថា​​​ពួកគាត់​​​បាន​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​​​​ចាប់​​​តាំងពី​​​ចុង​​​ទស​​​វត្សរ៍​​​ឆ្នាំ​​​១៩៩០មក​​​ម៉្លេះ។

កាលពី​​​ថ្ងៃ​​​ទី​​​​​​ ២៧​​​ខែ​​​តុលា​​​ លោក ខាំ សុផារី ចៅក្រម​​​ស៊ើប​​​សួរ​​​​​​បាន​​​កោះ​​​ហៅ​​​តំណាង​​​ម្នាក់​​​ក្នុង​​​ចំណោម​​​តំណាង​​​ទាំង​​​នោះ​​​ឈ្មោះ​​​ ផន ណុល មក​​​កាន់​​​តុលាការ​​​ ដោយ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​លួច​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស ហើយ​​​បាន​​​ឃុំខ្លួន​​​គាត់​​​បណ្តោះ​​​អាសន្ន នៅ​​​ពន្ធនាគារ​​​ខេត្ត​​​កោះ​​​កុង។

លោក ឡុង លន់ មេធាវី​​​​​​តំណាង​​​លោក​​​ ផន ណុល បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា កូន​​​ក្តី​​​របស់​​​លោក​​​មិន​​​បាន​​​យក​​​សម្ភារ​​​​​​ទាំង​​​នោះ​​​ទេ ប៉ុន្តែ​​​ថា នេះ​​​មិន​​​គួរ​​​ចាត់​​​ទុក​​​ថា ជា​​​ការ​​​លួច​​​ទេ ពីព្រោះ​​​សម្ភារ​​​ទាំង​​​នេះ​​​មិន​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​ដើម្បី​​​ប្រយោជន៍​​​ផ្ទាល់​​​ខ្លួន​​​ឡើយ។

លោក ឡុង​​​ លន់ បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​យើង​​​មិន​​​អាច​​​ទទួល​​​យក​​​ការ​​​ចោទ​​​ប្រកាន់​​​របស់​​​តុលាការ​​​បានទេ”។ លោក​​​បាន​​​បន្ថែម​​​ថា បច្ចុប្បន្ន​​​នេះ​​​ សម្ភារ​​​ទាំងនេះ​​​កំពុង​​​ត្រូវ​​​រក្សា​​​ទុក​​​នៅ​​​ផ្ទះ​​​របស់​​​អនុ​​​ប្រធាន​​​ភូមិ។

លោក​​​ រួត សុផល អ្នក​​​ភូមិ​​​ម្នាក់​​​ទៀត​​​ដែល​​​លោក​​​ លី យ៉ុងផាត់​​ បាន​​​ចេញ​​​ឈ្មោះ​​​បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា ក្រុម​​​អ្នក​​​តវ៉ា​​​បាន​​​ធ្វើការ​​​តវ៉ា​​​នៅ​​​ខាង​​​មុខ​​​​​​សាលាខេត្ត​​​ និង​​​សាលា​​​ដំបូង​​​ខេត្ត​​​ មុន​​​ពេល​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​ស្ពាន ដែល​​​ផ្តល់​​​ហិរញ្ញ​​​វត្ថុ​​​ដោយ​​សមាជិក​​​ព្រឹទ្ធសភា​​​រូប​​​នេះ ចម្ងាយ​​​ប្រហែល​​​បី​​​គីឡូ​​​ម៉ែត្រ។ លោក សុផល បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ព្យាយាម​​​បិទ​​​ស្ពាន ប៉ុន្តែ​​​យើង​​​ត្រូវ​​​បាន​​​រារាំង​​​ដោយ​​​នគរបាល​​​និង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ”។ លោក​​​បាន​​​និយាយ​​​ថា​​​ “ក្រុមហ៊ុន​​​របស់​​​លោក លី យ៉ុងផាត់ បាន​​​ចាប់​​​ផ្តើម​​​សាងសង់​​​របង​​​លើ​​​ដី​​​ស្រែ​​​របស់​​​យើង​​​ដោយ​​​មិន​​​បាន​​​ធ្វើការ​​​ចរចា ឬ​​​ផ្តល់​​​សំណង​​​ដល់​​​ពួក​​​យើង​​​ឡើយ”។

លោក លី យ៉ុង​​​ផាត់ បា​​​ន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិល​​​មិញ​​​ថា រដ្ឋាភិបាល​​​បាន​​​ផ្តល់​​​ដី​​​ទំហំ​​​​​​២.២០០ហិកតា​​​ដល់​​​រូប​​​លោក​​​ដើម្បី​​​ធ្វើ​​​រោង​​​ចក្រ​​​ធ្យូង​​​ថ្ម និង​​​កំពង់​​​ផែ។ លោក​​​បាន​​​បន្ថែម​​​ថា អ្នក​​​ភូមិ​​​ដែល​​​រស់នៅ​​​ទីនោះ​​​មិន​​​មាន​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ទេ។ លោក លី យ៉ុងផាត់ បាន​​​មាន​​​ប្រសាសន៍​​​ពី​​​វិវាទ​​​នោះ​​​ថា “គ្មាន​​​ទេ។ ខ្ញុំ​​​ចង់​​​អភិវឌ្ឍ​​​តំបន់​​​នេះ​​​ដើម្បី​​​បង្កើត​​​ការ​​​ងារ​​​សម្រាប់​​​អ្នក​​​ភូមិ”៕សារុន​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស