31 C
Phnom Penh

ស្ត្រី​មួយ​រូប​ត្រូវ​បាន​​ផ្ដន្ទាទោស​​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​ពីបទ​ឆបោក​​​ប្រាក់​ពី​អ្នកដែល​បម្រុង​ទៅធ្វើជា​ពលករ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ សាលា​ដំបូង​រាជ​ធានី​​ភ្នំពេញ​បាន​ផ្ដន្ទាទោស​ស្ត្រី​អាយុ​៦០​ឆ្នាំ​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​​ពេល​ពីរឆ្នាំ​ ពីបទ​ឆបោក​ប្រាក់​ជាង​៣២.០០០​ដុល្លារ​ពី​​​អ្នក​ដែល​បម្រុង​​ទៅ​ធ្វើ​ជា​ពលករ​ចំណាក​ស្រុក​ចំនួន​​២០​នាក់​។

អ្នកស្រី អែម សំអឿន ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​មករា បន្ទាប់ពី​គាត់​បាន​ប្រមូល​ប្រាក់​សរុប​ចំនួន​៣២.៧៤០​ដុល្លារ​ពី​មនុស្ស​ចំនួន​២០​នាក់​​ដែល​ទំនង​ជា​ចង់​បាន​លិខិត​ឆ្លង​ដែន​ ទិដ្ឋាការ​ និង​ការ​ចុះឈ្មោះ​ទៅ​ធ្វើ​ជា​ពលករ​ចំណាក​ស្រុក​។ អ្នកស្រី​​ បាន​ប្រាប់ពួកគេ​ថា ​​អង្គការ​​សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច​អតីត​យុវជន​កម្ពុជា​​របស់​អ្នក​ស្រី​នៅ​ក្នុង​សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មានជ័យ នឹង​ស្វែង​រក​ការ​ងារ​ឲ្យ​ពួកគេ​នៅ​ក្នុង​ប្រទេស​កូរេ៉​ខាង​ត្បូង។ ប៉ុន្តែ​មនុស្ស​ទាំង​២០​នាក់​នេះមិន​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ក្រៅ​ប្រទេស​ឡើយ​ ហើយ​ពួកគេ​បាន​ដាក់ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​ការ​ងារ​។

ចៅក្រម​ គឹម រ័ត្នណារិន បាន​ប្រកាស​សាល​ក្រម​កាលពី​ម្សិលមិញ​ថា “អែម សំអឿន ​ត្រូវ​បាន​ផ្ដន្ទាទោស​​ឲ្យជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​ ហើយ​គាត់​ត្រូវ​បាន​​​ចោទ​ប្រកាន់ពី​បទ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស​ជា​ក្រុម​មាន​ការ​ចាត់​តាំងនិង​ធ្វើ​សកម្មភាព​បង្កើត​ឲ្យ​មាន​ការ​យល់​ច្រ​ឡំ​ជាមួយ​ការ​បំពេញ​ការងារ​ជា​សាធារណៈ​​”។

​ទោះបី​ជា​អ្នកស្រី​ សំអឿន ​បាន​សារភាព​ថា ខ្លួន​បាន​ឆបោក​ប្រាក់​ចំនួន​៥.០០០​ដុល្លារ​ពី​ជនរងគ្រោះ​ទាំង​នេះ​​​អំឡុង​ការ​បើក​សវនាការ​​​កាលពី​ខែ​មុន​ក្ដី តែ​ចៅក្រម​ រ័ត្នណារិន នៅតែ​បង្គាប់​ឲ្យ​អ្នកស្រី​បង់​ប្រាក់​ចំនួន​៣២.៧៤០​ដុល្លារ​ទៅ​ឲ្យ​ជនរងគ្រោះ​វិញដដែល។ អំឡុង​ពេល​បើក​សវនាការ​នោះ​ដែរ​ ព្រះរាជ​អាជ្ញារង​ ខៀវ ផល្លា ក៏បាន​​​ផ្តល់​យោបល់​ឲ្យ តុលាការ​ចេញ​ដីកា​​ចាប់​ខ្លួន​លោក តុក សុឃឿន រដ្ឋបាល​នៅ​ក្រុម​ហ៊ុន​របស់​អ្នកស្រី សំអឿន ផងដែរ។

កាលពី​ម្សិលមិញ ចៅក្រម រ័ត្នណារិន បាន​លើក​ឡើង​ថា លោក សុឃឿន​ ដែល​កំពុង​​រត់គេច​ខ្លួន​នឹង​ត្រូវ​​ផ្ដន្ទាទោស​ ប៉ុន្តែ​មិន​បាន​លើក​ឡើង​​ថា តើ​តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ឬក៏អត់​នោះ​ទេ​៕ ស៊ុយឈាង​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស