កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសស្ត្រីអាយុ៦០ឆ្នាំម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ពីបទឆបោកប្រាក់ជាង៣២.០០០ដុល្លារពីអ្នកដែលបម្រុងទៅធ្វើជាពលករចំណាកស្រុកចំនួន២០នាក់។
អ្នកស្រី អែម សំអឿន ត្រូវបានចាប់ខ្លួនកាលពីខែមករា បន្ទាប់ពីគាត់បានប្រមូលប្រាក់សរុបចំនួន៣២.៧៤០ដុល្លារពីមនុស្សចំនួន២០នាក់ដែលទំនងជាចង់បានលិខិតឆ្លងដែន ទិដ្ឋាការ និងការចុះឈ្មោះទៅធ្វើជាពលករចំណាកស្រុក។ អ្នកស្រី បានប្រាប់ពួកគេថា អង្គការសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចអតីតយុវជនកម្ពុជារបស់អ្នកស្រីនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ នឹងស្វែងរកការងារឲ្យពួកគេនៅក្នុងប្រទេសកូរេ៉ខាងត្បូង។ ប៉ុន្តែមនុស្សទាំង២០នាក់នេះមិនដែលត្រូវបានបញ្ជូនទៅក្រៅប្រទេសឡើយ ហើយពួកគេបានដាក់ពាក្យបណ្ដឹងទៅក្រសួងការងារ។
ចៅក្រម គឹម រ័ត្នណារិន បានប្រកាសសាលក្រមកាលពីម្សិលមិញថា “អែម សំអឿន ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ហើយគាត់ត្រូវបានចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំងនិងធ្វើសកម្មភាពបង្កើតឲ្យមានការយល់ច្រឡំជាមួយការបំពេញការងារជាសាធារណៈ”។
ទោះបីជាអ្នកស្រី សំអឿន បានសារភាពថា ខ្លួនបានឆបោកប្រាក់ចំនួន៥.០០០ដុល្លារពីជនរងគ្រោះទាំងនេះអំឡុងការបើកសវនាការកាលពីខែមុនក្ដី តែចៅក្រម រ័ត្នណារិន នៅតែបង្គាប់ឲ្យអ្នកស្រីបង់ប្រាក់ចំនួន៣២.៧៤០ដុល្លារទៅឲ្យជនរងគ្រោះវិញដដែល។ អំឡុងពេលបើកសវនាការនោះដែរ ព្រះរាជអាជ្ញារង ខៀវ ផល្លា ក៏បានផ្តល់យោបល់ឲ្យ តុលាការចេញដីកាចាប់ខ្លួនលោក តុក សុឃឿន រដ្ឋបាលនៅក្រុមហ៊ុនរបស់អ្នកស្រី សំអឿន ផងដែរ។
កាលពីម្សិលមិញ ចៅក្រម រ័ត្នណារិន បានលើកឡើងថា លោក សុឃឿន ដែលកំពុងរត់គេចខ្លួននឹងត្រូវផ្ដន្ទាទោស ប៉ុន្តែមិនបានលើកឡើងថា តើតុលាការបានចេញដីកាចាប់ខ្លួនឬក៏អត់នោះទេ៕ ស៊ុយឈាង