32 C
Phnom Penh

អ្នក​​​លក់​​​គ្រឿង​​​អលង្ការ​​​ម្នាក់​​​បាញ់​​​ចោរប្លន់​​​ម្នាក់​​​ស្លាប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​កាល​​​ពី​ម្សិលមិញ​ថា ម្ចាស់​​តូប​លក់​គ្រឿង​អលង្ការ​មួយ​បាន​បាញ់​ចោរ​ប្លន់​ម្នាក់​ស្លាប់​ ដែល​បាន​​ស្ទាក់​​​ប្លន់​គាត់​​នៅ​ផ្ទះ​របស់​គាត់​តែ​ម្ដង​នៅ​ក្នុង​ខេត្ត​​ត្បូង​​ឃ្មុំ​កាល​​​ពី​ថ្ងៃ​អាទិត្យ​។

យោង​តាម​​លោក ចក់ សុខៅ ​នាយ​​​នគរ​បាល​ព្រហ្មទណ្ឌ​ខេត្ត​បាន​ឲ្យដឹង​ថា ចោរ​ប្លន់​​​នេះ​គឺ​ជា​​ចោរ​ប្លន់​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​បួន​នាក់​​ស្លៀក​ពាក់​ឯកសណ្ឋាន​កង​យោធពល​ខេមរ​​​ភូមិន្ទ​ ដែល​បាន​តាម​​លោក​ ប៉ាង ពៅ អាយុ​៥២​ឆ្នាំ និង​ប្រពន្ធ​របស់​គាត់​ត្រឡប់​ពី​តូប​​របស់​ខ្លួន​មក​ផ្ទះ​វិញ​កាលពី​ល្ងាច​​ថ្ងៃ​អាទិត្យ​។

លោក សុខៅ បាន​មាន​ប្រសាសន៍​ថា បន្ទាប់ពី​មក​ដល់​​​ផ្ទះ​របស់​លោក ប៉ាង ពៅ ស្ថិត​ក្នុង​ឃុំ​​កោងកាង ស្រុក​ពញាក្រែក​ ​ចោរ​ប្លន់​បី​​​នាក់​បាន​លោត​ចេញពី​រថយន្ត​ Lexus របស់​​​ខ្លួន​​​ ​បាន​បាញ់​លោក​ ប៉ាង ពៅ​ ត្រូវ​ជង្គង់​ ហើយ​បាន​កញ្ឆក់​យក​ថង់​ដាក់​គ្រឿង​អលង្ការ​គិត​ជា​ទឹក​ប្រាក់​ប្រហែល​៣០០.០០០​ដុល្លារ​ពី​គាត់​​​និង​ប្រពន្ធ​របស់​គាត់​។

ប៉ុន្តែ​លោក ប៉ាង ពៅ បាន​តដៃ​ ហើយ​អាច​ដណ្ដើម​កាំភ្លើង​ពី​ចោរ​ម្នាក់​បាន​ ដោយ​បាញ់​សម្លាប់​ជន​​​នោះ​។ ចោរ​ប្លន់​បី​​​នាក់​ទៀត​បាន​រត់គេច​អំឡុង​ការ​ប្រវាយ​ប្រតប់​ដណ្ដើម​ថង់​ដាក់​គ្រឿង​អ​​​លង្ការ​​​នោះ។

លោក សយ យូលាន នាយ​ការិយាល័យ​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​នៃ​នគរ​បាល​ខេត្ត​បាន​​​មាន​ប្រសាសន៍​ថា ចោរ​ម្នាក់​​​ដែល​ត្រូវ​បាញ់​ស្លាប់​នោះ​ក៏​បាន​​ប៉ុនប៉ង​បំផ្ទុះ​គ្រាប់​បែក​​អំឡុង​ការ​ប្រវាយ​ប្រតប់​គ្នា​នោះ​ដែរ​។ លោក​ យូលាន បាន​មាន​ប្រសាសន៍​ថា “ជនរងគ្រោះ​បាន​និយាយ​ថា បន្ទាប់ពី​គាត់​ត្រូវ​គ្រាប់​ចំ​ជង្គង់ គាត់​បាន​រត់​​​ចូល​ទៅ​ក្នុង​ផ្ទះ​ ហើយ​​​ពួន​​​នៅ​​ជ្រុង​ផ្ទះ​”។

លោក​បាន​មាន​ប្រសាសន៍​ថា “នៅ​ពេល​ជនសង្ស័យ​ដែល​បាន​បាញ់​គាត់​បាន​តាម​គាត់​ចូល​​ទៅ​​ក្នុង​ លោក ប៉ាង ពៅ បាន​​ចាប់​ដណ្ដើមយក​កាំភ្លើង​ពី​ជនសង្ស័យ​រូប​នេះ ហើយ​បាន​បាញ់​មួយ​គ្រាប់​ចំ​ផ្នែក​ខាង​ឆ្វេង​នៃ​ដង​ខ្លួន​។ នៅ​ពេល​ជន​​​សង្ស័យ​​​រូប​​​នេះ​​​ដក​​​គ្រាប់​បែក ជន​រងគ្រោះ​បាន​បាញ់​​ជន​​​នេះ​ចំក្បាល​តែ​ម្ដង​”។ លោក​បាន​បន្ថែម​ថា កាំភ្លើង​អាកា-៤៧​​ និង​សម្បក​​​គ្រាប់​​​ចំនួន​​​បួន​ដែល​​​បាញ់​​​ចេញពី​កាំភ្លើង​ខ្លី​​​មួយ​​​ដើម​និង​គ្រាប់​បែក​មួយ​គ្រាប់​ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​កើត​ហេតុ។

លោក ម៉ៅ ពៅ ស្នង​ការ​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ជនសង្ស័យ​ទាំង​បី​នាក់​ដែល​បាន​រត់គេច​ខ្លួន​ ជាប់​​​ពាក់​ព័ន្ធ​ទៅ​នឹងក្រុម​ចោរ​ប្លន់​ដទៃ​ទៀត​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ខេត្ត​​​តាកែវ និង​ខេត្ត​កំពង់ស្ពឺ។

ឧត្ដមសេនីយ៍ត្រី ម៉ៅ ពៅ​ បាន​បដិសេធ​មិន​ចេញ​ឈ្មោះ​ជន​​​សង្ស័យ​​​ទាំង​នោះ ឬ​ចោរ​ប្លន់​ដែល​បាន​ស្លាប់​នោះ​ទេ ដោយ​លោក​បាន​ប្រាប់​តែ​អត្តសញ្ញាណ​ថា មាន​អាយុ​៣១​ឆ្នាំ​មក​ពី​ខេត្ត​កំពង់ស្ពឺ ដែល​​​​ធ្លាប់​ជាប់ពន្ធនាគារ​ពី​មុន​មក​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​​ទាន់​បាន​ចាប់ខ្លួន​នរណា​ម្នាក់​នៅ​ឡើយ​ទេ ប៉ុន្តែ​យើង​កំពុង​ស៊ើបអង្កេត​ករណី​នេះ​នៅ​ឡើយ​”៕ សារុន​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស