41.3 C
Phnom Penh

ចៅ​​​​​​​​​ក្រម​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​នឹង​ចាត់វិធាន​ការ​ម៉ឺងម៉ាត់​ ប្រសិន​បើ​ក្រុម​មេធាវី​ការ​ពារ​ក្តី​នៅ​តែ​បន្ត​ធ្វើពហិការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ជា​ថ្មី​ម្ដង​ទៀត ចៅក្រម​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​​​​បាន​បង្គាប់​ឲ្យ​ក្រុម​មេធាវី​ការ​ពារ​ នួន ជា និង​ ខៀវ សំផន បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​​​ចូល​​​រួម​​​សវនាការ​នាពេល​បច្ចុប្បន្ន​​​​របស់​​​ខ្លួន​​​ ដោយ​ប្រាប់​ឲ្យ​​ពួកគេ​បង្ហាញ​មុខ​​​​នៅ​ថ្ងៃ​បើក​សវនាការ​បន្ទាប់​ ដែល​​​​​​នឹងធ្វើ​ឡើង​នៅ​ចុង​ខែ​នេះ​ ប្រសិន​បើ​មិន​ដូច្នោះ​ទេ ​ពួក​​​គេ​​​ត្រូវ​ប្រឈម​​​​ “វិធានការ​ម៉ឺងម៉ាត់”។

តាម​ការ​ណែនាំ​របស់កូនក្ដី​ខ្លួន​ មេធាវី​​តំណាង​ឲ្យ​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំង​ពីរ​រូប​នេះ​បាន​ដើរ​ចេញ​ពី​តុលាការ​កាលពីខែ​មុន​​​​​​​​ក្នុង​​​ថ្ងៃ​បើក​​​សវនាការ​​​ដំបូង​​​​លើ​អង្គសេចក្ដី​​​​​នៅ​​​ដំណាក់​កាល​ទី២​នៃ​សវនាការ​ផ្ដន្ទាទោស​ពួកគេ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ប្រល័យពូជសាសន៍​។

នួន ជា​ និយាយ​ថា ចៅក្រម​ដែល​​កាត់​ទោស​លោក និង​ ខៀវ សំផន នៅ​ដំណាក់​កាល​ទី១​នៃ​សវនាការ​ជំនុំជម្រះ​ មាន​ភាព​លម្អៀង​យ៉ាង​ខ្លាំង​ ហើយ​ចង់​ឲ្យ​​​​តុលាការ​​​ដក​ចៅក្រម​ទាំង​នោះ​​​ចេញ​​​។ ខៀវ សំផន និយាយ​ថា លោក​មិន​អាច​ការ​ពារ​ខ្លួននៅ​​ក្នុង​ដំណាក់​កាល​ទី២​នៃ​សវនាការ​ជំនុំជម្រះ​ ហើយ​ប្ដឹង​ទាស់​ការ​កាត់​ទោស​លោក​នៅ​ក្នុង​ដំណាក់​កាល​ទី១​ក្នុង​ពេល​តែ​មួយ​បាន​​ទេ​ ហើយ​លោក​ចង់​ឲ្យ​ពន្យារពេល​​សវនាការ​បច្ចុប្បន្ន​។

នៅ​​ក្នុង​សេចក្ដី​សម្រេច​មួយ​ចុះ​ថ្ងៃ​សុក្រ ​និង​​ចេញ​ដោយ​តុលាការ​កាលពី​ម្សិលមិញ អង្គ​ជំនុំជម្រះ​នៃ​សាលា​ក្ដី​នេះ​បាន​ច្រាន​ចោល​ការ​ទាញ​ហេតុផល​ទាំង​ពីរ​។ សេចក្ដី​សម្រេច​នេះ​​បាន​បង្គាប់​ឲ្យ​ក្រុម​មេធាវីការ​ពារក្ដី​​បង្ហាញ​មុខ​​​​ចូលរួម​ក្នុង​សវនាការ​​​នៅ​​​​​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ហើយ​​បាន​បន្ថែម​ថា អង្គជំនុំជម្រះ “​​នឹង​ចាត់​វិធានការ​​ម៉ឺងម៉ាត់ ​​ប្រសិន​បើ​​មិន​​គោរព​តាម​​សេចក្ដី​បង្គាប់​ឲ្យ​​បង្ហាញមុខ​នៅក្នុង​តុលាការ​”។

ចៅក្រម​មិន​​​​បាន​​​បញ្ជាក់​​​​​​​ថា​​​នឹង​​​ចាត់​​​​​​​វិធានការ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ​។ នៅ​ក្នុង​សំណើសុំ​​​​ទៅ​អង្គ​ជំនុំជម្រះ​កាលពី​ខែ​មុន​ ព្រះរាជ​អាជ្ញា​បាន​ស្នើ​​ឲ្យចាត់​តាំង​​មេធាវី​ថ្មី​សម្រាប់​​តំណាង​​​ឲ្យ​​​ចុង​​​ចោទ​​​ ប្រសិន​បើ​មេធាវី​ការពារ​បច្ចុប្បន្ន​របស់​ពួកគេ​​បន្ត​ធ្វើ​ពហិការ​មិន​ចូលរួម​ក្នុង​សវនាការ​ទៀត​។

លោក គង់ សំអុន ជា​មេធាវី​មួយ​រូប​តំណាង​ឲ្យ ខៀវ សំផន បាន​មាន​ប្រសាសន៍ថា ការ​បង្គាប់​ចុង​ក្រោយ​របស់​អង្គជំនុំជម្រះ​​​​​​​​​​នេះ​​​មិន​បាន​​ធ្វើ​ឲ្យ​កូនក្ដី​របស់​លោក​កែ​ប្រែ​ចិត្ត​ឡើយ​ចំពោះ​ការ​ធ្វើ​ពហិការ​។ លោក​មាន​ប្រសាសន៍​ទៀត​ថា “យើង​នឹង​មិន​ចូល​រួម​សវនាការ​ទេ។ យើង​ជឿ​ថា យើង​មាន​ជំហរ​រឹង​មាំ​អាច​​​ការ​ពារ​តំណែង​របស់​យើង​​​​បាន​​​។ ប្រសិន​បើ​តុលាការ​ចង់​បំពាន​អំណាច​របស់​ខ្លួន​ តុលាការ​អាច​ធ្វើ​អ្វី​ក៏​បាន​តាម​ចិត្តចង់​”។

លោក​ វីកទ័រ កូប៉េ (Victor Koppe) មេធាវី​តំណាង​ឲ្យ​ នួន ជា បានមាន​ប្រសាសន៍​ថា ក្រុម​​មេធាវីការ​ពារ​​នឹង​មិន​បញ្ចប់​ការ​ធ្វើ​ពហិការ​សវនាការ​ឡើយ​ ប៉ុន្តែ​នឹង​ពិចារណា​​​​មើល​​​នៅ​ពេល​​អង្គ​ចៅក្រម​ពិសេស​របស់​សាលាក្ដី​នេះ​​សម្រេច​​​​គាំ​​​ទ្រ​​​សំណើ​សុំ​ដក​ចៅក្រម​ទាំង​នេះ​ចេញ​មិន​ឲ្យ​លើស​ពី​សប្ដាហ៍​ក្រោយ។

អង្គចៅក្រម​ពិសេស​​គឺ​ជា​អង្គចៅក្រម​ដែល​​តុលាការ​កោះ​ប្រជុំ​ជា​ពិសេស​ ដើម្បី​ពិចារណា​សំណើរបស់​ នួន ជា សុំ​​​ដក​​​ចៅ​​​ក្រម​​​។ អង្គជំនុំជម្រះ​មិន​អាច​សម្រេច​លើ​សំណើ​​នេះ​បាន​ទេ ពីព្រោះ​ នួន ជា កំពុង​ព្យាយាម​ស្វះ​ស្វែងសុំ​​​​ឲ្យ​ដកចៅក្រម​បួន​រូប​របស់​ខ្លួន​ចេញ។

លោក វីកទ័រ កូ​ប៉េ បាន​ចាត់​ទុក​សេចក្ដី​សម្រេច​ចុងក្រោយ​​នេះ​​​​របស់​អង្គជំនុំជម្រះ​ថា  “មាន​គុណវិបត្តិ​​ខ្លាំង​”។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ” វា​មិន​បាន​លើក​ឡើង​ពី​អង្គ​​​ហេតុ​ដែល​អង្គ​ជំនុំជម្រះ​​មិន​អាច​រង់ចាំ​​សេចក្ដី​សម្រេច​របស់​អង្គចៅក្រម​ពិសេស​លើ​ញត្តិ​សុំ​ដក​ចៅក្រម​របស់​យើង​នោះ​ទេ​។ ញត្តិ​នេះ​បាន​លើក​ឡើង​​ពី​បញ្ហា​ច្បាប់​មូលដ្ឋាន​​គ្រឹះ​ជាច្រើន​ ហើយ​ការ​រង់ចាំ​គឺ​ជា​រឿង​សមរម្យដែល​ត្រូវ​ធ្វើ​”៕ សុខុម​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស