កាលពីម្សិលមិញ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំមួយជាមួយមន្ត្រីជាន់ខ្ពស់ដើម្បីដាក់ចេញនូវផែនការរក្សាសន្តិសុខនៅក្នុងរាជធានីសម្រាប់ពិធីបុណ្យអុំទូករយៈពេលបីថ្ងៃ ដែលនឹងចាប់ផ្ដើមនៅថ្ងៃពុធ។
ពេលថ្លែងទៅកាន់សមាជិកនៃនគរបាលរាជធានី នគរបាលព្រហ្មទណ្ឌ នគរបាលចរាចរ និងនាយកដ្ឋានពន្លត់អគ្គិភ័យ ឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ បានលើកឡើងថា ទីបំផុតរាជធានីភ្នំពេញត្រូវបានរៀបចំដើម្បីប្រារព្ធឡើងវិញនូវពិធីបុណ្យអុំទូក ដែលគេបានលុបចោលអស់រយៈពេល៣ឆ្នាំកន្លងមកហើយ បន្ទាប់ពីការផ្អើលរត់ជាន់គ្នាដ៏រន្ធត់មួយនៅលើស្ពានកោះពេជ្រ ដោយបណ្ដាលឲ្យមនុស្សជាង៣៥០នាក់បាត់បង់ជីវិតកាលពីឆ្នាំ២០១០។
ឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ បានមានប្រសាសន៍ថា “ឆ្នាំនេះ យើងអាចចាប់ផ្ដើមពិធីបុណ្យអុំទូកឡើងវិញហើយ។ ភាពតានតឹងផ្នែកនយោបាយបានធូរស្រាល ហើយពលរដ្ឋកំពុងរស់នៅក្នុងភាពចម្រុងចម្រើន។ សន្តិសុខនៅក្នុងរាជធានីគឺប្រសើរជាងមុន ហេតុដូច្នេះ យើងជឿជាក់ថា នឹងមានមនុស្សជាច្រើនមកចូលរួមនៅក្នុងពិធីបុណ្យនេះ”។ លោកបានបន្ថែមថា កងកម្លាំងប្រមាណ៥.០០០នាក់ នឹងការពារសន្តិសុខនៅក្នុងរាជធានីអំឡុងពិធីបុណ្យនេះ។
ឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ បានលើកឡើងទៀតថា ការចាត់វិធានការដើម្បីចៀសវាងកុំឲ្យមានការផ្អើលរត់ជាន់គ្នាដូចកាលពីឆ្នាំ២០១០កើតឡើងម្ដងទៀតនឹងជាវិធានការដ៏សំខាន់ដើម្បីរក្សាសន្តិសុខនៅក្នុងរាជធានី។
លោកបានលើកឡើងបន្ថែមថា នគរបាល និងអាជ្ញាធរផ្សេងៗទៀតនឹងផ្ដោតលើការការពារកុំឲ្យមានចោរលូកហោប៉ៅ កុំឲ្យមានការកកស្ទះចរាចរណ៍ និងរក្សាសណ្ដាប់ធ្នាប់នៅទីតាំងកម្សាន្តដែលមានមនុស្សច្រើន ព្រមទាំងការគំរាមកំហែងពីការធ្វើបាតុកម្មផងដែរ។
លោកបានមានប្រសាសន៍បន្តថា “វាអាចនឹងមានជនឆ្លៀតឱកាសនេះបង្កភាពចលាចលផ្នែកនយោបាយ ដោយធ្វើការតវ៉ាឬធ្វើកូដកម្ម ហើយថា វាអាចមានផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ”។
កាលពីថ្ងៃម្សិលមិញដែរនោះ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានជួបជាមួយលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដើម្បីសម្រេចជាចុងក្រោយលើផែនការរក្សាសន្តិសុខសម្រាប់ពិធីបុណ្យនេះ។
បន្ទាប់ពីការជួបប្រជុំនោះ ឧត្ដមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថបានឲ្យដឹងថា មន្ត្រីរបស់លោកប្រមាណ៣.០០០នាក់ នឹងល្បាតក្នុងរាជធានីភ្នំពេញក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យនេះ។
ឧត្ដមសេនីយ៍ត្រី ខេង ទីតូ បានមានប្រសាសន៍ថា “យើងបានត្រៀមកងកម្លាំងរបស់យើងរួចហើយ ដោយរួមមានទាំងកងកម្លាំងដោះស្រាយហេតុការណ៍បន្ទាន់របស់យើងផងដែរ ដើម្បីឆ្លើយតបនៅពេលមានឧបទ្ទវហេតុណាមួយ។ វានឹងមិនមានឧបទ្ទវហេតុដូចនៅកោះពេជ្រម្ដងទៀតឡើយ។ នោះគឺជាមេរៀនសម្រាប់អាជ្ញាធរ” ៕ ស៊ុយឈាង