នគរបាលបានឲ្យដឹងថា កម្មករសំណង់ចំនួនប្រាំមួយនាក់ និងអ្នកគ្រប់គ្រងក្រុមហ៊ុនម្នាក់ត្រូវនគរបាលឃាត់ខ្លួនយកមកសាកសួរ បន្ទាប់ពីស្ត្រីម្នាក់បានស្លាប់ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យ ដោយកំណាត់ដែកដែលធ្លាក់ពីជាន់ទី១២នៃការដ្ឋានសាងសង់មួយ ខណៈជនរងគ្រោះរូបនេះជិះម៉ូតូឆ្លងកាត់។
អ្នកស្រី ប៊ុត វណ្ណី អាយុ៤២ឆ្នាំ កំពុងជិះម៉ូតូជាមួយកូនប្រុស និងគូដណ្ដឹងរបស់កូនប្រុសអ្នកស្រីត្រឡប់ពីទិញរបស់របរសម្រាប់ពិធីមង្គលការរបស់កូនប្រុសគាត់ នៅពេលនោះគាត់ត្រូវកំណាត់ដែកប្រវែង២ម៉ែត្រធ្លាក់មកចំក្បាល។ កំណាត់ដែកនេះធ្លាក់ពីអគារខុនដូមួយ ដែលជាផ្នែកនៃគម្រោងអភិវឌ្ឍន៍ក្រុងអូឡាំព្យា ជាគម្រោងអភិវឌ្ឍមួយ ដែលកំពុងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ក្បែរពហុកីឡាដ្ឋានអូឡាំពិក។
កាលពីម្សិលមិញ ឧត្ដមសេនីយ៍ត្រី ជួន ណារិន ស្នងការរងនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កម្មករចំនួនប្រាំមួយនាក់ និងអ្នកគ្រប់គ្រងម្នាក់ដែលទទួលបន្ទុកការសាងសង់អគារនេះត្រូវបានចាប់ខ្លួននៅចន្លោះល្ងាចថ្ងៃអាទិត្យ និងព្រឹកថ្ងៃច័ន្ទ ហើយកំពុងត្រូវបានឃុំខ្លួនដើម្បីសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា។
លោកបានមានប្រសាសន៍ថា “យើងបានឃាត់ខ្លួនមនុស្សទាំងអស់ចំនួនប្រាំពីរនាក់ មានដូចជា កម្មករសំណង់ និងអ្នកគ្រប់គ្រង ព្រោះយើងត្រូវតែរកឲ្យឃើញពីមូលហេតុថា តើហេតុអ្វីបានជាកំណាត់ដែកនេះធ្លាក់ពីលើអគារ”។ លោកបានបន្ថែមថា អ្នកស៊ើបអង្កេតបានទៅតំបន់អភិវឌ្ឍន៍ក្រុងអូឡាំព្យានេះកាលពីម្សិលមិញ ដើម្បីត្រួតពិនិត្យតំបន់នេះ។
ឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា លោកមិនអាចប្រាប់ពីអត្តសញ្ញាណជនដែលត្រូវបានឃាត់ខ្លួនយកមកសាកសួរនោះទេ ព្រោះថា នគរបាលនៅមិនទាន់កំណត់មូលហេតុនៃគ្រោះថ្នាក់នេះ និងថាតើនរណាជាអ្នកជាអ្នកទទួលខុសត្រូវនៅឡើយទេ។
លោកបានមានប្រសាសន៍ថា “យើងមិនអាចប្រាប់ពីអត្តសញ្ញាណនរណាម្នាក់ ព្រោះយើងមិនទាន់ដឹងថា តើនរណាដែលយើងត្រូវទទួលខុសត្រូវនៅឡើយទេ ប៉ុន្តែយើងកំពុងតែប្រមូលភ័ស្តុតាងក្នុងករណីនេះហើយ ហើយបន្ទាប់ពីសាកសួរពួកគេយើងនឹងដឹង”។
នៅពេលនិយាយតាមទូរស័ព្ទខណៈកំពុងត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ លោក កែវ ចាន់ អ្នកគ្រប់គ្រងអគារនេះបានលើកឡើងថា មេធាវីតំណាងក្រុមហ៊ុន OCIC បានទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីពិភាក្សាពាក់ព័ន្ធនឹងការផ្ដល់សំណងជំងឺចិត្តដល់គ្រួសាររបស់អ្នកស្រី វណ្ណី ហើយ។
លោក ចាន់ ដែលធ្វើការឲ្យក្រុមហ៊ុន Cana Sino Construction ដែលមើលការខុសត្រូវលើការសាងសង់នៅតំបន់អភិវឌ្ឍន៍ក្រុងអូឡាំព្យានេះបានមានប្រសាសន៍ថា “មេធាវីរបស់ក្រុមហ៊ុនកាណាឌីយ៉ាបានទៅជួបជាមួយនគរបាលខណ្ឌហើយ ដើម្បីចាប់ផ្ដើមការចរចា”។
ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនមេនៃធនាគារកាណាឌីយ៉ារហូតដល់ឆ្នាំ២០០៧ ហើយក្រុមហ៊ុនទាំងពីរនេះមានកូនហ៊ុនជាច្រើន។
លោក ទូច សំណាង អ្នកគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុន OCIC នេះបានលើកឡើងថា លោកជាប់រវល់ហើយមិនអាចធ្វើអត្ថាធិប្បាយបានទេ។
លោក ម៉ៅ វាសនា កូនប្រុសរបស់អ្នកស្រី វណ្ណី បានឲ្យដឹងកាលពីម្សិលមិញថា គ្រួសាររបស់គាត់ត្រូវតែឲ្យក្រុមហ៊ុន OCIC ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ម្ដាយគាត់ ប៉ុន្តែថា តំណាងក្រុមហ៊ុននៅមិនទាន់ទាក់ទងមកគាត់នៅឡើយទេ។
លោក ម៉ៅ វាសនា អាយុ២៧ឆ្នាំ ដែលជាអ្នកឌុបម្ដាយរបស់ខ្លួននៅពេលគ្រោះថ្នាក់កើតឡើងបាននិយាយថា “គ្មាននរណាម្នាក់មកពីក្រុមហ៊ុននេះបានមកជួបខ្ញុំឡើយ។ ប៉ុន្តែខ្ញុំត្រូវតែឲ្យពួកគេទទួលខុសត្រូវចំពោះអាយុជីវិតម្ដាយខ្ញុំ ហើយនៅពេលយើងជួបគ្នាខ្ញុំនឹងទារសំណងជំងឺចិត្ត១០០.០០០ដុល្លារ”។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុន OCIC នឹងមិនត្រូវអនុញ្ញាតឲ្យដោះស្រាយករណីនេះនៅក្រៅប្រព័ន្ធតុលាការឡើយ ព្រោះថា ការធ្វើដូច្នោះវាជាគំរូអាក្រក់នៃការរំលោភបទដ្ឋានសុវត្ថិភាព។
លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុនសំណង់ និងកម្មកររបស់ខ្លួនគួរតែទទួលខុសត្រូវចំពោះគ្រោះថ្នាក់នេះ ហើយបើយោងតាមថ្នាក់លើរបស់ខ្ញុំពួកគេនឹងមិនត្រូវបានអនុញ្ញាតឲ្យចរចាឡើយ ហេតុដូច្នេះករណីនេះនឹងត្រូវបញ្ជូនទៅតុលាការ។ គ្រោះថ្នាក់នេះបានកើតឡើងដោយសារសំណង់លយចេញមកផ្លូវសាធារណៈ ហេតុដូច្នេះនេះគឺជាមេរៀនមួយសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សេងៗទៀត”។
ប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលមួយដែលការសាងសង់កំពង់កើនឡើងខ្លាំង ប៉ុន្តែច្បាប់នៃការសាងសង់នៅតែមិនទាន់ឈានដល់បទដ្ឋានពិភពលោកនៅឡើយទេ។
គេមិនអាចទាក់ទងនរណាម្នាក់នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឡើយកាលពីម្សិលមិញ ប៉ុន្តែនៅក្នុងសន្និសីទមួយកាលពីខែតុលា លោក ភឿង សុភៀន រដ្ឋលេខាធិការនៅក្រសួងនេះបានលើកឡើងថា ច្បាប់ដែលនឹងកំណត់ឲ្យក្រុមហ៊ុនសំណង់ទទួលខុសត្រូវចំពោះហេតុការណ៍ដែលកើតឡើងដោយសារការសាងសង់នឹងត្រូវធ្វើសេចក្ដីព្រាងនៅត្រឹមដំណាច់ឆ្នាំក្រោយ៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Simon Henderson)