កាលពីថ្ងៃច័ន្ទ អតីតរដ្ឋលេខាធិការក្រសួងយុត្តិធម៌សឹងតែមិនទទួលបានអាសនៈនៅក្នុងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចមិនមានវត្តមាននៃសមាជិកសភាភាគច្រើននៅសភាជាតិ។
ចៅក្រមចូលនិវត្តន៍ អិុត រ៉ាឌី ជាបេក្ខជនម្នាក់ក្នុងចំណោម៥នាក់ត្រូវឈរឈ្មោះសម្រាប់តំណែងទំនេរនៅក្រុមប្រឹក្សានេះ ដែលមានភារកិច្ចរក្សាឯករាជ្យភាពរបស់តុលាការប្រទេសកម្ពុជា និងធានាឲ្យមានការប្រព្រឹត្តទៅដោយត្រឹមត្រូវរបស់តុលាការនេះ។ ចៅក្រម រ៉ាឌី ជាបេក្ខជនដែលពេញចិត្តរបស់គណបក្សប្រជាជន។
ក្នុងការបោះឆ្នោតនៅឆ្នាំមុន គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ ហើយគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ។ ទោះជាយ៉ាងនេះក្តី នៅពេលបោះឆ្នោតកាលពីថ្ងៃច័ន្ទ លោក រ៉ាឌី ទទួលបានតែ៦០សំឡេងប៉ុណ្ណោះក្នុងសភាដែលមាន១២៣អាសនៈ ដោយមួយសំឡេង”បដិសេធ” ៤៤សំឡេងមិនបានការ ហើយសមាជិកសភា១៨រូបអវត្តមាន។
សន្លឹកឆ្នោតមិនបានការចំនួន៤១ជាសន្លឹកឆ្នោតគ្មានគូសអ្វីសោះរបស់សមាជិកគណបក្សសង្គ្រោះជាតិ ដែលបានតវ៉ាដំណើរការជ្រើសរើសបេក្ខជនទាំង៥រូប ក្នុងដំណើរការនោះពួកគេមិនមានការចូលរួមទេ។
លោក ហេង សំរិន ប្រធានសភាជាតិបានមានប្រសាសន៍ថា “យោងតាមលទ្ធផលបោះឆ្នោតដែលទទួលបាននៅពេលនេះ ខ្ញុំសូមប្រកាសថា អស់លោក គឺបេក្ខជនទាំង៥រូបមិនជាប់ឆ្នោតទេ”។
មួយម៉ោងក្រោយមក សមាជិកសភាបានត្រឡប់មកសភាវិញរួមទាំងសមាជិកសភាគណបក្សប្រជាជនកម្ពុជា៣នាក់ដែលមុននេះបានអវត្តមាន ប៉ុន្តែគ្មានវត្តមានសមាជិកសភាម្នាក់ខាងគណបក្សសង្គ្រោះជាតិដែលបានចាកចេញពីសភា។
នៅទីបញ្ចប់ ក្នុងការបោះឆ្នោតជុំទី២ លោក រ៉ាឌី បានជាប់ឆ្នោតនៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដោយទទួលបាន៦៦សំឡេងគាំទ្រ មួយសំឡេងប្រឆាំង និង៤០សំឡេងមិនបានការ។
លោកស្រី មូរ សុខហួរ ប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា សមាជិកសភា៤១រូបក្នុងចំណោម៥៥រូបរបស់គណបក្សដំបូងឡើយមានវត្តមានក្នុងសភា។ លោក ស៊ុន ឆ័យ ប្រធានក្រុមអ្នកតំណាងគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លោកបានចាកចេញនៅកណ្តាលទីពីព្រោះលោកជាប់រវល់នឹងកិច្ចការផ្សេងទៀត។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណៈប្រតិភូបក្សប្រឆាំងបានបោះឆ្នោតដោយឥតគូសក្នុងការបោះឆ្នោតទាំង២លើក។ លោកបានមានប្រសាសន៍ថា “យើងមិនបានចូលរួមក្នុងការបង្ហាញវត្តមានណាមួយទេ ពីព្រោះ យើងស្ថិតនៅក្រៅដំណើរការតាំងពីចាប់ផ្តើមមកម៉្លេះ”។
លោក សម រង្ស៊ី បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីការប្រជុំសភា ហើយបានមានប្រសាសន៍ថា ពួកគាត់បានពិភាក្សាគ្នាអំពីការប្តូរវិធានផ្ទៃក្នុងរបស់សភា ព្រមទាំងគណៈកម្មការបោះឆ្នោតថ្មីផងដែរ ដែលកិច្ចការទាំង២នេះត្រូវបានសន្យាជាផ្នែកមួយនៃកិច្ចព្រមព្រៀងខែកក្កដា ដែលនាំឲ្យគណបក្សសង្គ្រោះជាតិបញ្ចប់ការធ្វើពហិការមិនចូលសភារបស់ខ្លួនរយៈពេល១០ខែ។
ក្រោយពីការចរចាជាច្រើនខែឈានដល់កិច្ចព្រមព្រៀង គណបក្សទាំង២នៅតែខ្វែងគំនិតគ្នាទាក់ទិននឹងគុណវុឌ្ឍិចាំបាច់សម្រាប់អគ្គលេខាធិការនៃគណៈកម្មការរៀបចំការបោះឆ្នោត។
លោក សម រង្ស៊ី មានប្រសាសន៍ថា “ចាប់តាំងពីក្រុមការងាររបស់បក្សទាំង២បានព្យាយាមធ្វើកិច្ចការនេះ ហើយនៅមានការខ្វែងគំនិតគ្នាដោយអន្លើ លោក ហ៊ុន សែន និងខ្ញុំ បានព្យាយាមបញ្ចប់ការខ្វែងគំនិតគ្នានេះ”៕មានិត
(រាយការណ៍បន្ថែមដោយ AlexWillemyns)