28 C
Phnom Penh

ទូក​របស់​អ្នក​នយោបាយ​​នឹង​ព្យាយាម​រិះរក​​គ្រប់​មធ្យោបាយ​ដើម្បី​យក​ឈ្នះអំឡុង​ពិធីបុណ្យ​អុំទូក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ក្រុម​កីឡាករ​អុំ​ទូក​បាន​ផ្លុំ​កញ្ចែ​របស់​ខ្លួន​​ដើម្បី​ហៅ​កីឡាករ​អុំទូក​របស់​ខ្លួន​ចេញ​ពី​កន្លែង​សម្រាក ហើយ​បាន​បញ្ជា​ពួកគេ​ឲ្យ​ទៅ​ប្រមូលផ្ដុំគ្នា​នៅ​ក្រោម​តង់​មួយ​​ដែល​គេ​ចង​ភ្ជាប់នឹង​​បង្គោល​ចំនួន​បី។

នៅ​កន្លែង​នេះ​ពួកគេ​នឹង​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​​យក​ឈ្នះ​អំឡុង​​ពិធី​បុណ្យ​អុំទូក​សម្រាប់​ទូក​ឈ្មោះ ស្រីម៉ៅក្រាំង​យ៉ូវ ដែល​ជា​ទូក​ត្រូវ​បាន​ដាក់​ឈ្មោះ និង​ឧបត្ថម្ភ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ តែ​ទោះ​ជាយ៉ាង​ណា យុទ្ធសាស្ត្រទាំង​នោះ​នឹង​រក្សា​ទុក​ជា​ការ​សម្ងាត់។

​បុរស​មាឌ​ធំម្នាក់​ដែល​ទំនង​ជា​ប្រធាន​ក្រុម​កីឡាករ​អុំទូក​​​បាន​និយាយ​​ដោយ​ញញឹម​នៅ​ពេល​គាត់​នាំ​អ្នក​យក​ព័ត៌មាន​ដើរ​​ចេញ​ពី​បរិវេណ​សាលា​បឋម​សិក្សា​មួយ​កន្លែង​ ដែល​ជា​កន្លែង​បោះ​តង់​ស្នាក់​នៅ​របស់​កីឡាករ​អុំទូក​នៅ​ត្រើយ​ខាង​កើត​នៃ​ទន្លេសាប​​ថា ” វា​ហាក់​បី​ដូច​ជា​យើង​លេង​កីឡាបាល់ទាត់​អ៊ីចឹង​។ ហើយ​​គ្រូបង្រឹក​នឹង​រៀប​យុទ្ធសាស្ត្រ​សម្រាប់​ការ​ប្រកួត​”។

លោក​បាន​និយាយ​បន្ត​ថា “ចូរ​ស្រមៃ​​មើល​ ប្រសិន​បើ​អ្នក​ជា​ក្រុម​បាល់​ទាត់​ Manchester ​អ្នក​នឹង​មិន​បណ្ដោយ​​​ឲ្យ​ក្រុម​បាល់ទាត់​ Chelsea ​​ដឹង​អំពី​យុទ្ធសាស្ត្រ​​លេង​របស់​អ្នក​ឡើយ​។ ទាំង​អស់​នេះ​គឺ​សុទ្ធតែ​ជាកីឡា​មិន​មែន​នយោបាយ​ទេ​”។

កាលពី​ខែ​មុន លោក ហ៊ុន សែន បាន​​​​អះអាង​នៅ​ពេល​ថ្លែង​សុន្ទរកថា​ថា លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន មាន​ជំនាញ​ខាង​ប្រណាំង​ទូក​នេះជាយូរ​មក​ហើយ​ ដោយ​លោក​បាន​​យក​​ទូក​ជា​ច្រើន​មក​​ ហើយ​ប្ដូរ​ឈ្មោះ និង​ប្ដូរ​កីឡាករ​​អុំទូក​នៅ​ក្នុង​ការ​ប្រកួត​ថ្ងៃ​ទី១ និង​ថ្ងៃ​ទី២ ហើយ​បន្ទាប់​មក​ទៀត​​លោក​​បាន​ជ្រើស​រើស​​ទូក​ដែល​ល្អ​ជាង​គេ​យក​មក​ប្រណាំង​នៅ​ថ្ងៃ​ចុងក្រោយ​ ជា​ថ្ងៃ​ដែល​ត្រូវ​ទទួល​ពានរង្វាន់​។

លោក ហ៊ុន សែន ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា តើ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន​ ហ៊ាន​​​ជ្រើស​រើស​យក​ទូក​គិរី​វង្ស​សុខសែន​ជ័យ​មួយ​ណា​ឲ្យពិត​ប្រាកដ​មក​ចូល​រួម​នៅ​ក្នុង​ការ​ប្រណាំង​ទូក​នៅ​ថ្ងៃ​ទាំង​បី​ថ្ងៃ​នេះ​ដែរ​ឬទេ​ ហើយ​លោក​បាន​ឲ្យ​លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន ជ្រើស​រើស​ទូក​ និង​កីឡាករ​អុំទូក​ដែល​ល្អ​របស់​ខ្លួន​មក​ប្រណាំង​ជា​មួយ​ទូក​ស្រីម៉ៅក្រាំង​យូ៉វ​នៅ​ថ្ងៃ​ទី១ ដើម្បី​សម្រេច​ថា តើ​ទូក​ណា​ខ្លាំង​ជាង​ទូក​​ណា​។​​

ការ​ប្រណាំង​ដែល​លោក​នាយក​រដ្ឋមន្ត្រី​កំពុង​រង់ចាំ​នោះ​នឹង​ចាប់​ផ្ដើម​នៅ​រសៀល​នេះ​ហើយ។

លោក​ ហួត សេងទ្រី សមាជិក​អចិន្ត្រៃយ៍​នៅ​លេខាធិការដ្ឋាន​​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ​បានមាន​ប្រសាសន៍​ថា ” ទូក​ទាំង​ពីរ​នេះ​​ គឺ​ជា​គូ​ទី​៦០​។ ពួកគេ​នឹង​ជួប​គ្នា​នៅ​ម៉ោង២រសៀល​”។

ទូក​​​ដែល​នាំ​ក្ដី​សង្ឃឹម​ និង​កេរ្តិ៍​ឈ្មោះ​សម្រាប់​​បុរស​មាន​អំណាច​បំផុត​​នៅ​ក្នុង​ប្រទេស​​ទាំងពីរ​រូប​នេះ​​នឹង​ចាប់​ផ្ដើម​​នៅ​ត្រង់​ចំណុច​ស្ពាន​ជ្រោយចង្វារ ដោយ​ប្រណាំង​គ្នា​​ក្នុង​ចម្ងាយ​​ប្រហែល​១គីឡូម៉ែត្រ​មក​កាន់​កង​ព័ន្ធ​​ផ្ដាច់​ព្រ័ត្រ​នៅ​មុខ​ព្រះបរម​រាជ​វាំង។ បន្ទាប់មក​ទៀត​ពួកគេ​នឹង​អុំយឺត​ៗ​​ចុះ​ទៅ​ទី​ចាប់​ផ្ដើម​វិញ ហើយ​​​​ប្ដូរ​ខ្សែទឹក​រួច​​ប្រណាំង​គ្នា​ម្ដង​ទៀត។

លោក សេងទ្រី បាន​គូស​បញ្ជាក់​ថា គ្មាន​ច្បាប់​រារាំង​​ទូក​មិន​ឲ្យ​ប្ដូរ​ឈ្មោះ ឬក៏កីឡា​ករ​អុំទូក​នៅ​ពាក់​កណ្ដាល​ពិធី​បុណ្យ​នោះ​ទេ​។

​​គេ​បាន​សួរ​សំណួរ​មួយ​ចំនួន​​ទៅ​កាន់​កីឡាករ​អុំទូក​​មកពី​ខេត្ត​កណ្ដាល ដែល​ឧបត្ថម្ភ​ដោយ​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន​ ប៉ុន្តែ​​គ្មាន​នរណា​ម្នាក់​ឆ្លើយ​នឹង​សំណួរ​នេះ​ទេ គ​ឺ​មាន​តែ​បុរស​ម្នាក់​ប៉ុណ្ណោះបាន​ឆ្លើយ​នឹង​សំណួរ​នេះ​។

លោក ហេង កួយ គ្រូបង្ហាត់​អាយុ​៦០​ឆ្នាំ​របស់​កីឡាករ​អុំទូក​ស្រីម៉ៅក្រាំងយ៉ូវ គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​បាន​ឆ្លើយ​នឹង​សំណួរ​ទាំង​នេះ​។

លោក កួយ ដែល​ជា​កីឡាករ​អុំទូក​ជើង​ចាស់​មួយ​រូប​បាន​លើក​ឡើង​ថា បុរស​ចំនួន​៧៨​នាក់​ដែល​ភាគ​ច្រើន​ជា​អ្នក​នេសាទ និង​កសិករ​ក្រីក្រ​មាន​អាយុ​ចន្លោះ​ពី​៣០​ឆ្នាំ​ទៅ​៥០​ឆ្នាំ​ ​ហើយ​ដែល​នឹង​អុំទូក​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ជំនឿចិត្ត​ថាឈ្នះ​៨៥​ភាគរយ។

លោក​បាន​លើក​ឡើង​ទៀត​ថា ​អំឡុង​ពេល​ហាត់​សម​កាល​ពីខែ​មុន ​​​កីឡាករ​អុំទូក​របស់​លោក​​​ត្រូវ​បាន​បំប៉ន​អាហារ​​មាន​ប្រូតេអុីន​ខ្ពស់​ និង​ជាតិ​ស្ករ​ច្រើន ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ពួកគេ​មាន​កម្លាំង​ ហើយ​អុំទូក​បាន​ល្អ​។

​លោក កួយ បាន​និយាយ​ថា ​​”ជា​រៀង​រាល់​ថ្ងៃ​កីឡាករអុំទូក​​បាន​ទទួល​ទាន​បង្អែម​ដែល​​ប្រើ​សណ្ដែក​​​​អស់​មួយ​បាវ និង​ស្ករ​មួយ​ប៉ាវ​​ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​មាន​កម្លាំង។ សម្ដេច​ [ហ៊ុន​ សែន] បាន​ចំណាយ​ប្រាក់​ប្រហែល​១លាន​រៀល​ [២៥០​ដុល្លារ] ដើម្បី​ជួយ​ក្រុម​កីឡាករ​អុំទូក​ជារៀង​រាល់​ថ្ងៃ​”។

​នៅ​ពេល​ត្រូវ​បាន​​សាក​សួរ​អំពី​ការ​ចោទ​ប្រកាន់​​ទាក់​ទិន​​ការ​ប្រើ​វិធីសាស្ត្រ​មិន​ល្អ​ក្នុង​ការ​ប្រណាំង​ទូក​ គ្រូបង្ហាត់​​រូប​នេះ​បាន​និយាយ​ថា លោក​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ការ​វាយ​តម្លៃ​យ៉ាង​ត្រឹម​ត្រូវ​ចំពោះ​យុទ្ធសាស្ត្រ​របស់​លោក សុខ អាន។

លោក​បាន​និយាយ​បន្ត​មុន​ពេល​ត្រឡប់​ទៅ​កាន់​ក្រុម​កីឡាករ​អុំទូក​របស់​លោក​វិញ​ថា ” យើង​ប្រើ​ទូក​តែ​មួយ​គត់​ដែល​អ្នក​ឃើញ​នៅ​ក្នុង​ទឹក​នោះ វា​គឺ​ជា​ទូក​ដែល​លឿន​គ្រប់​គ្រាន់​នឹង​ឈ្នះ”។

នៅ​ក្បែរ​កំពង់​ផែ​ស្វយ័ត​រាជ​ធានី​ភ្នំពេញ​ មាន​កន្លែង​បោះ​តង់​របស់​កីឡាករ​អុំទូក​មួយ​ក្រុម​ផ្សេង​ទៀត​ ដែល​មាន​កីឡាករ​ចំនួន​២៤៥​នាក់ ​ដែល​គ្រោង​នឹង​​ចូល​រួម​ប្រណាំង​​ដែរ​នោះ។

ក្នុង​ចំណោម​ពួកគេ​គឺ​ជា​​ក្រុម​កីឡាករ​អុំទូក​របស់​លោក សុខ អាន ដែល​មាន​ពាក់​អាវ​ពណ៌​បៃតង។ នៅ​កន្លែង​​បោះ​តង់​នេះ​មាន​​ទាំង​កីឡា​ករ​ចាស់​ និង​ក្មេង​​កំពុង​​ដេក​លេង​លើ​អង្រឹង​ ហើយ​ជក់​បារី​មូរដៃ​​​ និង​និយាយ​អំពី​យុទ្ធសាស្ត្រ​។ ប៉ុន្តែ​នៅ​កន្លែង​នេះ​​យុទ្ធសាស្ត្រ​មិន​បាន​លាក់​បាំង​នោះ​ទេ។ សមាជិក​កីឡាករ​អុំទូក​ក្រុម​នេះ​បាន​​ប្រាប់​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​​យក​ទូក​ចំនួន​ប្រាំពីរ​មក​រាជ​ធានី​ភ្នំពេញ​សម្រាប់​ពិធី​បុណ្យ​នេះ​។ ហើយ​ប្រសិន​បើ​លោក​ចង់​​យក​ឈ្នះ​លោក​នឹង​ប្ដូរឈ្មោះ​ទូក​ ហើយ​ប្ដូរ​កីឡាករ​។

លោក ផេង សារិទ្ធ អាយុ​៤៦​ឆ្នាំ​ជា​អ្នក​កាន់​ចង្កូត​ទូក​ឈ្មោះ​​​តាកែវ​ត្រាំង​សុខសែនជ័យ​របស់​លោក សុខ អាន បាន​ជំទាស់​ថា វា​ផ្ទុយ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រោះ​ថា​​ជ័យ​ជម្នះ​​​​នៅ​លើ​ទឹក​​​​​​វា​អាស្រ័យ​លើ​​យុទ្ធសាស្ត្រ​​អុំទូក​​ មិន​មែន​អាស្រ័យ​លើ​ទូក​នោះ​ទេ​។

លោក​ សារិទ្ធ បាន​និយាយ​យ៉ាង​ដាច់​ណាត់​ថា ​” ឈ្នះ​ឬក៏ចាញ់​វា​អាស្រ័យ​លើកីឡាករ​អុំទូក។ កីឡាករ​មាន​បទ​ពិសោធន៍​មួយ​ចំនួន​ដឹង​អំពី​របៀប​​គ្រប់​គ្រង​ខ្សែទឹក​ដើម្បី​​យក​ឈ្នះ។ ទោះ​ជាយ៉ាង​ណា ​មាន​តែ​កីឡាករ​អុំទូក​ដែល​មាន​ជំនាញ​ខ្លាំង​បំផុត​​តែ​ប៉ុណ្ណោះ​​អាច​ធ្វើ​បែប​នេះ​បាន​”។

​ក្នុង​ចំណោម​អ្នក​អុំទូក​​របស់​លោក សុខ អាន គឺ​លោក កៃ វិន ​​ជា​កីឡាករ​អុំទូក​ជើង​ចាស់​អាយុ​៤៧​ឆ្នាំ ដែល​ធ្លាប់​ចូល​រួម​​ប្រណាំង​ក្នុង​ពិធី​បុណ្យ​អុំទូក​ចំនួន​​២៤​លើក និង​​ដែល​បាន​និយាយ​ថា គាត់​បាន​អុំសាក​ទូក​ទាំង​ប្រាំ​ពីរ​របស់​លោក សុខ អាន​ រួច​ហើយ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​នេះ​គាត់​នឹង​​គ្រប់គ្រង​កីឡាករ​អុំទូក​របស់​ទូក​​គិរីវង្សសុខសែន​ជ័យ ដែល​​កីឡាករ​ភាគ​ច្រើន​គឺ​ជា​ទាហាន​មាន​អាយុ​ចន្លោះ​ពី​១៦​ឆ្នាំ​ដល់​៣០​ឆ្នាំ​។

លោក វិន ​បាន​លើក​ឡើង​ថា កីឡាករ​អុំទូក​ប្រហែល​៩០​ភាគរយ​ដែល​លោក​ធ្លាប់អុំទូក​ជាមួយ​​អំឡុង​ពិធី​បុណ្យ​អុំទូក​​លើក​មុនៗ​បាន​ចូល​និវត្ត​អស់​ហើយ ដោយ​ទុក​ឲ្យ​រូប​គាត់​ជា​អ្នក​ដឹក​នាំ​ក្រុម​កីឡាករ​ដែល​គ្មាន​បទ​ពិសោធន៍​ទាំង​នេះ​។

លោក​បាន​និយាយ​ថា ” កីឡាករ​ក្មេងៗ​របស់​យើង​គឺ​ដូច​ជា​​គ្រាប់​ពូជ​ថ្មី​ ដែល​គេ​ដាក់​ដាំ​នៅ​ក្នុង​ដី​អ៊ីចឹង​។ យើង​បាន​​ស្រោច​ទឹក​គ្រាប់​ពូជ​ថ្មី​ទាំង​នេះ ហើយ​រំពឹង​ថា វា​នឹង​ដុះ​ឡើង​យ៉ាង​ឆាប់​រហ័ស ប៉ុន្តែ​​​ប្រហែល​ជា​វា​ត្រូវ​បាន​ប្រមូល​ផល​មុន​ពេល​ដែល​​​ត្រូវ​ប្រមូលផល​”។

នៅពេល​លោក វិន ដើរ​ចុះ​តាម​ផ្លូវ​ភក់​ទៅ​​មាត់​ទឹក​​ នៅ​ពេល​នោះ​ទូក​ទាំង​ប្រាំពីរ​របស់​លោក សុខ អាន បាន​បង្ហាញ​ខ្លួន​នៅ​កន្លែង​ទឹក​រាក់ ខណៈ​កីឡាករ​អុំទូក​​ត្រៀម​អុំ​សាក​ល្បង​ម្ដង​ទៀត​។ លោក​ វិន បាន​និយាយ​​ទៀត​ថា “​ទូក​​ទាំង​​អស់​សុទ្ធតែ​ជា​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ សុខ អាន ហេតុដូច្នេះ​ប្រសិន​បើ​គាត់​ចង់​ប្ដូរ​​អំឡុង​ពេល​ប្រណាំង​វា​ស្រេច​តែ​គាត់​”។

នៅពេល​ត្រូវ​បាន​សួរ​ថា តើ​លោក សុខ អាន ហា៊ន​ប្រកួត​ប្រជែង​ជាមួយ​ថ្នាក់​លើ​របស់​ខ្លួន​ដែរ​ឬទេ លោក វិន បាន​ឆ្លើយ​​ពង្វាង​សំណួរ​​ដោយ​បែរ​ជា​និយាយ​​តែ​​ពី​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ទៅ​វិញ​​។ លោក​បាន​និយាយ​ថា “ទូក​របស់​​សម្ដេច​ [ហ៊ុន សែន] អាច​ឈ្នះនៅ​ក្នុង​ថ្ងៃ​ទី១ និង​​ថ្ងៃ​ទី២ ប៉ុន្តែ​នៅ​ក្នុង​ថ្ងៃ​ទី៣​ ទូក​គិរីវង្ស​សុខ​សែន​ជ័យ នឹង​យក​ឈ្នះ​វិញ​ជាក់​ជា​ពុំខាន​”៕ ស៊ុយឈាង​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស