នគរបាលបាននិយាយកាលពីម្សិលមិញថា ជនជាតិវៀតណាមពីរនាក់បានរងរបួសធ្ងន់កាលពីយប់ថ្ងៃច័ន្ទ បន្ទាប់ពីអ្នកបើកបរស្រវឹងស្រាម្នាក់បានបើករថយន្តបុករទេះលក់គុយទាវតាមចិញ្ចើមផ្លូវស្ថិតនៅមហាវិថីព្រះមុនីវង្ស ក្នុងរាជធានីភ្នំពេញ ហើយបានរត់គេចពីកន្លែងកើតហេតុ មុនពេលទៅបុកបង្គោលភ្លើងចម្ងាយមួយគីឡូម៉ែត្រ។
យោងតាមលោក សែម គន្ធា នាយរងនគរបាលចរាចររាជធានីបានឲ្យដឹងថា រថយន្ត Range Rover ដែលគ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ និងស្ត្រីរួមដំណើរបួននាក់ទៀត បានបើកយ៉ាងលឿនកាត់តាមខណ្ឌដូនពេញនៅម៉ោងប្រហែល១១យប់ ស្រាប់តែបានរេចង្កូតទៅបុកមនុស្សពីរនាក់ និងរទេះរុញរបស់ពួកគេ។
លោកបានបន្ថែមថា សាច់ញាតិបានប្រញាប់ប្រញាល់បញ្ជូនម្ចាស់រទេះ ឈ្មោះ ឡេ ដុង ធួង អាយុ៤១ឆ្នាំ និង ធី ហួង អាយុ២៨ឆ្នាំទៅមន្ទីរពេទ្យកាល់ម៉ែតដោយសាររងរបួសធ្ងន់។
លោក នឹម ផល្លា ត្រូវជាប្តីរបស់ ធី ហួង បាននិយាយថា គាត់បានជិះម៉ូតូដេញតាមរថយន្តទំនើបនេះបន្ទាប់ពីបង្កគ្រោះថ្នាក់ ហើយបានឃើញអ្នកបើកបររថយន្តបើកបុកម្តងទៀត ហើយបានរត់គេចខ្លួនដោយថ្មើរជើងជាមួយស្ត្រីពីរនាក់ ចំណែកស្ត្រីពីរនាក់ទៀតមិនបានរត់ទៅណាទេ ហើយនគរបាលបានឃាត់ខ្លួនដើម្បីសាកសួររយៈពេលខ្លីនៅកន្លែងកើតហេតុ។
លោក ផល្លា បាននិយាយថា “ខ្ញុំបានសួរនគរបាលថា ហេតុអ្វីបានជាដោះលែងស្ត្រីពីរនាក់នេះ ហើយពួកគេបានប្រាប់ខ្ញុំថា ពួកគាត់មិនជាប់ពាក់ព័ន្ធនឹងករណីនេះទេ ពីព្រោះពួកគាត់ទើបតែបានជួបអ្នកបើកបររថយន្តនេះនៅ Sky Club ដែលពួកគាត់បានទៅផឹកស្រាបៀរនៅទីនោះតែប៉ុណ្ណោះ”។ លោក គន្ធា បានបដិសេធថា ស្ត្រីទាំងពីរនាក់នេះមិនត្រូវបានសាកសួរនៅកន្លែងកើតហេតុទេ។
លោក ផល្លា បាននិយាយថា កាលពីម្សិលមិញ នគរបាលបានហៅគាត់ជួបនៅទីស្នាក់ការនគរបាលចរាចររាជធានី ហើយពិភាក្សាពីសំណងជាមួយតំណាងអ្នកបើកបរ ប៉ុន្តែលោកបានបន្ថែមថា សាច់ញាតិផ្សេងទៀតបានទៅជំនួសជនរងគ្រោះ។
លោក ថោង សុភិន នាយរងការិយាល័យទទួលបន្ទុកគ្រោះថ្នាក់ចរាចរណ៍រាជធានីបានបញ្ជាក់ថា មានជំនួបរវាងតំណាងអ្នកបើកបរ និងតំណាងជនរងគ្រោះ ប៉ុន្តែលោកមិនស្គាល់អត្តសញ្ញាណអ្នកបើកបរឡើយ។
លោក សុភិន បានមានប្រសាសន៍ថា “ខ្ញុំមិនស្គាល់ម្ចាស់រថយន្តទេ ប៉ុន្តែតំណាងម្នាក់ត្រូវបានបញ្ជូនទៅជួបជាមួយក្រុមគ្រួសារជនរងគ្រោះនៅការិយាល័យរបស់ខ្ញុំ ដើម្បីពិភាក្សាពីបញ្ហាសំណង”។
លោកបានបន្ថែមថា “ខ្ញុំមិនប្រាកដថា តើអ្នកបើកបរនឹងប្រឈមការចោទប្រកាន់ឬយ៉ាងណាឡើយបន្ទាប់ពីបង់សំណងរួច ពីព្រោះនេះជាសេចក្តីសម្រេចរបស់ចៅហ្វាយនាយខ្ញុំ”។
លោក អ៊ុំ សុផាណ្ណារិទ្ធ ប្អូនប្រុសរបស់លោក ដុង ធួង ដែលបានចូលរួមក្នុងជំនួបកាលពីម្សិលមិញ បាននិយាយថា មិនទាន់មានការព្រមព្រៀងគ្នាទេ។ លោកបាននិយាយថា “តំណាងរូបនោះបានសួរថា ខ្ញុំចង់បានសំណងប៉ុន្មាន។ ខ្ញុំបានប្រាប់គាត់ថា យើងត្រូវការ៣.០០០ដុល្លារ ប៉ុន្តែតំណាងរូបនោះបានប្រាប់យើងថា គាត់ត្រូវពិនិត្យមើលវិក្កយបត្រមន្ទីរពេទ្យសិន ហើយគាត់នឹងឲ្យពួកយើងដឹងនៅពេលក្រោយ”៕សារុន