មន្ត្រីតុលាការម្នាក់បានបញ្ជាក់កាលពីម្សិលមិញថា មន្ត្រីនគរបាលព្រំដែនម្នាក់ក្នុងខេត្តឧត្ដរមានជ័យ ដែលត្រូវបានចោទប្រកាន់ពីបទចាប់រំលោភក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ បន្ទាប់ពីចាក់សោនាងទុកក្នុងបន្ទប់ឃុំខ្លួនរយៈពេល២៤ម៉ោងកាលពីខែកក្កដានោះ ត្រូវបានដោះលែងពីពន្ធនាគារកាលពីសប្ដាហ៍មុន បន្ទាប់ពីសាលាដំបូងខេត្តបានសម្រេចផ្ដន្ទាទោសគាត់ពីបទប្រើអំពើហិង្សាដោយចេតនា។
ក្រុមគ្រួសារក្មេងស្រីជំទង់ដែលនគរបាលមូលដ្ឋានអះអាងថា ត្រូវបានចាប់រំលោភ និងវាយដំយ៉ាងធ្ងន់ធ្ងរអំឡុងការចាប់បង្ខាំងនាងទុករយៈពេលមួយថ្ងៃនោះ បានទទួលស្គាល់ថា ពួកគាត់បានទទួលប្រាក់៥.០០០ដុល្លារពីមន្ត្រីនគរបាលរូបនេះជាថ្នូរនឹងការដកពាក្យបណ្ដឹង ប៉ុន្តែមិនដែលគិតថា តុលាការនឹងដោះលែងរូបគាត់ឡើយ ដោយសារតែភាពធ្ងន់ធ្ងរនៃបទល្មើសនេះ។
លោក ឡេង សារ៉ាន់ អាយុ៣៦ឆ្នាំជាមន្ត្រីនគរបាលដែលបម្រើការនៅប៉ុស្តិ៍ត្រួតពិនិត្យភ្នំត្បាល់នៅតាមព្រំដែនថៃស្ថិតក្នុងស្រុកអន្លង់វែង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែកក្កដា និងត្រូវបានចោទប្រកាន់ពីបទចាប់រំលោភ។
លោក ផេង ភួត នាយប៉ុស្តិ៍ឃុំត្រពាំងតាវ បានមានប្រសាសន៍នៅពេលនោះថា “ជនសង្ស័យរូបនេះបានដាល់ជនរងគ្រោះរហូតនាងសន្លប់ ហើយបន្ទាប់មកជននេះបានចាប់រំលោភនាង”។
ប៉ុន្តែកាលពីម្សិលមិញ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា កាលពីសប្ដាហ៍មុនតុលាការបានសម្រេចផ្ដន្ទាទោសលោក សារ៉ាន់ ពីបទប្រើអំពើហិង្សាដោយចេតនាជាជាងការចាប់រំលោភ ហើយបានព្យួរទោសរយៈពេលបីឆ្នាំរបស់គាត់មកជាបទល្មើសតូចតាច។ ពីរថ្ងៃក្រោយមក លោក សារ៉ាន់ បានដើរហើរដោយសេរីបន្ទាប់ពីអនុវត្តទោសជាប់ពន្ធនាគារមិនដល់៤ខែផង។
លោក កាន់យ៉ា បានមានប្រសាសន៍ថា ” យើងបានលើកលែងការចោទប្រកាន់ពីបទចាប់រំលោភ ពីព្រោះជនរងគ្រោះស្គាល់គ្នាជាមួយជនសង្ស័យ ហើយបានព្រមព្រៀងរួមភេទជាមួយគាត់ ហើយនាងមានអាយុលើសពី១៥ឆ្នាំ”។
លោកបានបន្ថែមថា តុលាការបានសម្រេចផ្ដន្ទាទោសពីបទប្រើអំពើហិង្សាដោយចេតនាកាលពីថ្ងៃទី២៩ ខែតុលា ផ្អែកលើស្នាមជំាលើរាងកាយរបស់ក្មេងស្រីរងគ្រោះបន្ទាប់ពីការប្រព្រឹត្តបទល្មើស។
អ្នកស្រី ជាតិ ណា អាយុ៥០ឆ្នាំត្រូវជាម្ដាយក្មេងស្រីរងគ្រោះបាននិយាយកាលពីម្សិលមិញថា បើទោះណាជាគាត់ព្រមទទួលយកប្រាក់ពីក្រុមគ្រួសារលោក សារ៉ាន់ ដកពាក្យបណ្ដឹងដែលគាត់បានប្ដឹងនៅតុលាការពីដំបូងក៏ដោយ ក៏គាត់នៅតែរំពឹងថា តុលាការនឹងនៅតែធ្វើការចោទប្រកាន់ដដែល។ អ្នកស្រី ណា បាននិយាយថា កាលពីខែមុន យើងទទួលបានប្រាក់សំណងជំងឺចិត្តពីក្រុមគ្រួសារជនសង្ស័យចំនួន៥.០០០ដុល្លារ”។
អ្នកស្រីបាននិយាយថា “ខ្ញុំមិនពេញចិត្តជាមួយសេចក្ដីសម្រេចរបស់តុលាការទេ ហើយខ្ញុំបារម្ភពីសុវត្ថិភាពក្រុមគ្រួសាររបស់ខ្ញុំ។ ប៉ុន្តែយើងមិនអាចដាក់ពាក្យបណ្ដឹងផ្សេងទៀតប្ដឹងលោក សារ៉ាន់ បានទេ ពីព្រោះខ្ញុំមានជំងឺ ហើយក្រីក្រ ហើយយើងមិនអាចប្រឈមមុខជាមួយគាត់បានទេ ពីព្រោះគាត់ជាមន្ត្រីនគរបាល”។
លោក អំ សំអាត អ្នកគ្រប់គ្រងផ្នែកបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូបានចោទប្រកាន់តុលាការថា បានរំលោភសិទ្ធិជនរងគ្រោះ។ លោកបានបន្ថែមថា “នេះគឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាករណីនិទណ្ឌភាព ពីព្រោះប្រសិនបើក្មេងស្រីរងគ្រោះយល់ព្រមរួមភេទមែននោះ ហេតុអ្វីបានជានាងត្រូវវាយដំទៅវិញ?”៕ សារុន