40.6 C
Phnom Penh

តុលាការ​​​គ្រោង​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿងក្តី​​​លោក សួន​​​ សេរី​​​រដ្ឋា និង​​​ព្រះ​​​តេជ​​​គុណ លួន​​​ សុវ៉ាត ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​គ្រោង​​​បើក​​​សវនា​​​ជំនុំ​​​ជម្រះ​​​រឿងក្តី​​​ លោក សួន សេរី រដ្ឋា​​​​​​ ​​​អ្នក​​​​​​ប្រឆាំង​​​ដែល​​​បាន​​​និរទេស​​​ខ្លួន​​​ នៅ​​​ថ្ងៃ​​​ទី​​​២៥ ខែ​​​វិច្ឆិកា បន្ទាប់ពី​​​ផ្អាក​​​សវនា​​​ការ​​​កាលពី​​​ខែ​​​កញ្ញា​​​ដើម្បី​​​អនុញ្ញាត​​​ឲ្យ​​​ព្រះ​​​តេជ​​​គុណ លួន សុវ៉ាត សកម្មជន​​​ជា​​​ព្រះ​​​សង្ឃ និង​​​ជា​​​សហ​​​ចុ​​​ង​​​ចោទ​​​និមន្ត​​​ទៅ​​​ក្រៅ​​​ប្រទេស។

លោក សួន​​​ សេរី​​​រដ្ឋា និង​​​ព្រះ​​​តេជគុណ លួន​​​ សុវ៉ាត ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ញុះញង់​​​ឲ្យ​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​ ដោយ​​​មាន​​​គម្រោង​​​វាយ​​​ប្រហារ​​​ និង​​​រំខាន​​​ដល់​​​ការ​​​បោះ​​​ឆ្នោតជាតិ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​ព្រឹត្តិការណ៍​​​ចំនួន​​​ពីរ​​​ដែល​​​បាន​​​រៀប​​​ចំ​​​អំឡុង​​​ការ​​​បោះ​​​ឆ្នោត ​​​ទី១​​​គឺ​​​ចែក​​​អាវ​​​យឺត​​​​​​ជំរុញ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​កុំ​​​ទៅ​​​បោះ​​​ឆ្នោត និង​​​មួយ​​​ទៀត​​​​​​ចែក​​​ផ្កា​​​ដល់​​​នគរបាល​​​និង​​​ទាហាន​​​។

លោក សេរី​​​រដ្ឋា បាន​​​ទទួល​​​ស្គាល់​​​ថា លោក​​​បាន​​​រៀប​​​ចំ​​​ព្រឹត្តិការ​​​ណ៍​​​ទាំង​​​ពីរ​​​នេះ​​​ពី​​​បរទេស មែន ប៉ុន្តែ​​​បាន​​​បដិសេធ​​​ថា មិន​​​បាន​​​ចែក​​​អាវ​​​យឺត​​​ ឬ​​​ផ្កា​​​ដែល​​​ត្រូវ​​​បាន​​​ចាត់​​ទុក​​​ថា ជា​​​បទ​​​ឧក្រិដ្ឋឡើយ។

ព្រះ​​​តេជ​​​គុណ លួន​​​ សុវ៉ាត មាន​​​សង្ឃដីកា​​​ថា ព្រះ​​​អង្គ​​​បាន​​​ជួប​​​ជាមួយ​​​លោក សេរី​​​រដ្ឋា ម្តងនៅ​​​សហរដ្ឋ​​​អាមេរិក ប៉ុន្តែ​​​ បដិសេធ​​​ថា ព្រះ​​​អង្គមិន​​​បាន​​​ដើរ​​​តួនាទី​​​សំខាន់​​​នៅ​​​ក្នុង​​​ផែនការ​​​របស់​​​លោក ឬ​​​ក្រុម​​​របស់​​​លោក​​​ គឺ​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ឡើយ។

លោក មាស​​​ ច័ន្ទ​​​ពិសិដ្ឋ ព្រះ​​​រាជ​​​អាជ្ញា​​​រង​​​អម​​​សាលា​​​ដំបូង​​​​​​រាជ​​​ធានី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សវនាការ​​​​​​ត្រូវ​​​បាន​​​គ្រោង​​​ឡើង​​​វិញ​​​នៅ​​​ថ្ងៃ​​​ទី​​​២៥ ខែ​​​វិច្ឆិកា ។ លោក​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​បន្ថែម​​​ឡើយ។

លោក សេរី​​​រដ្ឋា បដិសេធ​មិន​ចូល​រួម​សវនាការ​ដោយ​អះអាង​ថា តុលាការនៅក្នុង​​​ប្រទេស​​​កម្ពុជា​​​​ពុក​រលួយ​​​បំផុត​មិន​​អាច​ផ្តល់​​​ការ​កាត់​ក្ដី​លោក​ឲ្យ​បានយុត្តិធម៌ឡើយ​។ លោក​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃអង្គាសប្តាហ៍មុន ដោយ​អះអាង​ឡើងវិញពី​បំណង​របស់​លោក​ស្ថិត​នៅ​ក្រៅ​ប្រទេស​ដដែល​។

លោក សុក សំអឿន មេធាវី​របស់​លោក​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​តំណាង​កូនក្ដី​របស់​លោក​នៅ​សវនាការ​នោះ​ ប៉ុន្តែ​លោក​មិន​ជឿ​ថា លោក​ សេរី​​​រដ្ឋា នឹង​ទទួល​បាន​ការ​កាត់​ក្ដី​យុត្តិ​​​ធម៌​​​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​គិត​ថា ចៅក្រម​អាច​សម្រេច​ឲ្យ​ពួកគាត់​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ឡើយ​។ ខ្ញុំ​មិន​ជឿជាក់​​​ថា ​ចៅក្រម​អាច​ធ្វើ​សេចក្ដី​សម្រេច​​​ដោយ​សេរី​​​ឡើយ”។

ព្រះ​​​តេជ​​​គុណ លួន សុវ៉ាត បាន​​​មាន​​​សង្ឃ​​​ដីកាថា ព្រះ​​​អង្គ​​​ក៏​​មាន​គម្រោង​ចូល​រួម​សវនា​​​ការ​នោះ​ផង​ដែរ។ ព្រះ​​អង្គ​បាន​មាន​សង្ឃ​​​ដីកា​​​ថា “អាត្មា​ដឹង​ថា តុលាការ​ចោទ​ប្រកាន់​អាត្មា​មិន​ត្រឹម​ត្រូវ​ឡើយ ប៉ុន្តែ​អាត្មា​ត្រូវ​តែ​​ប្រាប់​ពួកគេ​ថា អាត្មា​មិន​បាន​​ធ្វើ​អ្វី​ខុស​ទេ​”។

កាលពី​ខែ​កញ្ញា លោក សេរី​​​រដ្ឋា បាន​បដិសេធ​ថា ព្រះ​សង្ឃ​អង្គ​នេះ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ខិត​ខំ​ប្រឹង​របស់​លោក ដើម្បី​ចែក​អាវ​យឺត​ និង​ផ្កា​ទេ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា លោក​បាន​គាំទ្រ​ការ​និមន្ត​របស់​ព្រះ​​​តេជ​​​គុណ លួន សុវ៉ាត មក​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​២០១១ និង​បាន​ជួយ​រៃ​អង្គាស​បច្ច័យ​​​បាន​ជិត​៣០.០០០​ដុល្លារ​សម្រាប់​ការ​ងារ​សិទ្ធិ​មនុស្ស​របស់​ព្រះសង្ឃ​អង្គ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ព្រះ​​​តេជ​​​គុណ លួន សុវ៉ាត បាន​មាន​សង្ឃដីកា​ថា ព្រះ​អង្គ​មិន​មាន​ទំនាក់​ទំនង​ហិរញ្ញវត្ថុ​ណាមួយ​ជាមួយ​លោក សេរី​​​រដ្ឋា ទេ។

ព្រះ​​​តេជគុណ​បាន​មាន​សង្ឃដីកា​ថា អាត្មា​មិន​ដែល​ទទួល​បាន​បច្ច័យ​ពី​លោក សួន សេរី​​​រដ្ឋា​ទេ សូម្បី​តែ​មួយ​​​សេន​។ អាត្មា​គិត​ថា សេចក្ដី​សម្រេច​របស់​តុលាការ​ក្នុង​ការ​ចោទ​ប្រកាន់​មក​​​លើ​​​អាត្មា​គឺ​ជា​​​រឿង​នយោបាយ​ ហើយ​តុលាការ​ទទួល​បញ្ជា​ពី​រដ្ឋាភិបាល​”។

ព្រះ​​​តេជគុណ លួន សុវ៉ាត តែង​​ធ្វើ​ពិធី​​​បែប​​​ព្រះពុទ្ធសាសនា​​ច្រើន​​​លើក​​​ច្រើន​​​សា​​​ដែល​​​អាជ្ញា​​​ធរ​​​មិន​​​អនុ​​​ញ្ញាត​​​ដើម្បី​តស៊ូ​​​មតិ​​​តាង​​​នាម​​​ប្រជា​ពល​​​រដ្ឋ​​​ក្រី​​​ក្រ​​ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ដែល​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​រដ្ឋាភិបាល​។ លោក សួន សេរី​​​រដ្ឋា ត្រូវ​បាន​​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​ភេរ​​​វករ​ដែល​​ព្យាយាម​ញុះញង់​ឲ្យ​មាន​ចលនា​បះបោរ​បែប​អារ៉ាប់​ស្ព្រីង​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕ សារុន​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស