កាលពីយប់ថ្ងៃច័ន្ទសប្តាហ៍មុន មន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញពីជំហររបស់គណបក្សកាន់អំណាចនេះនៅក្នុងការចរចាដែលជាប់គាំងរបស់ខ្លួនជាមួយគណបក្សសង្គ្រោះជាតិ ជុំវិញការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ថ្មីដែលមានសមាសភាពពីរគណបក្សចូលរួម។
កាលពីខែសីហា លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានដឹកនាំតំណាងរាស្ត្រទាំង៥៥រូបរបស់លោកដើម្បីចរចាបញ្ចប់ការធ្វើពហិការមិនចូលសភារបស់ខ្លួនកាលពីខែសីហា ជាថ្នូរនឹងការសន្យាពីគណបក្សប្រជាជនកម្ពុជា ថានឹងធ្វើកំណែទម្រង់ គ.ជ.ប. ដែលគណបក្សសង្គ្រោះជាតិចោទប្រកាន់ថាបានរៀបចំលទ្ធផលបោះឆ្នោតទុកជាមុនសម្រាប់គណបក្សកាន់អំណាច។
ក្រុមការងារមួយដែលមានសមាសភាពមកពីគណបក្សទាំងពីរ បានជួបចរចាគ្នាប្រចាំសប្តាហ៍ដើម្បីគ្រោងរៀបចំសេចក្តីលម្អិតនៃការធ្វើកំណែទម្រង់ ប៉ុន្តែបានបញ្ចប់ជំនួបចរចានេះកាលពីថ្ងៃទី២៦ ខែតុលា ហើយបានលើកឡើងថា មានតែមេដឹកនាំបក្សប៉ុណ្ណោះដែលអាចដោះស្រាយវិវាទដែលនៅសេសសល់ចំនួនពីរបាន។
គណបក្សប្រជាជនកម្ពុជាទាមទារថា សមាជិក គ.ជ.ប. មិនត្រូវបានអនុញ្ញាតឲ្យកាន់លិខិតឆ្លងដែនបរទេសឡើយ ហើយអគ្គលេខានៃស្ថាប័ននេះត្រូវមានបទពិសោធខាងរៀបចំការបោះឆ្នោតយ៉ាងហោចណាស់៥ឆ្នាំ។ គណបក្សសង្គ្រោះជាតិបានជំទាស់នឹងសំណើទាំងពីរនេះ។
កាលពីយប់ថ្ងៃច័ន្ទដដែរលោក ព្រំុ សុខា សមាជិកមួយរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមនៅក្នុងការចរចាថ្មីៗនេះ បានបង្ហាញវត្តមាននៅស្ថានីយវិទ្យុអាស៊ីសេរី ដើម្បីលើកឡើងពីករណីនេះជួសមុខឲ្យគណបក្សប្រជាជនកម្ពុជា។ លោកបានមានប្រសាសន៍ថា វាជារឿងសមហេតុផលក្នុងការតម្រូវឲ្យមន្ត្រីមានសញ្ជាតិកម្ពុជា តែមួយដើម្បីធានានូវភាពស្មោះត្រង់។ លោកមានប្រសាសន៍ថា “អ្វីដែលសំខាន់គឺថា នៅពេលយើងដាក់កំហិតបញ្ហានេះ សួរថា ‘តើនេះវាខុសស្តង់ដារនៅក្នុងបណ្តាប្រទេសផ្សេងទៀត? ទេ គេទទួលស្គាល់សញ្ជាតិពីរ ប៉ុន្តែគេដាក់លក្ខខណ្ឌលើមេដឹកនាំ ជាពិសេសមេដឹកនាំនយោបាយកំពូលៗ។ បើយើងចង់ឲ្យ គ.ជ.ប. ឯករាជ និងអព្យាក្រឹត ពួកគេអាចបោះបង់ចោលបានដែរ [លិខិតឆ្លងដែនបរទេសរបស់ពួកគេ]”។
គ.ជ.ប. ដែលធ្វើកំណែទម្រង់ថ្មី គ្រោងនឹងចូលជំនួស គ.ជ.ប. បច្ចុប្បន្ន បន្ទាប់ពីការចរចាចប់សព្វគ្រប់។ ស្ថាប័នរៀបចំការបោះឆ្នោតនេះនឹងមានសមាសភាពសមាជិក៤រូបមកពីគណបក្សប្រជាជនកម្ពុជា ៤រូបមកពីគណបក្សសង្គ្រោះជាតិ ហើយសមាជិកទី៩ដែលជាសមាជិកចុងក្រោយត្រូវបានជ្រើសរើសដោយគណបក្សទាំងពីរ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា លោកមើលមិនឃើញហេតុផលដែលត្រូវដាក់ការរឹតបន្តឹងផ្នែកសញ្ជាតិលើ គ.ជ.ប.ថ្មីឡើយ។លោកលើកឡើងទៀតថា “វាជាបញ្ហាគោលការណ៍ និងភាពស៊ីសង្វាក់គ្នា ពីព្រោះនៅកម្ពុជា គ្មានច្បាប់បែបនេះទេ”។
លោក សម រង្ស៊ី ដែលមានសញ្ជាតិពីរ បានមានប្រសាសន៍ទៀតថា “ចាប់ពីថ្នាក់កំពូ យើងមានព្រះមហាក្សត្រដែលមានសញ្ជាតិពីរ សមាជិករដ្ឋសភា និងសមាជិកព្រឹទ្ធសភា ពួកគេជាច្រើនមានសញ្ជាតិពីរ ហើយរដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាល និងរដ្ឋលេខាធិការក៏មានសញ្ជាតិពីរដែរ”។
ប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានមានប្រសាសន៍ថា លោកក៏ព្រួយបារម្ភដែរចំពោះការទាមទាររបស់គណបក្សប្រជាជនកម្ពុជា ដែលតម្រូវឲ្យអគ្គលេខាធិការ និងអគ្គលេខាធិការរងគ.ជ.ប. មានបទពិសោធខាងរៀបចំការបោះឆ្នោតយ៉ាងហោចណាស់៥ឆ្នាំ និងឲ្យរក្សាទុកមន្ត្រីថ្នាក់ក្រោមរបស់ គ.ជ.ប. បច្ចុប្បន្នឲ្យនៅដដែល។
លោក សម រង្ស៊ី បានលើកឡើងទៀតថា ”ដើម្បីមានបទពិសោធ៥ឆ្នាំនៅក្នុង គ.ជ.ប. ទាល់តែយើងជាមន្ត្រី គ.ជ.ប. ពេលបច្ចុប្បន្ន ហើយយើងដឹងថា មន្ត្រីគ.ជ.ប. បច្ចុប្បន្នមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជា បើមិនច្រើនក៏តិចដែរ”។
លោក ព្រំុ សុខា បានមានប្រសាសន៍កាលពីថ្ងៃអង្គាសប្តាហ៍មុនថា លោក សម រង្ស៊ី និយាយត្រូវដែលលើកឡើងថា សំណើរឹតបន្តឹងពលរដ្ឋដែលមានសញ្ជាតិពីរគឺជារឿងថ្មី ប៉ុន្តែរដ្ឋាភិបាលត្រូវតែចាប់ផ្ដើមពីចំណុចណាមួយទៅ។ លោកមានប្រសាសន៍ទៀតថា “វាជាពេលដែលត្រូវធ្វើឲ្យប្រាកដថា មានលក្ខខណ្ឌមួយចំនួនដែលអ្នកនយោបាយ និងអ្នករដ្ឋការជាន់ខ្ពស់ដូចជានៅក្នុង គ.ជ.ប. ជាដើម ត្រូវមានសញ្ជាតិតែមួយ”។
កាលពីមុន រដ្ឋាភិបាលបានលើកឡើងថា ខ្លួនកំពុងពិចារណាការធ្វើឲ្យអ្នកមានសញ្ជាតិពីរមិនអាចធ្វើជានាយករដ្ឋមន្ត្រីបាន។ ចំណុចជាប់គាំងមួយទៀតនៅក្នុងការចរចា គឺការទទូចរបស់គណបក្សប្រជាជនកម្ពុជា តម្រូវឲ្យសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់របស់ គ.ជ.ប. ត្រូវមានសញ្ញាបត្រច្បាប់ សេដ្ឋកិច្ច ឬអក្សរសាស្ត្រ។
កាលពីថ្ងៃអង្គាដដែរលោក ព្រំុ សុខា បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាមានឆន្ទៈចរចាលើចំណុចនេះ។ លោកបានមានប្រសាសន៍ទៀតថា “វាគួរតែបើកទូលាយ។ អំឡុងពេលចរចា ខ្ញុំថែមទាំងបាននិយាយទៀតថា សញ្ញាបត្រមានតម្លៃស្មើ។ ជឿលើខ្ញុំចុះ ពួកគេ [គណបក្សសង្គ្រោះជាតិ] អាចជជែកគ្នា និងចរចា ហើយសម្រុះសម្រួលគ្នាបានពីបញ្ហានេះ”។
ពេលនេះការចរចាជុំវិញការបង្កើត គ.ជ.ប. ថ្មី ធ្វើឡើងរវាងលោក សម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានជួបចរចាគ្នាជាលក្ខណៈឯកជននៅរដ្ឋសភាកាលពីថ្ងៃច័ន្ទ ប៉ុន្តែមិនអាចស្វែងរកដំណោះស្រាយបានទេ៕ សុខុម