38 C
Phnom Penh

ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​៧០០​លាន​ដុល្លារ​រាល់​ឆ្នាំ​ពី​ប្រទេស​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីប្រឹក្សា​មួយ​រូប​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ពេល​ត្រឡប់​មកពី​ការ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​ថា ប្រទេស​ចិន​បាន​យល់​ព្រម​ផ្តល់​ឲ្យ​ប្រទេស​កម្ពុជា​នូវ​ជំនួយ​ឥត​សំណង​និង​កម្ចី​ ដែល​មាន​ទឹក​ប្រាក់​សរុប​យ៉ាង​ហោច​ណាស់​៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា។

លោក ហ៊ុន សែន បាន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិនពីង នៅ​ជំនួប​កំពូល​នៃ​មេដឹកនាំ​តំបន់​កាលពី​ថ្ងៃ​សុក្រ ដែល​ក្នុង​ជំនួប​នោះ​មេដឹកនាំ​ចិន​រូប​នេះ​ក៏​បាន​ប្រកាស​ផែនការ​ប្រទេស​របស់​លោក​សម្រាប់​មូលនិធិ​ផ្លូវ សូត្រ​ (Silk Road Fund) មាន​ទឹក​ប្រាក់​៤០​ពាន់លាន​ដុល្លារ ដើម្បី​ចំណាយ​លើ​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ទូទាំង​ទ្វីប​អាស៊ី។

លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​នៅ​អាកាស​យានដ្ឋានអន្តរជាតិ​ភ្នំពេញ​​ថា “សម្តេច​នាយក​រដ្ឋ​មន្ត្រី [ហ៊ុន សែន] បាន​សុំ​ជំនួយ​ពី​ប្រទេស​ចិន​ពី​៥០០​ទៅ​៧០០​លាន​ដុល្លារ​រាល់​ឆ្នាំ​ដើម្បី​អភិវឌ្ឍ​ប្រទេស​របស់​យើង”។

លោក​មាន​ប្រសាសន៍​ថា “ប្រាក់​៥០០​ទៅ​៧០០​លាន​ដុល្លារ​នេះ​នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​បន្ទាប់។ ប្រសិនបើ​គេ​ឲ្យ​ប្រាក់​យើង​ដោយ​គ្មាន​សំណង [ជំនួយ​ឥត​សំណង] ឬ​ដោយ​គ្មាន​ការ​ប្រាក់ ​វា​ជា​ការ​ល្អ។ និយាយ​ជាទូទៅ ប្រទេស​ចិន​នឹង​សម្រេច​ថា​ចំនួន​ប្រាក់​ប៉ុន្មាន​ជា​ជំនួយ​ឥត​សំណង និង​ប្រាក់​ប៉ុន្មាន​ជា​កម្ចី​មាន​ការ​ប្រាក់”។

លោក គឹមហួន មិន​បាន​និយាយ​លម្អិត​ឲ្យ​ដឹង​ថា​ចំនួន​ប្រាក់​ប៉ុន្មាន​អាច​ជា​ជំនួយ​ឥត​សំណង ឬ ជា​ប្រាក់​កម្ចី ឬថា​ប្រទេស​ចិន​នឹង​យក​ការ​ប្រាក់​ប៉ុន្មាន​នោះ​ទេ។ ក្នុង​ពេល​កន្លង​មក ប្រទេស​កម្ពុជា​បាន​ត្អូញត្អែរ​ថា ការ​ប្រាក់​របស់​ប្រទេស​ចិន​ខ្ពស់​ជាង​ការ​ប្រាក់​របស់​ប្រទេស​ផ្សេងទៀត​ដែលឲ្យ​ខ្ចី​ប្រាក់។

យោងតាម​របាយការណ៍​ចុងក្រោយ​របស់​ខ្លួន​ស្តីពី​ប្រទេស​កម្ពុជា នៅ​​ខែ​មីនា ទីភ្នាក់ងារ​​​វាយត​​​ម្លៃ​អន្តរ​​​ជាតិ​​​មូឌី Moody’s បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​ជា​ប្រទេស​ផ្តល់​កម្ចី​ច្រើន​បំផុត​ដល់​ប្រទេស​កម្ពុជា ដោយ​មាន​ចំនួន​ជិត​មួយ​ភាគបី​នៃ​បំណុល​បរទេស​ទ្វេភាគី​របស់​ប្រទេស​កម្ពុជា។

ទីភ្នាក់ងារ​មូឌី​បាន​ដាក់ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ក្នុង​ប្រភេទ B2 មាន​ន័យ​ថា ទីភ្នាក់ងារ​នេះ​បាន​ចាត់ទុក​ថា​ ប្រទេស​កម្ពុជា​អាច​មាន​សមត្ថភាព​បំពេញ​តាម​ការ​ប្តេជ្ញា​ផ្នែក​ហិរញ្ញវត្ថុ​របស់​ខ្លួន ប៉ុន្តែ​បាន​ចាត់ទុក​ថា​អាច​មាន​ហានិភ័យ ក្នុងគ្រា​ដែល​មាន​លក្ខខណ្ឌ​ជំនួញ​ សេដ្ឋកិច្ច ឬ ហិរញ្ញ​វត្ថុ មិន​អំណោយ​ផល។

លោក ស៊ុន ឆ័យ សមាជិក​សភា​បក្ស​ប្រឆាំង ជា​អនុ​ប្រធាន​នៃ​គណៈកម្មការ​ហិរញ្ញវត្ថុ​និង​ធនាគារ​នៃ​រដ្ឋសភា កាលពី​ថ្ងៃ​អាទិត្យ​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​អះអាង​ថា សព្វ​ថ្ងៃ​ខ្លួន​កំពុង​ប្រឈម​នឹង​បំណុល​ប្រហែល​៤​ពាន់លាន​ដុល្លារ ប៉ុន្តែ​ថា​ការ​អាន​របាយការណ៍​របស់​លោក​សន្និដ្ឋាន​បាន​ថា តួលេខ​ពិត​ប្រាកដ​អាច​ខ្ពស់​ជាង​នេះ​ពីរ​ដង។

លោក ស៊ុន ឆ័យ មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​អំពី​ការ​សន្យា​ផ្តល់​ជំនួយ​ថ្មី​របស់​ចិន​ទេ ប៉ុន្តែ​បាន “បារម្ភ” អំពី​កម្ចី​ដ៏​ច្រើន​បែប​នេះ​​ហូរ​ចូល​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា “យើង​នឹង​សួរ​រដ្ឋាភិបាល​អំពី​រឿង​នេះ ពេលណា​យើង​ពិភាក្សា​អំពី​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៥។ យើង​ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ចំណាយ​ថវិកា​ជាតិ​របស់​យើង”។

យោងតាម​ព័ត៌មាន​ដែល​បង្ហោះ​លើ​វិបសាយ​របស់​ក្រសួង​ការបរទេស​ចិន​ឲ្យ​ដឹងថា លោក ស៊ី បាន​ប្រាប់​លោក ហ៊ុន សែន ថា មិត្តភាព​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន “មាន​តម្លៃ​ខ្លាំង​ណាស់​ ហើយ​គួរ​រក្សា​និង​អភិវឌ្ឍ​គ្មាន​ទី​បញ្ចប់ ដើម្បី​បង្កើត​សហគមន៍​មួយ​មាន​វាសនា​រួម​ដែល​អាច​ជួយ​គ្នា​ទៅវិញ​ទៅមក”។ ជា​ការ​តបវិញ លោក ហ៊ុន សែន បាន​សំដែង​ការ​គាំទ្រ​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​ចិន​ក្នុង​ “​ការ​ការពារ​អធិបតេយ្យភាព​ជាតិ សន្តិសុខ និង​បូរណភាព​ទឹកដី”។

នៅឯ​អាកាសយានដ្ឋាន លោក កៅ គឹមមហួន បាន​មាន​ប្រសាសន៍​ថា ដំណើរ​​ទស្សន​កិច្ច​របស់​លោក ហ៊ុន សែន ទៅ​ទីក្រុង​ប៉េកាំង ក៏​បាន​ជួប​ជាមួយ​អនុ​ប្រធានាធិបតី​ចិន លោក លី យន់ឆាវ និង​មន្ត្រី​ជាច្រើន​រូប​មកពី​ក្រុមហ៊ុន​ចិន​ធំៗ ដោយ​មាន​ទាំង​សាជីវកម្ម​ផ្លូវ​និង​ស្ពាន​ចិន Huawei និង​សាជីវកម្ម​រដ្ឋ​អភិវឌ្ឍ​និង​វិនិយោគ (SDIC) ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា សាជីវកម្ម SDIC នឹង​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល គ្រុប​ របស់​ប្រទេស​កម្ពុជា ដែល​ជា​របស់​ពាណិជ្ជករ គិត ម៉េង លើ​គម្រោង​ចំនួន​៤។ លោក​បាន​បន្ថែម​ថា “គម្រោង​ទាំង​៤​នេះ​រួម​មាន ទី១​គម្រោង​ផ្លូវ​ដែក ទី២​គម្រោង​អភិវឌ្ឍន៍ទីក្រុង​ចិន ទី៣​ការ​អភិវឌ្ឍ​កោះ​មួយ​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​របស់​យើង និង​ទី​៤​ការ​ផលិត​អគ្គិសនី​ពី​ការ​ដុត​សំរាម”។

លោក គឹមហួន បាន​ឲ្យ​ដឹង​ទៀត​ថា លោក ស៊ី បាន​ទទួល​យក​ការ​អញ្ជើញ​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា ហើយ​ថា រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង​២​នឹង​កំណត់​ពេល​វេលា។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ិនហួ​របស់​ចិន​បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន ក៏​បាន​សំដែង​ការ​គាំទ្រ​របស់​លោក​ចំពោះ​មូលនិធិ​ផ្លូវ​សូត្រ​ក្នុង​ទឹកប្រាក់​៤០​ពាន់លាន​ដុល្លារ​របស់​ចិន ដែល​លោក ហ៊ុន​ សែន និង លោក ស៊ី បាន​ប្រកាស​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​មេដឹកនាំ​មកពី​ប្រទេស​បង់ក្លាដេស ភូមា កម្ពុជា ឡាវ ម៉ុងហ្គោលី ប៉ាគីស្ថាន និង ប្រទេស​តាហ្ស៊ីគីស្ថាន។ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ិនហួ​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​ ថាតើ​មូលនិធិ​នេះ​នឹង​ត្រូវ​ចំណាយ​ដោយរបៀបណា​នោះ​ទេ៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស