38 C
Phnom Penh

សងសឹក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

special2និពន្ធដោយ អាឡិន ឡៃថ៍មិន​ ប្រែជាខេមរភាសា​ដោយ លឹម​ ហ៊ាង ហេង

រីណា​​ ​ចាប់​ផ្តើម​ទម្លាក់​សាច់​ជ្រូក​ពីរ​ខាំ​កន្លះ​ និង​អំពិល ​ប្រាំមួយ​ប្រាំ​ពីរគួ​ទៅ​ក្នុង​កន្ត្រក​​ម្ហូប​​​ចិត្ត​មួយ​គិត​ថា​ ប្រហែល​ជា​ត្រូវ​មាត់​ប្តី ​ដែល​តែង​តែ​ស្តីប​ន្ទោស ​ពេល​នាង​ចាយ​វាយ ​​ប្រាក់​កាស​ទិញ​ម្ហូប​ច្រើន​ពេក​។ ក្នុង​ពេល​ដដែល​នោះ​នាង ​គ្រលៀស​ភ្នែក​ឃើញ ​បុរស​​ម្នាក់​ជា​ឃាតករ​​​​សម្លាប់​ឳ​ពុក​នាង។

​ដំបូង​នាង​ស្រពេច​ស្រពិល​ មិន​ដឹង​ថា​មែន​ ឬក៏​អត់​។ រី​ណា​ ​​ ខាន​ជួប​បុរស​ម្នាក់​នោះ ​ធុំជាង សាម​សិប​បី​ឆ្នាំ​មក​ហើយ​ គឺ​តាំង​តែ​ពី​នាង​ មាន​អាយុ​ ដប់​ពីរ​ឆ្នាំ​ មក​ម៉្លេះ។ ឥឡូវ​រូប​រាង​​ទ្រង់​ទ្រាយ​ ឃាត​ករ ​ម្នាក់​នោះ​ ផ្លាស់​ប្តូរ​ច្រើន​ណាស់ ​តាំង​ពី​ខ្នង​ ក៏​កោង​ សក់​ក៏​ស្កូវ​ព្រោង ​រាង​កាយ​ក៏ស្គម​ស្គាំង​ស្បែក ​ដណ្តប់​ឆ្អឹង​ ស្ទើរ​ខ្យល់​បក់​ដួល ​ទៅ​ណា​មក​ណា​ ទាល់​ តែ​ពឹង​ឈើ​ច្រត់​។

យ៉ាង​ណា​​មិញ ​រី​ណា​  ​ក៏​ចាំ​មិន​ភ្លេច​នូវ​ទម្រង់​បបូរ​មាត់​ពេប​ និងថ្ពាល់​ផត​ ព្រម​ទាំង​ប្រជ្រុយ​ដែល​ដៅ​​​​​លើ​ភ្នែក​ខាង​ឆ្វេង​របស់​តា​ចាស់​ម្នាក់​នេះ​។​​ នាង​ខិត​​កាន់​តែ​ជិត​ ដើម្បី​សង្កេត​តា​ចាស់​នោះ ​នៅ​ចម្ងាយ​​​បីតូប​ រីណា​ ក៏កាន់​តែ​ប្រាកដ​ក្នុង​ចិត្ត​ថា​ នាង​មិន​ច្រឡំ​ឡើយ​ គឺពិត​ជា​គាត់​មែន​។​ ​កន្លង​មក​រាប់​ឆ្នាំ​រាល់​ពេល​នាង​រំឭក​ពី​ឃា​តករ​នោះ​កាល​ណា​ នាង​តែង​ស្រ​មៃ​ថា​ តើ​នឹង​ត្រូវ​​​ធ្វើ​យ៉ាង​​ណា ដើម្បី​សង​សឹក​ ពេល​ជួប​បុរស​ម្នាក់​នេះ​ម្តង​ទៀត។ ​នាង​ធ្លាប់​តែ​បួង​សួង​សូម​​ឲ្យ​រឿង​អព​មង្គល​ ឬ​ទុក្ខ​មហន្ត​រាយ​បាន​ដល់​ឃាត​ករ​ម្នាក់​នោះ ​ហើយ​ធ្វើ​ឲ្យ ​គេ​បែក​បាក់​និ​រាស​គ្រួសារ​ ដូច​​ដែល​នាង​ត្រូវ ​ព្រាត់​ប្រាស​ពីឳ​ពុក​អ៊ី​ចឹង​ដែរ​ ឬ​បើ​មិន​ដូច្នោះ​ទេ​ នាង​បួង​សួង​សូមឲ្យ​ឃាតករ​នោះ​ គ្រាំ​គ្រា​ដោយ​សារ​ជំងឺ​មហារីក​ ទទួល​ការ​​​ឈឺ​ចុក​ចាប់​បន្តិច​ម្តងៗ ​ដេក​រង់​ចាំ​តែ​ថ្ងៃ​ស្លាប់​។

ល្ងាច​ដដែល​នោះ ​បន្ទាប់​ពី​ប្តី ​នាង​បរិភោគ​បាយ​ទឹក​រួច ​រីណា​ ក៏​តាំង​ផ្តើម ​ពោល​ទៅ​ប្តី ​“ឪ​វា​! ព្រឹក​មិញ​ នៅ​ឯ​ផ្សារ​ ខ្ញុំ​គិត​ថា​ ខ្ញុំ​បាន​ឃើញ​ ទូច​ ផេង​។” ក្លិន​សាច់​ជ្រូក ​សាយ​ភាយ​ពេញ​ផ្ទះ​ ព្រោះ​ភ្លៀង ​ផ្អាប់​ក្លិន​ទាំង​អស់​នោះ ​ទៅ​ណា​​មិន​ឆ្ងាយ​ នាំ​ឲ្យ​ធុំក្លិន​ផ្អុះ​ ត្បិត​អ្វីៗ​សើម​មិន​ងាយ​ស្ងួត​ឡើយ​ ក្នុង​វស្សាន​រដូវ​។ “​នរ​ណា​គេ​?​” ពេជ្រ ​សួរ ​ទាំង​ដែល​ខ្លួន​ឯង​​កំពុង​ជូត​មាត់​។ “​ទូច ​ផេង​ ហ្នឹង​?” “​មេ​ជំរំ​នៅ​ជំរំ​សុភមង្គល​ហ្នឹង​មែន​?​” ​ រីណា​​​ សម្លឹង​មើល​មុខ​ពេជ្រ​ ព្យាយាម​ ស្ទង់​ទឹក​មុខ​ប្តី​ តាម​រយៈ​ពន្​លឺព្រឿងៗ​ ចេញ​ពីអំពូល​​​ភ្លើង​ក្នុង​ផ្ទះ​។

​ ក្នុងផ្ទះទាំងមូល បំភ្លឺ​ដោយ អំពូលភ្លើងមួយគត់ បន្តោង​ប្រប​នឹង​ធ្នឹម​នៃ​ដំបូល​ផ្ទះប្រក់ដោយ​ស័ង្កសីជញ្ជាំង​​ធាង​ត្នោត នៅជ្រុងម្ខាងមានការ៉ុងស្រូវ និង​ពោត​ពីរ​បីបាវ ហើយនៅឯកាច់​ជ្រុង​ម្ខាង​ទៀត​គឺ​អា​គុយ​ឡាន​។ “​ហ្នើយ​ចុះ​ ម៉េច​ម៉ែ​វា​ឯង​និយាយ​ពី​រឿង​នេះ​?” ​ពេជ្រ​ សួរ​ទាំង​ធុញ​ទ្រាន់​។ “​ម្យ៉ាង​ទៀត​ ម៉េច​ក៏​ម៉ែ​ វា​ឯង​ដឹង​ថា​ជា​គេ​? កន្លង​មក​រាប់​សិប​ឆ្នាំទៅ​ហើយ​។” “ចុះ​ឳវាឯង​នៅ​ចាំ​អត់ ​សែ​សិប​ឆ្នាំ​មុន ​ខ្ញុំ​បាន​ឃើញ​បងប្អូន​ជី​ដូន​មួយ ​ម៉ាឡា​ កាល​នោះ​​ឳវា​ឯងក៏​មិន​ជឿ​ខ្ញុំ​ដូច​តែ​គ្នា​ហ្នឹង​”​។

ពេជ្រ ​ មិន​ទាំង​ខ្វល់​នឹង​តប​វិញ​ផង​ ក៏​តាំង​ទៅ​សំ​លៀង​ផាល​នង័្គល​ ដែល​​ត្រូវ​ប្រើ​ដើម្បី​​ភ្ជួរ​រាស់​នៅ​​ថ្ងៃ​ស្អែក​ សម្រាប់​សាប​ព្រោះ​ដាំ​ដុះ​​។ តាម​ពិត​ទៅ ​ការងារ​សំ​ លៀង​ផាល​ ជា​ភារៈ​របស់​កាម៉ាល់​ តែ​កូន​ ប្រុស​ម្នាក់​នេះ ​មិន​បាន​នៅ​ផ្ទះ​ទេ​យប់​ហ្នឹង​ ព្រោះ​រវល់​តែ​ទៅ​ផឹក​ទឹក​ត្នោតជូរ​ថោកៗ​ជា​មួយ​ក្លើ​របស់ ​គេ​ក្រោម​តំណក់​ភ្លៀង​ស្រិចៗ​។ បង្ហើយ​ដៃ​កាល​ណា​ ពេជ្​រ ក្រោក​ឈរ​ឡើង ​​ហើយ​ទុក​របស់​របរ​ទៅ​មួយ​ឡែក​។ គេ​​មិនសូវ​ជាខ្ពស់​ជាង​ប្រពន្ធ​របស់​គេ​ប៉ុន្មាន​ឡើយ ​ហើយ​ក៏មិន​មែន​ជា​មនុស្ស​សម្បូរ​សាច់​​​​ប៉ុន្មាន​​ដែរ។ ពេជ្រ​មាន​រាង​ស្គម បបូរ​មាត់​ស្តើង កែវ​ភ្នែក​ឡើង​ក្រហម​ជាប់​ជា​ប្រចាំ​​ដោយ​សារ​​ធូលី និង​ដី​ពេល​ធ្វើ​ការ​ឯ​ស្រែ ហើយមាន​ស្នាម​​​ក្រវាមលើថ្ពាល់ ដោយ​សារ​គោ​ជល់។

​ ឥឡូវ​នេះ ​ទឹកភ្លៀង ដែលស្រក់ តក់ៗលើស័ង្កសី ឮសូរប្រាវៗដូចស្នូរ​គ្រាប់​កាំភ្លើង​ដែល​ធ្វើ​ឲ្យ​គោពីរក្បាល​នៅ​ក្នុង​ក្រោល​ផ្អើល​ឆ្លេឆ្លា​ចុះ​ឡើង។​ រីណា ឃើញ​វា​​ឆ្លេ​ឆ្លា​តាម​ប្រហោង​រនាប​ផ្ទះ​របស់​នាង។ “ឪវា​ តើយើង​គួរធ្វើ​យ៉ាង​ម៉េច​ទៅ​?” រី​ណា សួរ។ “ចុះហេតុ​អី​ ឯង​ចាំ​បាច់​គិតពី​រឿង​អត់​ប្រយោជន៍​ទាំង​អស់​ហ្នឹង​? ខាត​ពេល​ឥត​អំពើ​​ទេ។ ហើយ​ថ្ងៃស្អែក ​មិន​បាច់​ទិញ​អំពិល​​មក​​ទៀតទេ​” ​។

ពេជ្រ ​តែង​ម៉ួម៉ៅ​ ជា​ពិសេស​​បន្ទាប់ពី​យប់​ដែល​គេ​ទៅ​សម្រាក​នៅ​ផ្ទះ​លក្ខិណា។ “ខ្ញុំនឹង​ធ្វើអ្វី​មួយ ​ខ្ញុំគ្រាន់​តែ​មិន​ដឹងថា ​ជា​អ្វីនៅឡើយ​”​។ “ណ្ហើយ!​ ម៉ែវា​ឯង​ គិត​ឆ្កួត​ចង់​ធ្វើ​ស្អី​ហ្នឹង​?​”​ “អ្វីម្យ៉ាង​” ​ទាំង​មិនអស់​ចិត្ត ​រីណា  ​អង្គុយ​ចុះ​ក្បែរ ​ធីតា  ​កូនស្រីច្បង​ ដែល​ចាប់​​ផ្តើម​​សិត​​សក់​ឲ្យ​ម្តាយ។ រាល់​ពេល​ទោះ​​​បី​​  ធីតា​ ព្យា​យាម​ប្រតិបត្តិ​ម្តាយ​ដោយ​ធ្វើ​ឲ្យ​ម្តាយ​សប្បាយ​​ចិត្ត​យ៉ាង​ណា​ ក៏ រីណា ​នៅ​តែមិន​ហ៊ាន​មើល​មុខ​កូនឲ្យចំឡើយ​។

​កាល​ពី​អាយុ​ ដប់​ប្រាំមួយ​ឆ្នាំ​ ធីតា ត្រូវ​បានចាប់លក់ទៅ ឲ្យផ្ទះបន ដែល​​ជា​បងប្អូនជីដូន​មួយ​របស់​ពេជ្រ ជា​ថ្នូរ​នឹង​ការ​ដោះ​បំណុល​​ល្បែង។ នាង​បាន​រំដោះខ្លួន​ពី​ពេស្យា​​​ចារ ហើយ​ត្រឡប់​មករស់​នៅ​ក្នុង​ផ្ទះ​វិញ​បាន​​មួយ​ឆ្នាំ​​ហើយ។ ធីតា ហូប​បាយ​បាន​ដូច​​​​ធម្មតា តែក​ដៃ​នាង ​នៅ​តែតូ​ច ​គឺតូច​ជាង​ផ្លែ​ត្រសក់​ទៅទៀត។​ ចំណែក​ឯកូន​ស្រី​កណ្តាល​ នីតា​ត្រូវ ​ពេជ្រ​ទុក​ដាក់​ឲ្យមាន​ប្តីសី​នៅអាយុ​ ដប់​ប្រាំឆ្នាំ ​ជាមួយ​ឈ្មួញ​​កៅស៊ូ។

តួនាទី​ជា​ប្រពន្ធ នីតា ចាត់ចែង​មើល​របស់​ទ្រព្យ​ដែល​ប្តីរកបាន ហើយរស់​នៅ​ជាមួយ​ម្តាយ​មីង​ប្តី​នាង ​នៅឯ​ជាយ​ខេត្តបាត់​ដំបង។​យ៉ាង ​ហោច​​ណាស់​ រីណា ​មាន​សល់​កូន​ស្រីពៅ ​សំណព្វ​ ម្នាក់​​គឺ​មីអូន ​ដែល​កំពុង​តែ​ជម្នះ​រៀន​នៅ​សាលា​។ ​ម្តាយ​ក្រឡេក​មើល​ទៅ​ កូន​ពៅ​ដែល​អង្គុយ​នៅ​ជ្រុង​ម្ខាងនៃផ្ទះ ​មុខ​នាង​ប៉ាត​ដោយ​ឡេ​លាប​មុខធ្វើ​ឲ្យ​ស្បែក​ស ​កំពុង​អាន ​សៀវភៅ​មេរៀន​ពីសាលា។

រី​ណា​​ ​ចាប់​ផ្តើម​បិទ​ភ្នែក​ទាំង​គូ​ រំពឹង​ថា ​ការ​សិតសក់​មួយសន្ទុះ​ធំនេះ​ នឹង​ជួយ​ឲ្យនាង​សម្រួល​​អារម្មណ៍​បាន​ធូរ​ចិត្ត​បន្តិច​។ សក់​ខ្មៅ​រលើប​រលោង​របស់​នាង ​សាយ​ធ្លាក់​នៅ​ចំ​កណ្តាល​ខ្នង។ ដក​តែ​អាយុ​ចេញ​ នាង​នៅ​តែ​ជាស្រ្តី​ដែល​មាន​សម្រស់ទាក់​ទាញ​ដដែល គួបផ្សំនឹង​ដងខ្លួន​​រាង​រៅ​ស្រឡូន មាត់​មាន​មន្តស្នេហ៍ ដោយ​ឡែក​តែស្បែក​នាង​ឡើង​ជ្រួញ ត្បិត​ត្រូវ​កម្តៅ​ថ្ងៃ និង​ជីវភាព​នៅ​ឯ​ស្រែ ​ភ្លីជ្រួញ​ពាស​នៅ​លើ​រង្វង់​ភ្នែក​ទាំង​សង​ខាង​របស់នាង។

គេអាចងាយ​នឹង​ឃើញ​នាង​មាន​ឈាម​ជ័រសែ​ស្រឡាយ​កាត់ចិន​ពីខាង​ឳពុក​ នាង ​ដោយ​សារ​ច្រមុះ​របស់​នាង​ស្រួច​ជាង​ច្រមុះ​កូន​ខ្មែរ​សុទ្ធ​។ “ថ្ងៃហ្នឹង ​ប៉ុណ្ណឹង​បាន​ហើយ​ អត់​មាន​អី​និយាយបានការសោះ។” ពេជ្រ និយាយ។ “អញ ចាស់ណាស់ទៅហើយ ធ្មេចបើកៗ ស្អែក​​​​ក៏មកដល់”​។

ពេជ្រ ប្រះខ្លួនលើកន្ទេល ទាំង​មិន​ដោះ​អាវយឺតចេញផង ហើយ​ក៏លង់​លក់​ទៅ។ រំពេចនោះ ទាំងធីតា និងស្រីពៅ លូន​ចូល​​វាំងនួន រាប់ជាបន្ទប់ពួកគេ សម្រាប់​គេង និងផ្លាស់ខោអាវផង។ ខណៈ​ដែល​គ្រប់​គ្នា​ចូល​​និន្ទ្រាលង់លក់​ស្ងាត់​​មាត់​អស់ រីណា ​ផ្តើម​ខ្វាយ​ខ្វល់ជាថ្មីពី​ រឿង​ទូច ផេង ដៃនាងក៏ចាប់ញ័រ។ នាង​គិត​ធ្វើ​​​​អ្វី​ម្យ៉ាង​​ឲ្យ ទូច ផេង មានគ្រោះ​ថ្នាក់។ នាង ឈាន​​ជើង​ដើរ​ទៅ​ជ្រុង​ម្ខាងនៃបន្ទប់ ជាទី​សក្ការៈ​ដល់​បុព្វការីជន​ក្នុងគ្រួ​សារ​។

លើតុ មាន ទៀន ធូប បដិមា​ព្រះពុទ្ធរូប​ ខ្សែសីមា មួយដំុ រូបថតឳពុកម្តាយ និង​ជីដូន​ជីតា​របស់​ពេជ្រ ព្រមទាំងរូបថត ម្តាយ រីណា និង​ជីដូន​ពីររូបទៀត។ រីណា មាន​នៅ​សល់​រូបថត​ឳពុក​​តែមួយគត់ ដែល​នាង​រក្សា​ក្នុង​ប្រអប់​ដែកសុវត្ថិភាព។ ពេលនេះ នាងអុជ ទៀន​និង លូកដៃយករូបថត​ ដែល​សាកពណ៌ និង​មាន​សភាព​រួញ ​ក្រញុំនៅ​ជុំវិញ​គែម​រូបថត ឡើង​មក ​គឺជា​រូប ឳពុក​របស់​នាង កាល​នៅ​ពី​ក្មេង អាយុ​ប្រហែល​ម្ភៃប្រាំឆ្នាំ​ រាងសង្ហា​ និង សម្បូរ​ស្នេហ៍​ផ្អែមល្ហែម​ ទៀត ផង។

ចេញ​ពី​ការ​ចង​ចាំ នាងអាច ​ឃើញ​យប់​ដែល​គ្រប​ដណ្តប់​ដោយ​ស្បៃ​អន្ធការ  ពេល​ដែល ​ឳពុក​នាង​ត្រូវ​បានគេ​សម្លាប់ ចោល នាង​អាច​ឃើញ​ភ្លើងបារី​មូរ​ ដៃកាន់​ ជក់ដោយ​កម្មា​ភិបាល​ខ្មែរ​ក្រហម​ដែល​អង្គុយ​នៅ​ក្រោម​​ដើមឈើ នាង​អាច​ស្តាប់​ឮ​សំឡេង​របស់​ពួក​គេ ខណៈ​ដែល​ពួកគេ​ស្រែក​ហៅ​ឳពុកនាង​ឲ្យ​ចេញ​ ពីផ្ទះ​ឈើ និង​បញ្ជា​ឲ្យ​ឳពុក​នាងទៅ​ជាមួយ បុរស​ពីរ​ នាក់​ទៀត​ ដែលបាន​ព្យាយាម​រត់​គេច​​ខ្លួន​ពេល​ទៀប​ភ្លឺនោះ​ដើម្បី​ស្វែងរក សាច់​ញាតិ ​ពួក​គេដែល​បាន​បាត់​ខ្លួន។ “យើង នឹងបញ្ជូន សមមិត្តទៅ​ជំរំ​​ផ្សេងទៀត”។​

​ទូច ផេង ​ បន្លឺ ឃ្លា​ដែល​បង្កប់​អត្ថន័យពិឃាត ដែល​គ្រប់គ្នា​មិន​ពិបាក​យល់​។ ​នាង​អាច​ឮ សំឡេង​ដ៏​គំរោះ​គំរើយនិង​កោងកាច​របស់​មេកង។ នាង​ធ្លាប់​បាន​ប្រទះ​ផ្ទាល់​ភ្នែក ពេល​ដែល​មេកង​បញ្ជា​ឲ្យ​សម្លាប់​​មនុស្ស។ ពួក​គេ​ផ្តាច់​ជីវិត​មនុស្ស​ផុយ​ដូច​សម្លាប់​មូស។ ហើយបាន ឃើញ​កម្មា​ភិបាល​យួរចបជីក និង​ខ្សែ​ពួរផង ដែរ។

រីណា  ​ចាប់ផ្តើមមើលទៅរូបថត និង​សូត្រ​ធម៌​ឧទ្ទិសដល់ឳពុកនាង។ មិន​ដឹង​ថាមកពី​ហេតុ​អី នាង​ក៏នឹក​ឃើញ​ដល់​គ្រា​ដែល​នាង​ទៅ​ភ្នំពេញ​ជាមួយឳពុក កាល​នោះ​នាង​នៅ​តូច​​ខ្លាំង​ណាស់ អង្គុយ​លើ​ស្មៅនៅ​ពីក្រោម​រូប​​សំណាក​ដែល​រំឭក​ពីការអបអរ សាទរ ការ​រួច​ចេញពី​អាណា​និគម​បារាំង។ រីណា ពំុ​ដែល​​បានស្គាល់ទី​ក្រុង​ឡើយ។ស្ថិតនៅ កណ្តាល​សំ​ឡេងអ៊ូអរ​​នៃអគារ​ច្រូងច្រាង ​និងមនុស្ស ​ម្នាឈូឆរ​ដែល​ ជិះ​កង់​ម៉ូតូ​ច្រវាត់​ចុះ​ឡើងឪពុក រីណា​ អង្គុយ​យ៉ាង​ស្ងៀមស្ងាត់ ច្រៀង​រហ៊ឹមៗ​ឲ្យនាង​ស្តាប់។ ចេញ​ពីកន្លែង​មួយ​ឆ្ងាយ​ពី បន្ទប់ សក្ការៈ នាង​ក៏​ឮពេជ្រ ​ស្រម៉ុកខុរ​ៗ។ រីណា ដាក់​កែវ​ពេញ​ដោយ បាយដំណើប​លាយ​ស្ករត្នោតដែល​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​នៅ​លើក​ន្ទេលដេករបស់ កូនៗគ្រប់គ្នា ដូច​ដែលនាង​ចំណាំ​ធ្វើរាប់​ឆ្នាំ​ហើយ រួចហើយ​ក៏​ប្រះ​ខ្លួនគេងក្បែរប្តី។

បន្ទាប់ពី​ប្រែខ្លួនបម្រះននៀល​ចុះឡើង​ពេញ​មួយ​យប់ រីណា​  ក៏​ងើបឡើង​មុន​ព្រលឹម​ចូល​មក​ដល់ ​ហើយឡើង​កាំជណ្តើរ​ឈើ​ដែល​​រយីក រយាក​បះ​បើកៗ ​ទាំង​​មិន​ពាក់​ស្បែក​ជើង ​ហើយ​ចាប់​ផ្តើម​រៀប​​ចំចម្អិន​បាយ​ទឹក​ពេល​ព្រឹក និង​បាយពេល​ថ្ងៃ​ត្រង់​សម្រាប់​គ្រួសារ ក្នុង កូនខ្ទមកំប្រូក តូចមួយ ជា​ចង្ក្រាន​​​​បាយ សង់ជាប់​នឹង​ផ្ទះ។

​កូនស្រី របស់​នាង  ធីតា ក្រោកពី​ដំណេក មុននាងទៅ ទៀត ដើម្បី​បង្កាត់​ភ្លើង​ជើង​​​ក្រាន។ ទម្រាំតែ​ដល់​​រដូវ​ច្រូតកាត់ ពួក​គេ​មាន ម្ហូបតិច តួច​សម្រាប់​បរិភោគ លើក​លែង​អង្ករ តែ រីណា អាច ធ្វើ​ម្ហូប ដាក់គ្រឿង ផ្សំបន្លែបន្លុក​ជាមួយ​ខ្ទឹមស ខ្ញី និងស្លឹក ក្រូចសើច។ មួយ​ស្របក់​ក្រោយ​មក រីណា ក៏ដាស់ប្តី និង​កូន​ប្រុស​កាម៉ាល់​ឲ្យ​ភ្ញាក់​ឡើង ហើយ​ហូប​អាហារ​ដែល​រៀបចំ​រួច​ជាស្រេចមានបាយ ត្រីឆ្អើរ ក្នុងពេល​ព្រលឹម​ស្រាងៗ ឥត​មាន​និយាយ​ស្តី​អ្វី​មួយ​ម៉ាត់​។

​ បន្ទាប់​មក បុរសៗនៅក្នុងគ្រួសារ​ចាប់​ផ្តើម​ស្រាយ​​គោ ចេញ ហើយលើកបាវ​ពូជស្រូវ និង​របស់​របរ​ធ្វើ​ស្រែ​ផ្សេង​ទៀតដាក់លើ រទេះគោ ហើយ​ក៏បរ​រទេះ​ចេញ​ទៅ​ស្រែ​ដែល​​ត្រូវ​ធ្វើដំណើរ​ប្រហែល​មួយ​ម៉ោង​ប៉ុណ្ណោះ។ ពេលដែលនាង និង​ ធីតា ​ រៀបចំ​ទុក​ដាក់​ចាន​ក្បាន និងផ្ទះ​បាយ​ហើយ​ រីណា ​ជូតរនាប ​និង​បោស​ធូលី​ចេញ​ពីតុ កន្ទេល និង​ជញ្ជាំង។ បន្ទាប់មក នាង​ក៏រៀប​ចំខ្លួន​ទៅផ្សារ។ កាត់​ផ្ទះ​បាយ  រីណា ​​ ដាក់ភ្នែក​ចំ​កាំបិត​កាប់​សាច់​ជ្រូក នាង​យក​ក្រណាត់​សរំុ​កាំបិត​ប័ុង​តោ​នោះ​ ហើយ​ដាក់វាក្នុងកន្ត្រកម្ហូប។

​ផ្សារក្រមួន ​មាន​មនុស្ស​អ៊ូអរ ចម្រុះ​ដោយ​​​ពណ៌ និង​សំឡេង​លាយឡំ​ ស្តាប់​មិន​យល់​ថា​ជា​អ្វី ប៉ុន្តែ ព្រឹកនេះ ​ រីណា ​ តាំងចិត្ត ​ដើរ​កាត់​តូប​​​​ចម្រុះដោយ​ពណ៌​ មាន​ពណ៌ទឹក​ក្រូច​ ក្រហម​​ចេញពីផ្លែអំពិល បៃតង​ចេញ​ពី​ត្រកួន និង​ស្ពៃ​​ឆៃស៊ីម លឿងចេញផ្លែ​ចេក ស្វាយ និង ផ្កា​ឈូក​​ចាស់​ចេញពី​ក្រណាត់​ ព្រម​ទាំង​សំឡេង​​​ស្រែក​​ចេញ​ពីក្មេង​ក្មាង​ដែល​ននល​គកពាក់​កណ្តាល​​ខ្លួន និង​មាន់​ដែលរត់​ឆ្លេ​ឆ្លាចេញ​ពីភក់ ​ពីតូប​មួយ​ទៅតូបមួយទៀត រហូតដល់​ទីតាំង​មួយ​ដែល​នាង​ឃើញ​បុរស​ម្នាក់ឈរ​ផ្អែក​នឹង​ជញ្ជាំង​​​តូបលក់ស្វាយ។

​នាង​តម្រង់ទៅបុរស​ម្នាក់​នោះ​ ឲ្យ​ជិត​បំផុត​តាម​សេចក្តីក្លាហាន​ដែល​នាង​អាចធ្វើបាន ហើយពិនិត្យមើលបុរស​ម្នាក់​នោះ​ឲ្យច្បាស់​​ជាង​ពេល​ដែល​នាង​ឃើញ​គេ កាល​ពី​ថ្ងៃ​មុន​។ នាងថែមទាំងឮ បុរសម្នាក់​នោះ​និយាយ​ថែម​ទៀតផង ពេល​ដែល​គេ​សួរ​ថ្លៃប៉ុន្មានដែរ បើ​ខ្ញុំសុំជឿស្វាយ​កន្លះ​ឡូ។ តើ​នេះ​ជា​សំឡេង​ដែល​នាង​ធ្លាប់ឮឬ? ជា​សំឡេង មាន អាការៈហេវ​ហត់ល្ហិត​ល្ហៃ​ដែល ឮចេញ ពីមនុស្សប្រុស​ចំណាស់​ម្នាក់​។​មួយនាទី ក្រោយមក តាចាស់​ម្នាក់នោះ ចាប់​ផ្តើម​សង្ស័យថាមាន គេសម្លឹងខ្លួន តាចាស់​ក៏​សម្លឹង​តប​វិញ។ អ្នក​ទាំង​ពីរ​សម្លឹង​មុខគ្នា​ទៅ​វិញ​ទៅមក​អស់​ពីរ​បីនាទី ​ក្នុងអាការៈ​មិនទុក​ចិត្តគ្នា​ទាំងសងខាង។រីណា លូក​ចាប់​ដង​កាំបិត​​ក្នុង​​កន្ត្រក​ម្ហូប។​ ​បន្ទាប់មក តាចាស់​ ងាក​មុខ​ចេញ ហើយ​ក៏​ដើរខ្ញើចៗ​ទៅតូប បន្ទាប់។ នាង​​មិន​ទៅ ​ប្រឈម​ នឹង​តា​ចាស់ ​នោះ​ទេ​ ថ្ងៃ​នេះ ​គឺ​ថ្ងៃ​ស្អែក។ special4

ទើប​តែ​ម៉ោង​ប្រាំបី​ព្រឹក​សោះ​ តែ​ក្តៅ​សែន​​​​ក្តៅ ​ញើស​ជោគអាវ ​រីណា​។ ​នាង​​​ងក់​ក្បាល​ទៅកាន់​មនុស្ស​បីបួន​នាក់​ដែល​នាង​ស្គាល់ ហើយ​ឱន​​ក្បាល​វន្ទា​សំពះ​ព្រះ​សង្ឃ​​ដែល​គ្រង​​​​ស្បង់ចីពរ​ កំពុង​និមន្ត​បិណ្ឌបាត្រ។

​ទោះ​បី​  ​រីណា​ ​​ រស់​នៅ​ក្នុង​ភូមិនេះ​ជាង​សាម​សិប​ឆ្នាំ​មក​​ហើយ​ក៏ដោយ ​តែ​នាង​​ទើប​តែ​ចាប់​ផ្តើម​ចាត់​ទុកថា​ទីនេះ​ជាផ្ទះ​របស់​នាង​កាល​ពីពីរ​បី​ឆ្នាំ​មុន​ប៉ុណ្ណោះ។​ កន្លែង​នេះ​ជាភូមិ​កំណើត​ប្តីរបស់នាង មិន​មែន​ជាស្រុក​កំណើត​របស់​នាង​ទេ។ ភូមិកំណើត​របស់​នាង​គឺ​នៅឯ​ពោធិ៍​សាត់។ នាងខាន​ទៅផ្ទះ​ នាង ​​តាំង​តែ​ពី​ព្រឹក​ដ៏គួរ​ឲ្យខ្លាច​មួយ​នោះ ពោល​គឺ​ពេល​កង​ទាហាន​ក្មេងៗ​ចូលភូមិ​នាង​ ហើយ​​​​​កេណ្ឌ​ប្រជាជន​ក្នុង​ភូមិឲ្យទៅនៅ​ជំរំ​។ ពីរឆ្នាំ ក្រោយការ​រំដោះ​ពី​ប៉ុលពត ពេល​ រីណា អាយុ​បានដប់បួនឆ្នាំ ម្តាយនាង ក៏ស្លាប់ដោយ​សារ​ជំងឺ​តេតាណុស។ បន្ទាប់ មក បងស្រីនាង​ក៏​ស្លាប់​ចោលទៀត។ កំព្រី​កំព្រា​ឥតមេបា រីណា​ បានរៀបការ​ជាមួយ​​ពេជ្រ ដែលទុក​ដាក​់​ដោយ​​​ពូ​របស់​នាង។​ ដំបូង នាង​ស្ទាក់​ស្ទើរ គិតចង់​ទៅសាលា តែប្តីនាង​បាន​ទុក​ដាក់ឲ្យ​នាង​មើល​​​ថែចម្ការ​​ក្នុងគ្រួសារ បន្ទាប់​មក​ពួកគេ​ក៏មាន​កូន។

​បន្ទាប់​ពីឆ្លង​ទន្លេ​បាន ធីតា​មក​​  រីណា ​ធ្លាក់​ខ្លួន​ឈឺ​មានជំងឺ​សួត ហើយ​ក្តៅ​ខ្លួន​ជាប្រចាំ ចំណែក​ ឯ ពេជ្រ​មើល​ថែនាង ទាំង យប់ ថ្ងៃ ជូតខ្លួន​និង​មុខ​នាង​ដោយ​ចម្រៀក​ក្រណាត់ ​ដែល​សើមៗ​​ដើម្បី​បញ្ចុះ​កម្តៅ​។ ច្រើន ឆ្នាំ​កន្លង​ទៅ ពេជ្រ និង រីណា បណ្តុះ​មនោ​សញ្ចេតនា រស់​នៅ​ចុះ​សម្រុង​គ្នា​​ក្រោម ដំបូល​​តែមួយ។ ម្តងបន្តិចៗ រីណា ​​  ក៏រាប់​អាន ​មាន​មិត្ត​ភក្តិក្នុង​ភូមិ ​ពេល​នាង​ទៅពិធី ​បុណ្យ​សព និង​មង្គលការ​ក្នុង​ភូមិ​។​​ ពូ មីង ទាំង​អស់​របស់​នាង​ក៏ស្លាប់​ចោល​ទៅ​ទៀត។ នាង​លែង​មាន​សល់សាច់​ឈាម​ ដែល​​​ផ្សារ​ភ្ជាប់នាង​ទៅ​ភូមិ​កំណើត​នាង​ទៀត​ហើយ។ ប្រព័ន្ធតែមួយគត់​ដែល​នាង​មាន​ទាក់​ទងទៅភូមិ ​គឺមិត្ត​ភក្តិតាំង​ពីកុមារ​ភាព​របស់​​នាង មករា ដែលរៀបការហើយ មិន​ព្រម​​រួម​ខ្នើយជា​មួយ​ប្តីនាង​ឡើយ ​បើ​ប្តី​នាង​មិន​ព្រមរើមក​រស់នៅ​ក្នុង​ភូមិជាមួយ​ រីណា។

​រាល់​ថ្ងៃអាទិត្យ ក្នុង​រដូវប្រាំង រីណា និង មករា តែង​តែដើរ​ទៅព្រៃ​ជាមួយគ្នា។ គឺមករា នេះឯង ដែល​ដឹង​រឿង​ប្តី​របស់​ រីណា ពីការរួម​ខ្នើយ​ជាមួយ​ស្រីផ្សេង​ឈ្មោះ​លក្ខិណា។ ពេល រីណា និយាយ​តទល់​ជាមួយ​​ពេជ្រពីសហាយស្មន់ ពេជ្រ​បាន​ត្រឹម​និយាយ មិន​មែន​ជារឿង​ម៉ែវា​ឯង​ទេ។​ កុំមក​ចេះ។

​តាំងពីនោះមក ​រាប់​ចាប់ពីបី​ឆ្នាំមុន​ ពេជ្រ​​ ទៅ​​​​ដេកផ្ទះ​ លក្ខិណា​ ​ មួយ​យប់​ក្នុង​មួយ​សប្តាហ៍។ រាល់ខែ ​ ​លក្ខិណា​  ​ផ្ញើអីវ៉ាន់​ជា​អំណោយដល់​កូនៗរបស់​ ​រីណា  ​ដូចជា​ផ្លែឈើ ក្រណាត់​ពណ៌​​​មួយសំណំុតូច ដែល​បញ្ជូនមក​ឲ្យ​ដោយ បុរស ​​គ្រហុប​ធ្មេញ​ម្នាក់​ដែល​ធ្លាប់​បួស ។ ​រី​ណា​ ​ តែង​តែ​បោះ​ចោល​របស់​ទាំង​អស់​ នោះ​ចូល​​​​ក្នុងស្ទឹង​។ ​ពេជ្រ​ហៅ​  លក្ខិណា​  ថា​ប្រពន្ធ​ចុង ​គឺ​ប្រពន្ធទី​ពីរ ​តែ​  ​រីណា​ ​និងមិ​ត្ត ​របស់​នាង​ ហៅ​​​​  លក្ខិណា  ​ថា​ស្រី​សំផឹង​ គឺ​ស្រី បា​។

​ យប់​នោះ​   ​រីណា ​ ពិបាក​នឹងបិទ​ភ្នែក​ឲ្យជិត​ខ្លាំង​ណាស់។ វា​ក្តៅ ​ស្ងប់​ខ្យល់​ស្អុះ​ស្អាប់​ ស្រាប់​​តែនាង​នឹក​គិត​ទៅដល់​ទូច​ ផេង ​ទៀត​។ នាង​​ឃើញ​ទូច ផេង ប្រឡាក់ឈាម ជោគ​ខ្លួនដើរ​ដោយ​​អាការៈ ក្រេវក្រោធ ចូលក្នុងភូមិ។ ​បន្ទាប់​មកនាងត្រឡប់​ទៅជំរំ​វិញ ប្រឹង​​ជីក​ទំនប់​ក្នុង​ភក់ដោយកើបភក់ នឹងដៃ ទាំង​មាន​សេចក្តីស្រេកឃ្លាន គឺ​ឃ្លាន គ្រប់ ពេល ថែម​ទាំង​ប្រឹងរកមើល​ឪពុក ប្អូន​ប្រុស​ស្រីរបស់​នាង។ ព្រឹកបន្ទាប់មក រីណា លែងឃើញតា​ចាស់​​​សក់ស បបូរមាត់ពេបនោះនៅឯផ្សារ ទៀត​ហើយ។ ព្រឹកបន្ទាប់ពីនោះ ក៏មិន​ឃើញ​គាត់​ដែរ​។

​ លុះមួយអាទិត្យ​ក្រោយមក  ​រីណា​  ​ក៏​ចំណាំ​ទីតាំង​តា​នោះ​បាន ពេល​ដែល​កំពុង​ឈរ​​នៅ​ពី​មុខក្មេងៗ ​ដែល​កំពុង​លេង​ក្នុងភក់​ ក្បែរ​​​កញ្ច្រែងក្រូច។ លើកនេះ  រីណា  ដើរ​តម្រង់​ទៅ​តាចាស់​ ​។ “​អ៊ំ ឈ្មោះ ទូច ​ផេង ​មែន​ទេ?”  ​​រីណា ​សួរ។​ តាចាស់​ ពឹង​ឈើ​ច្រត់​ទប់​លំនឹង​ខ្លួនឯង។ រីណា ​បន្ត “អ៊ំដឹងអត់​ ថា​ខ្ញុំជា​អ្នក​ណា?” សំឡេង​របស់​នាង​រាង​រអាក់​រអួល​មិន​ដូច​មុន។ តាចាស់​គ្រវីក្បាល​។ មាន​ធំុក្លិន​បារី​ជាប់​នឹង​ខ្លួន​តាផង​ដែរ​។ “​តើអ៊ុំ ធ្លាប់​នៅ​ជំរំ​សុភមង្គល​ដែរអត់ ​កាល​សម័យ​ប៉ុលពត​?” ​​​រីណា  ​ខ្សឹបសួរ​។ តាចាស់មិន​និយាយស្តី​អ្វី​ទាំង​​​​អស់ តែ ​ រីណា​  ​​អាច​ឃើញ​អ្វីម្យ៉ាង​ដែល​បញ្ជាក់​​ចេញ​ពី​ទឹក​មុខតា​ចាស់​នេះ​។ យឺតៗ ​មួយៗ ​ តា​ចាស់​បង្វែរ​ឈើ​ច្រត់​ ងាក​ខ្លួន​ ហើយ​​​បែរ ខ្នងដាក់នាង។

​តាមផ្លូវត្រឡប់ទៅផ្ទះវិញ រីណា​ ឆៀង​ចូល​​​ផ្ទះ​មករា ហើយផ្អែកខ្លួននឹងរបងខ្សែ។ “មនុស្ស​​​ដែលសម្លាប់ឳពុករបស់ខ្ញុំ” នាង​និយាយ “គេនៅរស់នៅ​ឡើយ ខ្ញុំឃើញ​គេរស់​នៅ​​ទីនេះ ក្នុង​ភូមិ​របស់យើង”​។មករា ផ្អាកឲ្យចំណី​មាន់ ​ហើយ​ក៏ងាក​ទៅ​រក​ រីណា។

​រំលងច្រើនឆ្នាំកន្លងទៅ នាង បាក់​ធ្មេញ​អស់ពីរបី និងមានសាច់ជាងមុន បន្តិច តែ​​នាង​នៅ​តែ​មានមុខញញឹម ស្រស់ និង​រាក់​ទាក់​​ដដែល​។ “ឃើញ ពេល ណា?” មករា​សួរ។ “ដប់ថ្ងៃមុន។” “ហើយចុះម៉េចក៏មិនប្រាប់គ្នា? ឯង​គ្រោង​​នឹងធ្វើអ្វី? កុំទៅពឹងប៉ូលីស​នោះ គ្មានធ្វើស្អី កើត​​ទេ។” “គ្នាដឹង។ តែគ្នា​មិន​ទាន់​សម្រេច​ចិត្ត​ថា​ ត្រូវ​ធ្វើអ្វីឲ្យ​ប្រាកដ​នៅឡើយ​ទេ។” “តែឯង ត្រូវតែ​ធ្វើអ្វី​ម្យ៉ាង” ​។មករា បន្លឺ​។ “ពួក​ឃាតករ​ទាំង​អស់​នោះ ត្រូវ​តែ​ទទួល​ការកាត់​ទោស ត្រឹម​ត្រូវតាម​ច្បាប់។ ពួក​វា គួរ​​​តែរង​ការខ្លោច​ផ្សារ។ ឯង​ត្រូវ​សង​សឹក​ឲ្យ​ឳពុក​​​ឯង”​។ មករា យក​ដៃដាក់​លើ​ស្មា​ រីណា​។ “គ្នា នឹងប្រាប់សាយ័ន្ត។ ​ប្តីគ្នា​ដឹង​ថា​ ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​រឿងនេះ។ គាត់​អាច​ប្រាប់​ឯងថា​​ឯង​អាច​ធ្វើអ្វីបាន។ ហើយ​​ចុះ​​វា​នោះ​រស់​នៅ​​​ឯណា? នាំខ្ញុំឲ្យ​បានស្គាល់​វា​ផងបានអី​?” “គ្នាអត់ដឹងទេ” ភ្លាមនោះ រីណា​ ហាក់​ដឹង​ខ្លួនថាខ្លួន​ស្ថិតក្នុង​សភាព​ភ័យខ្លាច។

​នាង​គិត​មួយសន្ទុះមិននិយាយបន្ត។ “គ្នាមិនច្បាស់​ថា​តា​ចាស់នោះរស់នៅម្តុំណាទេ។” “បងស្រី នេះជាឱកាសបងហើយ។ ក្លា​ហាន​​​​​​​​​ឡើង។ បើជាខ្ញុំវិញ ​ពេលខ្ញុំ​ដឹងថា ឃាត​​ករ​មួយ​​​​ណា​សម្លាប់ពូ និង​បង​ស្រីខ្ញុំ​នោះ…​” មករា ទះ​ស្មារីណាថ្នមៗ។ “គ្រាន់តែ ហា​​មាត់​ប្រាប់​គ្នា​មក ពេល​ឯង​ព្រម​ទាំង​ស្រុង” ​។សប្តាហ៍​បន្ត​បន្ទាប់​ទៀត  ​រីណា ​ ឃើញ ទូច ​ផេង ​នៅឯផ្សារ​បីបួនដង ​ច្រើន​ជាង​ពេល​មុនៗ​។​អ្នក​ទាំង​ពីរ​នៅ​តែ​បន្ត​សម្លឹង​គ្នា​ទៅ​វិញ​ទៅ​​មក​ពី​ចម្ងាយ ហើយ​ក៏បែរមុខ ចេញ ពីគ្នាទៅ។ រីណា ​ ​សម្គាល់​​បានថា បុរស​ចំណាស់​​​​នេះ នៅតែម្នាក់ឯងគត់។

​ ខណៈ​ដែល​តាដើរ ឆ្លង​ពីតូបមួយទៅតូប​មួយទៀត ដោយ​សារ​ឈើ​ច្រត់នោះ គាត់​នៅ​កាន់់ឫក ជាមនុស្ស​ឋានៈ​គ្រាន់បើ​ជាងមនុស្សដែល​នៅ​ជុំវិញ​ខ្លួន​គាត់ដដែល។ សម្ទូងចាប់ផ្តើមលាស់បែកគុម្ពឡើង  ស្រស់់ បំព្រង បានកម្ពស់​បីបួន សង់ទីម៉ែត គឺ​ក្រាល​គ្រប​ដូច​ជាកម្រាល​ព្រំទន់​ល្មើយ​ដែលមានពណ៌​ខៀវស្រងាត់។ រាល់​រសៀល​ រីណា​ រវល់ ចាប់ខ្យង ខ្ចៅក្នុង វាល ស្រែ ហើយ​​ទម្លាក់ដាក់​​ចូល កន្ត្រក​។ មិនបាន ប៉ុន្មានផង ក៏​ដល់​រដូវដក​ស្ទូង។  ​ ​ពេជ្រ ចេញ​ទៅ​ផឹក​ស្រា​នៅ​​​​​ខាង​ក្រៅបីបួនថ្ងៃក្នុង​មួយអាទិត្យ ហើយ​បន្លំ​យក​លុយ​ប្រាំរយ រៀល​ដែល​ទុក​ក្នុង​សំបុត្រ​ដាក់​ពីក្រោម កន្ទេលគេងពួក​គេ។ ទៀបភ្លឺ ម៉ោង​ពីរ​បីអធ្រាត្រ ពេជ្រស្រែកហៅ​ រីណា​ឲ្យ ជួយ​គ្រាហ៍ឡើងជណ្តើរផ្ទះ ព្រោះ​តែខ្លួន​ស្រវឹង​ជោគ ជាំ។

​​បន្ទាប់ពីយប់មួយ នៃខែ​ដែល​ធាតុ​អាកាស​​​ក្តៅហួតហែង​នៅ​ចំពាក់​កណ្តាល​ខែ​មិថុនា រីណា​ បានយករូបថតឳពុករបស់នាង​ចេញ​​ពីប្រអប់​ដែក​សុវត្ថិភាព លើក​ទី១​បន្ទាប់​ពី​ទុក​ក្នុង​នោះ​​អស់ជា​ច្រើន​ឆ្នាំ កាន់​រូប​នោះ​ចេញ​ក្រៅ។ពេល​នាង​ឃើញ​ទូច​ ផេង​ម្តង​ទៀត​នៅ​​​ឯផ្សារ​ នាព្រឹក​នោះ​ នាង​ទាញ​រូបថត​ចេញ​ពី​ហោ​ប៉ៅ​ដោយ​យក​ចិត្តទុក​ដាក់ ​ហើយ​បង្ហាញ​​​​រូបថតចំពី​មុខ ទូច ផេង។ “នេះ ជាឳពុក​​​ខ្ញុំ។” នាងនិយាយ​។ គាត់​ពិនិត្យ​មើល​រូបថត ដោយ​​​​ឥតនិយាយស្តី អ្វីមួយម៉ាត់សោះ។

​ ​បន្ទាប់​មក តាចាស់​ទាញ​ស្ករ​អំពៅ​ និង​អំពិល​ប៉ុន្មាន​គួ ចេញ​​​​​​ពីកន្ត្រក​របស់គាត់ ហើយ​ហុច​ទៅ​ឲ្យ​រីណា។ “ទេ”  រីណា ​ប្រកែកមិនព្រម យក។ តែ​ពេល​​ដែលរៀប​ទៅផ្ទះ​ តាចាស់ ទម្លាក់ អាហារ​​ក្នុង​​កន្ត្រ​ក​ម្ហូប​របស់  រីណា ​ រួចហើយ ​ប្រញាបដើរប៉ាំងខ្ញើចៗ ចេញ ទៅ។ រីណា គ្រវែង​អាហារ​​​ដែលគាត់ ​ឲ្យទៅ​លើដី​។ ឥឡូវនេះ  ​រីណា​ ​ ប្រាក​ដក្នុងចិត្តថា តា​ម្នាក់​នោះគឺ ​ទូច  ​ផេង  ​មែន។special1

​ល្ងាច​នោះ​ ពេល​ដែល​​​​​នាង និង​ប្តី​កំពុង​ស្តាប់​បទ​ចម្រៀង​របស់​លោក  ​ស៊ិន  ស៊ីសា​មុត ​ដែលផ្សាយ​តាម​វិទ្យុ  រីណា​ បំណង​នឹង​ប្រាប់ប្តី​ពីការ​ដែល​នាង​បាន​ជួប ទូច  ​ផេង។ នាង​ចង់​ឲ្យប្តី​នាង ​ឳប​នាង​ ហើយ​និយាយ​មក​កាន់​នាង​ដោយ​សម្តី​ផ្អែមល្ហែម ​ដូច​ដែល​ពេជ្រ ធ្លាប់​ធ្វើ​ពេល​ដែល​បាន​គ្នា​ជា​ប្តី​​ប្រពន្ធ​ថ្មី​ថ្មោង។ តែ​នាង​មិនដែល​បាន​និយាយ​​ពាក្យ​ទាំងអស់​នោះ​ចេញ​មក​សោះ។

​រាប់​ឆ្នាំ​កន្លង​មក​ហើយប្តី​នាងធ្វើឫកពាហីៗ​ឥត​អើពើអ្វីសោះ ​ហាក់ដូច​ជា​មិន​មានរបប ប៉ុល ពត អ៊ីចឹង ទោះ​បីជា​ ពេជ្រ ខ្លួន​ឯង​​ផ្ទាល់​បាន​បាត់បង់​​បង​ប្រុស និង​មីង​ពីរ​នាក់​ក្នុង​របប​នោះ​ក៏ដោយ។ គេតែង តែ​និយាយថា គេ​ជា​កសិករ​សាមញ្ញ មិនដែល ចង់មាន​រឿង​រ៉ាវ​ជាមួយ​អ្នក​ណា​ទេ សុំតែរស់មួយ​សុខ​ បើ​អាច​សុំ​ត្រឹម​​តែ​មាន​ទឹក​ត្នោត​ជូរ​មាន​ផឹក​ឲ្យ​​គ្រប់​គ្រាន់ និង​រស់​ស្រណុកសុខសាន្ត​នៅ​ជាតិ​ខាង​មុខ​ទៅ​គឺបាន​ហើយ​​។ ពេលរៀប​ការ​ហើយ​ដំបូង​  រីណា​ រ៉ាយ​រ៉ាប់​​ប្រាប់​  ពេជ្រ ​ សព្វ​បែបយ៉ាង ពីរឿងរ៉ាវគួរ ឲ្យរន្ធត់​តក់ស្លុត​ដែល​​​​​នាង​បាន​ឃើញ​ដោយ​ផ្ទាល់ភ្នែក​ក្នុងជំរំ​គឺ​ឃើញ​​បុរស​វ័យ​ចំណាស់​ម្នាក់់​ត្រូវ​បាន​គេព្យួរ​បញ្ច្រាសជើង​ឡើងលើ ​ដាំក្បាល​ ចុះក្រោម ព្រោះតែ​គាត់​​ត្អូញ​​ត្អែពីបបររាវៗ ហូប​មិន​គ្រប់់។

​​​ កាល​នោះ  ​រីណា ​ ក៏ពោល​ប្រាប់ប្តីពី​ប្អូន​​​​ប្រុស​របស់​នាង​​ដែល​ស្លាប់​ដោយ​ទុរភិក្ស​ខ្វះ​អាហារ ធំតែក្បាល ​ពោះ​គឺ ពោះ​ធំ​ឡើង​ប៉ោង ដូច​ស្រី្តមាន​គភ៌។ បង​ស្រីស្អាត​របស់​នាង​ដែល​មាន​អាយុ​ដប់​ប្រាំ ​មួយ​ឆ្នាំ ត្រូវ​បាន​កម្មាភិបាល​ខ្មែរ​ក្រហមម្នាក់​ចាប់ទៅ ហើយ​បង្ខំ​នាង​រួម​រ័ក​រាល់​យប់ ក្នុង​ខ្ទម នៅថ្ងៃមួយ​នាង​ប្រទះ​ឃើញ​គំនរ​សាក​សព​ដាច់​បំពង់ក​នៅ​ក្នុងគុម្ពោតព្រៃ និង​ឃើញឃាតកម្ម​ឳពុក​របស់​នាង។

​​ ពេជ្រ  ​ស្តាប់រឿង រ៉ាវ​ទាំងនោះគេង​​​ក់ក្បាល ​ហើយថ្លែងថា  ​“យើង​នឹង​មិន​និយាយ​ពីរឿង​ទាំង​នេះ​ទៀត​ទេ” ​។​ ក្នុងវាល​ស្រែ  រីណា ​​ នឹក​ឃើញ​ទាំង​អស់​នូវ​​​​រឿង​រ៉ាវ​ជាច្រើន អំពី​ឳពុក​របស់​នាង បន្ទាប់​​ពី​នាង​កប់​រឿង​នេះ​ ទៅជា​មួយ​ពេល​វេលា ​និង​​​​ជីវភាព​លំបាក​លំបិនក្នុង​ជីវិត​ដែល​នាង​ត្រូវ​រ៉ាប់​រង​។ នាង​នឹក​ឃើញ​ឡើង​វិញ​នូវ​អនុ​ស្សាវ​​រីយ៍​ទាំង​ឡាយជា​មួយ​ឳពុកនាង ដូច​ជាការអង្គុយ​លើ​ភ្លៅឳពុក​ ពេល​គាត់និទាន​រឿងយាយ​ម្នាក់ និង ទន្សាយ​មួយក្បាល ដែល​​ប្រើល្បិច​បោកយាយស៊ីចេកអស់។

​ពេល​នាង​​​​ធំបាន​បន្តិច​ ឳពុក​នាង​អាន ​រឿង​ ផ្សេងៗ​ទាក់​ទងនឹង​ប្រវត្តិខ្លះៗនៃពិភពលោក។ នាង​នៅ​ចាំបាន ថា​ពេលដែល ឳពុកនាងត្រឡប់មកពី​ជួញដូរ​នៅ​ខាង​ក្រៅ​អស់​មួយ​សប្តាហ៍​ជាមួយ​ឈ្មួញ​ជន​ជាតិចិន​នោះ គាត់តែង​មាន​របស់​ផ្ញើ ដូចជា ថង់​យាមពណ៌ក្រហម ដែល​ក្នុង​នោះ​​​​​មាន​ក្រាស់​សិត​សក់ស្អាត និង​គ្រឿង​សម្ភារ​​​ដែលមាន​រសប្លែកៗ និង​ក្រណាត់​ផង​ដែរ។ មាន​ម្តង​នោះ​គាត់​បាន​ឲ្យ​កន្សែង​បង់ក​ធ្វើពី សូត្រ​មាន​រចនាតុប​តែងដោយ រូបអប្ស រារាំ ឥឡូវ​នាង​ចងចាំ​ឡើង​វិញ​នូវ​គ្រប់់​វិនាទី ដ៏ថ្លៃថ្លា​ទាំង​អស់​​នោះ គឺ ដៃឳពុក​របស់​នាង​អង្អែល​ស្មានាង ទិដ្ឋភាព​ស្រស់​ស្អាតរំលេច​ចេញ​ពីផ្កា​ក្រដាស​ពណ៌​ផ្កា​ឈូកស្រស់ បំព្រង​តាមបង្អួច​ដែល​បើក​ត្រឹម​ពាក់​កណ្តាល​។​ នាង​​ក៏នៅ ចាំផងដែរ ឳពុក​នាង​ធ្លាប់ម៉ាស្សា បាត​ជើង នាងមុនពេល​នាង​ចូល​គេង។

​​ រីណា​ នឹក​​​ស្រមៃដល់​អនុស្សាវរីយ​ទាំង​អស់នេះ ក្នុង​ពេលដែលនាង និងកូនស្រីពៅ ដក សំណាប​​និង​ចង​ជា​ដំុៗទុក​មួយឡែក​ដើម្បី ស្ទូងក្នុង ស្រែដែល នៅក្បែរ នោះ។ ដុំ សន្ទូងជាប់​ភក់​​​ដែល​ចង​ផ្គុំជា​ដុំធំ​ក្នុង​ស្រែនិង សន្ទូង​ដែល​គេ​ស្ទូងជាជួរៗនៅ​​ក្នុងស្រែ គឺប្រៀប​បាន​ទៅ​នឹង​កូន​កោះ​មួយ​ដែលមាន ពណ៌ខៀវ ស្រងាត់។ ​​នាង​ចាំ​បានសំឡេង សើចក្អាក ក្អាយរបស ់​ឳពុក​​ នាង។ នាង​ចាំថា នាង ជាកូនសំណព្វ។ នាង​ចាំ ​​​បាន​​​ទៀតថា ឳពុកនាង ហៅ​នាងថា ស្វាយ​ផ្អែម។

​នៅពេលល្ងាច ស្រប​ពេល​ដែល​ម៉ែកូន​ពីរ​នាក់នេះ​ចងមុងការពារ​កំុឲ្យមូសខាំ​ ម្តាយ​និយាយ​ប្រាប់​កូន​ស្រី ពី​ការចង ​ចាំទាំង ​អស់​នេះ។ “តា​កូន​ដូច​ជា​ខុស​ពីពុក​ ឆ្ងាយ​ណាស់​ម៉ែ”​ ​​ស្រីពៅ​និយាយ​ទៅ កាន់​ ម្តាយ​។ “ម៉ែ​ប្រហែល​​​ជា​ស្រឡាញ់ លោកតា ខ្លាំង​ណាស់​ហើយ​មើល​​​ទៅ​។” “មែនហើយ” រីណា ឆ្លើយ។​​ “កូន​ស្រមៃ​ថា កូនអាចបាន​ថើបតា។” ស្រីពៅ​បន្លឺ​។ “ខ្ញុំ​ស្រមៃថា គាត់នៅ​ទីនេះ​ក្បែរពួក​យើង​។ ខ្ញុំ​សង្ឃឹមថា គាត់មិន​លំបាកវេទនា​សម្រាប់​ជាតិ​ដែល​គាត់​ចាប់កំណើត​ថ្មីទេ។ ម៉ែ ដាក់​ដៃម៉ែ​លើស្មា​កូន​មក” ​។ “ដាក់ធ្វើអ្វី?”​ “ខ្ញុំ​នឹង​ចាត់ទុកថា នេះជា ​ដៃតា​”។​

​ ​ព្រឹកមួយ​ ពេល​ដែល​  រីណា ​ ចេញ​ពីផ្ទះ​ ដើម្បី​​ប្រគេន​អង្ករដល់​ព្រះសង្ឃ​ ស្រាប់ តែ​គេ​ប្រទះ​នឹង ប្តីរបស់​មករា​កំពុង ជិះម៉ូតូ​។ ​សាយ័ន្ត ​ជា​បុរស​កម្ពស់កម្ពខ្ពស់ ហើយ​ដៃ​មាន​អនាម័យ ជានិច្ចទោះ​បីគេ​ធ្វើ​ស្រែចម្ការ​ត្រូវ​ប្រឡាក់​ភក់​ធូលីដីក៏ដោយ ក៏ គាត់មាន ទឹក​​មុខ​ញញិ​មញ​ញែម​ រាក់ទាក់​ជាប់ជានិច្ច។ “ខ្ញុំជួយ​ចាត់​ការរឿង​ឃាតករ​សម្លាប់ឳពុក រីណាឯងបាន។”​ សាយ័ន្ត​និយាយ។ “ហើយ​គិត​​ឃើញ​ឬ​នៅថា ចង់​ធ្វើអ្វី?​””​ខ្ញុំ​មិន​ច្បាស់​ទេ។”​​ ​ រីណា​ តប។ “ចាំដល់ណាទៀត?” សាយ័ន្ត ឆ្លើយ​ឆ្លង​។ “ឃាតកររបបខ្មែរក្រហម ណា៎ មិន​រស់​នៅ​​មួយ​​​កន្លែង យូរពេកទេ។ មាន​ខ្មែរ​ក្រហម​ច្រើន​​ណាស់ ដែលរស់នៅឡូកឡំជាមួយ​យើង​។ ពួក​​វាគិតថា យើងមិនស្គាល់ពួកវា ដូចចៃ​ដែល​នៅ​​លើខ្នងគោអ៊ីចឹង។” “ខ្ញុំត្រៀង​​ចង់ធ្វើ​រឿង​មួយ​”  រីណា  ឆ្លើយ​។ “ខ្ញុំអាច​ជួយ​ធ្វើ​ជំនួស​រីណា​បាន”​។ សាយ័ន្ត​ ពោល។ “ឬ អាច​​ពឹង​​ក្លើ​ខ្ញុំឲ្យ​ជួយក៏បាន។” “ចុះ​ សាយ័ន្ត ចង់ធ្វើយ៉ាង​ម៉េច? ” “ងាយទេ។ គឺឃ្លាំ​មើលវា​។ ពេលយប់ បើ​​​វា​ដើរតាមផ្លូវ ចាប់វាឲ្យបាន។” “ ហើយសម្លាប់គាត់ មែន?” “រីណា ឯងចង់ដឹងមែនហ្អេ៎? យើង​អត់​សម្លាប់​វាហ្អេ។ តែយើងនឹងវាយ ដំច្រំ​ ​ធាក់ ទាល់​តែវាបាក់ឆ្អឹងឆ្អែងអស់” ​។សាយ័ន្ត​ចាប់​ផ្តើម វាយចន្ទល់ម៉ូតូ ហើយ​ដើរចូល​ទៅជិត​ រីណា។ “រីណា​ឯង​ អត់​ចង់​សង​សឹកទេហ្អី?” ​សួរដោយសុភាព។ “ថីមិនចង់!” “ ត្រូវហើយ។

​ពួកវា​ត្រូវ​តែ​សង​ឲ្យ​សម​នឹង​អ្វី​ដែលវាបានធ្វើ។ នេះជាអ្វីដែលរីណា ជាប់​ជំពាក់​ក្នុងចិត្តជាយូរមកហើយ អំពី​ឳពុក​ រីណាឯង។ ប្រាប់ខ្ញុំបានអត់ ថាវា​នៅ​ឯណា?​” ​ “ខ្ញុំនឹងប្រាប់សាយ័ន្តឲ្យដឹង” ​។រីណាតប។ រីណា  ​រកកល់ចង់ក្អួតម្តងទៀត ដូច​ថ្ងៃ​ដែល​នាងជួប ទូច ផេង លើក​ដំបូង។ ​“តែមិន​មែន​ឥឡូវនេះទេ។ ខ្ញុំនឹង​ប្រាប់ សាយ័ន្ត​ ឲ្យ​ដឹង​ពេលក្រោយ។” “កុំចាំយូរពេក រីណា!” សាយ័ន្តបន្លឺ។ ​គេ​ទះ​ស្មារីណា ហើយក៏បើកម៉ូតូចេញទៅ។

​​ រសៀលដដែលនោះ រីណា រៀបចំ​បាយ​ទឹកពេល​ល្ងាច​ឲ្យក្រុមគ្រួសារ លឿន​ជាង​សព្វ​​​ដង។ មករា បានឲ្យមាន់នាង មួយក្បាល។ មី​ត្រសក់​នោះ រើបម្រាស់ និងស្រែកខ្ញែកខ្ញកៗ ពេល ​រីណា​ កាន់​កាំបិត​ជាប់​នឹង​កវា​បម្រុង​នឹង អារ។ ពេលអារកមាន់ នាង​ចាប់​ផ្តើម​សង្កេត​​​​​​ឃើញថា  មុខកាំ​បិត​មុត​ងាយ​ផ្តាច់​សរសៃ​ឈាមទម្លុះ​សាច់​ឲ្យដាច់​ពីគ្នា​មិន​ពិបាក​ឡើយ​​។ ពេលគិតលន្លង់​លន្លោច​​នោះ រីណា សម្លឹងមើលមិនដាក់ភ្នែកនូវ​ឈាម​មាន់​ដែលស្រក់់ម្តងមួយតំណក់ៗ ទៅលើដី។

​រីណា មិនបាន​ជួប ទូច ផេង ម្តងទៀតទេ​ លុះ​ដល់​ខែកក្កដា​។ ពេលនោះ តា​ចាស់​កំពុង​​​អង្គុយ​លើ​កៅអីប្លាស្ទីក ក្រោ​ម​សំយ៉ាប​តូប ដែល​លក់​ស្លឹក​បាស និងស្ពៃក្តោប ហើយ​កំពុង​​​​​អង្គុយ​​​ងក់់។ ​មិន​និយាយ​អ្វីមួយម៉ាត់ ​នាង​ដើរ​ទៅ​ជិត​តាម្នាក់នោះ ​ហើយ​ឈរ​សម្លឹង។

​នាង​ចាប់​​ផ្តើមសម្គាល់ឃើញថា ការ​ពិត​នាង​មិន​ដឹង​​ត្រូវធ្វើ​យ៉ាងណា​ជាមួយ ទូច ផេង ក្នុង​ពេល​នោះ និងបន្ទាប់ទៀតទេ។ នាង​ព្យាយាម​​​​ចាត់​ទុក​មុខ​មាត់ដែលនាងកំពុង​ឃើញ​ គឺ​តា​ចាស់​ម្នាក់នោះ​ទៅជា​មុខមាត់​ក្រេវ​ក្រោធ​​​នៃកម្មាភិបាល​ខ្មែរ​ក្រហម​វ័យក្មេង​ម្នាក់​វិញ​។ ​នាង​ចាំ​ច្បាស់​ក្រឡែត​នូវមុខ​មាត់​ឃោរ​ឃៅ​នោះតែអ្វី ដែល​ នាងឃើញ​ចំពោះមុខ គឺ​មុខ​មនុស្សចាស់​​ជរា​ម្នាក់។ តែយ៉ាង​ណាវា​នៅ​តែដូច​គ្នា។ “ខ្ញុំឈ្មោះរីណា” ​។ទីបំផុត​នាង​ប្រាប់​ឈ្មោះ​រ​បស់នាងដល់ ទូច ផេង។

​ នាងក៏រាង​ភ្ញាក់​ផ្អើល​​សំឡេង​ខ្លួនឯងនា​ពេល​នោះ​ផង​ដែរ។ តាចាស់​នោះ​ចាប់​ផ្តើម​បើក​ភ្នែក​ ហើយ​​​ក៏ងក់​ក្បាល។​​​”​អ៊ំនៅតែម្នាក់ឯងឬ?”​  រីណា​សួរ។ “​មែនហើយ” ទូច ផេង ឆ្លើយ ហើយ​​​ក៏​ចាប់កាន់ឈើច្រត់របស់ខ្លួន។ នោះជា​លើក​​ទី១​ ដែល ទូច ផេង និយាយ​ទៅ​កាន់​ រីណា។ ក្នុងការគិត ស្រមៃនាងឃើញទូច ផេងកំពុង​ដួល​​ដេក​លើផ្លូវ​ដ៏​ងងឹត ហើយ​មាន​ឈាម​ជោក​ខ្លួនលុះដង្ហើមចុងក្រោយ។ នាងសាកល្បងសួរ “អ៊ំអត់​មាន​កូន​ចៅ​ហ្នឹងគេទេ?” តាចាស់ផ្អៀងពែនទៅឈើច្រត់ ហើយ​បើក​ភ្នែកព្រឹមៗ ចេញពីភ្នែកកន្ទុយថ្លែន សម្លឹង​​​ទៅកាន់​ហ្វូង​អ្នក​ស្រុក​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​មក​ចុះ​ឡើង​តាម​តូប​ដែល​សារ​ហើយ។ តា​បែក​ញើស​​ជោក​​ថ្ងាស។” ប្រពន្ធ អ៊ំ​ស្លាប់​កាល​ពី​ដប់ឆ្នាំមុន” គាត់ឆ្លើយ។” កូនៗរបស់​ខ្ញុំ​រស់​​នៅប្រទេស​វៀតណាម”។ ទូច ផេង ផ្អាកនិយាយ ហើយ​ក៏ក្អកខេះៗ” ​។

​អ៊ំមិន​ចង់​រស់​​នៅ​ប្រទេសវៀតណាម​ទេ។ ពួក វៀត​ណាម ​​​​សុទ្ធតែជា មនុស្សកុហក និងបោក​ប្រាស់​។​” “ចុះខ្ញុំសួរ​អ៊ំបាន​អត់ អ៊ំមក​ព្រែក​បាណន់​ធ្វើ​អីដែរ?” “អ៊ំមក​លេង កូនស្រី​បងប្អូន​ជីដូន​មួយ​អ៊ំ។​” ​តាចាស់តប។ “មកលេងពីរបីខែ។ ហើយ​នឹង​​ទៅ​វិញ” ​។ទូច ផេង អង្គុយ​ផ្អែក​នឹង​កៅអី។ “ចុះនាងវិញ? ទំនងជាអ្នកស្រុកនេះ?”“ចា៎ ខ្ញុំរស់​នៅ​ភូមិ​នេះ​ប្រហែល​សាម​សិប​​ឆ្នាំ​ហើយ។” រីណា ​តប។ “នាងមានគ្រួសារហើយនៅ?” “ខ្ញុំមានប្តី និងកូនបួននាក់។”“ជូនពរនាងសំណាងល្អ” តាចាស់បន្លឺ។

​ កន្លងមកពីរបីខែនេះ បំណង​ដែល​ រីណា សមថានឹងធ្វើទៅលើ ពេល​នាង​ជួប​ ទូច ផេង​​ នាងមិន​ដែល​គិត​ទាល់​តែ​សោះ​ថា​ ជាក់​​ស្តែង ​​​បែរជាមាន​ការ​សន្ទនា​បែប​នេះ​កើត​ឡើង​ទៅវិញ។ រីណា ​ ពិនិត្យ​មើល​រូបថត​ឳពុក​រាល់​ពេល​ដែល​នាង​ទៅ​ផ្សារ។​នាង​លែង​បង្ហាញ​រូបថត​នោះ​ឲ្យ ទូច ផេង ឃើញទៀតទេ ហើយ​ក៏​លែង​​​​​​​​យក​វាចេញ​ពីហោ​ប៉ៅដែរ តែ​នាង​ចង់​ទុក​​រូប​ថត​ឳពុក​តាម​ខ្លួន​ពេល​ឃើញ​ទូច ផេង។ ​​​ម្តង​ជាពីរដង ក្នុងមួយអាទិត្យ​នាង និង ទូច ផេង ជួបសំណេះសំណាលគ្នាមួយភ្លែតៗ​។ គឺនិយាយ​ត្រឹម​ពីរបីម៉ាត់ប៉ុណ្ណោះះ។

​តាផេង ​​ ក៏មិន​​និយាយ​​អ្វី​ច្រើនដែរ​។​ព្រឹ​ក​មួយ នៅពី​ក្រៅ​​​តូប​លក់​សម្បក​កង់ជជុះ ដែល​ព្យួរ​ណេង​​​រណោង​នៅ​នឹង​តូប​ដូច​ផ្លែ​ឈើ​យក្ស​ពណ៌​ខ្មៅ ទូច ផេង បង្ហើប​ថា គេ​មានកូន ប្រុស​ជា​ជាង​​​ជួស​ជុល​ម៉ូតូ។ “តែកូនប្រុស មួយនេះ រៀបការហើយ​ជួបតែ បញ្ហារកាំរ កូស​នឹង​គ្នា។ “តាចាស់និយាយផង គ្រវីក្បាលផង”​ គេ​តែង​តែឈ្លោះ​ប្រកែក​ ជាមួយ ប្រពន្ធ។​ “ណ្ហើយចុះ!​ ខ្ញុំធ្វើស្អីបាន​ រឿង ប្តីប្រពន្ធ គេ​” ​។តាបន្ត​ប្រាប់​ រីណា ខ្ញុំមានចៅ ប្រាំពីរ​នាក់។

​ តា​​ទប់ឈើ​ច្រត់​បណ្តើរ អេះ​​​ប្រជ្រុយ​ដែល​ដៅ​លើ​ភ្នែក​​​បណ្តើរ ហើយ​បន្តរៀប​រាប់​ដំណើរ​នៃ​ការ​រស់​នៅ​​របស់ខ្លួន​ដែលផ្លាស់​ពីទីក​ន្លែង​មួយ ទៅ​រស់នៅ ទីកន្លែង​មួយ​ទៀត។​​ ​តា​ធ្វើ​​បែប​នេះ​អស់ជាច្រើន​ឆ្នាំមកហើយ។ ខែខ្លះ​តា​រស់​នៅផ្ទះបងប្អូនជីដូនមួយតាមខេត្ត ពីរបីខែ ហើយផ្លាស់ទៅ​ខេត្ត​ផ្សេងទៀត។ “ខ្ញុំមក​ហើយ​ក៏ទៅៗ។ ចំណាស់ខ្ញុំ ហើយ​ធ្វើ​អ្វី​ទៅ​បាន​ទៅ? សំណាងហើយ​ដែលចេះ​តែ​បាន​នៅ​រស់ដល់សព្វថ្ងៃ។” ថ្ងៃមួយ រីណា ពោលទៅកាន់តាផេង ពី​រឿង​​ដែលកាម៉ាល់ កូន​ប្រុស​របស់​ខ្លួន​កំពុង​រក​ប្រពន្ធ។

​ ពួកគេនិយាយ សំណេះ សំណាល​​គ្នា ដោយ​អង្គុយ​ក្បែរ​តូបលក់ មាន់។ នាង​ក៏​បានប្រាប់តា​ផង​ដែរ​ថា កូនស្រីនាង ឈ្មោះ​នីតា​ កំពុងមានផ្ទៃពោះ ហើយ​​នឹងមក លេង​ផ្ទះ រស់នៅ​​ជាមួយ​​ក្រុម​គ្រួសារ ក្នុង​ពេល​ឆាប់ៗ​​ គឺនៅ​ខែ​កញ្ញា ចំពេល​បុណ្យ​ភ្ជុំបិណ្ឌ។ បើអ្វីៗ មិនថ្លោះធ្លោយទេនោះ  ​រីណា  ​នឹង​មាន​ចៅ​ពរ​នឹងគេ ជាចៅ ដំបូង ទៀតផង។

​ រសៀលដដែលនោះ  រីណា  ​បោក​គក់​ខោ​អាវ​​ប្តី និងកូនៗ ក្នុងស្ទឹង ហើយក៏បាន​​ចាប់​អារម្មណ៍​​ថា ខ្លួន​ដូច​ជា​ជ្រុល​​ទៅ​​រាប់​​អាន​នឹង​​តា​ផេង​នោះ​​ស្និទ្ធស្នាល​ពេក​ហើយ។ នាង​មិន​​​បាន​ចាប់​ភ្លឹក​ថា នាង​ប្រាប់​រឿង​អ្នក​ផ្ទះ​ឲ្យឃាតករសម្លាប់ឳពុកខ្លួន ឲ្យ​ដឹង​ច្រើន​យ៉ាង​នេះ​សោះ។ នាង​ក៏​ចាប់​ញីអាវ​ដែល​​កំពុង​បោក គឺបោកផ្ទប់នឹងថ្ម ហើយ​បោក​ខ្លាំងៗ ទាល់​​​តែបាត​​ដៃ​ចេញ​ឈាម។

​នាងចាំរឿងរ៉ាវច្រើន​ អំពី​ឳពុក​នាង ​សូម្បី​រឿង​កំប៉ិក​កំប៉ុក​ក៏មិន​ភ្លេចដែរ​។ នាង​ចំា​ទាំង​អស់ ថា​ដៃ​ឳពុកនាង​ទន់​ និង​រលោង​មិនដូច​ដៃ​​ពេជ្រ​ទេ។ ជីវិតចេះតែ​ទៅមុខ​ឥតថយ​ក្រោយ​ ហើយ​នាង​ពើប​ប្រទះនឹង​បទ​ពិសោធ​​​ន៍​​​​​ប្លែកៗ ដែល​នាង​មិនធ្លាប់​ហែល​ឆ្លងពីមុន​មក។

​ ​​​​ព្រឹកមួយ ខុសពីសព្វមួយដង នាង​ឈប់​តាម​ផ្លូវ​​​​ពេលកំពុងដើរទៅផ្សារ ហើយ​ផ្ទៀង​ត្រចៀក​​​ស្តាប់លោក​សូត្រធម៌។ នាង​ក្រឡេក​មើល​​ទៅ​ស្រ្តី​ចំណាស់​ម្នាក់​ធ្មេញ​ក្រហម​អែ អង្គុយ​​បុកស្លា ក្រោមម្លប់​ដើម​អាកាសា។

​ អស់​ដប់​ប្រាំ​​ថ្ងៃ នាងទៅ​ជួយ​មើល​ថែទាំ​កូន​​ប្រុស​​អាយុ​​ដប់​​​​ប្រាំឆ្នាំរបស់​មិត្តភក្តិ​ខ្លួន​ ដែល​ស្លាប់​គ្រាំ​គ្រា​​ដោយ​សារជំងឺ​រលាក​សួត​រ៉ាំ​រ៉ៃ មុន​នឹងស្លាប់​ក្មេង​​​នោះដង្ហក់ខ្យល់ ក្អក​ធ្លាក់​ឈាម និង​មាន​គំខ្ទុះ​បែក​ឈាម​ខាង​ក្រោយ​ខ្នងផងដែរ។ អធ្រាត្រយប់ជ្រៅមួយ ចុងខែកក្កដា មករា ហៅ រីណា ពីកាំជណ្តើរផ្ទះ សុំ​រីណា ស្នាក់​​នៅផ្ទះ​របស់នាងមួយយប់ដើម្បី គេច​ខ្លួន​មួយ​គ្រាពីប្តី។

​សាយ័ន្ត​ ធ្លាប់ប្រើ​អំពើ ហិង្សាទៅ​លើ​មករា កន្លងមក តែ​លើក នេះ​ធ្ងន់​ជាងធម្មតា មករា ទំនង ជា យ៉ាប់ យ៉ឺន​ណាស់ ​​មុខ​​​ឡើងជាំ ហើយមាន ឈាម​តាម​មាត់​ទៀត។ បន្ទាប់​ពី​ មករា បានចូល ក្នុង​ផ្ទះស្រួល​បួល​ហើយ​ រីណា ផ្អែក​ខ្លួនទៅ លើពេជ្រ ដែល​កំពុង​​​​ដេក​លក់រលីវៗ​នោះ ហើយនិយាយថា  “ឲ្យ​តែ​​​​​ឳវា​ឯង​ហ៊ាន​វាយ​ខ្ញុំអ៊ីចឹងណា៎ ព្រឹក​ឡើង​ខ្ញុំ​ទៅ​ឲ្យ​បាត់​ពី​ផ្ទះ ហើយ​ដេក​ចាំ​ទៅ​ថារក​ខ្ញុំ​ឃើញ។”​ “ប្រយ័ត្ន​មាត់” ​។ពេជ្រ និយាយ ហើយ​​​ងើប​ពី​​​ដេក។​ “គឺម៉ែវាឯងហ្នឹងហើយ ដែល​ត្រូវ​ប្រយ័ត្នមាត់វឺយ” រីណា ក៏ស្រែក​គំហក ​ស្រាប់តែ​ក៏នឹក​ឃើញ​ទៅដល់​កាល​បងស្រី​នាងត្រូវទទួលរងការ​វាយ​ដំ​ច្រំ​ធាក់​ជា​ទម្ងន ់​ក្នុ​ង​ជំរំ​ហើយ​ក្រោយ​មក​ក៏ដើរ​លែង​កើត។

​រីណា  ​នាំ មករា ទៅ​ក្រោយ​វាំង​នន ​បន្ទប់​​​តូចមួយ​ដែល​កូន​​ស្រីៗ​គេង។ ទាំង​បួននាក់ គេង​ប្រជ្រៀត​គ្នា​នៅយប់នោះ។ ​លុះ​​​ព្រឹក​ឡើង មករា ក្រោក​លបៗ ចុះ​ចេញ​ពី​ផ្ទះ ​ហើយ​ត្រឡប់​ទៅផ្ទះ​រកប្តីវិញ។ ដើម​ខែសីហា អ្នក​ស្រុក​ចាប់​ផ្តើម​ប្រមូល​ផល​សណ្តែក និង​ត្រសក់។

​ ពេលខ្លះ រីណា​ ទៅស្រែចម្ការ​ជាមួយពេជ្រ និង​កាម៉ាល់ ទាំង​ព្រលឹម​ស្រាងៗ ដើម្បី​ទៅ​បេះ​ត្រសក់ ពេល​ដែល​​ត្រជាក់ធ្លាក់មកដល់។ ព្រលឹម​ចុះអាប់​ពេញ​ដី ក្រាល​គ្រប​លើ​ដំណាំ​ពណ៌​បៃតង​ដែល​​ដុះ​​ជា​ជួរៗ មើល​ទៅ​ដូច​ជាភ្លី​អាវ​ដែល​ទន់ល្មើយ ទឹក​សន្សើម​ដែល​ដក់​លើ​បន្លែ​ចាំង​​ពណ៌ផ្កាឈូក​តាមពន្លឺ។ ពេល​ រីណា  ត្រឡប់​ទៅ​ផ្សារ​វិញ​ នាង​តែង​តែ​សម្លឹង​មើល​រកទូច ផេងជា​និច្ច។

​នាង​កុហក មករា  និង សាយ័ន្ត ថាកម្មាភិ បាល​​​ខ្មែរ​​ក្រហម​ម្នាក់​នោះចាក​ចេញ​ពីភូមិ​បាត់​ទៅ​ហើយ​។ យ៉ាងណារីណាក៏ដឹង​ថា​ អ្នក​​​​ទាំង​ពីរ​មិន​ជឿ​នាង​ទេ ព្រោះ​កែវ​ភ្នែក​ទាំង​ពីរនាក់​នោះ​បញ្ជាក់​​ប្រាប់។ “ណេះ! យក​ដំបង​​​នេះ​ទៅ” ​។ ​សាយ័ន្ត និយាយ។ ដំបង​នោះធ្ងន់ ពាក់​កណ្តាល​​​លាប​​ពណ៌​ខ្មៅ ពាក់ កណ្តាល​ទៀត​​​ក្រហម ហើយ​មាន​​ចារ​អក្សរ​ថៃ​លើ​នោះ។​​“ប្តី​ រីណា ឯងដឹង​ថា​ ត្រូវធ្វើ យ៉ាងម៉េច​ហើយ” ​។​ ​​​​ដោយ​មិនឆ្លើយ​តប  ​រីណា  ​ងក់ត្រឹមក្បាល ហើយ​ទុក​ដំបង​នោះទៅ ក្នុងហិប​ ដែ​ល​មាន​ខោ​អាវ ក្រាស​សិតសក់ និងសំបុត្រ​ប៉ុន្មាន​ច្បាប់។

គឺនាង​ មិនមែន​សាយ័ន្តទេ ដែល​សម្រេច​​​ជ្រើស​​ពេលវេលា និង​ទីកន្លែង​ដើម្បី​សង​សឹក​ឲ្យការស្លាប់ របស់ឳពុកនាង។

​យប់​នោះ នាង​យល់សប្តិ។ នាងសុបិនថា នាង និង​​​ឳពុក​ស្ថិត​ក្នុងជំរំ​ជាមួយគ្នា ហើយ​កំពុង​អង្គុយ​ហុត​បបរ​រាវៗ មានគ្រាប់​បាយ​មួយៗ។ ពី​ចម្ងាយ​​​​អត់​មាន​ទាហានខ្មែរក្រហម​ឈរក្បែរ ​ រីណា ​ បែរ​​​ជា​ឃើញឳពុករបស់ខ្លួន​ស្លៀកស្បង់​ចីពរ ​តែមានច្រវាក់មុត រុំជាប់នឹង​កជើង​គាត់។ “ពុកអើយ តើ​ឲ្យកូន​ធ្វើ​យ៉ាង​ម៉េចទៅ?” នាង​​សួរទៅកាន់ពុកនាង។ ឳពុក​បានត្រឹម តែច្បិច​ថ្ពាល់កូនស្រី ហើយ​អត់​មាន​វាចា​អ្វីទាំង​អស់។​​ បន្ទាប់មក នាងក៏​ត្រឡប់​ពី​ពិភព​​សុបិន មក​កាន់​​​​ពិភពមនុស្សជាមួយពេជ្រ នៅក្នុង​ផ្ទះដ៏​ងងឹត។special3

នៅពេល​ដែល​កូនស្រី​របស់​ពួក​គេ នីតា បាន​មក​ដល់​ផ្ទះដោយជិះឡានក្រុងនៅតាកៅ​ ​​ដៃរ​បស់​នាង​កាន់​ស្បោង​ពីររយីង​រយោង​​​​​ ដើរ​​​តម្រង់​មករក​ម្តាយ​ទាំង​ពោះ​ធំស្ទែល​មិន​ពិបាក​​​​មើលទោះ​ស្លៀក​សារ៉ុង។ រីណា ទប់ទឹក​ភ្នែក​មិន​​​បាន ព្រោះ​អរកខិបកខុប ពេល​ឃើញកូន​ស្រី​​​ភ្លាម។ “មីអូន! មីអូន!​​មីអូន!” នាងបានត្រឹម​និយាយ​តែ​ប៉ុណ្ណឹង។ “ម៉ែមើល​ទៅដូច​ជា​នឿយ​​​​​ណាស់ម៉ែ។” ​នីតា ស្រដី​ទៅកាន់​ម្តាយ ដែលនាង​មិន​បាន​ជួប​មុខរាប់ឆ្នាំ​ហើយ។ ​​​​សុដន់ នីតា ដែល​ធ្លាប់​តែ​តូចច្រមិចៗពេល​​រៀបការហើយដំបូង ឥឡូវ​ឡើង​មូលក្លំ។

​ បបូរ​​មាត់ក្រហមស្រស់ ក្រចក​ដៃជើង លាប​​ពណ៌ដូចគ្នា។ “យប់​ហ្នឹង ម៉ែ​​នឹង​ធ្វើអាម៉ុក​ឲ្យ​​ហូប​”  រីណា  និយាយ។” ​ ម៉ែនឹង​ធ្វើ​អាម៉ុក ឡុក​ឡាក់ ស្ពៃ អូ៎ ​មាន​ចេកទុំ​ទៀត​។ តែឥឡូវ កូន​តម្រង់​ខ្នង សម្រាក​លើ​រទេះ​គោសិនទៅ”។ រី​ណា  ​គ្រាហ៍កូនស្រី ហើយ​ជួយ​​នាង​ឡើងទៅ​លើ​​​រទេះ​គោ ធ្វើ​ដំណើរ​​តម្រង់មក​រកផ្ទះ​វិញ។ ​​នៅឯ​ចំណត​ឡាន​ក្រុង​នោះ មាន​មនុស្ស​​កក​កុញ ស្អេកស្កះ​ទាំង​ឡាន ម៉ូតូ ទាំង រ៉ឺម៉ក។ ម៉ូតូ​ខ្លះ​ដឹក​មនុស្ស​មួយ​គ្រួសារ អង្គុយ​ប្រជ្រៀត​គ្នារក​កន្លែង​ទំនេរគ្មាន។ “ហើយប្តីកូនមិន ខឹង​​នឹង កូនទេហ្អី ដែល​ចុះចោលគេដូច្នេះ?”  រីណា​ សួរកូនស្រី។ ​“អត់មាន​អីប្លែក​ដល់គេ​ទេម៉ែ។” នីតា តប។ “គេមិន​ដែល​​ខ្វល់​ពីកូន​ឡើយ។ កូនគិ​ត​ថា គេ​ជាប់​ស្រី​​ញី​នៅខេត្ត​កំពត​ហើយមើលទៅ”​។ ​ម្តាយ​​ក៏​ឱប​កូន។

​ “គេឲ្យកូនមួយរយដុល្លារ”។ នីតា​ដកប្រាក់​ចេញ​​​ពីហោប៉ៅ ហើយ​ហុច​ឲ្យ​ម្តាយ។ “យើង​​ទុកលុយនេះចាយវាយ​លើ​អាអូន​ដែលកំពុង​កើត​មកនេះ”។ រីណា​បន្លឺ​។ បន្ទាប់ពី នីតា ផ្លាស់មកនៅជាមួយម្តាយ ផ្ទះកើន​សមាជិក។ មនុស្ស​ក្នុងផ្ទះ​ច្រើន​ជាង​មុន ផ្ទះក៏ចង្អៀត គឺចង្អៀត​ទាល់​តែ​ធ្វើ​ឲ្យ​កាម៉ាល់ និងពេជ្រ ត្រូវដេកក្នុង​អង្រឹង​ក្រោម​​ផ្ទះ ដែល​ចងភ្ជាប់ទៅ​នឹងសសរ ចំណែក​ឯ​គោ​​​ត្រូវ​ស្រាយ​យក​ទៅ​ចង​ក្បែរ​ចង្ក្រាន​បាយ​វិញ។

​ បិណ្ឌមួយ គ្រប់គ្នាស្លៀក​ពាក់ស ហើយ​ទៅវត្ត​ពេល​ព្រលឹមស្រាងៗ។​ អ្នក ភូមិ​រាប់​រយ​​នាក់​បានទៅ​ដល់វត្ត​ស្រេច ពាក់​អាវ​ស ស្លៀក​​ខោ និងសំពត់ខ្មៅ ហើយ​នាំគ្នា​បោះ​បាយ​បិណ្ឌធ្វើ​ប្រទក្សិណជំុវិញវត្តដើម្បី ឧទ្ទិស​​ដល់​បុព្វការីជនរបស់ពួកគេ។ មុន​ភ្លឺស្រាងៗ រីណា បាន​រៀបចំឲ្យកូនគ្រប់​គ្នានូវ​បាយ​បិណ្ឌ​ពិសេស ដែល​នាង​ពូត​តូចៗ លាយ គ្រាប់ល្ង ព្រោះ​មាន​​​ព្រលឹង​ប្រែត​ខ្លះ ​មាន​មាត់តូច ត្រូវ​​​បណ្តាសា​​តាមបាបកម្មដែល គេបានសាង។ នាង​ក៏បាន​ប្រមូលរូបថត​បុព្វការីជនទាំងអស់ រួម​នឹង​រូប​ថត​ឳពុក ផងដែរ។

​អំឡុង​រដូវ​ភ្ជុំ​បិណ្ឌ រីណា​ តែង​នឹកភ្នកទៅ​ដល់ឳពុកម្តាយ ចេះ​តែ​ស្រមៃ​ថា បើបាន​នៅជិត​មិន​ដឹង​ជា​ល្អ​​​យ៉ាង​ណាទេ តែភ្ជុំបិណ្ឌ​លើក​នេះ​ គួប​ផ្សំ​​នឹង​​ការ​លេច​មុខ​របស់​ ទូច ផេង និង​អនុស្សាវរីយ៍​ទាំង​ឡាយ​​ដែល​ហែល​ចុះ​ឡើង​​ក្នុង​ការ​​ចង​ចាំ​របស់​នាង នាង​ប្រាកដ​ក្នុងចិត្តារម្មណ៍​របស់​នាង​បញ្ជាក់​ប្រាប់​មិន​ច្រឡំ​ឡើយ​ថា ​ឳពុក​របស់​នាង​បានទៅកាន់​សុខ​គតិភព ​ហើយ​ដែល​នាង​ បួង​សួង​រាល់​ពេល គឺ​ឳពុក​នាង​ពិត​ជា​​ទៅ​ចាប់​ជាតិក្នុង​កំណើត​ដែលចៀស​ឆ្ងាយ​​​​​ពីតិរច្ឆាន​ទាំង​ឡាយ​ជា​មិន​ខាន​ឡើយ។ “សូម​ឲ្យញាតិ​ការទាំង​ប្រាំពីរ​សន្តាន​ដែល​បាន​ចែក​ឋាន​ទៅ សូម​បាន​ទៅ​ចាប់​ជាតិថ្មី មាន​​​កំណើត​ល្អជា” ព្រះសង្ឃ​សូត្រ​ធម៌​បង្សុ​កូល គង់​ពែន​ភ្នែន​លើ​កម្រាល​ពណ៌ស។ នៅពី​ក្រោយ​​ មានតុវែង​ដែល​តម្រៀប​ត្រៀប​ត្រា​ដោយបាយ ផ្លែឈើ ហើយ​​នៅ​លើ​ជញ្ជាំង​​គឺព្រះ​​ឆា​យា​ល័ក្ខណ៍​របស់​ព្រះ​ចៅអធិការ ធី ហ៊ត ដែល​បាន​ភ្ជាប់​និស្ស័យនៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ​ និង​​ទ្រ​ទ្រង់​​សាសនា​សារ​​ជាថ្មី​ បន្ទាប់​​​ពី​សម័យសង្គ្រាម។

​ ពេល​  រីណា ​ កំពុង​អង្គុយ​បិទភ្នែកសមាធិនាង​រឭក​ ដឹង​នូវវត្តមានកូន​ប្រុស ស្រីទាំង​អស់ និងប្តី នាង​លើកទឹក​ចិត្តខ្លួន​ឯង ហើយ​បាន​​យល់​ថា សំណាង​ក្នុង​ជីវិត​របស់​នាង​មិន​អាក្រក់​​ទាំងអស់ទេ។ ឥឡូវ​នាង​ដឹង​ថា បារមី​ឳពុក​ម្តាយ​នាងនៅ ឃុំ​គ្រង​នាង ជាប់ជានិច្ច មិន​បានឃ្លាត​ទៅណា ឆ្ងាយ ឡើយ។ នាង​អាចឭ​សំឡេង​​ដក​ដង្ហើម​របស់​ពួក​គាត់។​ នាង​បើកភ្នែក​ព្រឹមៗ មើល ទៅ​ហ្វូង មនុស្ស​ឃើញ មករា  និង​​ប្តីកំពុង​លុត​​ជង្គង់​​លើ​កន្ទេល។

​នៅ​ផ្នែក​ម្ខាងទៀតនៃវត្ត ក្បែរ​រូបថត​ព្រះចៅ​អធិការ ធី ហ៊ត នាង​ឃើញ ​​លក្ខិណា ​អង្គុយ​​ម្នាក់​ឯង ពាក់​អាវ​ប៉ាក់​ពណ៌​ស ពានា​កន្សែង​ពណ៌​ស្វាយ​​។​​ លក្ខិណា ​ ​សម្លឹង​មើល ​​រីណា ​និង​ក្រុម​គ្រួសារ មិនដាក់ ភ្នែក ពេល​នាង​ឃើញ​ រីណា សម្លឹង​មកវិញ នាង​ក៏​ឈ្ងោកមុខចុះ។ រីណា ស្ទាក់ ស្ទើរ តែក៏​ងក់​ក្បាល​​​បន្តិ​ចតប​ទៅ​ ​លក្ខិណា​។

​លក្ខិណា​​ ​ច្បាស់​ជា​មាន​ទុក្ខ​សោក​ផ្ទាល់​ខ្លួន ដូចដែល​ស្រ្តី​គ្រប់​រូប​ក្នុង​លោក​ដែរ​។ “សូម​ឲ្យ​បុព្វការីជន​ញោម ឃុំគ្រង​រក្សា​ញោម​​ឲ្យ​បាន​​សុខ ហើយ​បុណ្យ​ដែល​ញោម​បាន​ធ្វើ បាន​ជួយ​ពួកគេ​ឲ្យបាន​រួចចាកផុត​ទុក្ខ​ទោស​ទាំង​ឡាយ តាម​រយៈ​​ចង្ហាន់​ដែល​ប្រគេន​ព្រះ​សង្ឃ និង​ឧទ្ទិសទៅ​​ដល់ពួកគេ” ​។ ព្រះ​សង្ឃ​បានឲ្យពរ។ មួយ​សប្តាហ៍​បន្ទាប់​ពី​រដូវប្រាំង​ចាប់​ផ្តើម ពេល​ដែល​ភក់​ក្លាយជាដី ឯដីក្លាយជាធូលី ហើយ​ល្អងធូលី​បក់​​បោក​​​តាម​ខ្យល់ រីណា ឃើញ ទូច ផេង ដើរខ្ញើចៗក្រវែល​មុខរបង ផ្ទះ។

​ពេល  រីណា  ​ចុះ​ពីលើផ្ទះមក​រក​គាត់ តា​ចាស់ ប្រាប់ថា គាត់មកលា​នាង។  គាត់​នឹង​ចាក​​​​ចេញ​ពីព្រែក​បាណន់​ហើយ។​ប្រាំខែ​ហើយ​រាប់​​ចាប់​តាំង​ពីនាងបាន​ឃើញ​ ទូច ផេង​ដំបូង។ ​“អ៊ំមិននៅ​រហូត​ដល់​ច្រូត​កាត់​ហើយ​ទេ​ហ្អីអ៊ំ?” រីណាសួរ។ “អ៊ំត្រូវ​ទៅ​ហើយ​នាង។” ​ទូច​ ផេង ​ តប។ តា​ចាស់​សម្តែង​ការ​រាប់​អានរាក់ទាក់។ ហើយ​​​កុំបាច់​​ព្រួយ​ពីអ៊ំអី។

​អ៊ំក៏​សំណាង​ដែរ ដែល​នៅ​មាន​ជីវិត​រស់។ អ៊ំនឹងចាក​ចេញ​ពីភូមិ​នៅ​រសៀល​នេះ ហើយ​ធ្វើដំណើរ​ទៅជួបក្មួយ​​នៅ បន្ទាយ​មាន​ជ័យ។ បង្វេច​អ៊ំបានរៀបចំ​ស្រេច​បាច់​ហើយ​។” “អ៊ំត្រូវធ្វើដំណើរ​តាម​ឡាន​ក្រុង​យូរ​ណាស់​។” ​“វាមិនថីទេក្មួយ” ។

​​តាចាស់​ផ្អែក​ខ្លួន​នឹងរបងផ្ទះ ​រូបរាង​ស្គម ស្គាំងដូចស្បូវ​កណ្តប​ទោះពាក់​អាវ​​ក្រាស់ក៏ ដោយ។ គេរស់នៅ​មិនបាន​យូរ​នោះ​ទេ។ រីណា គិតតែម្នាក់ឯងក្នុងចិត្ត។ “អ៊ីចឹង​ខ្ញុំ​ចង់​ឲ្យអ៊ំបានស្គាល់​កូនៗស្រីៗ​របស់ខ្ញុំ​មុន​នឹង​អ៊ំ​ចេញ​ទៅ។” “អីគេ?” ទូច ផេង មើលមុខរីណាស្លឺ ទាំង​ឆ្ងល់ មិនយល់ថា នាង​និយាយ​ពីអ្វីទេ។ “កូនស្រីពីរនាក់ខ្ញុំនៅទីនេះ។

​ បើ​អ៊ំ​រៀបចំ​បង្វេចហើយៗនោះ។”“បង្វេចរៀបចំរួច​ហើយៗ” តាឆ្លើយ។ “ហើយ​ក៏មិនមានអីច្រើនដែរ​សម្រាប់វេច​ស្ពាយ​តាម​ខ្លួននោះ” ​។តាចាប់ក្អក ហើយ​ក្អក​ខេះៗ​។ “ណ្ហើយ!” ​ដកដង្ហើមធំ តាក៏បន្លឺ “អ៊ំ​នៅ​​ចាំជួបកូនស្រីក្មួយក៏បាន។​ឥឡូវ​តែ​ម្តង​​ទៅ​​អ៊ីចឹង”​។ រីណាជួយគ្រាហ៍ ទូច ផេង ឡើង​កាំជណ្តើរ​ផ្ទះ​នាង។

​ដូចសព្វដង តាមានធំុក្លិនបារីជាប់ នឹង​ខ្លួន។ តាក្រឡេកមើលនាយអាយ ជុំវិញ​ផ្ទះដោយគ្មានបន្លឺពាក្យពេចន៍ អ្វីទាំង អស់។ នីតា កំពុង គេងសម្រាក​ថ្ងៃត្រង់ នៅពី​ក្នុង​វាំងនន ឯស្រីពៅទើបតែមក ពីរៀន​អង្គុយ​បត់ជើង​អាន​សៀវភៅ​នៅ​ជ្រុង​ម្ខាង។ រីណា ​ ប្រាប់ កូន​ឲ្យសំពះគោរព ប្រណិ​ប័តន៍​ចាស់ទុំ​ជា​​​ភ្ញៀវ ហើយ នាង​ក៏ត្រឡប់​ទៅអាន​សៀវភៅ​​​វិញ។ ចម្រៀង​ចេញពីវិទ្យុ​កំពុង​ចាក់​បទ​ចម្រៀង​​​របស់អ្នក ស្រី  ​ប៉ែន  រ៉ន​។

​ដាក់​ឈើច្រត ់ផ្តេក លើ​រនាប ផ្ទះតាចាស់​ក៏ដាក់គូថអង្គុយ ចុះ​លើ​កៅអី មួយ នៃកៅ​អីពីរ​។ “អ៊ំចូល​ចិត្តចម្រៀង​ដែលគាត់ច្រៀងអត់?” រីណាសួរ។ ទូច ផេង គ្រវីក្បាល។ តាចាស់​ទំនង​ជា​សម្រួល​ដង្ហើម​ឲ្យ​ស្រួល​បន្តិច ​ក្រោយ​ពីប្រឹង​ឡើងជណ្តើរ ហើយក៏សម្ងំបិទភ្នែកទៅ។ ដូច​មុន រីណា មិនជឿថា តាចាស់​ម្នាក់​នេះ​ស្គម​ស្គាំង​​​​​​ដល់​​ថ្នាក់ហ្នឹងឡើយ។

​ “បើអ៊ំ មិនចំណូលបទរបស់ ប៉ែន រ៉ន ខ្ញុំដូរ​ប៉ុស្តិ៍ក៏បាន។” ​“នាង កុំទៅខ្វល់ដោយសារខ្ញុំ។ បើចង់​ស្តាប់​បទ​អី ក៏ស្តាប់ទៅចុះ អ៊ំ យ៉ាងម៉េច ក៏បាន​ដែរ” ​។​ ទូច ផេង អេះប្រជ្រុយ ដែល​ដៅ​លើ​ភ្នែក ហើយបម្រះខ្លួន ផ្អៀង​ទៅផ្នែកម្ខាង​ទៀត​នៃ​កៅអី។ “និយាយ​ឲ្យត្រង់​ទៅ​ចម្រៀង​​ ប៉ែន រ៉ន ទ្រង់រាង យ៉ាប់បន្តិចជាមួយអ៊ំ។”“បទញាក់ហ្នឹងម្ហែន?” រីណា បន្ត​។ “ចុះ ស៊ិន ស៊ីសាមុត វិញហ្អ៎ អ៊ំ? មាន​ប៉ុស្តិ៍​​​មួយ​ដែល ចាក់បទចម្រៀង ស៊ិន ស៊ីសាមុត​រាល់ពេល។”“អ៊ំ ចូលចិត្ត ស៊ិន ស៊ីសាមុត” ​។ ទូច ផេង តប ហើយក៏បើកភ្នែកឡើង។ “វីយូឡុង ស្នេហា ជាបទដែលអ៊ំចូលចិត្តហើយ” ​។

​រីណារាវ រកប៉ុស្តិ៍​វិទ្យុ ហួសប៉ុស្តិ៍មួយនោះ ​ហើយ​ក៏ប៉ះ​បទ​របស់ លោក ​ស៊ិន  ​ស៊ីសាមុត បាន​ដូចចិត្ត។ “ហ្នឹង​ហើយ បទរបស់គាត់” ទូច ផេងបន្លឺ។ “អ៊ំ អត់​ស្គាល់​ចំណងជើង បទហ្នឹងទេតែ គ្មាន​​​នរណា​ម្នាក់​ច្រឡំសំឡេងគាត់ឡើយ អធិរាជ​សំឡេង​មាស​ស៊ិន ស៊ីសាមុត។” តាក៏ បិទភ្នែក​ម្តងទៀត។ “ស្វាមីក្មួយ និងក្មួយចូល​ចិត្តស្តាប់​ចម្រៀង​របស់គាត់ណាស់” ​។

​រីណា ប្រាប់ទៅ​តា​ចាស់​។ ​រីណា ក៏ចាប់ផ្តើមសម្គាល់​ការដែល​តា​ផេង​ផ្អៀង​ខ្លួនទៅម្ខាង ហើយ​ដាក់​ត្រចៀក​ខាង​ឆ្វេង​​​ផ្ទៀងយ៉ាង​ជិតនឹងវិទ្យុអ៊ីចឹងទំនង​មក​ពីគាត់​ថ្លង់ត្រចៀក​ម្ខាង​ហើយ​មើលទេ។ “គ្មានអ្នកណា​ច្រៀង​បានពីរោះ​ប្រហែល​គាត់​ទេ” ​។​​

​តាផេង និយាយ​។ ​“ក្មួយ​ស្តាប់ឃ្លា​ឃ្លោង​​​ចុះ។ ​គាត់​ដឹង​ពីជម្រៅ​ឈឺ​ចាប់​នៃ​មនោ​​​​សញ្ចេតនា។ ​មិនថាអ៊ីចឹងហ្អី? ” ​“គាត់ជា​អ្នក​ចម្រៀង​សំណព្វ​ចិត្តក្មួយ​ដូច​គ្នា” ​។ ​រីណា និយាយ។ នាងបិទភ្នែក។អ្នក ទាំង​ពីរ​អង្គុយបិទភ្នែកទាំងសងខាង​ស្តាប់​បទ​ចម្រៀង​​របស់ លោកស៊ិន ស៊ីសាមុត។ចម្រៀង ច្រើន​បទ​រំលង​ផុត​ទៅ​​។ រីណា មិន​ដឹង​ថា​ ជា​ប៉ុន្មាន​បទ​ហើយ​ទេ​។ ក្នុង​ផ្ទះហប់ខ្យល់ ស្អុះ​ស្អាប់ រីណា​ផ្តើម ដឹង​ថា នាង​មាន​បែក​ញើស​ជោក​​លើ​មុខ និងខ្នង។ “ក្មួយដឹងអត់ថា​ គាត់ធ្លាប់​ទៅរៀន​សាលា​ពេទ្យហ្អា៎?” ទូច ផេង សួរ។ “ពេល​មួយ​នោះ គាត់ចង់ក្លាយជាវេជ្ជបណ្ឌិត។ ឥឡូវ​ក្មួយ​សាក​​គិតមើល​មើល៍” ​។អ្នកទាំងពីរ អាចឮ​នីតាដកដង្ហើមវែងៗ ហើយ​បម្រះខ្លួន​ចុះឡើង​បីបួនដង។ រីណា ​ងាកទៅមើល ទូច ផេង។ តា ហាក់​កំពុង​តែងងុយ​ដេក ក្បាលតាក្រង៉ក់ចុះ​ក្រោ​ម​នៅ​ចំពី​លើដើម​ទ្រូង​គាត់។ រីណា ក៏ក្រោក​ឈរឡើង។ “អ្វីហ្នឹង” ទូច ផេង ​ចាប់ផ្តើម​បើក​​ភ្នែក ហើយក៏ងាកមើលជុំវិញហាក់ដូច​ជា​គាត់​មិនដឹងថាខ្លួនកំពុងស្ថិត​នៅទីណា​អ៊ីចឹង។ “ឲ្យក្មួយធ្វើអី ឲ្យអ៊ំពិសា” រីណាស្នើ។

​នាង​​​ចុះពីកាំជណ្តើរ ហើយក៏​ត្រឡប់​មក​វិញ​មាន​​កាន់ចានបាយ និងសាច់ជ្រូក​ព្រម​ទាំង​ដើម​​​​ខ្ទឹម។ នាងលួចមើលតាពេល​គាត់​កំពុង​​​ពិសាបាយ។​“ហើយចុះ​នាងមិន​ហូបជា​មួយ​អ៊ំទេអី?​” តា ផេង សួរ។ “ក្មួយហូបរួចហើយ” រីណា​ ដួសបាយ​ថែមឲ្យតាចាស់។ ​ “អរគុណហើយនាង” គាត់​និយាយពេល​បរិភោគរួច។ “នាងមាន​សទ្ធា​ណាស់ ហើយ​​ចិត្ត​ល្អ​ឲ្យ​អ៊ំឡើងមកលើផ្ទះ​នាង​ទៀត។ អ៊ំ​មិនដឹងថា ​បាន​ត្រឡប់​មក​ព្រែក​បាណន់វិញ​ ឬអត់​ទេ។​” ​

តាចាប់ផ្តើមងើប ឡើងពីកៅអី ហើយក៏​​អង្គុយ​ចុះ​វិញ។ “អ៊ំសំុនាង​អ្វីម្យ៉ាង​បាន​ទេ? ឲ្យ​អ៊ំសុំ​នាងអង្គុយ​នៅ​ទីនេះ ពីរ បី នាទីទៀតណា៎?” ​ចាស់ហើយ អ៊ំត្រូវ​សម្រាក​មួយ​ភ្លែត​ពេល​ហូប​​ឆ្អែតហើយ។ ក្នុងពេលដែល ទូច ផេង អង្គុយឲ្យស្រក ពោះ រីណា ក៏គិត​ឃើញ​រឿង​មួយ​។​​“ឥឡូវ​អ៊ីចេះ​វិញ​ អ៊ំ មកជួយដេរកន្ទបចៅខ្ញុំ គេនឹង​កើត​នៅពីរ​បី​សប្តាហ៍​នេះឯង។” “កន្ទប? អ៊ំមិនចេះអីបន្តិច ពីរឿង​ដេរ​កន្ទប​ហ្នឹងទេ” ​។​ “មិនពិបាកទេអ៊ំ” ​ រីណា  ​​បន្លឺ “ចាំក្មួយ​បង្ហាត់​អ៊ំ​ថា គេធ្វើយ៉ាងម៉េច។” នាងយក​កន្ត្រៃ​ដែល​​ចំណាំ​​ប្រើពី​យប់​មុន​មក ហើយ​យក​ចម្រៀក​សារ៉ុង រួចក៏កាត់រាងការ៉េបួនជ្រុង ហាសិប​សង់​ទីម៉ែត​គ្រប់​ជ្រុង។ បន្ទាប់មក នាង​ក៏​យក​​ម្ជុលចេញមក​ ហើយ​ចាប់​ផ្តើម​ដេរ​ភ្ជាប់​គែម​​ក្រណាត់​កុំឲ្យ​បែក​ព្រុយ។

ទូច ផេង ​គ្រវីក្បាលទាំង​ហួសចិត្ត មិន​នឹក​ស្មាន​ថា រីណាបបួល​គាត់ឲ្យធ្វើរឿង​កំប៉ិក​កំប៉ុក​​​ហ្នឹងសោះ។ “ឃើញអត់ គឺស្រួលទេអ៊ំ” រីណា​និយាយ​។​“តោះយើងដេរកន្ទបឲ្យចៅខ្ញុំ កូន​របស់​នីតា​ណាអ៊ំ”។ “អ៊ំដូចជា​មិនគិត​ថា​ អាច​ធ្វើរឿង​អ៊ីចឹង​បាន​ទេ​ក្មួយ។” ទូច ផេង ឆ្លើយតប។ “ទេ អ៊ំពិតជាអាចធ្វើបាន។​ ម៉ោះ​ឲ្យ​ខ្ញុំរក​កន្ត្រៃ​មួយទៀតឲ្យអ៊ំ។ ក្មួយមានអំបោះ និង​សារ៉ុងច្រើនណាស់” ។​រីណា  ​ចាប់ផ្តើម ក្រឡឹង​ជុំវិញផ្ទះ​រកសម្ភារ​ទាំង​នោះ។ នាង បើក ថត​​តុ​ទាំងបី។ នាង​មើល​ទៅខាង​រនាប​ផ្ទះ​ដែល​មាន​អាគុយមួយ ដើរតម្រង់​ទៅ​បើក​ប្រអប់​ដែល​​ដាក់​របស់កំប៉ិកកំប៉ុក​ល្អិត​ល្អោច​​។

​នាង​រើមើលហិបរបស់នាង។ នៅ​ពី​ក្រោម​ខោ​អាវ​របស់នាង នាង​ស្ទាប​​​​ប៉ះចំអ្វីមួយ​រាង​ធ្ងន់ គឺ​ដំបង​ដែល​សាយ័ន្ត​បានឲ្យ។ រីណា ទ្រឹង មួយ​​សន្ទុះ។ នាងក៏​ចាប់​ដំបង​ បន្ទាប់​មក​ក៏​ទម្លាក់​វាចេញពីដៃទៅវិញ។ នៅ​បាត​ហិប​នាង​​​​​​ក៏ឃើញ​កន្ត្រៃ​មួយ។ “នៅ​ទីនេះសោះ!” នាង​និយាយ​ ហើយហុច កន្រៃ្ត​នោះទៅឲ្យ តាចាស់។ ​“អ៊ំធ្វើដូច​ដែល​ខ្ញុំ​ធ្វើ​ទៅ” ​។​ “ដៃអ៊ំ” ទូច ផេង បន្លឺ។​“ដៃអ៊ំមាន​របួស​ត្រង់​អង្អុលដៃ។”  ​រីណា ​​ ចាប់បង្ហាត់ តាផេង ពីរ​បៀបកាន់កន្រៃ្ត។ “អ៊ំធ្វើមិន​កើត​ទេដឹង” ​តាចាស់​និយាយ។ “អាច។ អ៊ំអាចធ្វើបាន។ ធ្វើតាម​តែក្មួយ​ធ្វើទៅ គឺបានហើយ។” ទូច ផេង ​ ក៏ចាប់​ផ្តើម​កាត់​ក្រណាត់ សារ៉ុង​ឲ្យ​ចេញ​ជារាងការ៉េ។ “អ៊ំអត់ដែលគិតថា អ៊ំនឹង​ដេរ​កន្ទប​ថ្ងៃ​ណា​​មួយ​ទេហ្អីអ៊ំ?”​“អ៊ំមិនធ្លាប់ធ្វើរឿងអ៊ីចឹងពីមុនមកទេ។” ទូច ផេង តប។ “អ៊ំមិនប្រសប់ធ្វើវាទេ។” ​តា​និយាយបណ្តើរ ​កាត់ក្រណាត់​សារ៉ុង បណ្តើរ។

​​ គាត់អង្គុយផ្ចង់ កាត់ក្រណាត់​លើ​កៅអី។ ចេញ​​ពីម្តុំណាមួយនៅក្នុងផ្ទះ​ចម្រៀង​ លោកស៊ិន ស៊ីសាមុត នៅតែឮរងំពេញផ្ទះ។ “អ៊ំមាន​អីឲ្យ​ក្មួយ​ជួយ​អត់?” រីណា សួរ។ នាង​លើក​កៅអី​នាង​ដាក់ក្បែរ​កៅអីតា។ “មិនអីទេ​ អ៊ំអាច​ចាប់​បាន​ពីអ្វី​ដែល​ក្មួយ​កំពុងធ្វើ។” ទោះ​បីភ្ជុំបិណ្ឌ​កន្លង​ផុត​ទៅ​មួយ​សប្តាហ៍​ហើយក៏ដោយ ក៏រីណា មាន​អារម្មណ៍ថា ព្រលឹង​​​​​ពុកនាង​នៅ​ហោះក្រវែល​ពេញ​ផ្ទះ ​គឺពេល​នេះ ទីនេះ។ “អ៊ំ ធ្វើបានល្អណាស់តើ!” រីណា​ សរសើរ​។ “អ៊ំ​ធ្វើកន្ទ​បឲ្យ​ចៅ​ខ្ញុំអ៊ីចឹង មា​ន​ឈឺ​​ដៃដែរ​ទេហ្នឹង?” “មិនឈឺប៉ុន្មានទេនាង” ​។ តា​បន្ត​កាត់​ក្រណាត់​តទៀត។ “នាងមើលហ្អេ៎ះ! អ៊ំដេរ​បានមួយ​ហើយ​” ។​

​ ​ តាលើក​កន្ទប​ឡើង ​ដោយ​ភ្ញាក់​ផ្អើល។ អ្នកទាំង​ពីរឮសំឡេង​ក្រេះ​ក្រុះៗ​នៅ​ក្នុង​វាំង​​នន នីតា ក៏លេច​មុខឡើង​ ពោះ​នាង​ធំ​ស្ទែល។ “ម៉ែ​ធ្វើ​អីហ្នឹង​ម៉ែ?”“គឺលោក​ តាទូច ផេង កំពុង​តែដេរ​កន្ទប​ឲ្យ​​កូន​របស់​កូន​​ហ្នឹង​ណា៎!” រីណា ឆ្លើយ “ហើយ​​​ជាចៅ​ម៉ែ​នោះ​អី” ​។ “ប្រសើរ​ណាស់​ម៉ែ​” ​។​  នីតា ​ និយាយ​ទាំង​ញញិមញញែម។ “អ៊ំ​ចេះ​ធ្វើកន្ទប​ហើយ” ទូច ផេង បន្លឺ។ “មែន​ហើយ​អ៊ំៗ​ធ្វើវា​បាន​មែន​” ​។​ ​​រីណា​ ឆ្លើយតប ហើយ​នាង​ក៏ចោល​ភ្នែក​មើល​តាម​បង្អួច​ ស្រាប់តែ​ឃើញ​សត្វ​លលក​​ពណ៌ ត្រសក់ ​​ស្រូវទុំមួយក្បាល​ហើរ​បោះ​ពួយ​កាត់​ពីលើ់​ផ្ទៃ​​ទឹក​ស្ទឹង៕​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស