31 C
Phnom Penh

សំណុំ​​​រឿង​​​អូស្ត្រាលី​​​ប្រឆាំង​​​ជន​​​រត់​​​ពន្ធ​​​ហេរ៉ូអីុន​​​ត្រូវ​​​បាន​​​តម្កល់​​​ ប៉ុន្តែ​​​មេខ្លោង​​​កំពុង​​​មាន​​​សេរីភាព​​​នៅ​​​ឡើយ​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ តុលាការ​​​មួយ​​​ក្នុង​​​ប្រទេស​​​អូស្ត្រាលី​​​បាន​​​តម្កល់​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​១៤​​​ឆ្នាំ​​​របស់​​​បុរស​​​ខ្មែរ​​​សញ្ជាតិ​​​អូស្ត្រាលី​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ពីរ​​​ឆ្នាំ​​​មុន​​​ពីបទ​​​រត់​​​ពន្ធ​​​គ្រឿង​​​ញៀន​​​ហេរ៉ូអីុន​​​ដែល​​​មាន​​​តម្លៃ​​​រាប​​​់​​​លាន​​​ដុល្លារ​​​ពីកម្ពុជា​​​​​​ទៅ​​​អូស្ត្រាលី ចំណែក​​​ឯ​​​នគរ​​បាល​​​កម្ពុជា​​​និយាយ​​​ថា មេខ្លោង​​​គួរ​​​ឲ្យ​​​សង្ស័យ​​​នៃ​​​ប្រតិបត្តិការរត់​​​ពន្ធ​​​នេះ​​​កំពុង​​​មាន​​​សេរីភាព​​​នៅ​​​ឡើយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។

​​​កែវ ឆដាភា និង​​​ សុខ សម្បត្តិ ត្រូវ​​​បាន​​​តុលាការ​​​រដ្ឋ​​​វិុចតូរីយ៉ា​​​ នៃ​​​ប្រទេស​​​អូស្ត្រាលី​​​​​​កាត់​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈពេល​​​១៤​​​ឆ្នាំ និង​​​ប្រាំ​​​បួន​​​ខែ​​​កាល​​​ពីថ្ងៃ​​​ទី​​​១៩​​​ ខែ​​​ឧសភា​​​ពីបទ​​​រត់​​​ពន្ធ​​​ថ្នាំ​​​ញៀន​​​ហេរ៉ូអីុន​​​១២​​​,៣៤​​​គីឡូក្រាម​​​ ដែលមាន​​​តម្លៃ​​​ចន្លោះ​​​ពី​​​៧​​​លាន​​​ដុល្លារ​​​ទៅ​​​១៣​​​លាន​​​ដុល្លារ​​​ចូល​​​ក្នុង​​​ប្រទេស​​​អូស្ត្រាលី នេះ​​​បើ​​​យោង​​​តាម​​​សេចក្តី​​​សង្ខេប​​​នៃ​​​សំណុំ​​​រឿង​​​ពី​​​តុលាការ​​​កំពូល​​​នៃ​​​រដ្ឋ​​​វិុច​​​តូរីយ៉ា។

កាល​​​ពី​​​ម្សិលមិញ ចៅក្រម​​​ ហ្វីលីប ព្រីស (Phillip Priest) នៅសាលា​​​ឧទ្ធរណ៍​​​រដ្ឋ​​​វិុច​​​តូរីយ៉ា បាន​​​ច្រាន​​​ចោល​​​បណ្ដឹង​​​សាទុក្ខ​​​របស់​​​ កែវ ឆដាភា ហើយ​​​បាន​​​តម្កល់​​​​​​ទោស​​​ដើម​​​។ សុខ សម្បត្តិ មិន​​​បាន​​​ប្តឹង​​​ឧទ្ធរណ៍​​​ទេ។

​​​លោក ហ្វីលីប ព្រីស បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​សង្ខេប​​​នៃ​​​សេចក្ដី​​​សម្រេច​​​របស់​​​លោក​​​ថា “ទស្សន​​​របស់​​​ខ្ញុំ​​​យល់​​​ឃើញ​​​ថា ផ្អែក​​​លើ​​​ភ័ស្តុ​​​តាង​​​ដែល​​​មាន​​​ ការ​​​ផ្តន្ទា​​​ទោស​​​របស់​​​គាត់​​​គឺ​​​ចៀស​​​មិន​​​ផុត​​​ទេ​​​”។

ខណៈ​​​អាជ្ញាធរ​​​អូស្ត្រាលី​​​​​​និយាយ​​​ថា សំណុំ​​​រឿង​​​ប្រឆាំង​​​ កែវ ឆដាភា និង​​​ សុខ សម្បត្តិ បាន​​​បើក​​​ និង​​​បិទ​​​វិញ​​​ទៅ​​​ហើយ​​​នោះ លោក អិុន សុង អនុ​​​ប្រធាន​​​នគរ​​​បាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចាប់​​​ខ្លួន​​​​​​មេខ្លោង​​​ជន​​​ជាតិ​​​ខ្មែរ​​​នៃ​​​ប្រតិបត្តិការ​​​នេះ​​​កាន់​​​តែ​​​ជួប​​​ការ​​​លំបាក​​​​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា បន្ទាប់​​​ពី​​​នគរ​​​បាល​​​អូស្ត្រាលី​​​​​​បាន​​​សួរ​​​ចម្លើយ​​​ កែវ ឆដាភា និង​​​ សុខ​​​ សម្បត្តិ​​​ រួច​​​មក​​​ ពួក​​​គេ​​​បាន​​​ផ្តល់​​​ព័ត៌​​​មាន​​​ដល់​​​អាជ្ញាធរ​​​កម្ពុជា​​​ដែល​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​មេ​​ក្រុម​​​រត់​​​ពន្ធ​​​នេះ​​​។ ប៉ុន្តែ រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​នគរ​​​បាល​​​មិន​​​ទាន់​​​ប្រមូល​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ធ្វើ​​​ការ​​​ចាប់ខ្លួន​​​នៅ​​​ឡើយ​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “នៅ​​​ទី​​​នេះ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ នគរ​​​បាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​កំពុង​​​ឃ្លាំ​​​មើល​​​ [ជន​​​សង្ស័យ]​​​​​​ ប៉ុន្តែ យើង​​​គ្មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​បញ្ជាក់​​​ថា គាត់​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នោះ​​​ទេ​​​”។

យោង​​​តាម​​​សេចក្តី​​​សង្ខេប​​​របស់​​​តុលាការ​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា សុខ សម្បត្តិ​​​ បាន​​​មក​​​ដល់​​​កម្ពុជា​​​កាល​​​ពី​​​ខែ​​​មីនា ឆ្នាំ​​​២០១២​​​ សម្រាប់​ការ​​​មក​​​លែង​​​មួយ​​​ខែ​​​ម្តង។ ខណៈនៅ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​គ្រឿង​​​​​​ញៀន​​​ប្រាំ​​​កញ្ចប់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ពី​​​ប៉ុស្តិ៍​​​ប្រៃសណីយ៍​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ឆ្ពោះ​​​ទៅ​​​អាសយ​​​ដ្ឋាន​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​រ​​​នៅ​​​ក្នុង​​​ទីក្រុង​​​មែល​​​បឺន ដែល​​​ សុខ សម្បត្តិ​​​ បាន​​​ជួល​​​។ ប៉ុន្តែ មន្ត្រី​​​គយ​​​ដក​​​ហូត​​​បាន​​​​​​បួន​​​កញ្ចប់​​​ ហើយ​​​បាន​​​រក​​​ឃើញ​​​ថា ក្នុង​​​មួយ​​​កញ្ចប់​​​ៗ​​​មាន​​​កញ្ចប់​​​លឿង​​​តូច​​​ៗ​​​ប្រហែល​​​៥០០​​​ដោយ​​​បិទ​​​ស្លាក​​​ថា “Beauty Star Ginseng Instant Dyeing” ​​​​​​​​​​​​​​។

សេចក្តី​​​សង្ខេប​​​របស់​​​តុលាការ​​​បាន​​​បញ្ជាក់​​​ថា “នៅ​​​ក្នុង​​​កញ្ចប់​​​តូច​​​ៗ​​​ទាំង​​​នោះ គឺ​​​ជា​​​ទឹក​​​រាវ​​​ពណ៌​​​ត្នោត​​​ស្រាល​​​ដែល​​​មាន​​​ផ្ទុក​​​ហេរ៉ូអីុន។ក្រោយ​​​មក​​​កញ្ចប់​​​ទី​​​៥​​​ត្រូវ​​​បាន​​​ប្រគល់​​​ឲ្យ​​​ទៅ​​​ សុខ និង​​​ កែវ នៅ​​​ឯ​​​អាសយ​​​ដ្ឋាន​​​មួយ​​​ក្នុង​​​​​​ទីក្រុង​​​មែល​​​បឺន​​​ ​​​ដែល​​​បាន​​​ឈាន​​​ទៅដល់​​​ការ​​​សើុប​​​អង្កេត​​​របស់​​​នគរ​​​បាល និង​​​ការ​​​ចាប់ខ្លួន​​​បុរស​​​ទាំង​​​នេះ​​​កាល​​​ពី​​​ខែ​​​មេសា ឆ្នាំ​​​២០១២។

លោក​​​ស្រី​ ចដាណា ហ្វាយ​​​មែន (Jordana Fayman) មេធាវី​​​តំណាង​​​ឲ្យ​​​ សុខ​​​ សម្បត្តិ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​លោក​​​ស្រី​​​មិន​​​ទាក់​​​ទង​​​ទៅ​​​កូនក្តី​​​របស់​​​លោកស្រី​​​នៅ​​​ឡើយ​​​ទេ​​​ ហើយ​​​បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​សេចក្តី​​​លម្អិត​​​បន្ថែម​​​អំពី​​​សំណុំ​​​រឿង​​​​​នេះ​​​ឡើយ​​​​​​។ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ខ្ញុំ​​​មិន​​​ទាំង​​​មាន​​​ឱកាស​​​អាន​​​សាល​​​ដីកាផង​​​​​​ទេ​​​”។

សំណុំ​​​រឿង​​​ប្រឆាំង កែវ ឆដាភា និង​​​ សុខ សម្បត្តិ មាន​​​ភាព​​​ស្រដៀង​​​គ្នា​​​ទៅ​​​នឹង​​​សំណុំ​​​រឿង​​​មួយ​​​កា​​​លពីខែ​​​ធ្នូ​​​ឆ្នាំ​​​២០១២ ដែ​​​ល​​​ក្នុង​​​នោះ​​​អតីត​​​វរសេនីយ៍​​​ឯក​​​នៃ​​​កង​​​យោធពល​​​ខេមរភូមិន្ទ ម្នាក់​​​ និង​​​ស្ត្រី​​​ជន​​​ជាតិ​​​វៀតណាម​​​ម្នាក់ទៀត​​​​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ពីបទ​​​ប៉ុន​​​ប៉ង​​​បញ្ជូន​​​ថ្នាំ​​​ញៀន​​​ហេរ៉ូអីុន​​​ទៅ​​​កាន់​​​ប្រទេស​​​អូស្ត្រាលី​​​​​​តាម​​​ប្រៃសណីយ៍។

នគរ​​​បាល​​​បាន​​​និយាយ​​​នៅ​​​ពេល​​​នោះ​​​ថា ពួក​​​គេ​​​ទទួល​​​បាន​​​ព័ត៌​​​មានមួយ​​​​​​​​​ដែល​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​អាច​​​ស្ទាក់​​​ចាប់​​​បាន​​​កញ្ចប់​​​ទាំង​​​នោះ​​​នៅ​​​ឯប៉ុស្តិ៍​​​ប្រៃសណីយ៍​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​។ កញ្ចប់​​​ទាំង​​​នោះ​​​មាន​​​កញ្ចប់​​​តូច​​​ៗ​​​ប្រហែលល​​​៦០០​​​កញ្ចប់​​​ដែល​​​បិទ​​​ស្លាក​​​ថា “Korean Red Ginseng Tonic”។ កញ្ចប់​​​ទាំង​​​នេះ​​​ផ្ទុក​​​ថ្នាំ​​​ញៀន​​​ហេរ៉ូអីុន​​​សរុប​​​ប្រហែល​​​១២គីឡូ​​​ក្រាម​​​។

សួរ សារិទ្ធ អាយុ​​​៥៤​​​ឆ្នាំ​​​ និង ង្វៀន ញូហាញ់ អាយុ​​​៤៤​​​ឆ្នាំ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​​​​ពេល​​​ក្រោយ​​​មក​​​ ហើយ​​​សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ​​​បាន​​​កាត់​​​ទោស​​​ពួកគេ​​​ទាំង​​​ពីរ​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​អស់​​​មួយ​​​ជីវិត ពីបទ​​​ឧក្រិដ្ឋ​​​កាល​​​ពី​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៣​​​។​​​​​​​​​​​​​​​

លោក អិុន សុង ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា​​​ នគរបាល​​កម្ពុជា​​​ជឿ​​​ថា ការ​​​ចាប់​​​ខ្លួន​​​ក្នុង​​​ឆ្នាំ​​​២០១២​​​នៅ​​​ក្នុង​​​ប្រទេស​​​អូស្ត្រាលី ហើយ​​​​​​កម្ពុជា​​​គឺ​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​ប្រតិបត្តិការ​​​រត់​​​ពន្ធ​​​ថ្នាំញៀន​​​ដែល​​​ត្រូវ​​​បាន​​​រៀប​​​ចំឡើង​​​ដោយ​​​បុរស​​​ខ្មែរ​​​តែ​​​ម្នាក់ ប៉ុន្តែ បាន​​​បដិសេធ​​​មិនបញ្ជាក់​​​​​​អត្ត​​​សញ្ញាណ​​​ ឬផ្តល់​​​ព័ត៌​​​មាន​​​លម្អិត​​​បន្ថែម​​​ទៀត​​​ស្តី​​​ពី​​​មេខ្លោង​​​គួរ​​​ឲ្យ​​​សង្ស័យនោះ​​​ទេ​​​​​​។​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា នគរ​​​បាល​​​បាន​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​ជន​​​រត់​​​ពន្ធ​​​ថ្នាំញៀន​​​ផ្សេង​​​ៗ​​​ទៀត​​​ ដែល​​​ពួកគេ​​​សង្ស័យ​​​ថា កំពុង​​​ធ្វើ​​​ការ​​​ឲ្យ​​​​​​មេខ្លោង​​​ ហើយ​​​សង្ឃឹម​​​ថា ការ​​​​​​តាម​​​ដាន​​​​​​ពួក​​​គេ​​​នឹង​​​ឈាន​​​ទៅ​​​ដល់​​​ការ​​​ចាប់​​​ខ្លួនដ៏​​​ធំមួយ​​​​​​។

លោកមាន​​​ប្រសាសន៍​​​បន្ត​​​ថា “ជន​​​សង្ស័យ​​​ភាគ​​​ច្រើន​​​គឺ​​​ជា​​​កម្មករ​​​ ដែល​​​គេ​​​ជួល​​​ឲ្យ​​​រត់​​​ពន្ធ​​​។ ប៉ុន្តែ យើង​​​កំពុង​​​តាម​​​ដាន​​​ជន​​​សង្ស័យ​​​​​ទាំង​​​នោះ​​​រហូត​​​ដល់​​​ពួក​​​គេ​​​ប្រគល់​​​ថ្នាំ​​​ញៀន​​​។ វា​​​គឺ​​​ជា​​​ស្នៀត​​​សម្រាប់​​​ចាប់​​​ខ្លួន​​​មេខ្លោង​​​”។​​​​​​

កាល​​​ពី​​​ម្សិលមិញ យោង​​​តាម​​​អត្ថបទ​​​មួយ​​​ចុះ​​​ផ្សាយ​​​នៅ​​​ក្នុង​​​កាសែត​​​ The Age របស់​​​អូស្ត្រាលី​​​​​​បាន​​​ឲ្យដ​​​ឹង​​​ថា កែវ ឆដាភា អាយុ​​​៤០​​​ឆ្នាំ​​​បាន​​​ទៅ​​​ដល់​​​ប្រទេស​​​អូស្ត្រាលី​​​​​​ក្នុង​​​ឆ្នាំ​​​១៩៨៨​​​ក្នុង​​​ឋានៈ​​​ជា​​​ជន​​​ភៀស​​​ខ្លួន​​​ ហើយ​​​រូប​​​គេ​​​បាន​​​តាំង​​​លំនៅ​​​ក្នុង​​​ទីក្រុង​​​ស៊ីដនី​​​។ ដោយ​​​មាន​​​ប្រពន្ធ​​​និង​​​កូន​​​បី​​​នាក់​​​ កែវ ឆដាភា បាន​​​ធ្វើ​​​ជា​​​យន្ត​​​ការី​​​ មុន​​​ពេល​​​រូប​​​គេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ជួញ​​​ដូរ​​​គ្រឿងញៀន​​​។

អត្ថបទ​​​ដដែល​​​បាន​​​ចុះ​​​ផ្សាយ​​​ថា សុខ សម្បត្តិ អាយុ​​​៣៥​​​ឆ្នាំ​​​បាន​​​ចាក​​​ចេញ​​​​​​ពី​​​ប្រទេស​​​អូស្ត្រាលី​​​​​​មក​​​ដល់​​​កម្ពុជា​​​នៅ​​​អាយុ​​​ប្រហែល​​​១៦​​​ឆ្នាំ​​​។ អត្ថបទ​​​នេះ​​​បាន​​​បន្ត​​​ទៀត​​​ថា គ្រួសារ​​​របស់​​​គេ​​​ធ្លាប់​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ប្តឹង​​​រូប​​​គេ​​​ពី​​​បទ​​​បញ្ចេញ​​​អាកប្បកិរិយា​​​ហិង្សា៕សុខុម​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស