33.3 C
Phnom Penh

គណៈកម្មការ​​​ហិរញ្ញវត្ថុ​​​​​​នៃ​​​រដ្ឋ​​​សភា​​​ស្នើ​​​សុំ​​​ព័ត៌​​​មាន​​​លម្អិត​​​បន្ថែម​​​ស្តី​​​ពី​​​ថវិកាជាតិ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មការ​​​ធនាគារ និង​​​ហិរញ្ញវត្ថុ​​​នៃ​​​រដ្ឋ​​​សភា​​​បាន​​​ជួប​​​ប្រជុំ​​​កាល​​​ពីម្សិលមិញ ដើម្បី​​​ពិភាក្សា​​​អំពី​​​សំណើ​​​ថវិកា​​​ជាតិ​​​៣,៨ពាន់​​​លាន​​​ដុល្លារ​​​សម្រាប់​​​ឆ្នាំ​​​២០១៥ ដោយ​​​ក្រុម​​​តំណាង​​​រាស្ត្រ​​​​​​មក​​​ពី​​​គណបក្ស​​​​​​ទាំង​​​ពីរ​​​​​​បាន​​​យល់​​​ស្រប​​​គ្នា​​​ថា ចាំបាច់​​​ត្រូវ​​​មាន​​​ព័ត៌មាន​​​លម្អិត​​​ជាក់​​​លាក់​​​បន្ថែម​​​ទៀត​​​​​​ មុន​​​ពេល​​​ពួក​​​គេ​​​អាច​​​វាយ​​​តម្លៃ​​​គម្រោង​​​នេះ​​​បាន​​​ នេះ​​​បើ​​​យោង​​​តាម​​​​​ការ​​​លើក​​​ឡើង​​​របស់​​​លោក សុន ឆ័យ អនុ​​​ប្រធាន​​​គណៈកម្មការ​​​នេះ​​​។

លោក សុន ឆ័យ តំណាង​​​រាស្ត្រ​​​ជាន​​​់​​​ខ្ពស់​​​មួយ​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា តំណាង​​​រាស្ត្រ​​​បួន​​​រូប​​​​​​មក​​​ពី​​​គណបក្ស​​​របស់​​​លោក ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​គណៈកម្មការ​​​នេះ ព្រម​​​ទាំង​​​តំណាង​​​រាស្ត្រ​​​ប្រាំ​​​រូប​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​កំពុង​​​កាន់​​​អំណាច​​​ផង​​​​​​ បាន​​​គ្រោង​​​ជំនួប​​​មួយ​​​ជាមួយលោក អូន ព័ន្ធ​​​មុនីរ័ត្ន​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សេដ្ឋ​​​កិច្ច និង​​​ហិរញ្ញវត្ថុ​​​នៅ​​​ចុង​​​ខែ​​​នេះ​​​។

លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​មិន​​​អាច​​​ប្រាប់​​​អស់​​​លោក​​​គ្រប់​​​យ៉ាង​​​បាន​​​ទេ​​​ នោះ​​​ជា​​​សំណើ​​​របស់​​​ប្រធាន។ ប៉ុន្តែ ខ្ញុំ​​​អាច​​​និយាយ​​​បាន​​​ថា យើង​​​បាន​​​ពិនិត្យ​​​មើល​​​សេចក្តី​​​ព្រាង​​​ ហើយ​​​បាន​​​ឃើញ​​​បញ្ហា​​​មួយ​​​ចំនួន​​​ដែល​​​យើង​​​នឹង​​​លើក​​​ឡើង​​​ នៅ​​​ពេល​​​យើង​​​ជួប​​​ជាមួយ​​​រដ្ឋ​​​មន្ត្រី​​​ដូច​​​ដែល​​​យើង​​​បាន​​​គ្រោង​​​ទុក​​​នៅ​​​​​​ថ្ងៃ​​​ទី​​​២៤ ខែ​​​វិច្ឆិកា។យើង​​​ទាំង​​​អស់​​​គ្នា​​​ហាក់​​​ដូច​​​ជា​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​ថា យើង​​​ត្រូវ​​​ការ​​​ឯកសារ​​​បន្ថែម​​​ទៀត​​​ដើម្បី​​​ឲ្យ​​​យើង​​​មាន​​​ទិន្នន័យ​​​សម្រាប់​​​លើក​​​​​​ឡើង​​​ [បញ្ហានានា​​​]​​​​​​​​​ ជា​​​មួយ​​​រដ្ឋាភិបាល​​​​​​រួម​​​ទាំង​​​ស្តី​​​ពី​​​ចំណូល​​​ ព្រម​​​ទាំង​​​ការ​​​ចំណាយ​​​ផង​​​ដែរ​​​”។

កាល​​​ពី​​​ចុង​​​ខែ​​​មុន រដ្ឋាភិបាល​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​បញ្ចេញ​​​សំណើ​​​ដ៏​​​ធំ​​​របស់​​​ខ្លួន​​​សម្រាប់​​​ការ​​​ចំណាយ​​​ និង​​​ចំណូល​​​សម្រាប់​​​ក្រសួង​​​នីមួយ​​​ៗ ប៉ុន្តែ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ស្នើសុំ​​​ព័ត៌មាន​​​លម្អិត​​​បន្ថែម​​​ ដែល​​​ធ្វើ​​​ឲ្យ​​​អ្នក​​​នៅ​​​ក្រៅ​​​រដ្ឋាភិបាល​​​​​​អាច​​​វាយ​​​តម្លៃ​​​អំពី​​​ថវិកា​​​ឲ្យ​​​បាន​​​ល្អប្រសើរ​​​។

លោក ជាម យៀប ប្រធាន​​​គណៈកម្មការ​​​ធនាគារ និង​​​ហិរញ្ញវត្ថុ​​​នៃ​​​រដ្ឋ​​​សភា​​​ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​។ ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មីៗ​​​នេះ លោក ជាម យៀប បាន​​​ធ្វើ​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ប៉ុន្តែ លោក​​​ ប៊ុល ឡាគីម ជំនួយ​​​ការ​​​ផ្ទាល់​​​របស់​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​រសៀល​​​ម្សិល​​​មិញ​​​ថា តំណាង​​​រាស្ត្រ​​​​​​ ដែល​​​កាន់​​​តំណែង​​​យូរ​​​រូប​​​នេះ​​​​​​មិន​​​ទំនេរ​​​​​​និយាយ​​​ជាមួយ​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ទេ។

លោក ផៃ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​ទីស្តី​​​ការ​​​គណៈរដ្ឋ​​​មន្ត្រី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិនដឹង​​​​​​ច្បាស់​​​ថា រដ្ឋាភិបាល​​​នឹង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះ​​​សំណើ​​​របស់​​​លោក សុន ឆ័យ ដែល​​​សុំ​​​ឲ្យ​​បញ្ចេញ​​​ព័ត៌​​​មាន​​​លម្អិត​​​បន្ថែម​​​ទៀត​​​អំពី​​​សេចក្តី​​​ព្រាង​​​ថវិកា​​​៣,៨ពាន់លាន​​​ដុល្លារ​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ទេ​​​ មុន​​​ពេល​​​បញ្ជូន​​​ទៅ​​​រដ្ឋ​​​សភា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ទេ​​​។ ខ្ញុំ​​​គិត​​​ថា លោក សុន ឆ័យ​​​ មាន​​​សិទ្ធិ​​​​​​ស្នើ​​​សុំ​​​ព័ត៌មាន​​​បន្ថែម​​​ស្តីពី​​​បញ្ហា​​​នោះ​​​។ គាត់​​​មាន​​​សិទ្ធិ​​​សាក​​​សួរ​​​ពី​​​បញ្ហា​​​នោះ​​​ទៅ​​​ក្រសួង​​​សេដ្ឋកិច្ច និង​​​ហិរញ្ញវត្ថុ ឬ​​​គាត់​​​អាច​​​រង់​​​ចាំ​​​បាន​​​រហូត​​​ដល់​​​សម័យ​​​ប្រជុំ​​​ពេញ​​​អង្គ​​​ដើម្បី​​​ចោទ​​​សួរ​​​អំពី​​​វា​​​”។

កាល​​​ពី​​​សប្តាហ៍​​​មុន​​​ លោក សុន ឆ័យ បាន​​​ផ្ញើ​​​លិខិត​​​មួយ​​​ច្បាប់​​​បែប​​​នេះ​​​ទៅ​​​លោក អូន ព័ន្ធ​​​មុនី​​​រ័ត្ន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សេដ្ឋ​​​កិច្ច និង​​​ហិរញ្ញវត្ថុ ដើម្បី​​​ស្នើ​​​សុំ​​​ព័ត៌​​​មាន​​​លម្អិត​​​បន្ថែម​​​ស្តី​​​ពី​​​ថវិកា​​​ជាតិ​​​។ ប៉ុន្តែ លោក សុន ឆ័យ បានមាន​​​ប្រសាសន៍​​​កាល​​​ពីថ្ងៃ​​​អាទិត្យ​​​ថា លិខិត​​​នោះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ត្រឡប់​​​មក​​​លោក​​​វិញ​​​ដោយ​​​គ្មាន​​​ការ​​​ឆ្លើយ​​​តប ពី​​​ព្រោះ​​​លោក​​​បាន​​​បញ្ជាក់​​​នៅ​​​ក្នុង​​​លិខិត​​​នោះ​​​ថា លោក​​​ជា​​​អនុ​​​ប្រធាន​​​នៃ​​​គណៈកម្មការ​​​សេដ្ឋ​​​កិច្ច និង​​​ហិរញ្ញវត្ថុ​​​ដោយ​​​គ្មាន​​​ការ​​​​​​អនុម័ត​​​ពី​​​​​​លោក ជាម​​​ យៀប ​​​​​​​​​​​​។

លោក ហែ៊ល ចំរើន អគ្គលេខាធិការ​​​នៃ​​ក្រសួង​​​សេដ្ឋ​​​កិច្ច និង​​​ហិរញ្ញវត្ថុ​​​ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​ការ​​​អត្ថាធិប្បាយ​​​ទេ​​​កាល​​​ពី​​​ល្ងាច​​​​​​ម្សិលមិញ ជុំ​​​វិញ​​​ថា តើ​​​ក្រសួង​​​របស់​​​លោក​​​នឹង​​​បញ្ចេញ​​​ព័ត៌​​​មានលម្អិត​​​បន្ថែម​​​ទៀត​​​ស្តី​​​ពី​​​ថវិកាជាតិ​​​​​​នៅ​​​ក្នុង​​​រយៈពេល​​​ប៉ុន្មាន​​​សប្តាហ៍​​​ខាង​​​មុខ​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពេល​​​នេះ​​​អ្វី​​​ៗ​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដៃ​​​រដ្ឋ​​​សភា​​ ដូច្នេះ​​​មិន​​​ទាន់​​​មាន​​​ព័ត៌​​​មាន​​​ចេញ​​​ផ្សាយ​​​ជា​​​សាធារណៈ​​​នៅ​​​ឡើយ​​​ទេ​​​ ពីព្រោះ​​​វា​​​ស្ថិត​​​ក្នុង​​​ដំណាក់​​​កាល​​​ពិភាក្សា។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​​​​ទៀត​​​ថា សិក្ខាសាលា​​​មួយ​​​នឹង​​​ត្រូវ​​​រៀប​​​ចំ​​​ឡើង​​​នៅ​​​រដ្ឋ​​​សភា​​​​​​នៅ​​​ថ្ងៃ​​​អង្គារ​​​សប្តាហ៍​​​ក្រោយ​​​​​​​​​​​​​​​​​ និង​​​បើកទូលាយ​​​​​​​​​ឲ្យ​​​សាធារណជន​​​បាន​​​ដឹង និង​​​ផ្តល់​​​ព័ត៌​​​មាន​​​លម្អិត​​​បន្ថែម​​​ទៀត​​​អំពីថ​​​វិកា។

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មាន​​​សំឡេង​​​ភាគ​​​ច្រើន​​​នៅ​​​ក្នុង​​​រដ្ឋ​​​សភា​​​ដោយ​​​មាន​​​៦៨​​​​​​អាសនៈ​​​ក្នុង​​​ចំណោម​​​អាសនៈ​​​ទាំង១២៣​​​នៃ​​​រដ្ឋ​​​សភា​​​ ហើយ​​​នឹង​​​អាច​​​អនុម័ត​​​ថវិកា​​​ឆ្នាំ​​​២០១៥ ដោយ​​​គ្មាន​​​ការ​​​តវ៉ា​​​។ លោក សុន ឆ័យ បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​ជា​​​ស្តង់​​​ដារ ដែល​​​គម្រោង​​​ថវិកា​​​ត្រូវ​​​​​​អនុម័ត​​​ដោយ​​​រដ្ឋ​​​សភា​​​មិន​​​លើស​​​ពី​​​​​​សប្តាហ៍​​​ទី​​​៣​​​នៃ​​​ខែ​​​ធ្នូ​​​៕សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស