26 C
Phnom Penh

សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំងគ្រោង​ចុះ​ទៅ​ពិនិត្យ​មើលការដ្ឋាន​​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​មិញ លោក​​​ ប៉ុល ហំម សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះជាតិ​​​បានមាន​​​ប្រសា​សន៍​​​ថា លោក​​​នឹង​​​ចុះទៅ​​​មើល​​​ការដ្ឋានគម្រោង​​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​នៅ​​​ថ្ងៃ​​​ច័ន្ទ ជា​​​មួយ​​​សហសេវិក​​​មក​​​ពី​​​គណៈកម្មការ​​​សភា​​​របស់​​​លោក​​​ មុន​​​ពេល​​​ពួក​​​គាត់​​ចោទ​​​សួរ​​​មន្ត្រី​​​រដ្ឋាភិបាល​​​អំពី​​​គម្រោង​​​ដ៏ចម្រូង​​​ចម្រាស​​​នេះនៅ​​​ចុង​​​ខែ​​​នេះ​​​។

ប្រសិន​​​បើ​​​សាង​​​សង់​​​មែន ទំនប់​​​វារី​​​អគ្គិសនី​​​ស្ទឹង​​​ឆាយ​​​អារ៉ែង កម្លាំង​​​១០៨​​​មេ​ហ្គា​វ៉ាត់​​​​​​នឹង​​​ធ្វើ​​​ឲ្យជន់​​​លិច​​​ដី​​រាប់​​​ពាន់​​​ហិកតា​​​នៅ​​​ក្នុង​​​តំបន់​​​ការ​ពារភ្នំ​​​ក្រវាញ​​​​​រួម​​​ទាំង​​​ជម្រក​​​សត្វ​​​ព្រៃ​​​សំខាន់​​​ៗ។

គម្រោង​​​នេះ​​​ត្រូវ​​​បាន​​​ជំទាស់​​​ដោយ​​​​​​អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ជង​​​រាប់​​​រយ​​​គ្រួសារ​​​ដែល​​​នឹង​​​ត្រូវ​​​បោះ​​​បង់​​​ដី​​​ដូន​​​តា​​​របស់​​​ខ្លួន​​​ ដើម្បី​​បើកផ្លូវ​​សម្រាប់​​​សាង​​​សង់​​​អាង​​​ស្តុក​​​ទឹក​​​ផង​​​ដែរ​​​។

រដ្ឋាភិបាល​​​អះ​​​អាង​​​ថា គម្រោង​​​នេះ​​​នឹង​​​​​​បន្ត​​​ ប្រសិនបើត្រូវ​​​បាន​​​បញ្ជាក់​ច្បាស់​លាស់​​​តាម​រយៈ​​​ការ​​​វាយ​​​តម្លៃ​​​ផល​​​ប៉ះពាល់​​​បរិស្ថាន​​​ និង​​​​​​សង្គម​​​​​​។ ប៉ុន្តែ អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ជង និង​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ដែល​​​ជួយ​​​ពួក​​​គាត់​​​ជឿ​​​ថា រដ្ឋាភិបាល​​​នឹង​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ការ​​​សាង​​​សង់​​​ដោយ​​​មិន​​​គិត​​​ដល់​​​​​​ការ​​​វាយ​​​តម្លៃជាអ្វី​​​នោះ​​​ឡើយ​​​។ ថ្មី​​​ៗនេះ​ក្រុម​​​ហ៊ុន​​​សា​ង​​​សង់​​​របស់​​​ចិន​​​​​​បាន​​​ប្រកាស​​​ថា ក្រុម​ហ៊ុន​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​សន្យា​​​ជាមួួ​​យ​​​ក្រុម​​​ហ៊ុន​​​ Sinohydro Resources របស់​​​ចិន​​​ដែល​​​នៅ​​​ពី​​​ក្រោយ​​​ការ​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​នេះ​​​រួច​​​ហើយ​​​។

លោក ប៉ុល ហំម ដែល​​​ជា​​​ប្រធាន​​​គណៈ​កម្មការ​​​បរិស្ថាន​​​ និង​​​អភិវឌ្ឍន៍​​​ជន​​​បទ​​​​​​ក្នុង​​​សភា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ផ្អែក​​​លើ​​​អ្វីដែល​​​យើង​​​ទទួល​​​បាន​​​ពី​​​អ្នក​​​ភូមិ​​​នៅ​​​ទី​​​នោះ យើង​​​មិន​​​ចង់​​​ឃើញ​​​គម្រោង​​​នេះ​​​​​​ដំណើរ​​​ការ​​​ទៅមុខ​​​ទេ ពីព្រោះ​​​វា​​​នឹង​​​ប៉ះពាល់​​​ដល់​​​បរិស្ថាន​​​ និ​​​ង​​​កសិកម្ម
និង​​​​​​វប្បធម៌​​​របស់​​​អ្នក​​​ភូមិ​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ក្នុង​​​នាម​​​គណៈកម្មការទី​​​៣​​​នៃ​​​រដ្ឋ​​​សភា យើង​​​ត្រូវ​​​តែ​​​ទៅ​​​ពិនិត្យ​​​មើល​​​កន្លែង​​​នោះ​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សមាជិក​​​គណៈ​កម្មការ​​​របស់​​​លោក​​​ទាំង​​​ប្រាំ​​​បួន​​​រូប ត្រូវ​​​បាន​​​អញ្ជើញ​​​ឲ្យ​ធ្វើដំណើរទៅ​​​​​​ផង​​​ដែរ ប៉ុន្តែ ឥឡូវ​​​នេះ​​​លោក​​​មិន​​​​​​ដឹង​​​ថា ពួក​​​គេ​​​ប៉ុន្មាន​​​នាក់​​​នឹង​​​ទៅ​​​ចូល​​​រួម​​​នោះ​​​ទេ​​​។

លោក​​​ ហ៊ូ ស្រីុ អនុ​​​ប្រធាន​​​គណៈកម្មការ​​​នេះ​​​ និង​​​ជា​​​សមាជិក​​​សភា​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុ​​​ជា​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ។

លោក ប៉ុល​​​ ហំម បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​សង្ឃឹម​​​ថា នឹង​​​ប្រើ​​​ប្រាស់​​​អ្វីក៏ដោយ​​​​ដែល​​​លោក​​​បាន​​​ដឹង​​​អំឡុង​​​​​​ការ​​​ចុះ​ទៅ​​​ពិនិត្យ​​​មើល​​​នោះ​​​​​​​​​ជម្រាប​​​ដល់​​​សម័យ​​​ប្រជុំ​​​សួរ​​-​​​ឆ្លើយ​​​តាម​​​ការ​​​គ្រោង​​​ទុក​​​របស់​​​គណៈកម្មការ​​​នេះ អំពី​​​គម្រោង​​​នេះ​​​ជា​​​មួយ​​​តំណាង​​​មក​​​ពី​​​ក្រសួង​​​បរិស្ថាន​​​ និង​​​ក្រសួងកសិកម្ម​​​ ដែល​​​គ្រោង​​​ធ្វើ​​​នៅ​​​ថ្ងៃ​​​ទី​​​២៤ និង​​​ទី​​​២៧​​​ ខែវិច្ឆិកា​​​។

លោក​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា បើ​​​ទោះ​​​ណា​​​ជា​​​មន្ត្រី​​​នៅ​​​ក្រសួង​​​ទាំង​​​ពីរ​​​បាន​​​និយាយដោយ​ផ្ទាល់មាត់ពី​​​​បំណង​​​របស់​​​ខ្លួន​​​ថា នឹង​​​បញ្ជូន​​​​​​តំណាង​​​របស់​​​ខ្លួន​​​ទៅ​​​ចូល​​​រួម​​​ប្រជុំ​​​ក៏​​​ដោយ ក៏​​​ពួក​​​គេ​​​មិន​​​ទាន់​​​បាន​​​​​​ធ្វើ​​​ជា​​​លាយ​​​លក្ខ​ណ៍​​​អក្សរ​​​នៅ​​ឡើយ​​​ដែរ​​​។

លោក សាយ​​​ សំអាល់ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​បរិស្ថាន​​​ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​ទទួល​​​បាន​​​សំណើ​​​របស់​​​គណៈកម្មការ​​​នេះ​​​ហើយ ហើយ​​​លោក​​​នឹង​​​គោរព​​​តាម​​​។ លោក​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា “ប្រសិន​បើ​​​យើង​​​ត្រូវ​​​បាន​​​កោះ​​​ហៅ​​​ យើង​​​ត្រូវ​​​តែ​​​ទៅ​​​”។

លោក​​​ សាយ​​​ សំអាល់ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ទេ ហើយ​​​បាន​​​បង្វែរ​​​សំណួរ​​​បន្ថែម​​​ទៅ​​​លោក​​​ សៅ សុភាព នាយ​​​ខុទ្ទកាល័យ​​​របស់​​​លោក​​​ដែល​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​។ លោក អ៊ុក រាប៊ុន​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​​​ក៏​​​មិន​​​អាច​ទាក់​​​ទង​​​បាន​​​ដែរ​​​។

លោក​​​ អិុន គង់ចិត្រ អ្នក​​​សម្រប​​​សម្រួល​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ប្រចាំ​​​ខេត្ត​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្វាគមន៍​​​ការ​​​ចុះ​​​ទៅ​​​ពិនិត្យ​​​មើល​​​របស់​​​លោក​​​ ប៉ុល​​​ ហំម។ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “វា​​​ជា​​​ការ​​​ល្អ​​​ចំពោះ​​​គាត់​​​ក្នុង​​​ការ​​​ចុះ​​​ទៅ​​​ទី​​​នោះ​​​ ពី​​​ព្រោះ​​​គាត់​​​អាច​​​សិក្សា និង​​​ស្វែង​​​យល់​​​ពីអ្វី​​​ដែល​​​កំពុង​​​តែ​​​បន្ត។ គាត់​​​នឹង​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​កាន់តែច្រើន​​​​ ដើម្បី​​​សួរសំណួរដល់​​​​រដ្ឋ​​​មន្ត្រី​​​ទាំង​​​នោះ​​​”៕សារុន​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស