32.9 C
Phnom Penh

សមាជិក​សភាជួប​ជាមួយ​គ្រួសារ​​ដែល​ជាប់ពាក់ព័ន្ធ​វិវាទ​ដីធ្លី​ដែលអូស​បន្លាយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈ​កម្មការ​សិទ្ធិមនុស្ស​រដ្ឋសភា​បាន​ចាប់​ផ្ដើម​​ជួប​ជា​លក្ខណៈ​បុគ្គល​​​ជាមួយអ្នកភូមិ​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លី​ដ៏អូស​បន្លាយ​មួយ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ដែលធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា ដំណើរ​ការ​នេះ​អាច​បង្ខំ​ឲ្យ​គ្រួសារ​មួយ​ចំនួន​ទទួល​យក​កញ្ចប់​សំណង​មិន​គ្រប់​គ្រាន់។

រយៈ​ពេល​១២​ឆ្នាំ​ចុង​ក្រោយ​នេះ គ្រួសារ​ជា​ច្រើន​មក​ពី​ភូមិ​ឡពាង​​ ក្នុង​ខេត្ត​កំពង់ឆ្នាំ​ង មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ KDC International របស់​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ជុំវិញ​ដី​ទំហំ​១៤៥​ហិកតា។

កាលពី​ម្សិលមិញ​លោក អេង ឆៃអា៊ង ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស និង​ជា​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ​បាន​ជួប​ជាមួយ​អ្នកភូមិ​ប្រាំមួយ​គ្រួសារ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ជា​ចំណាត់​ការ​ដែល​អ្នកស្រី អ៊ុំ សុភី តំណាង​អ្នកភូមិ​ឡពាង​ដែល​និយាយ​ឥត​សំចៃ​បាន​​លើក​ឡើង​​នោះ បាន​បង្ហាញ​ពី​គោល​បំណង​មិនល្អ​របស់​គណៈកម្មការ​នេះ​។

អ្នកស្រី សុភី បាន​និយាយ​ថា “គណៈកម្មការ​នេះ​ព្យាយាម​បំបែក​សហគមន៍​របស់​យើង ពីព្រោះ​ពួកគេ​បានទាក់​ទង​ និង​បាន​ជួប​ជាមួយ​ក្រុម​អ្នកភូមិ​ដោយ​សម្ងាត់ ហើយ​មិន​បាន​​ជូន​ដំណឹង​ដល់​ខ្ញុំ​ក្នុង​នាម​ជា​តំណាង​អ្នកភូមិ​ទេ​”។

ការ​ចោទ​ប្រកាន់​របស់​អ្នកស្រី​កើត​ឡើង​បន្ទាប់ពី​អ្នកភូមិ​៣៨​គ្រួសារ​បាន​យល់​ព្រម​ទទួល​យក​សំណង​ពី​ក្រុម​ហ៊ុន​ KDC កាលពី​ខែ​មីនា បន្ទាប់ពី​​ការ​បង្កើត​គណៈកម្មការ​ពិសេស​មួយ​​ដែល​មាន​ភារកិច្ច​ដោះ​ស្រាយ​វិវាទ​បុគ្គល​។ ក្នុង​ចំណោម​អ្នកភូមិ​ទាំង​នោះ អ្នកភូមិ​២៣​គ្រួសារ​​បាន​បន្ត​ដាក់​ពាក្យ​បណ្ដឹង​​ទៅ​តុលាការ ដើម្បី​ព្យាយាម​លែងទទួលស្គាល់​កិច្ច​ព្រម​ព្រៀង​នេះ ដោយ​លើក​ឡើង​ថា ពួកគាត់​ត្រូវ​បាន​ធ្វើ​ដោយ​ការ​បង្ខិត​បង្ខំ។

លោក អេង ឆៃអ៊ាង បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​អ្នកស្រី សុភី ដោយ​លើក​ឡើង​ថា លោក​គ្រាន់​តែ​ទៅ​ជួប​​អ្នកភូមិ​ទាំងនេះលក្ខណៈ​បុគ្គលដើម្បី​ចង់​ដឹង​ពី​ការ​ទាម​ទារ​របស់​ពួកគាត់​តែ​ប៉ុណ្ណោះ ដោយ​​​អ្នកភូមិ​១៦​គ្រួសារ​​មិន​ទាន់​ទទួល​យក​សំណង​​ណាមួយ​ពី​ក្រុម​ហ៊ុន​ KDC នៅឡើយ​។

លោក​បានមាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​មែន​មក​ពី​ក្រុម​ហ៊ុន​ទេ ហើយ​ខ្ញុំ​ក៏គ្មាន​បំណង​អាក្រក់​ដែរ​ ពីព្រោះ​ខ្ញុំ​​បើក​ចំហក្នុង​ការ​ជួប​ជាមួយ​អ្នកភូមិ​គ្រប់គ្រួសារ​ទាំង​អស់​ដើម្បី​ខ្ញុំ​អាច​ស្វែង​យល់​ពី​តម្រូវ​ការ​របស់​​ពួកគាត់​ ដោយ​សារ​ពួកគាត់​ម្នាក់ៗ​ពេញ​ចិត្ត​ជម្រើស​ផ្សេង​ៗ​គ្នា”។

អ្នកស្រី ស៊ុំ ថុន អាយុ​៦២​ឆ្នាំ​ដែល​បាន​ចោទ​ក្រុម​ហ៊ុន​ KDC ថា​បាន​រំលោភ​យក​ដី​របស់​គាត់​ទំហំ​៣ហិកតា នៅ​​ក្នុង​ឃុំតាជេស​បាន​ជួប​ជាមួយ​លោក អេង ឆៃអ៊ាង កាលពី​ម្សិលមិញ​ ជា​អ្វី​ដែល​​គាត់​លើក​ឡើង​ថា ជា​បរិយាកាស​ដ៏រាក់​ទាក់​។

អ្នកស្រី​បាន​និយាយ​ថា “បរិយាកាស​ខុស​គ្នា​ទាំង​ស្រុង​។ យើង​ស្ថិត​នៅ​ក្រោម​ការ​គាប​សង្កត់​នៅ​ពេល​ជួប​​ជាមួយ​អ្នក​ស្រី ជា ខេង ឲ្យ​ទទួល​យក​ប្រាក់​សំណង​តិច​តួច ដោយ​លើក​ឡើង​ថា យើង​មិន​មាន​ក្រដាសស្នាម​​ដើម្បី​បង្ហាញ​ពី​កម្មសិទ្ធិ​លើ​ដីនេះ​”។

អ្នកស្រី ថុន ដែល​បាន​ច្រាន​ចោល​សំណើ​ផ្ដល់​ប្រាក់សំណង​៦លាន​រៀល​ពី​ក្រុម​ហ៊ុន​នេះ​កាលពី​ដើម​ឆ្នាំ​នេះ បាន​និយាយ​ថា អ្នកស្រី​កំពុង​ជំរុញ​ឲ្យ​មាន​​កិច្ច​ព្រមព្រៀងដោះ​ដូរ​ដី ដែល​ក្នុង​នោះ​អ្នកស្រី​នឹង​​ដោះ​ដូរ​ដី​ដែល​មាន​​វិវាទ​នេះ​​ជាមួយ​ដី​នៅ​ជាប់គ្នានោះ។

អ្នកស្រី កុល វណ្ណា អាយុ​៥៦​ឆ្នាំ​ដែល​បាន​ទាមទារ​ប្រាក់​សំណង​២០.០០០ដុល្លារ​សម្រាប់​ដី​របស់​គាត់ ទំហំមួយ​ហិកតា​ក្នុង​ចំណោមដី​ទំហំ​៤ហិកតា​ដែល​គាត់​បាន​បាត់​បង់នោះ​ ក៏​បាន​លើកឡើង​នៅ​ក្នុង​ជំនួប​កាលពី​ម្សិលមិញ​​ផង​ដែរ​។ អ្នកស្រី​បាន​បន្ថែម​ថា “យើង​កាន់​តែ​ចាស់​ណាស់​ទៅ​ហើយ ហើយ​យើង​​​នឿយ​ហត់​ដោយ​ធ្វើ​ការ​តវ៉ា​នៅ​តាម​ផ្លូវ​ ឬ​តស៊ូ​នៅ​តុលាការ​​ណាស់ ប៉ុន្តែ​យើង​នៅ​តែ​ទាម​ទារ​សំណង​សមរម្យ​ដដែល​”៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស