38.8 C
Phnom Penh

ក្រុម​ហ៊ុន​ឆ្នោត​ឡូតូ​ថ្មី​នឹង​ឈាន​ជើង​ចូល​ក្នុង​​ទីផ្សារ​ឆ្នោត​ឡូតូ​​ដែល​មិន​សូវ​រីក​ចម្រើន​ក្នុង​​ប្រទេស​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​នាយក​ប្រតិបត្តិ​​នៃ​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​​ក្រុម​ហ៊ុន​មេ​មួយ​នៅក្នុង​ទីក្រុង​ហុងកុង​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​មួយ​នៅ​ក្នុង​ទីក្រុង​ហុងកុង​​​កំពុង​សង្ឃឹម​ថា ​​​នឹង​ទាក់​ទាញ​ចំណែក​ទីផ្សារ​ដ៏ធំ​នៃ​ទីផ្សារ​ឆ្នោត​ឡូតូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​បើក​​កន្លែង​លក់​ឆ្នោត​​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ទូទាំង​ប្រទេស​នៅ​ខែ​ក្រោយ​។

យោង​តាម​លោក Phillip Wongនាយក​ប្រតិបត្តិ​​ក្រុម​ហ៊ុន ​Cambodian Mark 6 បាន​ឲ្យ​ដឹង​ថា​​ ក្រុម​ហ៊ុន ​EGame Solutions​ ជា​ក្រុម​ហ៊ុន​មេ​នៃ​ក្រុម​ហ៊ុន Cambodian Mark 6 ​បាន​បង្កើត​ការិយាល័យ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ដើម​ឆ្នាំ​នេះ​ដោយ​ប្រើ​យីហោ​ CM6​ ហើយ​សព្វ​ថ្ងៃ​កំពុង​តែ​បង្កើត​ការិយាល័យ​​ និង​​កន្លែង​លក់​ឆ្នោត​​មួយ​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះសីហនុ ដែល​នឹង​បើក​នៅ​ដំណាច់​ឆ្នាំ​នេះ។

លោក Wong បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​ CM6 ត្រូវ​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​នឹង​បើក​សាខា​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​សៀមរាប និង​ខេត្ត​បាត់​ដំបង​បន្ទាប់ពី​បើក​ការិយាល័យ​មេ​របស់​ខ្លួន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​រួច​។

លោក Wong បាន​លើក​ឡើង​បន្ថែម​ថា ក្រុម​ហ៊ុន​នេះ​គ្រោង​នឹង​លក់​ឆ្នោត​ឡូតូ​របស់​ខ្លួន​នៅ​តាម​កន្លែង​លក់​រាយ​ប្រមាណ​១.០០០​កន្លែង​នៅ​ទូ​ទាំង​ប្រទេស​។ លោក​បាន​បន្ថែម​ថា ក្រុម​ហ៊ុន​​ CM6 ក៏​នឹង​បង់​ពន្ធ​យ៉ាង​ទៀង​ទាត់​ឲ្យ​រដ្ឋាភិបាល​ផង​ដែរ​។

លោក​បាន​​មាន​ប្រសាសន៍​ថា “រឿង​សំខាន់​នោះ​គឺ ពលរដ្ឋគ្រប់​គ្នា​​​​នឹង​ទិញ​ឆ្នោត​ឡូតូ​ ហេតុដូច្នេះ​ក្រុម​ហ៊ុន​អាច​បង់​ពន្ធ​យ៉ាង​ច្រើន​ជូន​រដ្ឋាភិបាល​បាន​។ ជា​ការពិត​ការ​កើន​ឡើង​​នៃ​ប្រាក់​ចំណូល​សម្រាប់​រដ្ឋាភិបាល​គឺ​ជា​រឿង​ល្អ​”។

លោក រស់ ភិរម្យ អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ CM6 ត្រូវ​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ធ្វើ​ប្រតិបត្តិការ​ ប៉ុន្តែ​លោក​បាន​គូស​បញ្ជាក់​ថា ក្រុម​ហ៊ុន​ភាគ​ច្រើន​ដែល​វិនិយោគ​នៅ​ក្នុង​ទីផ្សារ​ឆ្នោត​ឡូតូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ក្ស័យ​ធន។

លោក​ ភិរម្យ បាន​មាន​ប្រសាសន៍​ថា ” នៅ​ពេល​ចាប់​ផ្ដើម​ ប្រហែល​ជា​ក្នុង​ឆ្នាំ​​២០០៥​ មាន​ក្រុម​ហ៊ុន​​ប្រហែល​ពី​៤០​ទៅ​៥០​។ ប៉ុន្តែ​ក្រុម​ហ៊ុន​ទាំង​នេះ​បាន​ក្ស័យធន​ម្ដង​មួយៗ​​ ដោយ​សារ​​​ជំនួញ​នេះ​​មានការ​រីក​ចម្រើន​យឺត​ពេក​។ ឥឡូវ​នេះ មាន​ក្រុម​ហ៊ុន​ត្រឹម​តែ​ប្រាំ​ប៉ុណ្ណោះ​។ ប្រហែល​ជា​ពលរដ្ឋខ្មែរ​​មិន​ចូល​ចិត្ត​​លេង​​ឆ្នោត​ឡូតូ​ ឬក៏អ្វី​ដូច​នេះ​​ហើយ​មើល​ទៅ”។

អ្នកនាំពាក្យ​រូប​នេះ​​​ក៏​បាន​លើក​ឡើង​ដែរ​ថា លោក​​មិន​សូវ​ជា​រំពឹង​ប្រាក់​ចំណូល​ពន្ធ​ដែល​បាន​ពី​ក្រុម​ហ៊ុន​ថ្មី​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ក្រម​ហ៊ុន​មួយ​ចំនួន​បាន​បង់​ពន្ធ​តិច​តួច​ណាស់​។ ក្នុង​ចំណោម​ក្រុម​ហ៊ុន​ឆ្នោត​ឡូតូ​​ទាំង​​ប្រាំ​នេះ​ ពួកគេ​​បាន​បង់​ពន្ធ​​ត្រឹម​តែ​ប្រហែល​៥០លានរៀល [១២.៣០០ដុល្លារ​] ប៉ុណ្ណោះ​។ វាគឺ​ជា​ជំនួញ​ដ៏តូច​ខ្លាំង​ណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​”។

លោក​ ស្រី ចន្ធី អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​ម្នាក់​បាន​លើក​ឡើង​ថា ការ​លេង​ឆ្នោត​ភាគច្រើន​គឺ​មាន​តែ​អ្នក​ក្រ​ដែល​ចាក់​​តិច​ៗ​ប៉ុណ្ណោះ​ដែល​លេង​​។ លោក​បាន​មាន​ប្រសាសន៍​ថា “ហេតុផល​នោះ​គឺ​ថា ទី១​ពួកគាត់​មិន​សូវ​ជា​ចាប់​អារម្មណ៍​ខ្លាំង​នោះ​ទេ ហើយ​ទី២​​ពួកគាត់​គិត​ថា ពួកគាត់​នឹង​មិន​ឈ្នះ​អ្វី​ឡើយ​”៕ ស៊ុយឈាង

(រាយការណ៍​បន្ថែម​ដោយ កង សុធា)​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស