30 C
Phnom Penh

សកម្មជន​ព្រៃឡង់​​ឃាត់​រថយន្ត​​ដឹកឈើកាត់​តាម​ព្រៃការ​ពារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នកភូមិ​ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សកម្មជន​បរិស្ថាន​ប្រហែល​៦០​នាក់​នៅ​ក្នុង​ខេត្ត​កំពង់ធំ​បាន​ឃាត់​រថយន្ត​មួយ​គ្រឿង ដែល​ដឹក​​ឈើ​​ជាង​១០​ម៉ែត្រគូប​កាត់​តាម​ព្រៃឡង់​កាលពី​យប់​ថ្ងៃ​អាទិត្យ​ មុន​ពេល​ប្រគល់​ឈើ​​ប្រភេទ​លេខ​២ និង​អ្នកជួញដូរ​ដែល​ជាប់សង្ស័យ​ទៅ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​។

លោក ស៊ឹម គឹមសន ដែល​ឃ្លាំ​មើល​ស្រុក​សណ្ដាន់​តាង​នាម​បណ្ដាញ​​ប្រជា​ពល​រដ្ឋ​ព្រៃឡង់ ជា​ក្រុម​សកម្មជន​ដែល​បូជា​កម្លាំង​កាយចិត្តការ​ពារ​ព្រៃ​ឈើមិន​ឲ្យ​មាន​ការ​កាប់​ខុស​ច្បាប់​បាន​មាន​ប្រសាសន៍​ថា ក្រុម​នេះ​បាន​ឃាត់​រថយន្ត​នេះនៅ​ក្នុង​ឃុំ​មានរិទ្ធិ​នៅ​ម៉ោង​៨យប់។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​​បាន​សួរ​មនុស្ស​ប្រាំ​នាក់​នៅក្នុង​រ​ថយន្ត​នោះ​​ ថា​តើ​​​ពួកគេ​​ដឹក​ឈើទៅណា ហើយ​ពួកគេ​បាន​និយាយ​ថា ពួកគេ​ដឹក​ឈើ​នេះ​ទៅ​ខេត្ត​កំពង់​ចាម។ យើង​បាន​ទូរស័ព្ទ​ទៅ​នាយ​​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​​​​​សណ្ដាន់​ឲ្យ​មក​យក​រថយន្ត​នេះ​នៅ​យប់​ថ្ងៃ​ដដែល​”។

លោក ឈឹម សាខឿន ​នាយខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​បាន​បញ្ជាក់​ថា​ លោក​បាន​ឃាត់​រថយន្ត​នេះ​ ហើយ​បាន​រឹប​អូស​ឈើ​មាន​ឈើ​ទាល និង​ឈើ​ផ្ដៀក​អារ​ប្រវែង​៦ទៅ​៧ម៉ែត្រ​ចំនួន​១២​ម៉ែត្រគូប ប៉ុន្តែ​បាន​លើក​ឡើង​ថា មាន​បុរស​​ពីរ​នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​រថយន្ត​​នៅពេលត្រូវបាន​​ឃាត់​..គឺ​អ្នកបើក​បរ​ឈ្មោះ ម៉ាល ពឿន អាយុ​៦២​ឆ្នាំ និង​កូនប្រុស​របស់​គាត់​ដែល​លោក​មិន​ស្គាល់​ឈ្មោះ​។

លោក​ សាខឿន បាន​មាន​ប្រសាសន៍​ថា បុរស​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​សាក​សួរ​នៅ​ការិ​យា​ល័យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ប៉ុន្តែ​​​បាន​ដោះ​លែង​វិញនៅ​យប់​ដដែល​នោះ ពីព្រោះ​លោក ពឿន អះអាង​ថា លោក​​ត្រូវឡើង​តុលាការ​នៅ​ថ្ងៃ​បន្ទាប់​ចំពោះ​ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត។

លោក​បាន​មាន​ប្រសាសន៍​ថា “តាមពិត​ យើង​មិន​ត្រូវ​បណ្ដោយ​ឲ្យពួកគេ​ត្រឡប់​​ទៅ​ផ្ទះ​វិញ​ទេ ប៉ុន្តែ​ពួកគេ​បាន​ប្រាប់​យើង​ថា [លោក ពឿន] នឹង​ឡើង​តុលាការ​ ដូច្នេះ​យើង​អនុញ្ញាត​ឲ្យ​ពួកគេ​​ទៅ ពីព្រោះ​ឥឡូវ​នេះ​យើង​ស្គាល់​អត្តសញ្ញាណ​របស់​ពួកគេ​ហើយ​”។​​ លោក សាខឿន ​បាន​មាន​​ប្រសាសន៍​ថា លោក​ ពឿន អះអាង​ថា គាត់​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ដឹក​ឈើ​នេះ​ពី​លោក អ៊ុច សំអន អភិបាល​ខេត្ត​។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​បាន​ឃើញលិខិត​អនុញ្ញាត​ទេ ប៉ុន្តែ​ចៅហ្វាយ​របស់​ខ្ញុំ [លោក ទេព យាតា នាយខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត​្ត​កំពង់ធំ] ​បាន​ប្រាប់​ខ្ញុំ​ថា ​លោកអភិបាល​ខេត្ត​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​​អនុញ្ញាត​ឲ្យ​អ្នក​បើក​បរ​រថយន្ត​រូប​នេះដឹកឈើ​ដើម្បី​សាង​សង់​ផ្ទះ”។​លោក សាខឿន បាន​បន្ថែម​ថា អ្នក​ទាំង​​ពីរ​នឹង​ត្រូវ​កោះ​ហៅ​ឡើងវិញ​ ប្រសិន​បើ​ឈើ​ដែល​ពួកគាត់​ដឹក​នេះ​ត្រូវ​ចាត់​ថា ដោយ​មធ្យោបាយ​​ខុស​ច្បាប់។ គេ​មិន​អាច​ទាក់​ទង​លោក អ៊ុច សំអន បាន​ទេ​៕ សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស