28 C
Phnom Penh

អាជ្ញាធរ​និង​សហគមន៍មិន​ទាន់មាន​ដំណោះស្រាយ​ក្នុង​ពេលដែល​ការ​កំណត់​បណ្តេញចេញ​ជិត​មក​ដល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​ថា អាជ្ញាធរ​បាន​បោះ​ជំរំ​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​នៅ​ជិត​តំបន់​ទឹក​ធ្លាក់ នៅ​ជាយ​ក្រុង​ព្រះសីហនុ​ ជាទី​ពេញ​និយមរបស់​ទេសចរ មុន​កាល​កំណត់​ថ្ងៃ​អង្គារ​មក​ដល់​សម្រាប់​សហគមន៍​មួយ​ដែល​កំពុង​រស់​នៅ​លើ​ដី​រដ្ឋ ត្រូវចាក​ចេញពី​តំបន់​នោះ។​​​

ដឹកនាំ​ដោយ​លោក ស៊្រុន ស៊្រួន អភិបាល​រង​ខេត្ត​ព្រះសីហនុ ប៉ូលិស កងរាជ​អាវុធ​ហត្ថ ទាហាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​​រាប់​សិប​នាក់ បាន​ចុះ​ទៅ​កាន់​តំបន់​ខាងលើ​ទឹកធ្លាក់​ក្បាលឆាយ ដែល​អាជ្ញាធរ​និយាយ​ថា ផ្ទះ​ខ្ទម​ប្រហែល​៤០​ទើប​សង់​ថ្មីៗ​នៅ​ជិត​ផ្ទះ​ខ្ទម​៩៩​ផ្សេងទៀត​ដែល​មាន​នៅ​ទីនោះ​ស្រាប់ ហើយដែល​ផ្ទះ​ទាំង​អស់​គឺ​សុទ្ធតែ​សង់​ខុស​ច្បាប់។

លោក ស៊្រួន បាន​មាន​ប្រសាសន៍​ថា “ថ្នាក់​ខេត្ត​បាន​បញ្ជូន​កម្លាំង​ជាង​៣០​នាក់​…​ដើម្បី​រារាំង​ពលរដ្ឋ​ទាំង​នោះ​កុំ​ឲ្យ​សង់​ផ្ទះ​ខុស​ច្បាប់​នៅ​លើ​ដី​នោះ”។

លោក​មិន​បាន​ប្រាប់​ឲ្យ​ដឹង​អំពី​វិធាន​ការ​ដែល​កម្លាំង​ចម្រុះ​នេះ​អាច​ប្រើ​លើ​ពលរដ្ឋ​នោះ​ទេ តែ​លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​មើល​សេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃទី​៣​ខែ​វិច្ឆិកា​របស់​អភិបាល​ខេត្ត ឈិត សុខន ដែល​ឲ្យ​គ្រួសារ​ដែល​ចូល​មក​នៅ​ក្នុង​តំបន់​នេះ​ក្រោយ​ថ្ងៃ​២៥​មិថុនា ត្រូវ​ចាក​ចេញ​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍។

លោក ស៊្រួន បាន​និយាយ​ថា “មួយ​សប្តាហ៍​នោះ​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​៤​ខែ​វិច្ឆិកា អ្នក​អាច​រាប់​ឃើញ​៧​ថ្ងៃ”។

អភិបាល​រង​ខេត្ត​រូបនេះ​បាន​ឲ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​បាន​កំណត់​ពេល​ត្រឹម​ថ្ងៃ​ទី​២៥​ខែ​មិថុនា ដើម្បី​ធ្វើ​ការ​ញែក “ប្រជាជន​ចាស់”​ពី​”ប្រជាជន​ថ្មី” ដោយ​លោក​និយាយ​ថា ប្រជាជន​ថ្មី​ជា​ឈ្មួញ​កណ្តាល​ស្វះស្វែង​រក​ដី​ថ្លៃ​សម្រាប់​លក់​ឲ្យ​អ្នក​ដទៃ​ទៀត។

លោក ស៊្រួន បាន​និយាយ​ថា រដ្ឋាភិបាល​បាន​សន្យា​ផ្លាស់​ទីកន្លែង​”ប្រជាជន​ចាស់”​ទៅ​ដី​ក្នុង​ខណ្ឌ​ស្ទឹង​ហាវ។

លោក​បាន​ឲ្យ​ដឹង​ថា “ប្រជាជន​ថ្មីមិនមែន​ជា​អ្នក​ក្រីក្រ​ពិត​ប្រាកដ​នោះ​ទេ។ គេ​បញ្ជូន​ពួកគាត់​មក​ដើម្បី​ចាប់​ដី​ឲ្យ​ពួក​អ្នក​មាន ដើម្បី​ឲ្យ​គេ​អាច​លក់​ដី​នោះ​នៅ​ពេល​ក្រោយ”។

កាលពី​ថ្ងៃ​ទី​១​ខែ​វិច្ឆិកា សមាជិក​សហគមន៍​ក្បាលឆាយ​បាន​ដុត​កង់ឡាន​កណ្តាល​ផ្លូវ​ជាតិ​លេខ​៤ ដើម្បី​តវ៉ាប្រឆាំង​នឹង​ការ​បំផ្លាញ​ផ្ទះ​៨​ខ្នង​ពី​សំណាក់​ប៉ូលិស​និង​កម្លាំង​រាជ​អាវុធហត្ថ​នៅ​ថ្ងៃ​នោះ។ អាជ្ញាធរ​បាន​ផ្អាក​ប្រតិបត្តិការ​បន្ទាប់ពី​ប្រជាជន​ផ្ទុះ​កំហឹង​ខ្លាំង​ឡើង ជា​ហេតុ​បណ្តាល​ឲ្យពួកគេ​បារម្ភ​ដល់​សុវត្ថិភាព​របស់​ខ្លួន។

ទឹក​ធ្លាក់​ក្បាល​ឆាយ​ជា​ប្រភព​ទឹក​ធ្លាក់​មួយ​កន្លែង​ក្នុង​ចំណោម​២​កន្លែង​គត់​ដែល​ផ្គត់​ផ្គង់​ទឹក​សាប​ដល់​ទី​ក្រុង​ព្រះ​សីហនុ ដែល​មាន​ផ្នែក​ខ្លះ​នៃ​ទីក្រុង​នេះ​បាន​ជួប​នឹង​ការ​ខ្វះ​ទឹក​រយៈ​ពេល​៥​ថ្ងៃ​កាលពី​ខែ​មេសា​ឆ្នាំ​កន្លង​ទៅ ក្នុង​ពេល​ដែលប្រភព​ទឹក​ធ្លាក់​ទី​២ គឺ ព្រែកទប់ បាន​រីង​ស្ងួត​អស់​រលីង។

លោក ឈិត សុផាត ចៅសង្កាត់១ បាន​និយាយ​ថា ខ្ទម​ថ្មី​២​បាន​សង់​ថ្មីៗ​កាលពី​ថ្ងៃ​អាទិត្យ ហើយ​ថា សហគមន៍​ដែល​កំពុង​រីក​ធំ​នេះ កំពុង​បង្ក​ហានិភ័យ​ដល់​ការ​ផ្គត់ផ្គង់​ទឹក​នៅទី​ក្រុង​នេះ។

លោក សុផាត បាន​និយាយ​ថា អនុក្រឹត្យ​ឆ្នាំ​១៩៩៧​បាន​ការពារ​តំបន់​ទឹក​ធ្លាក់​នេះ និង​តំបន់​ជុំវិញ​មាន​ផ្ទៃ​ដី​៦.០០០​ហិកតា​ ដែល​រដ្ឋាភិបាល​ដាំ​ដើម​អាកាស្យា។

លោក​បាន​ឲ្យ​ដឹង​ថា “យើង​ត្រូវ​ទប់​ស្កាត់​ប្រជាជន​ទាំង​នេះ​មិន​ឲ្យ​សង់​ខ្ទម​ខុស​ច្បាប់ និង​រាន​ដី​ព្រៃ​ខុស​ច្បាប់ ពីព្រោះ​តំបន់​នេះ​សំខាន់​ណាស់​ចំពោះ​ការ​ផ្គត់ផ្គង់​ទឹក​សាប​ដល់​ក្រុង​ព្រះ​សីហនុ”។

លោក​ស្រី ជៀប សុធារី អ្នក​សម្រប​សម្រួល​ថ្នាក់​ខេត្ត​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​និយាយ​ថា ការ​មក​ដល់​របស់​អាជ្ញាធរ​ប្រដាប់​អាវុធ​កាលពី​ថ្ងៃ​ច័ន្ទ ជា​សញ្ញា​ដ៏​ខ្លាំង​មួយ​ទៀត​បញ្ជាក់​ថា ការ​បណ្តេញ​ចេញ​នឹង​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​នេះ។

ដោយ​ប្រមាណ​ថា កម្លាំង​មាន​ចំនួន​ប្រហែល​៦០​នាក់ លោក​ស្រី​បាន​និយាយ​ថា “នេះ​ជា​លើក​ដំបូង​ហើយ ដែល​អាជ្ញាធរ​បញ្ជូន​ទាហាន​មក​ឃាត់​ប្រជាពលរដ្ឋ​នៅ​ក្បាលឆាយ។ ខ្ញុំ​បាន​មើល​ពួកគេ​បោះ​ជំរំ​របស់​ពួកគេ​ប្រចាំការ​នៅ​ទី​នោះ”។

ប៉ុន្តែ​ពេល​ដែល​លោកស្រី សុធារី បាន​និយាយ​ថា លោកស្រី បាន​ទទូច​អង្វរ​អាជ្ញាធរ​ឲ្យ​ជៀសវាង​ការ​ប្រើ​អំពើ​ហិង្សា លោក​ស្រី​បាន​ទទួល​ស្គាល់​ថា ក្រុម​អ្នក​ភូមិ​មិន​មាន​សិទ្ធិ​កាន់កាប់​ស្រប​ច្បាប់​លើ​ដី​នោះ​ទេ។

លោកស្រី​បាន​បន្ថែម​ថា “តាម​ច្បាប់ យើង​មិន​អាច​ជួយ​ពួកគាត់​បាន​ឡើយ ត្បិត​ពួកគាត់​បាន​ទៅ​រស់​នៅ​ទីនោះ​ដោយ​ខុស​ច្បាប់​…​គ្មាន​ឯកសារ​អ្វី​ឡើយ”។

លោក លុន សុទិន អាយុ​៣២​ឆ្នាំ ដែល​ជា​ប្រជាជន​ចាស់​ បាន​និយាយ​ថា លោក​បាន​រស់​នៅ​ក្បាល​ឆាយ​នេះ​តាំងពី​ឆ្នាំ​២០១០ ដែល​ពេល​នោះ​លោក​បាន​ទិញ​ដី​ពី​ទាហាន​ម្នាក់។ លោក​បាន​ឲ្យ​ដឹង​ថា ប្រជាជន​ជាច្រើន​នាក់​ក៏​បាន​ទិញ​ដី​ពី​ទាហាន​នៅ​ពេល​នោះ​ដែរ ហើយ​ថា បន្ទាប់មក​អ្នកទិញ​មួយ​ចំនួន​បាន​លក់​ដី​របស់​ពួកគេ​បន្ត​ទៀត។

លោក សុទិន បាន​បន្ថែម​ថា “ខ្ញុំ​បាន​ទិញ​ដី​ពី​ទាហាន​ក្នុង​តម្លៃ​៥០០​ដុល្លារ ប៉ុន្តែ​ខ្ញុំ​មិនមាន​លិខិត​បញ្ជាក់​ទេ ពីព្រោះ​វាជា​កិច្ច​សន្យា​ដោយ​ឥត​មាន​លាយ​លក្ខណ៍​អក្សរ​ទេ”។

លោក​បាន​ឲ្យ​ដឹង​ថា “យើង​ដឹង​ថា [រស់នៅ​ទីនេះ]វា​ខុស​ច្បាប់ ប៉ុន្តែ យើង​ក្រីក្រ ដូច្នេះ​យើង​ក៏​ប្រថុយ​ប្រថាន​ទៅ​នៅ​ទី​នោះ”។

“ប្រសិនបើ​អាជ្ញាធរ​ដេញ​យើង​ដោយ​ហិង្សា យើង​ក៏​នឹង​ប្រើ​ហិង្សា​ទៅលើ​អាជ្ញាធរ​វិញ​ដែរ”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស