29 C
Phnom Penh

អ្នក​នាំពាក្យ​រដ្ឋសភា៖ រដ្ឋាភិបាល​ប្រហែលជា​ពិចារណា​បង្កើត​ច្បាប់​ទប់ស្កាត់​បក្ខពួកនិយម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ឈាង វុន អ្នក​នាំពាក្យ​​រដ្ឋសភា​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​​អាច​ពិចារណា​បង្កើត​ច្បាប់​ជាក់​លាក់​​ដើម្បី​ទប់​ស្កាត់​​បក្ខពួក​និយម​នៅ​ក្នុង​វិស័យ​សាធារណៈ​​ ប្រសិន​បើ​នរណា​ម្នាក់​អាច​បង្ហាញ​ថា មាន​ច្បាប់​ស្រដៀង​គ្នា​​នៅ​ក្នុង​ប្រទេស​ដទៃទៀត​។cam-photo-chheang-vun

បន្ទាប់ពី​មាន​ពាក្យ​បណ្ដឹង​​របស់​លោក​ សុន ឆ័យ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ខែ​មុន លោក ឈាង វុន សមាជិក​សភា​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​សៅរ៍​ថា រដ្ឋបាល​​ជាន់​ខ្ពស់​នៅ​ក្នុង​​សភា​​​មិន​​អាចត្រូវ​បាន​​ស៊ើបអង្កេត​ចំពោះការ​ចោទ​ប្រកាន់ដែលថា ​ផ្តល់​ការ​ងារ​នៅ​ក្នុង​សភា​​ដល់​​សមាជិក​គ្រួសារ​ជា​ច្រើនរបស់ខ្លួនបាន​​ទេ ពីព្រោះ​មិន​​​មាន​ច្បាប់​​​ដែលមានស្រាប់​ទប់​ស្កាត់​បក្ខពួក​និយមឡើយ។

និយាយ​ទៅ​កាន់​​អ្នក​យក​ព័ត៌មាន​ប្រហែល​២០​នាក់​​​នៅ​សន្និសីទ​កាសែត​ក្រៅ​ផ្លូវ​ការ​ខ្លី​មួយ​នៅ​​ការិយាល័យ​​របស់​លោក​ក្នុង​រដ្ឋសភា​កាលពី​ម្សិលមិញ លោក ឈាង វុន បាន​មាន​ប្រសាសន៍​ថា លោក​បើក​ចំហ​ចំពោះ​គំនិត​​បង្កើត​ច្បាប់​បែប​នេះ ប្រសិន​បើ​រក​ឃើញ​ពី​ដើម​ចមថាមាន​​នៅ​ក្នុង​ប្រទេស​ដទៃទៀត​។

លោក ឈាង វុន បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​​ពិនិត្យ​មើលនៅក្នុង​​ពិភព​លោក ហើយ​ខ្ញុំ​ឃើញ​ថា មិន​ទាន់​មាន​ច្បាប់​បែប​នេះ​ទេ។ ប្រសិន​បើ​មាន​ សូម​យក​វា​មក​ឲ្យ​ខ្ញុំ​ ពីព្រោះ​ខ្ញុំ​ចង់​ប្រើ​ច្បាប់​នេះជា​​គំរូ។ ខ្ញុំ​មិន​បាន​និយាយ​ថា ខ្ញុំ​នឹង​មិន​ធ្វើវានោះទេ។ ខ្ញុំចង់​អាន​ច្បាប់​នេះ​​ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ស្នើ​ច្បាប់​នេះ​។ ប្រសិន​បើ​​អ្នក​សួរ​អំពី​គំនិត​របស់​ខ្ញុំ ខ្ញុំ​ចង់​ឲ្យ​មាន​ច្បាប់​នេះ​សម្រាប់​​​ប្រើ​នាពេល​អនាគត”។

លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​​បាន​ដឹក​នាំ​យុទ្ធនាការ​ស៊ើប​អង្កេត​​ថា តើ​​សមាជិក​ក្រុម​គ្រួសារ​យ៉ា​ងតិច​ប្រាំពីរនាក់​របស់​លោក មិត្ត ការ៉េន អគ្គ​លេខា​ធិការ​រង​រដ្ឋសភា​​មាន​តួនាទី​នៅ​ក្នុង​សភាដោយ​របៀបណា​។

លោក ការ៉េន បាន​ទទួល​ស្គាល់​ថា សមាជិក​ក្រុម​គ្រួសារ​របស់​លោក​​​ ​មាន​កូនស្រី​របស់​លោក កូនប្រសា​របស់​លោក​បម្រើ​ការ​ងារ​ជា​ប្រធាន​នាយក​ដ្ឋាននៅ​ក្នុង​រដ្ឋសភា​ រួម​មាន​នាយក​ដ្ឋាន​ហិរញ្ញវត្ថុ និង​សវនកម្ម ប៉ុន្តែ​បាន​អះអាង​ថា ពួកគេ​ទទួល​បានការ​ងារ​តាម​រយៈ​គុណសម្បត្តិ​របស់​ខ្លួន​ទេ។

លោក សុន ឆ័យ ដែល​មិន​អាច​ទាក់​ទង​សុំអត្ថាធិប្បាយ​បាន​កាលពី​ម្សិលមិញ​​​បាន​និយាយ​ថា ​សាច់​ញាតិ​​របស់​លោក ការ៉េន ទាំងអស់​​គួរត្រូវ​បញ្ឈប់ពីការ​ងារភ្លាម​​​ដែល​លោក​លើក​ឡើង​ថា ​ច្បាប់​​​ប្រឆាំង​​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​កម្ពុជា​គួរតែ​អនុញ្ញាត។

នៅ​សន្និសីទ​កាសែត​ខ្លី​របស់​លោក លោក ឈាង វុន បាន​មាន​ប្រសាសន៍​ថា លោកក៏​នឹង​និយាយជាមួយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​អំពី​តម្រូវ​ការដើម្បី​​កាត់​បន្ថយ​ចំនួន​​មន្ត្រី​ដែល​​​ធ្វើ​ការ​ក្នុង​រដ្ឋសភា​ផង​ដែរ​​។

លោក ឈាង វុន បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​​មាន​មន្ត្រី​​ចំនួន​១.៣៤០​នាក់​​បម្រើ​ការ​ក្នុង​តួនាទី​រដ្ឋបាល​នៅ​​រដ្ឋសភា​ ជា​តួលេខ​ដែល​លោក​ទទួល​ស្គាល់​ថា ខ្ពស់​មិន​គួរ​ឲ្យ​ជឿ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​នឹង​ស្នើ​ឲ្យ​​សម្ដេច​ប្រធាន​ [ហេង សំរិន] ​រក​មធ្យោបាយ​ដោះ​ស្រាយ​បញ្ហា​នេះ។ យើង​ដឹង​ថា មន្ត្រី​​ទាំង​អស់​នេះ​មិន​អាច​​ផ្ដល់​សេវា​កម្ម​សាធារណៈ​​ល្អ​ពេញ​លេញ​ឡើយ​”។

លោក ឈាង វុន បាន​មាន​ប្រសាសន៍ថា បុគ្គលិក​ប្រហែល​២០០​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ​អំឡុង​អាណត្តិ​មុន​ ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ផ្ទាល់​របស់​លោក​ដើម្បី​លុប​បំបាត់​បុគ្គ​លិក​​​មួយ​ចំនួន​​នៅក្នុង​សភា។

លោក​បាន​មាន​ប្រសាសន៍​ថា សភា​គួរ​​ពិនិត្យ​មើល​ឲ្យ​បាន​ហ្មត់​ចត់​​ដើម្បី​ដក​ចេញ​មន្ត្រី​មួយ​ចំនួន​ក្នុង​ចំណោម​មន្ត្រី​ទាំង​១.៣៤០​នាក់​ ដែល​គ្រាន់​តែ​​បើក​ប្រាក់​ខែ​ដោយ​មិន​បាន​ធ្វើ​ការ​ងាររបស់ខ្លួន​​ហ្មត់​ចត់​។​​ ​លោក​បាន​មាន​ប្រសាសន៍​ថា “តាម​យោបល់​របស់​ខ្ញុំ​គឺ​ថា យើង​ជ្រើស​រើស​អ្នក​ដែល​មាន​គុណសម្បត្តិ​មិន​សូវ​ល្អ ហើយ​បន្ទាប់​មក​សុំ​ឲ្យ​ពួកគាត់​​ចេញ​ពី​រដ្ឋភា​ដោយ​ខ្លួន​ឯង ហើយ​រៀបចំ​កញ្ចប់​ហិរញ្ញវត្ថុ​សម្រាប់ពួក​គាត់​”។

លោក​បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​ពួកគាត់​ស្ម័គ្រ​ចិត្ត​ចេញ យើង​នឹង​ប្រាប់​ពួកគាត់​ថា តាម​គោល​ការណ៍អ្នក​ទទួល​បាន​ប្រាក់ក្នុង​​ចំនួន​នេះ​​។ យើង​ផ្ដល់​ឲ្យ​ពួកគាត់​២.០០០​ឬ​៣.០០០​ដុល្លារ​ដើម្បី​បើក​អាជីវកម្ម​ណាមួយ​​ដែល​​ពួកគាត់ចង់​។ ​ប្រសិន​បើ​អាច​ ​ ខ្ញុំ​ជឿ​ថា មន្ត្រី​មួយ​ចំនួន​នឹង​ចេញ​”៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស