34 C
Phnom Penh

មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មួយ​​​រូប​​​ទៀត​​​ត្រូវ​​​​​​ចាប់ខ្លួន​​​​​​ជុំ​​​វិញ​​​ករណី​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​កាល​​​ពី​​​ខែ​​​កក្កដា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​សំខាន់​​​មួយ​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​ត្រូវ​​​តុលាការ​​​ចេញ​​​ដីកា​​​ឲ្យ​​​ចូល​​​​​​បំភ្លឺ​​​ជុំ​​​វិញ​​​ការ​​​ពាក់​​​ព័ន្ធ​​​របស់​​​លោក​​​នៅ​​​ក្នុង​​​ហេតុ​​​ការណ៍​​​ប៉ះ​​​ទង្គិច​​​គ្នា​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥​​​ខែកក្កដា នៅ​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យនោះ​​​ ​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ ខណៈ​​​កំពុង​​​បើក​​​បរ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ខ្លួន​​​ទៅ​​​ពន្ធ​​​នាគារ​​​កាល​​​ពី​​​ម្សិលមិញ​​​ នេះ​​​បើ​​​យោង​​​តាមការ​​​លើក​​​ឡើង​​​របស់​​​​​​មន្ត្រី​​​នគរ​​​បាល​​​ និង​​​មេធាវី​​​របស់​​​លោក​​​។sovannara

លោក​​​ មាជ សុវណ្ណារ៉ា ដែល​​​បាន​​​ឈរ​​​ឈ្មោះ​​​ជា​​​បេក្ខ​​​ភាព​​​តំណាង​​​រាស្ត្រ​​​មណ្ឌល​​​បន្ទាយ​​​មាន​​​ជ័យ​​​តំណាង​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​កាល​​​ពី​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៣ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន ខណៈ​​​កំពុង​​​អង្គុយ​​​នៅ​​​កៅអី​​​ក្រោយ​​​នៃ​​​រថយន្ត​​​របស់​​​លោក បន្ទាប់​​​ពី​​​នគរ​​​បាល​​​បាន​​​ឃាត់​​​រថយន្ត​​​​​​លោក​​​នៅ​​​តាម​​​បណ្តោយ​​​មហាវិថី​​​ព្រះ​​​នរោត្តម ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ជិត​​​ធនាគារ​​​ជាតិ​​​។

រូបភាព​​​វីដេអូ​​​បាន​​​បង្ហាញ​​​ពី​​​សកម្ម​​​ភាព​​​មន្ត្រី​​​នគរ​​​បាល​​​ស្លៀក​​​ពាក់​​​ឯកសណ្ឋាន​​​មួយ​​​រូប​​​អាន​​​ដីកា​​​ចាប់ខ្លួន​​​ឲ្យ​​​​​​លោក មាជ សុវណ្ណារ៉ា ​​​ដែល​​​ជា​​​អតីត​​​អ្នកកាសែត​​​វិទ្យុ​​​អាស៊ីសេរី​​​ស្តាប់​​​ មុន​​​ពេល​​​លោក​​​ មាជ សុវណ្ណារ៉ា ដើរ​​​ទៅ​​​កាន់​​​រថយន្ត​​​នគរ​​​បាល​​​មួយ​​​គ្រឿង​​​ដែល​​​នៅ​​​ក្បែរ​​​នោះ​​​ដោយ​​​យក​​​ដៃ​​​របស់​​​លោក​​​កៀក​​​ស្មា​​​មន្ត្រី​​​នគរ​​​បាល​​​ស្លៀក​​​ពាក់​​​ស៊ីវិល​​​ម្នាក់​​​។

លោក ជួន ណារិន ស្នង​​​ការ​​​រង​​​រាជ​​​ធានីភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាលបាន​​​​​​​​​អនុ​​​វត្ត​​​​​​ការ​​​ចាប់​​​ខ្លួន​​​នេះ​​​​​​​​​តាម​​​ដីកា​​​របស់​​​​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​អនុវត្ត​​​ដីកា​​​តុលាការ​​​ដើម្បី​​​នាំ​​​ខ្លួន​​​គាត់​​​ទៅ​​​តុលាការ​​​”។

លោក ចាន់ ចិន មេធាវី​​​​​​របស់​​​​​​​​​លោក មាជ សុវណ្ណារ៉ា បាន​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​ក្នុង​​​តុលាការ​​​ ចៅ​​​ក្រម​​​សើុប​​​សួរ​​​ កែវ មុនី បាន​​​បង្គាប់​​​ឲ្យ​​​ឃុំ​​​ខ្លួន​​​កូន​​​ក្តី​​​របស់​​​លោក​​​ ហើយ​​​បាន​​​​​​បដិសេធ​​​សំណើ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​រង់​​​ចាំ​​​សវនាការ​​​​​​ជំនុំ​​​ជម្រះ​​​ពី​​​បទ​​​ចោទ​​​ប្រកាន់​​​ជា​​​ច្រើន​​​ករណី​​​ប្រឆាំង​​​រូប​​​លោក​​​ពាក់​​​ព័ន្ធ​​​នឹង​​​ករណី​​​ផ្ទុះ​​​អំពើ​​​ើហិង្សា​​​កាល​​​ពី​​​ខែ​​​កក្កដា។

មេធាវី​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “បន្ទាប់​​​ពីសាក​​​សួរ​​​ចប់​​​សព្វ​​​គ្រប់​​​ ចៅ​​​ក្រម​​​សើុប​​​សួរ​​​បាន​​​សម្រេច​​​ឃុំ​​​ខ្លួន​​​កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​នៅ​​​ពន្ធនាគារ​​​ព្រៃស ពីព្រោះ​​​កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​ត្រូវ​​​បាន​​​ចោទ​​ប្រកាន់​​​ពី​​​បទ​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការ​​​ប៉ះបោរ​​​ បទ​​​បង្ក​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា និង​​​បទ​​​​​​ប្រើ​​​កម្លាំង​​​តតាំង​​​ប្រឆាំង​​​​​​មន្ត្រី​​​សាធារណៈ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា “ខណៈ​​​ពេល​​​សាក​​​សួរ​​​ កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​បាន​​​ច្រាន​​​ចោល​​​ការ​​​ចោទ​​​ប្រកាន់​​​របស់​​​ព្រះរាជ​​​អាជ្ញា​​​ ពីព្រោះ​​​រូប​​​ភាព​​​ និង​​​វីដេអូទាំង​​​អស់​​​​​​ [នៃ​​​ការ​​​តវ៉ា​​​នោះ​​​] បង្ហាញ​​​ថា កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​មិន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ប៉ះបោរ​​​នោះ​​​ទេ​​​។ ភ័ស្តុ​​​តាង​​​បង្ហាញ​​​ថា កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​បាន​​​ប្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​ឲ្យ​​​ស្រឡាញ​​​់​​​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​ ហើយ​​​ប្រាប់​​​ថា ពួក​​​គាត់​​​គួរ​​​តែ​​​កុំ​​​ប្រើ​​​អំពើ​​​ហិង្សា ដូច្នេះ​​​នោះ​​​មិន​​​មែន​​​ជា​​​ការ​​​ញុះ​​​ញង់​​​ឲ្យ​​​​​​ធ្វើ​​​ការ​​​ប៉ះបោរ​​​ឡើយ​​​”។

ចៅ​​​ក្រម​​​ កែវ មុនី បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​បំភ្លឺ​​​ទេ​​​ជុំ​​​វិញ​​​រឿង​​​ក្តី​​​​​​លោក មាជ សុវណ្ណារ៉ា​​​ នៅ​​​ពេល​​​ទាក់​​​ទង​​​តាម​​​ទូរស័ព្ទ​​​កាល​​​ពី​​​រសៀល​​​​​ម្សិលមិញ​​​។

បទ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នេះ​​​លើ​​​លោក មាជ សុវណ្ណារ៉ា ត្រូវ​​​បាន​​ធ្វើ​​​ឡើង​​​ដោយ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​កាល​​​ពី​​​ខែ​​​កក្កដា។ លោក​​​ប្រឈម​​​​​​ការ​​​ជាប់​​​ពន្ធនាគារ​​​ពី​​​៧​​​ឆ្នាំទៅ​​​១៥​​​ឆ្នាំ ប្រសិន​​​បើ​​​តុលាការ​​​រក​​​ឃើញ​​​ថា លោក​​​មាន​​​ពិរុទ្ធ​​​ភាព​​​ពីបទ​​​ចូល​​​រួម​​​ក្នុង​​​​​​ការ​​​ប៉ះបោរ​​​មែន​​​នោះ​​​។

បទ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នេះ​​​បាន​​​កើត​​​មាន​​​ឡើង​​​ ខណៈពេល​​​តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​ប្រាំ​​​ពីរ​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​ជុំ​​​វិញ​​​បទ​​​ចោទ​​​ប្រកាន់​​​ស្រដៀង​​​គ្នា​​​ពីបទ​​​ “ដឹក​​​នាំ​​​ការ​​​ប៉ះ​​​បោរ” បន្ទាប់​​​ពី​​​ក្រុម​​​អ្នក​​​តវ៉ា​​​បាន​​​វាយ​​​តប​​​​​​ទៅ​​​លើ​​​សន្តិសុខ​​​ខណ្ឌ​​​ដូន​​​ពេញ​​​ ដែល​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ខែ​​​នោះ​​​បាន​​​វាយ​​​ដំ​​​យ៉ាង​​​ព្រៃ​​​ផ្សៃ​​​លើ​​​អ្នក​​​តវ៉ា​​​ដែល​​​ព្យាយាម​​​ចូល​​​ទៅ​​​ជិត​​​ទី​​​លាន​​​ប្រជា​​ធិបតេយ្យ​​​។

យ៉ាង​​​ហោច​​​ណាស់ ​​​សន្តិសុខ​​​ខណ្ឌ​​​ពីរ​​​នាក់​​​បាន​​​រង​​​របួស​​​ធ្ងន់ ហើយ​​​សន្តិសុខ​​​មួយ​​​ចំនួន​​​ទៀត​​​ត្រូវ​​​បាន​​​​​​បញ្ជូន​​​ទៅ​​​ផ្នែក​​​ថែទាំ​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​មួយ​​​រយៈ​​​ពេល​​​ខ្លី​​​។

លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​បំភ្លឺ​​​ទេ​​​ជុំ​​​វិញ​​​ការ​​​ចាប់​​​ខ្លួន​​​​​​លោក មាជ សុវណ្ណារ៉ា កាល​​​ពី​​​ម្សិលមិញ​​​ ហើយ​​​បាន​​​បង្វែរ​​​សំណួរ​​​ទៅ​​​លោក យឹម សុវណ្ណ អ្នក​​​នាំពាក្យ​​​គណបក្ស​​​នេះ​​​។ លោក យឹម​​​ សុវណ្ណ បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ប្រឆាំង​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ថា ការ​​​ចាប់​​​ខ្លួន​​​នេះ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ដើម្បី​​​ដាក់​​​សម្ពាធ​​​ឲ្យ​​​ខ្លួន​​​យល់​​​ស្រប​​​តាម​​​នៅ​​​ក្នុង​​​ការ​​​ចរចា​​​អំពី​​​កំណែទម្រង់​​​បោះ​​​ឆ្នោត​​​​​​ដែល​​​បាន​​​ជាប់​​​គាំង​​​កាល​​​ពី​​​ពេល​​​ថ្មីៗ​​​នេះ​​​។

លោក យឹម សុវណ្ណ បាន​​​មាន​​​ប្រសាសន៍​​​ថា “ជា​​​ការ​​​ពិត​​​វា​​​ជា​​​ក្តី​​​បារម្ភ​​​។ ប៉ុន្តែ យើង​​​សូម​​​​​​អំពាវ​​​នាវ​​​ទៅ​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​ មេត្តា​​​កុំ​​​បង្ក​​​បញ្ហា​​​បន្ថែម​​​ទៀត​​​ ដើម្បី​​​បរិយា​​​កាល​​​ល្អ​​​នៃ​​​ការ​​​ចរចា​​​។ យើង​​​ចង់​​​ចរចា​​​ក្រោម​​​បរិយាកាស​​​ល្អ​​​ យើង​​​មិន​​​ចង់​​​ឃើញ​​​បញ្ហា​​​កើត​​​ឡើង​​​ម្តង​​​ហើយ​​​ម្តង​​​ទៀតនោះ​​​​​​ទេ​​​ នេះ​​​គឺ​​​ជា​​​ឆាក​​​ល្ខោន​​​ដែល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​សម្តែង​​​​​​​​​ដដែល​​​”។

បច្ចុប្បន្ន​​​ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​​​​​​​​​​​​​កំពុង​​​ជាប់​​​គាំង​​​នៅ​​​ក្នុង​​​ការ​​​ចរចា​​​ជុំ​​​វិញ​​​លក្ខណសម្បត្តិ​​​ដែល​​​សមាជិក​​​នៃ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​មួយ​​​ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​កំណែ​​​ទម្រង់​​​គួរ​​​មាន​​​ និង​​​ថា តើ​​​គួរ​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​​​​គេ​​​មាន​​​សញ្ជាតិ​​​បរទេស​​​ ឬ​​​យ៉ាង​​​ណា។​​​

​​​​​​ ការ​​​ចាប់​​​ខ្លួន​​​តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​ប្រាំពីរ​​​រូប​​​ និង​​​មន្ត្រី​​​មួយ​​​រូប​​​ទៀត​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កាល​​​ពី​​​ខែ​​​កក្កដា បាន​​​កើត​​​មាន​​​ឡើង​​​តែ​​​មួយ​​​សប្ដាហ៍​​​ប៉ុណ្ណោះ​​​មុន​​​ពេល​​​លោក សម រង្ស៊ី និង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ប្រកាស​​​​​​ភ្លាម​​​ៗ​​​បញ្ចប់​​​ការ​​​ជាប់​​​គាំង​​​ខាង​​​នយោបាយ​​​ក្នុង​​​ប្រទេស​​​ និង​​​ការ​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូលសភារយៈ​​​ពេល​​​១០​​​ខែ​​​របស់​​​តំណាង​​​រាស្ត្រ​​​ទាំង​​​៥៥​​​រូប​​​នៃ​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។​​​

នៅ​​​ក្នុង​​​ខែ​​​ដែលឈាន​​​ដល់​​​​​​កិច្ច​​​ព្រមព្រៀង​​​ថ្ងៃទី​​​២២ ខែ​​​កក្កដា ដោយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ច្រាន​​​ចោល​​​ការ​​​ប្រើ​​​ប្រាស់​​​ពាក្យ​​​ពេចន៍​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នៅ​​​ក្នុង​​​សេចក្តី​​​ព្រាង​​​សម្រាប់​​​ជំពូក​​​ថ្មី​​​មួយ​​​នៃ​​​រដ្ឋ​​​ធម្មនុញ្ញ​​​ ដែល​​​ជា​​​ផ្នែក​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​នោះ នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​មេ​​​ដឹក​​​នាំ​​​ចលនា​​​យុវជន​​​បី​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​។

សកម្ម​​​ជន​​​ទាំង​​​បី​​​រូប​​​នោះ​​​ត្រូ​​​វ​​​បាន​​​ដោ​​​ះ​​​លែង​​​វិញ​​​​​​ពីរ​​​សប្តាហ៍​​​ក្រោយ​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ព្រម​​​ចូល​​​សភា​​​​​​តាម​​​ការ​​​ទាម​​​ទារ​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា។

លោក ស៊ុំ ពុទ្ធី ដែល​​​ជា​​​សមាជិក​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ក្រុមប្រឹក្សា​​​ខណ្ឌ​​​ច្បារ​​​អំពៅ​​​ ក៏​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​ដែរ​​​កាល​​​ពី​​​ខែ​​​កញ្ញា ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​តវ៉ា​​​​​​ដដែល​​​នេះ​​​ ហើយ​​​បច្ចុប្បន្ន​​​​​​មន្ត្រី​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​មន្ត្រី​​​ទាំង​​​ពីរ​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កំពុង​​​ជាប់​​​ឃុំ​​​នៅ​​​ពន្ធនាការ​​​ព្រៃ​​​ស​​​​​​។

​​​លោក យឹម សុវណ្ណ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញថា លោក​​​ជឿ​​​ថា ការ​​​ចរចា​​​ដែល​​​កំពុង​​​បន្ត​​​រវាង​​​គណបក្ស​​​ទាំង​​​ពីរ​​​ជុំ​​​វិញ​​​ច្បាប់​​​ស្តី​​​ពី​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ នៅ​​​តែ​​​អាច​​​ដំណើរ​​​ការ​​​ទៅ​​​មុខ​​​បាន​​​ ទោះ​​​បី​​​ជា​​​មាន​​​ការ​​​ចាប់​​​ខ្លួន​​​​​​លោក មាជ សុវណ្ណារ៉ា ក្តី។​​​​​​​​​

លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “បញ្ហា​​​នេះ​​​នឹង​​​ធ្វើ​​​ឲ្យ​​​ការ​​​ចរចា​​​មាន​​​​​​ការ​​​ពិបាក​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ យើង​​​នឹង​​​ព្យាយាម​​​អស់​​​ពី​​​លទ្ធភាព​​​ដើម្បី​​​ចរចា​​​ដោយ​​​សន្តិវិធី ហើយ​​​ខ្ញុំ​​​ជឿ​​​ថា លោកប្រធាន​​​ សម រង្ស៊ី របស់​​​ខ្ញុំ​​​នឹង​​​អំពាវ​​​នាវ​​​ទៅ​​​មេដឹក​​​នាំ​​​កំពូលៗ​​​នៃ​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​ឲ្យ​​​ព្យាយាម​​​ដោះ​​​ស្រាយ​​​នេះ​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​ថា លោកជឿ​​​ថា ការ​​​ចរចា​​​ជាមួយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នឹង​​​ឈាន​​​ទៅ​​​ដល់​​​ការ​​​ដោះ​​​លែង​​​​​​លោក មាជ សុវណ្ណារ៉ា ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​នេះ។ លោក​​​បាន​​​បន្ត​​​ថា “ការ​​​ចាប់ខ្លួន​​​​​​បាន​​​កើត​​​ឡើង​​​ពី​​​រ​​​បី​​​ដង​​​រួច​​​មក​​​ហើយ​​​កាល​​​ពី​​​មុន​​​។ ដំណោះ​​​ស្រាយ​​​នឹង​​​ដូច​​​កាល​​​ពី​​​មុន​​​”៕សុខុម

 (រាយការណ៍​​​បន្ថែម​​​ដោយ AlexWillemyns)

​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស