29 C
Phnom Penh

ការ​អូស​គ្រែ​ដាក់​លើ​ផ្លូវ​ធ្វើ​ឲ្យ​ស្ត្រី​តំបន់​បឹងកក់​ជាប់​ពន្ធនាគារ​រយៈ​ពេល​១ឆ្នាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​​​ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​អ្នកស្រី​ ទេព វន្នី និង​សកម្ម​ជន​ចំនួន​ប្រាំមួយ​នាក់​ផ្សេងទៀត​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១ឆ្នាំ​ បន្ទាប់ពី​​ចោទ​ប្រកាន់​ពួក​គាត់ពី​បទ​រាំងស្ទះ​​ចរាចរណ៍​​ ដោយ​អូស​គ្រែ​មួយ​ដាក់​ចំ​កណ្ដាល​មហាវិថី​ព្រះមុនីវង្ស​កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​តវ៉ា​​ចំពោះ​ទឹក​ជំនន់​ដែល​បានជន់​​លិច​​តំបន់​របស់​ពួកគាត់​។ront

​ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ ម៉ុង មុនី​សោភា ​​បាន​មាន​ប្រសាសន៍​ដោយ​បដិសេធ​មិន​ឆ្លើយ​សំណួរ​បន្ថែម​ថា “យើង​ចោទ​ប្រកាន់​ពួកគេ​ដោយ​យោង​តាម​មាត្រា​៧៨ នៃ​ច្បាប់​ចរាចរណ៍​ ហើយ​បន្ទាប់​មក​យើង​បាន​ផ្ដន្ទាទោស​ពួកគេ​​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ ហើយ​​បាន​ពិន័យ​ពួកគេ​ក្នុង​ម្នាក់ៗ​២លាន​រៀល​ [ប្រហែល​៥០០​ដុល្លារ​]”។ ​ការ​ផ្ដន្ទាទោស​​របស់​ចៅក្រម​ មុនីសោភា នេះ​​​គឺ​ជា​ទោស​កម្រិត​ធ្ងន់​​បំផុត​ដែល​​មាន​ចែង​នៅ​ក្នុង​​ច្បាប់​។

ស្ត្រី​ទាំង​ប្រាំពីរ​នាក់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ច័ន្ទ នៅ​ខាង​មុខ​សាលា​រាជ​ធានី​បន្ទាប់​ពី​សន្តិសុខ​ខណ្ឌដូន​ពេញ​​បាន​រុញ​គ្រែចេញ​ពីផ្លូវ​។

​ការ​អូស​គ្រែ​ដាក់​លើ​ផ្លូវ​នេះ គឺ​ជា​មធ្យោបាយ​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍ពី​សាធា​រណជន​​ឲ្យ​ដឹង​ឮអំពី​ទឹក​ជំនន់​ ដែល​ជន់លិច​ផ្ទះ​សំបែង​របស់​ពួកគាត់​​នៅ​ក្នុង​តំបន់​បឹង​កក់​ម្ដង​ហើយ​ម្ដងទៀត​ ដែល​ពួកគាត់​បាន​​​ចាត់​ទុក​ថា វា​ដោយ​សារ​ការ​បូម​ខ្សាច់​ចាក់​បំពេញ​បឹង​កក់​សម្រាប់​គម្រោង​អភិវឌ្ឍន៍​មួយ​ ដែល​គាំទ្រ​ដោយ​លោក ឡាវ ម៉េងឃិន សមាជិក​ព្រឹទ្ធសភា​​មកពី​គណបក្ស​ប្រជា​ជន​កម្ពុជា​។ អ្នក​តវ៉ា​បាន​រអ៊ូរទាំ​ថា ផ្ទះ​សំបែង​របស់​ពួកគាត់​បាន​ជន់​លិច​ដោយ​ទឹក​ស្អុយ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ហើយ​កំពុង​តែ​ទាមទារ​ឲ្យ​​សាលា​រាជ​ធានី​បូម​ទឹក​ស្អុយ​ចេញ​ពី​តំបន់​នោះ​ឲ្យ​បាន​ឆាប់។

លោក ហំ​ ស៊ុនរិទ្ធ មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​តំណាង​ឲ្យ​ស្ត្រី​ទាំង​នេះ​បាន​មាន​ប្រសាសន៍​បន្ទាប់ពី​ការ​បើក​សវនាការ​ថា “វា​គ្មាន​យុត្តិធម៌​សម្រាប់​ពួកគាត់​ឡើយ ព្រោះ​​​ពួកគាត់​បានទៅ​ដើម្បី​​​ប្រើ​សិទ្ធិ​របស់​ខ្លួន​ និង​សុំ​ឲ្យ​អាជ្ញាធរ​ជួយពួកគាត់​”។

លោក​បាន​បន្ថែម​ថា “ពួកគាត់​គ្រាន់​តែ​ទៅ​ដើម្បី​ស្នើ​សុំ​ឲ្យ​សាលា​រាជ​ធានី​​ជួយ​ដោះ​ស្រាយ​បញ្ហា​ទឹក​ជំនន់​នៅ​ក្នុង​តំបន់​របស់​ពួកគាត់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ពួកគាត់ ហើយ​ចោទ​ប្រកាន់​ពួកគាត់​ដោយ​យោង​តាម​ច្បាប់​ចរាចរណ៍”។

លោក ស៊ុនរិទ្ធ បាន​លើក​ឡើង​ថា លោក​នឹង​ពិភាក្សា​​ជាមួយ​ស្ត្រី​ទាំង​នេះ​​ ដើម្បី​សម្រេច​ថា តើ​ត្រូវ​ប្ដឹងទាស់​នឹង​សេចក្ដី​សម្រេច​នេះ​ឬយ៉ាង​ណា​។

លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេស​នៅ​អង្គការ​សិទ្ធិមនុស្សលីកាដូ ដែល​បាន​ចូល​រួម​នៅ​ក្នុង​ការ​បើក​សវនាការ​នេះ​​បាន​មាន​ប្រសាសន៍​ថា “ពួកគាត់​គ្រាន់​តែ​ប្រើ​សិទ្ធិ​របស់​ខ្លួន​ ដោយ​យោង​តាម​រដ្ឋធម្មនុញ្ញ​ដែល​ធានា​ពី​សុខភាព​របស់​ពលរដ្ឋ​តែ​ប៉ុណ្ណោះ។ គម្រោង​អភិវឌ្ឍន៍​​របស់​រដ្ឋ​បង្ក​ឲ្យមានទឹក​ជំនន់​នេះ ហេតុដូច្នេះ​ អាជ្ញាធរ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​ពួកគាត់​”។

ក្នុង​ចំណោម​ស្ត្រី​ទាំង​ប្រាំពីរ​នាក់​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​កាលពី​ម្សិលមិញ មាន​ប្រាំ​នាក់​​​​បាន​រង​ការ​ផ្ដន្ទាទោស​រួច​ហើយ​ក្នុង​ករណី​មួយ​កាលពី​ឆ្នាំ​២០១២​​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​របស់​ពួកគាត់​ប្រឆាំង​​នឹង​ការ​បណ្ដេញ​ចេញ​​​នៅ​តំបន់​បឹង​កក់​ ដើម្បី​​បើក​ផ្លូវ​​សម្រាប់​គម្រោង​របស់​លោក ឡាវ ម៉េងឃិន។

នៅ​ក្នុង​ករណី​នោះ សាលា​ដំបូង​រាជ​ធានី​បាន​ចោទ​ប្រកាន់​​សកម្មជន​តំបន់​បឹង​កក់​ចំនួន​១៣​នាក់​ ពីបទ​រារាំង​ការ​បំពេញ​ការ​ងារ​របស់​មន្ត្រី​សាធារណៈ​ និង​​ពីបទ​កាន់​កាប់​ដី​ធ្លី​ដោយ​ខុស​ច្បាប់​។ តុលាការ​​បាន​ផ្ដន្ទាទោស​ពួកគាត់​ឲ្យ​ជាប់​​ពន្ធនាគារ​​ម្នាក់ៗ​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លះ​នៅ​ថ្ងៃ​ដដែល​នោះ។ សាលា​ឧទ្ធរណ៍​បាន​ដោះ​លែង​ពួកគាត់​វិញ​១​ខែ​ក្រោយ​មក​ បន្ទាប់ពី​បន្ធូរបន្ថយ​ទោស​ជាប់​ពន្ធនាគារ​របស់​ពួកគាត់ ប៉ុន្តែ​បាន​តម្កល់​ការ​ផ្ដន្ទាទោស​នោះ​។

បន្ទាប់ពី​ការ​ផ្ដន្ទាទោស​កាលពី​ម្សិលមិញ អ្នកស្រី វន្នី អ្នកស្រី ង៉ែត ឃុន អ្នកស្រី សុង ស្រីលាភ អ្នកស្រី គង់ ចន្ថា អ្នកស្រី ប៉ាន ជុនរ៉េត អ្នកស្រី បប់ ឆវី និង​អ្នកស្រី ណុង ស្រេង ​ត្រូវ​បាន​បញ្ជូន​ចូល​ក្នុង​រថយន្ត​មួយ​ដែល​កំពុង​តែ​រង់ចាំ រួច​ដឹក​ពួកគាត់​ចេញ​ទៅ​។ យោង​តាម​លោក អំ សំអាត បាន​ឲ្យ​ដឹង​ថា ស្ត្រី​ទាំង​ប្រាំពីរ​នាក់​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃស។

អំឡុង​ពេល​សម្រាក​​​ពី​ការ​បើក​សវនាការ​​នៅ​ព្រឹក​នោះ ​ស្ត្រី​ទាំង​នេះ​​​មិន​បាន​​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​អូស​គ្រែ​យក​​ទៅ​ដាក់​លើ​ផ្លូវ​នោះ​ទេ។

អ្នកស្រី វន្នី បាន​និយាយ​ថា “យើង​មិន​ចង់​បិទ​ផ្លូវ​ទេ ប៉ុន្តែ​សាលា​រាជ​ធានី​បង្ខំ​យើង​ឲ្យ​ធ្វើ​ដូច្នេះ។ យើង​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ។ តុលាការ​​គួរ​តែ​កោះ​ហៅ​សាលា​រាជ​ធានី​ឲ្យ​ចូល​មក​បំភ្លឺ​ ព្រោះ​សាលា​រាជ​ធានី​មានកាតព្វកិច្ច​​ត្រូវ​រក​ដំណោះ​ស្រាយ​ឲ្យ​ពួកយើង​”។

នៅ​ពេល​ស្ត្រី​កំពុង​ត្រូវ​បាន​សាក​សួរ មនុស្ស​ចំនួន​បួន​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខាង​ក្រៅ​តុលាការ​ ខណៈ​កំពុង​តវ៉ា​ដោយ​អហិង្សា​ដើម្បី​​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​ស្ត្រី​ទាំង​នេះ​។

នគរ​បាល​ប្រាប់​អ្នក​តវ៉ា​ថា ពួកគាត់​គ្មាន​សិទ្ធិ​ប្រមូលផ្ដុំ​នៅ​ខាង​មុខ​តុលាការ​ឡើយ ហើយ​បាន​ទុក​ពេល​​​២០​នាទីឲ្យ​ពួកគាត់​បំបែក​គ្នា​វិញ។ នៅ​ពេល​អ្នក​តវ៉ា​បដិសេធ​មិន​ព្រម​ចាក​ចេញ នគរ​បាល​​ និង​សន្តិសុខ​ខណ្ឌ​៧មករា បាន​ចាប់​ខ្លួន​​​ព្រះតេជគុណ​ព្រះនាម​ សឹង ហៃ ​​អ្នក​ភូមិ​បឹង​កក់​ឈ្មោះ ហេង ពេជ្រ អ្នកភូមិ​បឹង​កក់​ម្នាក់​ទៀត​ដែល​គេ​បណ្ដេញ​ចេញ​ពី​ផ្ទះ​សំបែង​ឈ្មោះ អឹម ស្រីទូច និង​អ្នក​ភូមិ​ម្នាក់​​ផ្សេង​​ទៀត​ឈ្មោះ ពួង សុភាព មកពី​តំបន់​ថ្មគោល​ ដែល​នៅ​ក្បែរ​អាកាសយាន​ដ្ឋាន​​អន្តរជាតិ​ភ្នំពេញ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​ការ​ចាប់​ខ្លួន​លោក ជួន ណារិន ស្នង​ការ​រង​នគរ​បាល​រាជ​ធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា ​​ព្រះ​សង្ឃ​ និងមនុស្ស​បី​នាក់​​ផ្សេង​ទៀត​​គ្រាន់​តែ​​ត្រូវ​បាន​ឃាត់​ខ្លួន​ប៉ុណ្ណោះ​​​មិនមែន​ចាប់​ខ្លួន​នោះ​ទេ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ពន្យល់​អំពី​ភាព​ខុស​គ្នា​នេះ​ឡើយ​។

លោក​បានមាន​ប្រសាសន៍​ថា ” យើង​មិន​ចាប់​ខ្លួន​ពួកគាត់​ឡើយ ប៉ុន្តែ​​យើង​បាន​ឃាត់​ខ្លួន​ពួកគាត់​ ព្រោះ​ពួកគាត់​ជ្រៀត​ជ្រែក​​ការ​ងារ​របស់​សាលា​ដំបូង​រាជ​ធានី​។ យើង​នឹង​ធ្វើ​តាម​នីតិវិធី ហើយ​បញ្ជូន​ពួកគាត់​ទៅ​ស្នង​ការដ្ឋាន​​នគរ​បាល​”។

គេ​មិន​អាច​ទាក់​ទង​មន្ត្រី​នគរ​បាល​រាជ​ធានី​​បាន​ទេ​កាលពី​រសៀល​ម្សិលមិញ។

លោក មឿន តុលា ប្រធាន​កម្មវិធី​មួយ​​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ​បាន​លើក​​ឡើង​ថា មន្ត្រី​តុលាការ​​បាន​ប្រាប់​មេធាវី​តំណាង​ឲ្យ​អង្គការ​របស់​លោក​ថា ព្រះ​សង្ឃ​និង​អ្នក​ដែល​​ត្រូវ​បាន​ចាប់​ខ្លួន​​បន្ថែម​ទៀត​ទាំង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​សាក​សួរ​នៅ​ថ្ងៃ​នេះ៕ ស៊ុយឈាង​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស