អត្តពលិកកម្ពុជាចំនួនប្រាំបីនាក់នឹងធ្វើដំណើរទៅកោះភូកេត ក្នុងប្រទេសថៃនៅសប្ដាហ៍នេះ ដើម្បីចូលរួមការប្រកួតកីឡាលើឆ្នេរខ្សាច់អាស៊ីលើកទី៤ដែលនឹងចាប់ផ្ដើមនៅថ្ងៃសុក្រ។
លោក វ៉ាត ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងកាលពីម្សិលមិញថា គណៈកម្មការជាតិអូឡាំពិកកម្ពុជាបានជ្រើសរើសអត្តពលិក ដើម្បីប្រកួតក្នុងវិញ្ញាសាចំបាប់លើឆ្នេរខ្សាច់ បាល់ទះលើឆ្នេរខ្សាច់ និង វិញ្្ាសារ Food-Volleyball លើឆ្នេរខ្សាច់នៅក្នុងព្រឹត្តិការណ៍ធ្វើឡើងពីរឆ្នាំម្ដង ដែលមានកីឡាករមកពីប្រទេសចំនួន៤៥ចូលរួម។
លោក ចំរើន បានមានប្រសាសន៍ថា “មានអត្តពលិកខ្លាំងៗមកពីប្រទេសផ្សេងៗ ដូចជាប្រទេសអុីរ៉ង់ជាដើម ហើយប្រទេសកម្ពុជាមិនដែលឈ្នះក្នុងការប្រកួតនេះទេពីមុនមក។ ទោះជាយ៉ាងណា យើងមានសង្ឃឹមខ្លាំងក្នុងវិញ្ញាសាកីឡាចំបាប់ ព្រោះយើងបានជ្រើសរើសកីឡាករមួយចំនួនដែលធ្លាប់ឈ្នះមេដាយនៅក្នុងការប្រកួតស៊ីហ្គេម”។
ទោះជាយ៉ាងណា លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធចំបាប់កម្ពុជា និងជាគ្រូបង្វឹកនៃក្រុមចំបាប់លើឆ្នេរខ្សាច់មានជំនឿចិត្តតិចតួច។
លោកបានមានប្រសាសន៍ទាក់ទិននឹងកីឡាករចំបាប់ចំនួនបួននាក់ ដែលនឹងតំណាងឲ្យប្រទេសកម្ពុជាថា “យើងគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីហ្វឹកហាត់នៅលើឆ្នេរខ្សាច់ឲ្យបានត្រឹមត្រូវឡើយ ហើយពួកគេបានហ្វឹកហាត់នៅកន្លែងតារាងបាល់ទះ ហើយខ្សាច់គឺវាខុសគ្នាពីខ្សាច់នៅលើឆ្នេរ”។ លោកបានបន្ថែមថា “ខ្ញុំមិនសូវសង្ឃឹមថា យើងនឹងឈ្នះមេដាយនោះទេ”។
ហើយទោះបីជាធ្លាប់ឈ្នះមេដាយសំរឹទ្ធិក្នុងទីក្រុងបាងកកកាលពីឆ្នាំ២០០៧ក៏ដោយ តែកីឡាករចំបាប់ឈ្មោះ ចាប លឿន អាយុ៣២ឆ្នាំបានលើកឡើងថា លោកនៅមិនទាន់មានជំនឿចិត្តអំពីឱកាសឈ្នះនៅលើកោះភូកេតនៅឡើយទេ។
លោកបាននិយាយថា “ខ្ញុំមិនបានហ្វឹកហាត់នៅលើខ្សាច់ឲ្យបានជាប់លាប់ទេ ព្រោះនៅក្នុងប្រទេសកម្ពុជាគ្មានកន្លែងច្រើនសម្រាប់ការហ្វឹកហាត់នោះទេ”។ លោកបានពន្យល់ថា លោកបានត្រៀមខ្លួននឹងហ្វឹកហាត់សម្រាប់ការប្រកួតដែលនឹងមកដល់ក្នុងពេលឆាប់ៗនៅលើខ្សាច់ក្នុងតារាងបាល់ទះនៅពហុកីឡាដ្ឋានជាតិអូឡាំពិកក្នុងរាជធានីភ្នំពេញ។
ការប្រកួតកីឡាលើឆ្នេរខ្សាច់អាស៊ី ដែលត្រូវបានធ្វើឡើងជាលើកចុងក្រោយក្នុងទីក្រុង Haiyang ប្រទេសចិនឆ្នាំ២០១២បានប្រព្រឹត្តឡើងរហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា៕ ស៊ុយឈាង