ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា ការិយាល័យកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានដោះដូរដីជាមួយក្រុមហ៊ុនឯកជន ដោយផ្លាស់ពីកន្លែងសំខាន់ស្ថិតនៅកណ្តាលក្រុងសៀមរាបទៅកាន់ដីមួយក្បាលដែលមានតម្លៃថោកជាង ស្ថិតនៅចម្ងាយ៨គីឡូម៉ែត្រ ហើយនៅជាយក្រុង។
លោក សុ៊ុំ សំអាន ដែលជាប្រធានការិយាល័យកាកបាទក្រហមខេត្តនេះបានមានប្រសាសន៍ថា “យើងបានផ្លាស់មកធ្វើការនៅកន្លែងថ្មីនេះប្រហែលបីខែមកហើយ”។
លោក សំអាន បានមានប្រសាសន៍ថា កន្លែងថ្មីនេះស្ថិតនៅក្នុងភូមិថ្នល់ សង្កាត់ស្រងែ ប្រហែល៨គីឡូម៉ែត្រពីកន្លែងមុនតាមដងស្ទឹងសៀមរាប។ លោកបានមានប្រសាសន៍ថា “វាជាការដោះដូរដី ប៉ុន្តែខ្ញុំមិនអាចផ្តល់ព័ត៌មានបន្ថែមបានទេ។ កន្លែងថ្មីនេះគឺជាអគារកម្ពស់បីជាន់ ធំជាងកន្លែងចាស់ពីរដង”។ លោក សំអាន បានបដិសេធមិនចេញឈ្មោះក្រុមហ៊ុនដែលឥឡូវនេះកាន់កាប់ទីតាំងកាកបាទក្រហមចាស់ឡើយ។
កាលពីម្សិលមិញ លោក សុខ គឹមសេង សមាជិកក្រុមប្រឹក្សាខេត្តគណបក្សសង្គ្រោះជាតិបានរិះរន់ចំពោះចំណាត់ការនេះ។
លោកបានមានប្រសាសន៍ថា “គេមិនទាន់ដឹងផ្លូវការ ថាតើកន្លែងនេះត្រូវបានលក់ ឬគ្រាន់តែដោះដូរនោះឡើយ។ វាជារឿងសម្ងាត់តែម្តង ហើយចំណាត់ការនេះត្រូវបានធ្វើដោយគ្មានតម្លាភាពឡើយ”។
លោក គឹមសេង បានបន្ថែមថា “តម្លៃដីនៅកន្លែងថ្មីគឺមិនដល់៥០ដុល្លារផងក្នុងមួយម៉ែត្រក្រឡា ចំណែកកន្លែងចាស់នៅក្នុងទីប្រជុំជនក្រុងសៀមរាបវិញ មានតម្លៃជាង១.៥០០ដុល្លារឯណោះក្នុងមួយម៉ែត្រក្រឡា”។
លោកបានមានប្រសាសន៍ថា លោកនឹងលើកបញ្ហានេះនៅកិច្ចប្រជុំក្រុមប្រឹក្សាខេត្តនៅដើមខែក្រោយ។ លោកបានបន្តថា “ប្រសិនបើខ្ញុំរកឃើញភាពមិនប្រក្រតីណាមួយ ខ្ញុំនឹងរាយការណ៍ទៅអង្គភាពប្រឆាំងអំពើពុករលួយ”។
លោក ឃឹម ប៊ុនសុង អភិបាលខេត្តមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ លោកស្រី ម៉ែន នារីសុភ័គ ប្រធានផ្នែកទំនាក់ទំនងកាកបាទក្រហមកម្ពុជាបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
ការដោះដូរដីបានក្លាយជាបញ្ហាទូទៅទៅហើយនៅក្រោមរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលភរិយារបស់លោក គឺលោកស្រី ប៊ុន រ៉ានី ជាប្រធានកាកបាទក្រហមកម្ពុជា។
ជារឿយៗ ការដោះដូរដីពាក់ព័ន្ធក្រុមហ៊ុនមានខ្នងក្រាស់ ទទួលបានអចលនទ្រព្យសំខាន់ៗ ជាថ្នូរនឹងការសាងសង់ការិយាល័យថ្មីដល់រដ្ឋាភិបាលលើដីដែលមានតម្លៃថោកជាងច្រើន និងស្ថិតនៅកន្លែងឆ្ងាយៗ៕សារុន