កាលពីថ្ងៃអង្គារ អាជ្ញាធរក្រុងព្រះសីហនុបានទុកពេលកំណត់ឲ្យកន្លងផុតទៅ ដែលគេបានបញ្ជាឲ្យក្រុមគ្រួសារប្រជាពលរដ្ឋ ចាកចេញពីដីរដ្ឋ ដែលពួកគាត់កំពុងរស់នៅ ប៉ុន្តែបានព្រមានពលរដ្ឋទាំងនោះថា ត្រូវចាកចេញដោយស្ម័គ្រចិត្ត បើពុំនោះទេនឹងប្រឈមនឹងការបណ្តេញចេញទាំងបង្ខំ។
ពួកគេនិយាយថា ផ្ទះខ្ទមប្រហែល៤០ទើបសង់ថ្មីៗក្នុងចំណោមផ្ទះខ្ទម៩៩ផ្សេងទៀតដែលមាននៅតំបន់ទឹកធ្លាក់ក្បាលឆាយស្រាប់ នៅជាយក្រុង ហើយដែលផ្ទះទាំងអស់គឺសុទ្ធតែសង់ខុសច្បាប់។
លោក ឈិត សុផាត ចៅសង្កាត់១ បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមមន្ត្រីសង្កាត់បានចែកចាយជាលើកដំបូង នូវសេចក្តីជូនដំណឹងថ្ងៃទី៣ខែវិច្ឆិកា ដែលចុះហត្ថលេខាដោយលោក ចិន សារិន អភិបាលក្រុងព្រះសីហនុ បញ្ជាឲ្យគ្រួសារទាំងអស់ដែលមកចូលរស់នៅក្នុងតំបន់នោះក្រោយថ្ងៃទី២៥ខែមិថុនា ត្រូវរុះរើផ្ទះរបស់ខ្លួនចេញនៅត្រឹមថ្ងៃអង្គារនេះ។
លោកបាននិយាយថា “យើងបានផ្សព្វផ្សាយព័ត៌មាននេះដើម្បីរំឭកម្ចាស់ផ្ទះ២៨ខ្នងនោះឲ្យរើផ្ទះចេញដោយខ្លួនឯង។ ប្រសិនបើមិនរើចេញទេ…អាជ្ញាធរនឹងរុះរើផ្ទះទាំងនោះ”។ លោក សុផាត បានបដិសេធមិនប្រាប់ថា ពេលណាអាជ្ញាធរនឹងចាត់វិធានការទេ។
កាលពីថ្ងៃច័ន្ទ ប៉ូលិសប្រដាប់អាវុធ កម្លាំងរាជអាវុធហត្ថ ទាហាន និងមន្ត្រីរដ្ឋបាលព្រៃឈើរាប់សិបនាក់ បានបោះជំរំនៅជិតកន្លែងទឹកធ្លាក់នោះ រារាំងកំុឲ្យមានការសាងសង់ខុសច្បាប់ទៀត។
ការមកដល់របស់មន្ត្រីទាំងនេះបានកើតមានឡើងបន្ទាប់ពីអាជ្ញាធរបានបំផ្លាញផ្ទះ៨ខ្នងកាលពីថ្ងៃទី១ខែវិច្ឆិកា បណ្តាលឲ្យប្រជាពលរដ្ឋតវ៉ាដោយបិទផ្លូវជាតិលេខ៤។
អ្នកស្រី ខាត លីដា អាយុ ២៩ឆ្នាំ ជាអ្នកភូមិដែលផ្ទះរបស់គាត់ស្ថិតក្នុងចំណោមផ្ទះ៨ខ្នងត្រូវគេបំផ្លាញចោលនោះ បាននិយាយថា សហគមន៍នេះបានត្រៀមតវ៉ាប្រឆាំងនឹងការបណ្តេញចេញណាមួយដែលនឹងកើតឡើង។
អ្នកស្រី លីដា បាននិយាយថា “ប្រសិនបើអាជ្ញាធររុះរើផ្ទះរបស់យើង ប្រជាជនរបស់យើងនឹងតវ៉ាតបតវិញជាមិនខាន”។ អ្នកស្រីបានអះអាងថា អ្នកស្រីបានទិញដីឡូតិ៍នោះនៅឆ្នាំ២០១១ពីប្រជាជនមុន។
លោក ស៊្រុន ស៊្រួន អភិបាលរងខេត្តព្រះសីហនុ ដែលបានដឹកនាំកម្លាំងចម្រុះទៅកាន់តំបន់នោះកាលពីថ្ងៃច័ន្ទ បាននិយាយកាលពីថ្ងៃអង្គារថា លោកសង្ឃឹមថា ប្រជាពលរដ្ឋនឹងរើលំនៅចេញដោយស្ម័គ្រចិត្ត ប៉ុន្តែបានសង្កត់បញ្ជាក់ថា អាជ្ញាធរនឹងប្រើកម្លាំង ប្រសិនបើចាំបាច់។
លោកបាននិយាយថា លោកបារម្ភថា សហគមន៍ដែលកំពុងរីកធំនៅក្បាលឆាយ នឹងបង្កជាការគំរាមកំហែងដល់កន្លែងទឹកធ្លាក់នោះ ដែលជាប្រភពទឹកសាបដ៏សំខាន់មួយសម្រាប់តំបន់នៅជុំវិញ។ លោកបាននិយាយបន្ថែមថា “តំបន់នេះសំខាន់ណាស់ចំពោះការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទាំងអស់នៅខេត្តព្រះសីហនុ”៕មានិត