នគរបាល និងមន្ត្រីបានឲ្យដឹងថា កាលពីព្រឹកម្សិលមិញ នគរបាលក្នុងរាជធានីភ្នំពេញបានចាប់ខ្លួនព្រះសង្ឃពីរអង្គដែលកំពុងដឹកបាវចំនួនពីរដែលមានដំបងឫស្សីជាង១០០ទៅវត្តសាមគ្គីរង្សី ជាកន្លែងដែលព្រះសង្ឃទាំងពីរអង្គនេះគ្រោងអមអ្នកភូមិធ្វើការតវ៉ាមួយនៅថ្ងៃដដែលនោះ។ បំពង់ឫ ស្សីភាគច្រើនគឺមានចងភ្ជាប់ទង់ជាតិកម្ពុជា និងទង់សាសនា។

យោងតាមលោក ផន ថាវី ប្រធានមន្ទីរធម្មការ និងសាសនារាជធានី ដែលបានសាកសួរព្រះសង្ឃទាំងពីរអង្គនេះជាមួយនឹងនគរបាលបានឲ្យដឹងថា ព្រះសង្ឃព្រះនាម ថាច់ សាង ព្រះជន្ម១៩ព្រះវស្សា និងព្រះសង្ឃ ឃិត វណ្ណៈ ព្រះជន្ម២០វស្សាត្រូវបានចាប់ខ្លួននៅម៉ោង៧ព្រឹក ហើយត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានី។
លោក ថាវី បានមានប្រសាសន៍ថា “វាគ្មានអ្វីខុសទេចំពោះការដឹក និងយកបំពង់ឫស្សីដែលមានចងភ្ជាប់ទង់ជាតិ និងទង់សាសនា ប៉ុន្តែវាចៃដន្យពេកត្រង់ថា ព្រះសង្ឃទាំងពីរអង្គនេះត្រូវបានរកឃើញថា បានដឹកជញ្ជូនបំពង់ឫស្សីទាំងនេះទៅកាន់ទីកន្លែងមួយដែលកំពុងកើតបញ្ហា”។
លោក ថាវី បានលើកឡើងទៀតថា ព្រះសង្ឃទាំងពីរអង្គនេះបានមានសង្ឃដីកាប្រាប់លោកថា បំពង់ឫស្សីទាំងនេះគឺជារបស់ព្រះតេជគុណ សឹង ហៃ សកម្មជនជាព្រះសង្ឃដែលត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំកាលពីល្ងាចម្សិលមិញពីបទតវ៉ាដោយអហិង្សានៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ ប្រឆាំងនឹងការចាប់ខ្លួនសកម្មជនចំនួនប្រាំពីរនាក់នៅមួយថ្ងៃមុននោះ។
លោក ជួន ណារិន ស្នងការរងនគរបាលរាជធានីបានលើកឡើងថា ព្រះសង្ឃទាំងពីរអង្គនេះក៏ត្រូវបានផ្សឹកកាលពីម្សិលមិញដែរ។ លោកបានមានប្រសាសន៍ថា “យើងបានផ្សឹកព្រះសង្ឃទាំងពីរអង្គនេះ ហើយយើងនឹងបញ្ជូនពួកគេទៅតុលាការនៅថ្ងៃស្អែក”។
សកម្មជនជាព្រះសង្ឃព្រះនាម លួន សុវ៉ាត ដែលគង់នៅវត្តមួយក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលជារឿយៗជាកន្លែងស្នាក់នៅសម្រាប់អ្នកតវ៉ាដែលធ្វើដំណើរមករាជធានី ដើម្បីទាញចំណាប់អារម្មណ៍ឲ្យគេដឹងឮចំពោះវិវាទដីធ្លីនៅតាមខេត្តរបស់ខ្លួនបានមានសង្ឃដីកាថា ព្រះសង្ឃព្រះនាម សាង និងព្រះសង្ឃព្រះនាម វណ្ណៈ ត្រូវបានចាប់ខ្លួននៅពេលនិមន្តចេញពីខ្លោងទ្វារវត្តស្ទឹងមានជ័យបានប្រហែល៥០ម៉ែត្រ។
ព្រះតេជគុណ លួន សុវ៉ាត មានសង្ឃដីកាទៀតថា ព្រះសង្ឃទាំងពីរអង្គនេះបានធ្វើដំណើរទៅវត្តសាមគ្គីរង្សី ដើម្បីចូលរួមជាមួយប្រជាកសិករមកពីខេត្តព្រះវិហារ ដែលជាប់ពាក់ព័ន្ធនៅក្នុងវិវាទដីធ្លីមួយនៅទីនោះ ហើយមានគម្រោងហែក្បួនទៅកាន់ភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋសភា។ ព្រះតេជគុណមានសង្ឃដីកាបន្តថា បំពង់ឫស្សីដែលគេចាប់បានពីព្រះសង្ឃទាំងពីរអង្គនេះមានចងភ្ជាប់ទង់ជាតិកម្ពុជា និងទង់សាសនារួចហើយ។ រូបថតនៃទង់ជាតិ និងទង់សាសនាដែលគេបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ហាក់បីដូចជាបញ្ជាក់ពីបញ្ហានេះអ៊ីចឹង។
ព្រះតេជគុណ លួន សុវ៉ាត បានមានសង្ឃដីកាថា “គ្មានច្បាប់ណារារាំងព្រះសង្ឃ និងមនុស្សធម្មតាមិនឲ្យកាន់ទង់ជាតិរបស់ប្រទេស និងទង់សាសនាឡើយ។ វាជារឿងធម្មតាទេដែលដងទង់ជាតិចងភ្ជាប់នឹងបំពង់ឫស្សី ឬជ័រនោះ”។
យោងតាមលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យបានឲ្យដឹងថា ព្រះសង្ឃដែលត្រូវបានចាប់ខ្លួនទាំងពីរអង្គនេះមានបំពង់ឫស្សីប្រវែង៩០សង់ទីម៉ែត្រចំនួន១២៤ដើមជាប់នឹងខ្លួន។
ខណៈព្រះតេជគុណ លួន សុវ៉ាត មានសង្ឃដីកាថា នគរបាលប្រដាប់អាវុធ កងរាជអាវុធហត្ថ និងទាហានប្រមាណ២០០នាក់បានទៅឈរជើងនៅខាងក្រៅវត្តនៅម៉ោងប្រហែល៩និង៣០នាទីព្រឹក ដើម្បីរារាំងអ្នកភូមិ និងព្រះសង្ឃមិនឲ្យហែក្បួននោះ គឺមានតែ២០នាក់ប៉ុណ្ណោះទំនងជាបានបំបែកគ្នាវិញនៅម៉ោងត្រឹម១០ព្រឹក។
អ្នកភូមិប្រហែល១០០នាក់មកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានស្នាក់នៅវត្តនេះអស់រយៈពេល២ខែកន្លងមកហើយ។ ១៨នាក់ក្នុងចំណោមពួកគាត់បានរងរបួសអំឡុងពេលប៉ះទង្គិចគ្នាជាមួយសន្ដិសុខខណ្ឌដូនពេញ បន្ទាប់ពីពួកគាត់មានបំណងយកញត្តិទៅកាន់ភូមិគ្រឹះរបស់លោក ហ៊ុន សែន កាលពីខែមុន។
ព្រះតេជគុណ ថាច់ ហាសំអាង គ្រូសូត្រស្ដាំនៅវត្តសាមគ្គីរង្សី បានមានសង្ឃដីកាថា ព្រះតេជគុណជឿជាក់ថា ការចាប់ខ្លួនកាលពីម្សិលមិញគឺមានជាប់ពាក់ព័ន្ធទៅនឹងការចូលរួមពាក់ព័ន្ធរបស់ព្រះសង្ឃនៅក្នុងការតវ៉ាប្រឆាំងវៀតណាមនៅខាងក្រៅស្ថានទូតវៀតណាមកាលពីខែមុន។
ព្រះតេជគុណបានមានសង្ឃដីកាថា “យើងគ្មានសង្ឃឹមថា ព្រះសង្ឃទាំងពីរអង្គនេះនឹងត្រូវបានដោះលែងនោះទេ ព្រោះអាជ្ញាធរកម្ពុជាបានទទួលបញ្ជាពីរដ្ឋាភិបាលវៀតណាមឲ្យមកចាប់ខ្លួនព្រះសង្ឃទាំងពីរអង្គនេះ”៕ ស៊ុយឈាង