33 C
Phnom Penh

រដ្ឋាភិបាល​​​កំណត់​​​ប្រាក់ខែ​​​គោលថ្មី​​​១២៨​​​ដុល្លារ​​​សម្រាប់​​​កម្មករ​​​កាត់​​​ដេរ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ ក្រសួង​​​ការងារ​​​​​​បាន​​​កំណត់​​​ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​សម្រាប់​​​កម្មករ​​​កាត់​​​ដេរ​​​នៅ​​​ទូទាំង​​​ប្រទេស​​​ចំនួន​​​១២៨​​​ដុល្លារ ដោយ​​​សង្ឃឹម​​​ថា វា​​​ល្មម​​​គ្រប់​​​គ្រាន់​​​អាចរារាំង​​​កូដ​​​កម្ម​​​ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ឧស្សាហកម្ម​​​ដែល​​​មាន​​​ទំហំ​​​ទឹក​​​ប្រាក់​​​៥,៥ពាន់​​​លាន​​​ដុល្លារ​​​នេះ បន្ទាប់​​​ពី​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​លើក​​​ចុង​​​ក្រោយ​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ ​​​ដែល​​​នៅតែ​​​ធ្វើ​​​ឲ្យ​​​កម្ពុជា​​​អាច​​​​​​ប្រកួត​​​ប្រជែង​​​​​ជា​​​មួយ​​​ប្រទេស​​​ជិត​​​ខាង​​​បាន​​​។​​​

ការ​​​ប្រកាស​​​នេះធ្វើ​​​​​​ឡើង​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​ចរចា​​​ដ៏​​​តាន​​​តឹង​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​​​​ខែ​​​​​​រវាង​​​រដ្ឋាភិបាល សហជីព និង​​​ថៅកែ​​​​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ ដែល​​​អំឡុង​​​ពេល​​​នោះ​​​ភាគី​​​ទាំង​​​អស់​​​មាន​​​ទស្សន​​​ផ្សេងៗ​​​គ្នា​​​ជុំវិញ​​​វិធី​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​១០០​​​ដុល្លារ​​​នា​​​ពេល​​​បច្ចុប្បន្ន​​​។

លោក អិុត សំហេង រដ្ឋមន្ត្រី​​​ក្រសួង​​​ការ​​​ងារ​​​បាន​​​ប្រកាស​​​ប្រាក់​​​ខែ​​​គោល​​​ថ្មីនេះ​​​កាល​​​ពី​​​រសៀល​​​ម្សិលមិញ ពោល​​​​​​គឺ​​​តែ​​​ពីរ​​​បី​​​ម៉ោង​​​ប៉ុណ្ណោះ​​​ បន្ទាប់​​​ពី​​​គណៈកម្មាធិការ​​​ប្រឹក្សា​​​ការ​​​ងារ​​​ដែល​​​មាន​​​សមាជិក​​​២៨​​​រូប​​​របស់​​​​​​ក្រសួង​​​ការងារ​​​ ដែល​​​មាន​​​សមាស​​​ភាព​​​មក​​​ពី​​​រដ្ឋាភិបាល​​​ តំណាង​​​សហជីព និង​​​តំណាង​​​រោង​​​ចក្រ​​​ បាន​​​បោះ​​​ឆ្នោត​​​គាំទ្រ​​​ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​១២៣​​​ដុល្លារ​​​។

លោក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​ក្រឹត្យ​​​មួយ​​​របស់​​​រដ្ឋាភិបាល​​​ថា “ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​សម្រាប់​​​កម្មករ​​​ដែល​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​វិស័យ​​​សម្លៀក​​​បំពាក់ ​​​និង​​​ស្បែកជើង​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៥​​​ត្រូវ​​​បាន​​​កំណត់​​​ជា​​​ផ្លូវ​​​ការ​​​១២៨​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ”។

ក្រឹត្យ​​​នេះ​​​បញ្ជាក់​​​ថា ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​នេះ​​​នឹង​​​ចូល​​​ជា​​​ធរមាន​​​​​​នៅ​​​ថ្ងៃ​​​ទី​​​១ ខែ​​​មករា​​​​​​សម្រាប់​​​កម្មករ​​​ភាគ​​​ច្រើន​​​។ កម្មករ​​​ដែល​​​​​​ស្ថិត​​​ក្នុង​​​រយៈ​​​ពេល​​​សាក​​​ល្បង​​​ការ​​​ងារ​​​ នឹង​​​ទទួល​​​បាន​​​តែ​​​១២៣​​​ដុល្លារ​​​ប៉ុណ្ណោះ​​​រហូត​​​ដល់​​​រយៈ​​​ពេល​​​សាក​​​ល្បង​​​ការ​​​ងារ​​​របស់​​​ពួកគេ​​​ចប់​​​។

សហជីព​​​ឯករាជ្យ​​​ចំនួន​​​ពីរ​​​របស់​​​គណៈកម្មាធិការ​​​ប្រឹក្សា​​​ការ​​​ងារ​​​ ដោយ​​​សហជីព​​​ប្រាំ​​​ទៀត​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​គណៈកម្មាធិការ​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​មើល​​​ឃើញ​​​ជា​​​ទូទៅ​​​ថា មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​រដ្ឋាភិបាល​​​នោះ​​​ ​​​បាន​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​នឹង​​​ជួប​​​ប្រជុំ​​​ជាមួយ​​​សមាជិក​​​​​​របស់​​​ខ្លួន​​​នៅ​​​​​​ប៉ុន្មាន​​​ថ្ងៃ​​​ខាង​​​មុខ មុន​​​ពេល​​​សម្រេច​​​ថា តើ​​​ត្រូវ​​​ទទួល​​​យក​​​ ឬ​​​ជំទាស់​​​នឹង​​​ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​នេះ​​​។

លោក អាត់ ធន់ ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​ប្រជា​​​ធិបតេយ្យ​​​កម្មករ​​​កាត់​​​ដេរ​​​កម្ពុជា (ស៊ីខៅឌូ) ដែល​​​ជា​​​សហជីព​​​ឯករាជ្យ​​​ធំបំផុត​​​នៅ​​​ក្នុង​​​ប្រទេស​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​រង់​​​ចាំ​​​ជួប​​​​​​ពិភាក្សា​​​ជា​​​មួយ​​​សមាជិក​​​របស់​​​យើង​​​ យើង​​​នឹងប្រជុំ​​​នៅ​​​សប្តាហ៍​​​ក្រោយ​​​”។​​​​​​​​​​​​

សហជីព​​​របស់​​​លោក អាត់ ធន់ បាន​​​ជួយ​​​ចាប់​​​ផ្តើម​​​កូដ​​​កម្ម​​​ទូទាំង​​​ប្រទេស​​​ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​​វិស័យ​​​កាត់​​​ដេរ​​​ឈាន​​​ដល់​​​ការ​​​ជាប់​​​គាំង​​​មួយ​​​រយៈ​​​ពេល​​​ខ្លី​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​​​ ដែល​​​នៅ​​​ពេល​​​នោះ​​​ក្រសួង​​​ការ​​​ងារ​​​​​​បាន​​​​​​ច្រាន​​​ចោល​​​ការទាម​​​ទារ​​​របស់​​​សហជីពដែល​​​​​​សុំ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​​​​១៦០​​​ដុល្លារ​​​ ហើយ​​​បាន​​​សម្រេច​​​​​​ផ្តល់​​​ឲ្យ​​​​​​៩៥​​​ដុល្លារ​​​វិញ​​​។​​​​​​

ក្រសួង​​​បាន​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​ដល់​​​១០០​​​ដុល្លារ​​​ភ្លាមៗ ប៉ុន្តែ​​​នៅ​​​តែ​​​មិន​​​អាច​​​បញ្ចប់​​​កូដ​​​កម្ម​​​ និង​​​ការ​​​តវ៉ា​​​ដ៏​​​រាលដាល​​​បាន​​​ដដែល​​​រហូត​​​ដល់​​​វា​​​​​​បាន​​​ឈាន​​​ដល់​​​ទីបញ្ចប់​​​ដោយ​​​ការ​​​បង្ហូរ​​​ឈាម​​​កាល​​​ពី​​​ថ្ងៃទី​​​៣ ខែ​​​មករា​​​ឡើយ​​​ ដែល​​​នៅ​​​ពេល​​​នោះ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បាញ់​​​ប្រហារ​​​លើ​​​ក្រុម​​​អ្នក​​​តវ៉ា ដែល​​​គប់​​​គ្រាប់​​​បែក​​​សាំង​​​។ កង​​​រាជ​​​អាវុធ​​​​​​បាន​​​បាញ់​​​សម្លាប់​​​កម្មករ​​​​​​រោង​​ចក្រ​​​កាត់​​​ដេរ​​​យ៉ាង​​​ហោច​​​ណាស់​​​ប្រាំ​​​នាក់ និង​​​ធ្វើ​​​ឲ្យ​​​រាប់​​​សិប​​​នាក់​​​ទៀត​​​រង​​​របួស​​​។

កាល​​​ពី​​​ម្សិលមិញ លោក អាត់​​​ ធន់​​​ មិន​​​បាន​​​ប៉ាន់​​​ស្មាន​​​អំពី​​​លទ្ធភាព​​​នៃ​​​ការ​​​កើត​​​មាន​​​ហេតុ​​​ការណ៍​​​ទាំង​​​នោះ​​​ឡើង​​​វិញ​​​ឡើយ ប៉ុន្តែ លោក​​​ក៏​​​មិន​​​បាន​​​ទាត់​​​ចោល​​​លទ្ធភាព​​​នៃ​​​ការ​​​វិល​​​ទៅ​​​រក​​​​​​​​​មហា​​​កូដ​​​កម្ម​​​វិញ​​​​​​ដែរ​​​។  លោក​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា នឹង​​​មាន​​​ការ​​​តវ៉ា​​​នៅ​​​ពេល​​​ណា​​​កម្មករ​​​មិន​​​យល់​​​ព្រម​​​”។

លោកស្រី កែន ឆេង​​​ឡាង ប្រធាន​​​ស្តីទី​​​​​​របស់​​​សហព័ន្ធ​​​សហជីព​​​ជាតិ​​​នៃ​​​ឧស្សាហកម្ម​​​វាយនភណ្ឌ​​​កាត់​​​ដេរ​​​កម្ពុជា​​​ ដែល​​​ជា​​​សហជី​​​ព​​​ឯករាជ្យ​​​មួយ​​​ទៀត​​​នៅ​​​ក្នុង​​​គណៈកម្មាធិការ​​​ប្រឹក្សា​​​ការងារ បាន​​​លើក​​​ឡើង​​​ថា សមាជិក​​​របស់​​​​​​ខ្លួន​​ក៏​​​នឹង​​​ត្រូវ​​​ជួប​​​ប្រជុំ​​​ដែរ​​​នៅ​​​សប្តាហ៍​​​ក្រោយ មុន​​​ពេល​​​ទទួល​​​យក​​​ជំហរ​​​លើ​​​ប្រាក់​​​ខែគោល​​​ថ្មី​​​នេះ។

សហជីព​​​ទាំង​​​ពីរ​​​​​​​​​​​​​​​​​​​​​បាន​​​ទាម​​​ទារ​​​ឲ្យ​​​ដំឡើង​​​ច្រើន​​​លើ​​​ប្រាក់​​​ខែ​​​គោល​​​ដោយ​​​អះអាង​​​ថា ១០០​​​ដុល្លារ​​​មិន​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​បំពេញ​​​តម្រូវ​​​ការ​​​ជា​​​មូល​​​ដ្ឋាន​​​របស់​​​កម្មករ​​​ភាគ​​​ច្រើន​​​ឡើយ​​​​ទោះ​​​បី​​​ជា​​​រាប់​​​បញ្ចូល​​​ទាំង​​​ប្រាក់​​​​​​បន្ថែម​​​ម៉ោង​​​ ប្រាក់​​​រង្វាន់​​​ប្រចាំខែ​​​ ប្រាក់​​​ឧបត្ថម្ភ​​​សម្រាប់​​​អាហារ​​​ និង​​​ការ​​​ធ្វើ​​​ដំណើរ​​​​​​ក្តី។​​​​​​​​​

សហជីព​​​ចំនួន​​​ប្រាំបី​​​ក្នុង​​​ចំណោម​​​សហជីព​​​ដែល​​​មាន​​​ការ​​​ប្ដេជ្ញា​​​ចិត្ត​​​បំផុត​​​នៅទូទាំង​​​ប្រទេស​​​រួម​​​ទាំង​​​សហជីព​​​ចំនួន​​​ពីរ​​​នៅ​​​ក្នុង​​​គណៈកម្មាធិការ​​​ប្រឹក្សា​​​ការងារ​​​ផង​​​ បាន​​​ចាប់​​​ផ្តើម​​​ប្រកាន់​​​យក​​​ជំហរ​​​១៦០​​​ដុល្លារ​​ ដែល​​​ពួកគេ​​​បាន​​​ទាម​​​ទារ​​​កាល​​​ពីខែ​​​ធ្នូ ប៉ុន្តែ មិន​​​យូរ​​​ប៉ុន្មាន​​​​​​បាន​​​ចាប់​​​ផ្តើម​​​ទាម​​​ទារ​​​១៧៧ដុល្លារ ​​​មុន​​​ពេល​​​បន្ទាប​​​ការ​​​ទាម​​​ទារ​​​មក​​​នៅ​​​ត្រឹម​​​១៥០​​​ដុល្លារ​​​ នឹង​​​ទី​​​បំផុត​​​មក​​​នៅ​​​ត្រឹម​​​​​​១៤០​​​ដុល្លារ​​​ ជា​​​តួ​​​លេខ​​​មួយ​​​ដែល​​​ទទួល​​​បាន​​​សំឡេង​​​​​​ឆ្នោត​​​តែ​​​​​​ពីរ​​​ប៉ុណ្ណោះ​​​​​​កាល​​​ពី​​​ម្សិលមិញ​​​។

អំឡុង​​​ពេល​​​ចរចា​​​ថ្មីៗ​​​នេះ​​​​​​ រដ្ឋាភិបាល​​​បាន​​​លើក​​​ឡើង​​​ថា ប្រាក់​​​ខែ​​​គោល​​​គួរ​​​តែ​​​កំណត់​​​​​​ឲ្យ​​​ស្ថិត​​​នៅ​​​លើ​​​បន្ទាត់​​​នៃ​​​ភាព​​​ក្រីក្រ​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ ដែល​​​ខ្លួន​​​បាន​​​កំណត់​​​ចំនួន​​​១២០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​។

សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា (GMAC) ដែល​​​តំណាង​​​ឲ្យ​​​រោង​​​ចក្រ​​​សម្លៀក​​​បំពាក់​​​ និង​​​ស្បែក​​​ជើង​​​ភាគ​​​ច្រើន​​​នៅ​​​ទូទាំង​​​ប្រទេស​​​ កំពុង​​​ព្យាយាម​​​បញ្ចុះ​​​បញ្ចូល​​​ឲ្យ​​​​​​​​​ទទួល​​​យក​​​ប្រាក់​​​ខែ​​​គោល​​​១១០​​​ដុល្លារ​​​ ដោយ​​​អះអាង​​​ថា ការ​​​ដំឡើង​​​ច្រើន​​​ជាង​​​នេះ​​​នឹង​​​បង្ខំ​​​ឲ្យ​​​សមាជិក​​​របស់​​​ខ្លួន​​​បិទ​​​ទ្វារ​​​​​​ផ្អាក​​​ដំណើរ​​​ការ​​​ផលិត​​​កម្ម​​​។​​​

នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​​​​មួយ​​​ក្រោយ​​​ពី​​​ការ​​​ប្រកាស​​​ប្រាក់​​​ខែ​​​គោ​​​ល​​​ថ្មី​​​នេះ GMAC ​​​បាន​​​សម្តែង​​​ “ការ​​​សោក​​​ស្តាយ​​​យ៉ាង​​​ខ្លាំង​​​” ជុំ​​​វិញ​​​ការ​​​សម្រេច​​​ចិត្ត​​​របស់​​​ក្រសួង​​​។ដោយ​​​មាន​​​ប្រាក់​​​រង្វាន់​​​ និង​​​ប្រាក់​​​ឧបត្ថម្ភ​​​តាម​​​ស្តង់ដារ GMAC​​​ បាន​​​លើក​​​ឡើង​​​ថា ប្រាក់​​​ខែ​​​គោល​​​សម្រាប់​​​ឧស្សាហ​​​កម្ម​​​កាត់​​​ដេរ​​​នៅ​​​ពេល​​​នេះ​​​នឹង​​​កើន​​​ឡើង​​​ដល់​​​១៤៥​​​ដុល្លារ​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​កម្ពុជា​​​មាន​​​កម្រិត​​​ប្រហាក់​​​ប្រហែល​​​នឹង​​​ប្រទេស​​​វៀតណាម​​​ ដែល​​​កម្មករ​​​កាត់​​​ដេរ​​​នៅ​​​ទី​​​នោះ​​​មាន​​​ផលិត​​​ភាពការ​​​ងារ​​​ខ្ពស់​​​ជាង​​​​​។​​​​​​

សមាគម​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា “ការ​​​ដំឡើង​​​យ៉ាង​​​ច្រើន​​​នេះ​​​ពិត​​​​​​ជា​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ធ្ងន់​​​ធ្ងរ​​​ដល់​​​ការ​​​រស់​​​រាន​​​របស់​​​រោង​​​ចក្រ​​​ជា​​​ច្រើន​​​ ដែល​​​ជា​​​សមាជិកGMAC ជាពិសេស​​​រោង​​​ចក្រ​​​ដែល​​​មាន​​​ហិរញ្ញវត្ថុ​​​ទន់​​​ខ្សោយ និង​​​ការ​​​បញ្ជាទិញ​​​ផុយ​​​ស្រួយ​​​”។

ណាង សុធី តំណាង​​​រោង​​​ចក្រ​​​ដែល​​​មាន​​​សមាស​​​ភាព​​​នៅ​​​ក្នុងជួរ​​​​​​គណៈកម្មាធិការ​​​ប្រឹក្សា​​​ការងារ​​​ បាន​​​ព្រមាន​​​ថា យ៉ាង​​​ហោច​​​ណាស់​​​រោង​​​ចក្រ​​​ចំនួន​​​​​​៣០​​​ទំនង​​​ជា​​​ត្រូវ​​​បិទ​​​ទ្វារ​​​ដោយ​​​សារ​​​​​ប្រាក់​​​ខែ​​​គោ​​​ល​​​ថ្មី​​​​​​នេះ​​​ ហើយ​​​ធ្វើ​​​ឲ្យ​​​បាត់​​​បង់​​​ការ​​​ងារ​​​យ៉ាង​​​ហោច​​​ណាស់​​​៥០.០០០កន្លែង។ ឧស្សាហ​​​កម្ម​​​នេះ​​​ទាំង​​​មូល​​​ផ្តល់​​​ការ​​​ងារ​​​ដល់​​​កម្មករ​​​ជាង​​​៦០០.០០០នាក់​​​ ហើយ​​​ភា​​​គ​​​ច្រើន​​​លើស​​​លប់​​​​​​ក្នុង​​​ចំណោម​​​ពួកគេ​​​គឺ​​​ជា​​​ស្ត្រី​​​វ័យ​​​ក្មេង​​​។

លោក ហេង សួរ​​​ អ្នកនាំពាក្យ​​​ក្រសួង​​​​​​ការ​​​ងារ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​​​​​​​​​​​​​លោក​​​ដឹង​​​ថា ថៅកែ​​​រោង​​​ចក្រ​​​មិន​​​សប្បាយ​​​ចិត្ត​​​ទេ​​​ចំពោះ​​​ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​នេះ​​​​​​ ប៉ុន្តែ ប្រាកដ​​​ណាស់​​​ថា កម្មករ​​​ភាគ​​​ច្រើន​​​សប្បាយ​​​ចិត្ត។ លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “សម្រាប់​​​កម្មករ​​​ សូម្បី​​​ដំឡើង​​​​​​មួយ​​​ ពីរ​​​ ឬប្រាំ​​​ដុល្លារ​​​​​​ក៏​​​ច្រើន​​​ជាង​​​ពីមុនដែរ​​​។ ការ​​​ដំឡើង​​​នេះ​​​នឹង​​​ធ្វើ​​​ឲ្យ​​​កម្មករ​​​សប្បាយ​​​ចិត្ត​​​​​​ ពីព្រោះ​​​វា​​​នឹង​​​ធ្វើ​​​ឲ្យ​​​កម្រិត​​​ជីវភាព​​​រស់​​​នៅ​​​របស់​​​​​​ពួកគេ​​​ប្រសើរ​​​ឡើង​​​​​​ ហើយ​​​វានឹង​​​​​​​​​ជំរុញ​​​ឲ្យ​​​ពួក​​​គេ​​​​​​បង្កើន​​​ផលិត​​​ភាព​​​​​​ការ​​​ងារ​​​របស់​​​ខ្លួន”។​​​​​​

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក ដេវ វែល (Dave Welsh) នាយក​​​ប្រចាំ​​​ប្រទេស​​​នៃ​​​មជ្ឈមណ្ឌល​​​សាមគ្គីភាព​​​ (Solidarity Center) ជា​​​អង្គការ​​​តស៊ូ​​​មតិ​​​ដើម្បី​​​ការ​​​ងារ​​​មួយ​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រាក់​​​ខែ​​​គោ​​​ល​​​ថ្មី​​​​​​នេះ​​​ទំនង​​​ជា​​​ធ្វើ​​​ឲ្យ​​​ថៅ​​​កែ​​​​​​រោង​​​ចក្រ​​​ និង​​​កម្មករ​​​​​​ខក​​​ចិត្ត​​​ដូច​​​គ្នា ហើយ​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា ផល​​​វិបាក​​​នៃ​​​សេចក្តី​​​សម្រេច​​​នេះ​​​ “មិនអាច​​​ព្យាករ​​​បានទេ​​​”។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ” ១២៨​​​ដុល្លារ​​​ពិត​​​ជា​​​មិន​​​អាច​​​ធ្វើ​​​ឲ្យ​​​អ្នក​​​​​​គ្រប់​​​គ្នា​​​ពេញ​​​ចិត្ត​​​ឡើយ​​​”។

លោក ដេវ វែល បាន​​​ធ្វើ​​​ការ​​​យ៉ាង​​​ជិត​​​ស្និទ្ធ​​​ជា​​​មួយ​​​​​​សហជីព​​​អំឡុង​​​ពេល​​​ចរចា​​​ដោយ​​​សង្ឃឹម​​​ថា នឹង​​​អាច​​​បញ្ចុះ​​​បញ្ចូលឲ្យ​​​​​​ភាគ​​​ី​​​ទាំង​​​អស់​​​សម្រប​​​សម្រួល​​​គ្នា​​​លើ​​​ប្រាក់​​​ខែ​​​គោ​​​ល​​​ថ្មី​​​​​​។ លោក​​​​​​មិន​​​ធ្វើ​​​ការ​​​ទស្សន៍​​​ទាយ​​​ថា សហជីព​​​ទាំង​​​នេះ​​​នឹង​​​មាន​​​ប្រតិកម្ម​​​យ៉ាង​​​ណា​​​ ចំពោះ​​​សេច​​​ក្តី​​​សម្រេច​​​របស់​​​ក្រសួង​​​​​​ឡើយ​​​ ប៉ុន្តែ លោក​​​បាន​​​មានប្រសាសន៍​​​ថា ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​នេះ គឺ​​​ “នៅ​​​ទាប​​​ឆ្ងាយ​​​ណាស់​​​ បើ​​​ប្រៀបធៀប​​​នឹង​​​អ្វី​​​ដែល​​​គ្រប់​​​​​​សហជីព​​​ឯករាជ្យ​​​ក្នុង​​​ប្រទេស​​​ចង់​​​បាន។ ខ្ញុំ​​​សង្ស័យ​​​ថា នឹង​​​មាន​​​ការ​​​មិន​​​ពេញ​​​ចិត្ត​​​ច្រើន​​​​​​”។

លោក​​​បាន​​​ចោទ​​​ប្រកាន់​​​ថា រដ្ឋាភិបាល​​​ និង​​​បណ្តា​​​រោង​​​ចក្រ​​​ “បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​កំហុស​​​ឆ្គង”​​​​​​នៅ​​​ក្នុង​​​ការ​​​ប្តេជ្ញា​​​ចិត្ត​​​របស់​​​ខ្លួន​​​ឆ្ពោះ​​​ទៅ​​​ការ​​​ធ្វើ​​​ឲ្យ​​​ដំណើរ​​​ការ​​​កំណត់​​​ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​មាន​​​តម្លាភាព ហើយ​​​បាន​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​ទំនង​​​ជា​​​ឃុប​​​ឃិត​​​គ្នា​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​របស់​​​គណៈកម្មាធិការ​​​ប្រឹក្សា​​​ការងារ។ លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “វា​​​ច្បាស់​​​ណាស់​​​ថា នេះ​​​មិន​​​មែន​​​ជា​​​ការ​​​បោះ​​​​​​ឆ្នោត​​​ឯករាជ្យ​​​នោះ​​​ទេ​​​”។

ប៉ុន្តែ លោក​​​ក៏​​​បាន​​​បង្ហាញ​​​ក្តី​​​សង្ឃឹម​​​ដែរ​​​​​​ថា សេចក្តី​​​សម្រេច​​​កាល​​​ពីម្សិលមិញ នឹង​​​មិន​​​មែន​​​ជា​​​សេចក្ដី​​​សម្រេច​​​ចុង​​​ក្រោយ​​​របស់​​​ក្រសួង​​​លើ​​​ប្រាក់​​​ខែ​​​គោ​​​ល​​​ថ្មី​​​​​​ឡើយ​​​។ លោក​​​បាន​​​បន្ត​​​ថា “នៅ​​​តែ​​​មាន​​​ពេល​​​កែ​​​ប្រែ​​​បញ្ហា​​​នេះ​​​។ ពួក​​​គេ​​​បាន​​​ធ្វើ​​​វា​​​ម្តង​​​រួច​​​មក​​​ហើយ​​​កាល​​​ពី​​​ខែ​​​ធ្នូ ហើយ​​​ពេល​​​នេះ​​​ពួក​​​គេ​​​អាច​​​នឹង​​​​​​ធ្វើ​​​វា​​​ម្តង​​​ទៀត​​​”៕សុខុម

 (រាយការណ៍​​​បន្ថែម​​​ដោយ​​​ មិុច ដារ៉ា)​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស