26 C
Phnom Penh

ក្រុមអ្នក​តវ៉ា​​​ដែល​​បាន​ចាប់​ខ្លួន​នៅ​ខាង​ក្រៅ​តុលាការ​ត្រូវ​​ជាប់​ពន្ធនាគារ​ម្នាក់​ៗ​រយៈពេល​១ឆ្នាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​សេចក្ដី​សម្រេច​ដ៏ឆាប់​រហ័ស​​ និង​ចម្រូង​ចម្រាស​ជាលើកទី២​របស់​ខ្លួន​​​ក្នុង​រយៈ​ពេល​​ត្រឹម​តែ​២ថ្ងៃ​នោះ កាលពី​ម្សិលមិញ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​​អ្នក​តវ៉ា​ចំនួន​បួន​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១ឆ្នាំ​​ ពីបទ​រារាំង​ដល់​ការ​បំពេញ​ការ​ងារ​របស់​មន្ត្រី​សាធារណៈ​​ ពោល​គឺ​ត្រឹម​តែ​២៤​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​អ្នក​តវ៉ា​ទាំង​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​ធ្វើ​ការ​តវ៉ា​នៅ​ខាង​ក្រៅ​តុលាការ​។

ស្ត្រីបឹងកក់ និងបូរីកីឡាអង្គុយខាងក្រៅរបងតុលាការក្រុងភ្នំពេញ ដើម្បីទាមទាឲ្យតុលាការដោះលែងសកម្មជនរបស់ខ្លួន។ ស៊ីវ ចាន់ណា
ស្ត្រីបឹងកក់ និងបូរីកីឡាអង្គុយខាងក្រៅរបងតុលាការក្រុងភ្នំពេញ ដើម្បីទាមទាឲ្យតុលាការដោះលែងសកម្មជនរបស់ខ្លួន។ ស៊ីវ ចាន់ណា

សកម្មជន​ជា​ព្រះសង្ឃ​ព្រះនាម សឹង ហៃ ​អ្នកភូមិ​បឹង​កក់​ឈ្មោះ ហេង ពេជ្រ និង​អ្នក​ភូមិ​បឹង​កក់​ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ផ្ទះ​សំបែងឈ្មោះ អុឹម ស្រីទូច ព្រមទាំង​អ្នកភូមិ​ម្នាក់​ទៀត​មកពី​តំបន់​ថ្មគោល​ឈ្មោះ ពួង សុភាព ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ផ្ដន្ទាទោស​បន្ទាប់ពី​មិន​បាន​ធ្វើ​តាម​បទ​បញ្ជា​របស់​នគរ​បាល​ឲ្យ​និមន្ត​ និង​បំបែក​​គ្នា​ចេញ​ពី​ខាង​ក្រៅ​តុលាការ​កាលពី​ថ្ងៃ​អង្គារ។

អ្នក​ទាំង​បួន​នាក់​នេះ​​​បាន​តវ៉ា​​ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្ម​ជន​តំបន់​បឹង​កក់​ចំនួន​ប្រាំពីរ​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​អូសគ្រែ​មួយ​ដាក់​​លើ​មហាវិថី​​ព្រះមុនីវង្ស​ នៅ​ខាង​មុខ​សាលា​រាជ​ធានី​ដើម្បី​តវ៉ា​ចំពោះ​ទឹក​ជំនន់​ដែល​បាន​ជន់​លិច​តំបន់​របស់​ពួកគាត់​។

សកម្មជន​ទាំង​ប្រាំពីរ​នាក់​នោះ​ត្រូវ​បាន​ផ្ដន្ទាទោស​​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​រយៈ​ពេល​១ឆ្នាំ​កាលពី​ថ្ងៃអង្គារ ពីបទ​រាំង​ស្ទះ​ចរាចរណ៍​។

អ្នក​ទាំង​បួន​នាក់​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​​កាលពី​ម្សិលមិញ​​​​ត្រូវ​បាន​ឃុំ​ខ្លួន​មួយ​យប់​នៅ​ស្នង​ការដ្ឋាន​នគរ​បាល​រាជ​ធានី​ មុន​ពេល​ត្រូវ​បាន​សាក​សួរ​​​ដោយ​សម្ងាត់​​ពី​សំណាក់​ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជ​ធានី កុល បុល ដែល​បន្ទាប់​មក​​បាន​ផ្ទេរ​ការ​ចោទ​ប្រកាន់​នេះ​ទៅ​ឲ្យ​ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ ឃី ឆាយ។

បន្ទាប់ពី​​ការ​បើក​សវនាការ​ដែល​មាន​រយៈ​ពេល​មិន​ដល់​៤ម៉ោង​ផង​នោះ ​អ្នក​ទាំង​បួន​នាក់​នេះ​ត្រូវ​បាន​​ផ្ដន្ទាទោស​នៅ​ម៉ោង​ប្រហែល​៧យប់​ម្សិល​មិញ។

ចៅក្រម​ ឃី ឆាយ បាន​ប្រកាស​សាល​ក្រម​នៅ​ក្នុង​បន្ទប់​សវនាការ​ថា “ពួកគេ​​​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​យោង​តាម​មាត្រា​៥០៤​ នៃ​ក្រម​ព្រហ្មទណ្ឌ​ និង​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​រយៈ​ពេល​១ឆ្នាំ ហើយ​ពិន័យ​ជា​ប្រាក់​២លានរៀល [ប្រហែល​៥០០​ដុល្លារ​] ពីបទ​រារាំង​ដល់​ការ​បំពេញ​ការ​ងារ​របស់​មន្ត្រី​សាធារណៈ​”។

អំឡុង​ពេល​បើក​សវនាការ ​ចៅក្រម​ ឃី ឆាយ បាន​ច្រាន​ចោល​ការ​អះអាង​របស់​ចុង​ចោទ​​ដែល​ថា ខ្លួន​មិន​បាន​ឮបទ​បញ្ជា​របស់​អាជ្ញាធរ​កាលពី​ថ្ងៃ​ច័ន្ទ​ឲ្យ​​ចេញ​​ឆ្ងាយពី​តុលាការ​​ត្រឹម​រយៈ​ពេល​២០​នាទី​នោះ​ឡើយ។

​លោក​បាន​មាន​ប្រសាសន៍​​ដោយ​ចោទ​ប្រកាន់​​អ្នក​ទាំង​នេះ​ពីបទ​​ប្រមាថ​មន្ត្រី​ និង​ប្រើ​អំពើ​ហិង្សា​ថា ​”ចម្លើយដែល​ពួកគេ​បាន​ផ្ដល់​គឺ​គ្រាន់​តែ​ជា​លេស​ប៉ុណ្ណោះ ហើយ​គ្មាន​ភ័ស្តុ​តាង​ដែល​តុលាការ​អាច​ជឿជាក់​បាន​នោះ​ឡើយ”។

ទោះ​ជាយ៉ាង​ណា ម្នាក់​ក្នុង​ចំណោម​សាក្សី​ចំនួន​ពីរ​នាក់​ដែល​​ព្រះរាជ​អាជ្ញា​បាន​អញ្ជើញ​មក​​មិន​អាច​​បញ្ជាក់​បាន​ថា អ្នក​ទាំង​បួន​នាក់​នេះ​​បាន​ជាប់​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​នៅ​ក្នុង​​ហេតុ​ការណ៍​នៅ​ខាង​ក្រៅ​តុលាការ​នោះឡើយ​។

ដោយ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ពី​សមាជិក​ម្នាក់​នៃ​ក្រុម​អ្នក​ច្បាប់​របស់​ចុង​ចោទ មន្ត្រី​នគរ​បាល​ចរាចរ​ម្នាក់​ឈ្មោះ ហៃ វ៉ិត បាន​ប្រាប់​តុលាការ​ថា “ខ្ញុំ​មិន​បាន​ឃើញ​ពួកគេ​ធ្វើ​រឿង​នេះ​ទេ។ ខ្ញុំ​បានជាប់​រវល់​​​ធ្វើ​ចរាចរណ៍​ ហើយ​ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៍​លើ​ពួកគេ​ឡើយ​”។

សាក្សី​ម្នាក់​ទៀតឈ្មោះ ទេព សារឿន ជា​មន្ត្រី​ខណ្ឌ​៧មករា ​ក៏​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែរ​ថា លោក​​មិន​បាន​ឃើញ​អ្នកទាំង​បួន​នាក់​នេះ​​ប្រើ​អំពើ​ហិង្សា​ប្រឆាំង​អាជ្ញាធរ​ឡើយ។

ដល់​ចំណុច​មួយ ​តុលាការ​បាន​បង្ហាញ​វីដេអូឃ្លីប​​ស្ដីពី​សកម្មភាព​របស់​​ព្រះតេជគុណ សឹង ហៃ នៅ​ក្នុង​ការ​តវ៉ា​ផ្សេងៗ​ដែល​រួម​ទាំង​ការ​តវ៉ា​មួយ​នៅ​ខាង​ក្រៅ​ស្ថានទូត​វៀតណាម​ជា​កន្លែង​ដែល​ព្រះតេជគុណ​បាន​ដឹក​នាំ​​ការ​ដុត​ទង់ជាតិ​វៀតណាម​ផង​ដែរ​។ ព្រះតេជគុណ​ សឹង ហៃ​ ​ត្រូវ​បាន​គេ​ផ្សឹក​មុន​ពេល​​បង្ហាញ​ខ្លួន​នៅ​តុលាការ។​

លោក ហំ ស៊ុនរិទ្ធ មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​របស់​អ្នក​ទាំង​បួន​នាក់​នេះ​បាន​លើក​ឡើង​ថា ​​យោង​តាម​វីដេអូឃ្លីប​ទាំង​នោះ​​​មិន​គួរ​ចាត់​ទុក​ថា មាន​ការ​ពាក់​ព័ន្ធ​នោះ​ទេ ហើយ​លោក​បាន​ជំទាស់​ថា ចម្លើយ​របស់​សាក្សី​​ដែល​ព្រះរាជ​អាជ្ញា​អញ្ជើញ​មក​គឺ​បាន​គាំទ្រ​ករណី​របស់​កូនក្ដី​លោក​។

លោក ស៊ុនរិទ្ធ បាន​មាន​ប្រសាសន៍​ថា “គ្មាន​ភ័ស្តុតាង​បង្ហាញ​ថា ពួកគាត់​រារាំង​​​មន្ត្រី​សាធារណៈ​ឡើយ​។ នៅ​ក្នុង​វីដេអូឃ្លីប​គ្មាន​រូប​ភាព​ដែល​បង្ហាញ​ថា ពួកគាត់​រារាំង​អាជ្ញាធរ​នោះ​ទេ​”។

បន្ទាប់ពី​តុលាការ​បាន​ប្រកាស​សេចក្ដី​សម្រេច​របស់​ខ្លួន អ្នក​ទាំង​បួន​នាក់​នេះ​បាន​ប្រឆាំង​នឹង​​សាល​ក្រម​ដែល​អយុត្តិធម៌​មុន​ពេល​​ពួកគាត់​​ត្រូវ​បាន​នាំ​ទៅ​កាន់​ពន្ធនាគារ​ព្រៃស។

សាច់ញាតិ និង​មិត្ត​ភក្ដិ​របស់​​ពួកគាត់​ជាច្រើន​នាក់​ដែល​កំពុង​រង់ចាំ​នៅ​ខាង​ក្រៅ​តុលាការ​​បាន​នាំគ្នា​ទ្រហោ​យំ​បន្ទាប់ពី​ដឹង​​លទ្ធផល​។

លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេស​នៅ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​រិះគន់​ចំពោះ​សេចក្ដី​សម្រេច​នេះ ដោយ​លើក​ឡើង​ថា វា​​ប្រាស​ចាក​ពី​ភ័ស្តុតាង​ដែល​បាន​បង្ហាញ​នៅ​ក្នុង​តុលាការ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ការ​ផ្ដន្ទាទោស​គឺ​ដើម្បី​បំបាក់​ស្មារតី​អ្នក​តវ៉ា។ វា​បង្ហាញ​ឲ្យ​ឃើញ​ថា តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង​គ្មាន​ឯករាជ្យ​ភាព​ឡើយ​”។

កាលពី​ម្សិលមិញ​ដដែល​នោះ ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ប្រមាណ​៣០​​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​​​ ដោយ​ថ្កោល​ទោស​ចំពោះ​ការ​ផ្ដន្ទាទោស​លើ​សកម្មជន​តំបន់​បឹងកក់​ចំនួន​ប្រាំពីរ​នាក់​កាលពី​ថ្ងៃ​អង្គារ​។

លោក អុី សារុំ នាយក​ប្រតិបត្តិ​​សមាគម​ធាង​ត្នោត​​​បាន​លើក​​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា “ការ​ចាប់​ខ្លួន និង​ការ​ផ្ដន្ទាទោស​តំណាង​សហគមន៍​បឹង​កក់​មិន​អាច​ដោះ​ស្រាយ​អ្វី​បាន​ឡើយ​ តែ​ផ្ទុយ​ទៅវិញ​​វា​នឹង​ធ្វើ​ឲ្យ​​​មាន​ការ​យល់​ដឹង​ និង​ការ​សាមគ្គីគ្នា​ពី​អន្តរជាតិ​កាន់​តែ​ច្រើនគាំទ្រ​ដល់​បញ្ហា​របស់​ពួកគាត់​ទៅ​វិញ​ទេ​។ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​តែ​ទទួល​ស្គាល់​ថា ទុក្ខលំបាក​របស់​ពលរដ្ឋ​ដែល​សំដែង​​ឲ្យ​ឃើញ​តាម​រយៈ​ការ​តវ៉ា​អហិង្សា​គួរ​តែ​ត្រូវ​បាន​ដោះ​ស្រាយ”៕ ស៊ុយឈាង​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស