មួយថ្ងៃបន្ទាប់ពីលោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិដ៏សំខាន់ម្នាក់ត្រូវបានចាប់យកទៅឃុំខ្លួនក្នុងពន្ធនាគារពីបទជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចគ្នានៅការតវ៉ាមួយកាលពីថ្ងៃទី១៥ ខែកក្កដា នៅទីលានប្រជាធិបតេយ្យនោះ កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានបដិសេធសំណើសុំនៅក្រៅឃុំដល់មន្ត្រីគណបក្សប្រឆាំងម្នាក់ទៀតដែលកំពុងជាប់ពន្ធនាគារនៅឡើយ ជុំវិញការប្រឈមមុខដាក់គ្នានេះ។
កាលពីថ្ងៃទី២៩ ខែកញ្ញា លោក ស៊ុំ វុទ្ធី សមាជិកក្រុមប្រឹក្សាគណបក្សប្រឆាំងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញក្លាយជាមន្ត្រីគណបក្សសង្គ្រោះជាតិទី១២ ដែលត្រូវបានចាប់ខ្លួនជុំវិញការប្រើអំពើហិង្សាកាលពីខែកក្កដា ដែលក្នុងនោះក្រុមអ្នកតវ៉ាបានតបតទៅលើសន្តិសុខដែលប្រដាប់ដោយដំបង ដែលត្រូវបានបញ្ជូនឲ្យមកបំបែកពួកគេ។
សាលាដំបូងរាជធានីភ្នំពេញបានបដិសេធមិនផ្ដល់ឲ្យលោក វុទ្ធី នៅក្រៅឃុំទេកាលពីថ្ងៃទី៨ ខែតុលា បើទោះណាជាបានដោះលែងមន្ត្រីគណបក្សប្រឆាំង១១រូបផ្សេងទៀតបន្ទាប់ពីមានការព្រមព្រៀងនយោបាយកាលពីថ្ងៃទី២២ ខែកក្កដា រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានធ្វើឲ្យគណបក្សប្រឆាំងនេះបញ្ចប់ការធ្វើពហិការមិនចូលប្រជុំសភាក៏ដោយ។
មេធាវី សន សុដាឡែន តំណាងរបស់លោក វុទ្ធី បានមានប្រសាសន៍ថា កាលពីម្សិលមិញលោក សេង ស៊ីវុត្ថា ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានី ដោយសារតែភាពធ្ងន់ធ្ងរ និងបទចោទប្រកាន់ជាច្រើនមកលើកូនក្ដីរបស់គាត់។
មេធាវី សុដាឡែន បានមានប្រសាសន៍ថា “ចៅក្រម ស៊ីវុត្ថា សម្រេចឲ្យចុងចោទរូបនេះជាប់ឃុំដដែល ពីព្រោះគាត់ត្រូវបានចោទប្រកាន់ជាច្រើនករណី”។
មេធាវីរូបនេះបានបន្ថែមថា “យើងនឹងប្ដឹងទាស់ដើម្បីសុំនៅក្រៅឃុំទៅតុលាការកំពូល ប៉ុន្តែខ្ញុំមិនទាន់ប្រាកដអំពីកាលបរិច្ឆេទនៅឡើយទេ ពីព្រោះយើងនឹងពិភាក្សាបញ្ហានេះជាមួយមេធាវីផ្សេងទៀតដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម”។
ការចោទប្រកាន់មកលើលោក វុទ្ធី រួមមានការចូលរួមក្នុងកុបកម្ម ការប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងការប្រើអំពើហិង្សាប្រឆាំងមន្ត្រីសាធារណៈ ជាបទល្មើសដែលអាចមានទោសជាប់ពន្ធនាគារពី៧ឆ្នាំដល់១៥ឆ្នាំ។
លោក អុឹម សុផាន ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍បានបញ្ជាក់ថា សំណើសុំនៅក្រៅឃុំរបស់លោក វុទ្ធី ត្រូវបានបដិសេធ ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។
ចៅក្រម ស៊ីវុត្ថា បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីរឿងក្តីនេះទេ ដោយលើកឡើងពីកំណែទម្រង់មួយក្នុងចំណោមច្បាប់កំណែទម្រង់បីទាក់ទងប្រព័ន្ធតុលាការដ៏ចម្រូងចម្រាសដែលត្រូវបានអនុម័តដោយរដ្ឋសភា ដែលមានតែសមាជិកគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះកាលពីខែឧសភា។
លោកបានមានប្រសាសន៍ថា “ខ្ញុំមិនអាចអត្ថាធិប្បាយបានទេ។ ផ្អែកតាមច្បាប់ថ្មីស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា យើងត្រូវសុំការអនុញ្ញាតពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម”។
ដោយចាកចេញពីតុលាការ អ្នកស្រី ម៉ក់ ចាន់ ប្រពន្ធរបស់លោក វុទ្ធី បានច្រាន់ចោលសេចក្ដីសម្រេចនេះ។ អ្នកស្រីបាននិយាយលាយឡំសំឡេងយំថា “វាអយុត្តិធម៌ណាស់…ខ្ញុំមិនអាចនិយាយអ្វីលើសពីនេះបានទេ។ គាត់ជាមនុស្សល្អ ហើយមិនដែលប្រព្រឹត្តអំពើអាក្រក់លើនរណាម្នាក់ឡើយ”៕ សារុន