យោងតាមមេធាវីបានឲ្យដឹងថា កាលពីម្សិលមិញ សាលាដំបូងខេត្តកំពង់ចាមបានដោះលែងកម្មកររោងចក្រប្រាំនាក់ឲ្យនៅក្រៅឃុំ រយៈពេលបីសប្តាហ៍ បន្ទាប់ពីពួកគេត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យមានការប្រើអំពើហិង្សា និងបំផ្លាញទ្រព្យសម្បត្តិ អំឡុងការតវ៉ាដែលបានក្លាយជាហិង្សានៅរោងចក្រស្បែកជើង Juhui កាលពីចុងខែមុន។
ការប៉ះទង្គិចគ្នានៅរោងចក្រស្ថិតក្នុងស្រុកជើងព្រៃនេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែតុលា បន្ទាប់ពីមានការធ្វើកូដកម្មរយៈពេលជិតពីរខែជុំវិញការទាមទារប្រាក់ឧបត្ថម្ភ និងប្រាក់កម្រៃផ្សេងៗទៀត ដែលអំឡុងពេលនោះ រោងចក្របានបញ្ឈប់ការងារកម្មករទាំង៥.០០០នាក់ ហើយបន្ទាប់មកបានទទួលយកកម្មករ៣.០០០នាក់ឲ្យចូលធ្វើការវិញ។
កម្មករដែលមិនត្រូវបានទទួលយកឲ្យចូលធ្វើការវិញចំនួន២.០០០នាក់បានអះអាងថា ពួកគេស្ថិតក្នុងបញ្ជីខ្មៅដោយសារពួកគេជាសមាជិករបស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) ដែលបានដឹកនាំកូដកម្ម។
នៅថ្ងៃនៃការប៉ះទង្គិចគ្នានោះ កម្មករ១០នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីនគរបាលបានរកឃើញដំបង ដាវសាម៉ូរ៉ៃ និងចំពាមកៅស៊ូនៅកន្លែងកើតហេតុ ជាភ័ស្តុតាងនៃការញុះញង់ ប៉ុន្តែ កម្មករប្រាំនាក់ត្រូវបានដោះលែងវិញនៅថ្ងៃបន្ទាប់ ដោយសារខ្វះភ័ស្តុតាង។
សេចក្តីបង្គាប់ឲ្យដោះលែងនៅក្រៅឃុំកាលពីម្សិលមិញ ដែលចុះហត្ថលេខាដោយលោក ប៉ុក សុវណ្ណមុនី ចៅក្រមសើុបសួរលើកឡើងថា ព្រះរាជអាជ្ញាយល់ព្រមដោះលែងមនុស្សប្រាំនាក់ដែលនៅសល់ បន្ទាប់ពីមានសំណើពីលោក គឹម សុជាតិ មកពីសហភាពការងារកម្ពុជាជាមេធាវីរបស់ពួកគេ។
សេចក្តីបង្គាប់នេះមានខ្លឹមសារថា “តុលាការបានសម្រេចដោះលែងជនជាប់ចោទទាំងប្រាំនាក់នេះឲ្យនៅក្រៅឃុំ ដោយសារការដោះលែងពួកគេមិនធ្វើឲ្យប៉ះពាល់ខ្លាំងដល់និតីវិធីច្បាប់ទេ ប៉ុន្តែ ពួកគេត្រូវមកបង្ហាញខ្លួននៅតុលាការនៅពេលត្រូវបានកោះហៅ”។
អ្នកទាំងប្រាំនាក់ដែលត្រូវបានដោះលែងគឺឈ្មោះ ឃុន សុខុម អាយុ៣១ឆ្នាំ មន្ត្រីនៅស៊ីខៅឌូ មុំ សារ៉ែម អាយុ២៩ឆ្នាំ កម្មករដែលត្រូវបានបណ្តេញចេញ និងជាអតីតតំណាងសហជីពនៅរោងចក្រនេះ បៀន សារីម អាយុ៣៥ឆ្នាំ ជាកម្មករដែលត្រូវបានបណ្ដេញចេញម្នាក់ទៀត និងអ្នកបើកបររថយន្តពីរនាក់ដែលបានដឹកកម្មករទៅរោងចក្រ គឺឈ្មោះ នេត ពិសី អាយុ២២ឆ្នាំ និង កង សាវុធ អាយុ២៤ឆ្នាំ។
លោក សុជាតិ បានមានប្រសាសន៍កាលពីម្សិលមិញថា “ចៅក្រមសើុបសួរបានដោះលែងកូនក្តីរបស់ខ្ញុំនៅរសៀលនេះដោយមានលក្ខខណ្ឌថា អ្នកទាំងប្រាំនាក់នេះត្រូវបង្ហាញខ្លួននៅពេលដែលតុលាការត្រូវការពួកគេ”។
លោក សុខុម នៅស៊ីខៅឌូ បានមានប្រសាសន៍ថា សេចក្តីសម្រេចរបស់តុលាការក្នុងការដោះលែងពួកគេឲ្យនៅក្រៅឃុំនេះ មិនតំណាងឲ្យភាពយុត្តិធម៌ទេ។
លោកបានមានប្រសាសន៍តាមទូរស័ព្ទ ខណៈពេលចេញពីពន្ធនាគារកាលពីម្សិលមិញថា “ត្រឹមការដោះលែងឲ្យនៅក្រៅឃុំមិនយុត្តិធម៌សម្រាប់ខ្ញុំ ឬអ្នកបួននាក់ផ្សេងទៀតទេ។ អ្វីដែលយុត្តិធម៌គឺតុលាការត្រូវលើកលែងការចោទប្រកាន់មកលើពួកយើង ពីព្រោះយើងមិនមានពិរុទ្ធភាពដូចអ្វីដែលរោងចក្របានចោទប្រកាន់មកលើពួកយើងនោះឡើយ”៕សារុន