28.4 C
Phnom Penh

អង្គការសេដាក​នឹងផ្តល់​ការ​ធានា​រ៉ាប់រង​ដល់​ប្រជាកសិករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(អង្គការសេដាក) នឹង​ផ្តល់​ការធានា​រ៉ាប់រង​ផ្នែក​កសិកម្ម​ដល់​ប្រជា​កសិករ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​ក្រោយ ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយទៀត​កាលពី​ថ្ងៃ​អង្គារ។

លោក យ៉ង សាំង​កុមារ ប្រធាន​អង្គការ​សេដាក បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា អង្គការ​សេដាក និងមូលនិធិ Achmea Foundation មាន​មូលដ្ឋាន​នៅ​ប្រទេស​ហូឡង់ កំពុង​ធ្វើ​សហប្រតិបត្តិការ​អនុវត្ត​គម្រោង​ ដែល​នឹង​​ចាប់​ផ្តើម​ផ្តល់​ការ​ធានា​រ៉ាប់រង​នៅ​ដើម​ឆ្នាំ​២០១៥។

លោក សាំងកុមារ បាន​មាន​ប្រសាសន៍​ថា “គម្រោង​នេះ​នឹង​ធ្វើការ​កំណត់ ថាតើ​ការ​ធានា​រ៉ាប់រង​កសិកម្ម​សម្រាប់​កសិករ​នឹង​ជួយ​ទប់​ស្កាត់​ការ​ខាតបង់[ហិរញ្ញ​វត្ថុ]​…​ដោយសារ​ហានិភ័យ​ដូចជា​អាកាស​ធាតុ ទឹក​ជំនន់ និង​ជំងឺ​ដំណាំ​ឬ​យ៉ាងណា”។

ក្រោម​កិច្ច​ព្រមព្រៀង​នេះ លោក សាំងកុមារ បាន​មាន​ប្រសាសន៍​ថា អង្គការ Achmea នឹង​ផ្តល់​ប្រាក់​៩០.០០០​ដុល្លារ​ដល់​គម្រោង​នេះ ដែល​មាន​បំណង​ផ្តល់​សេវា​ធានា​រ៉ាប់រង​ដល់​ប្រជាកសិករ​៣.០០០​នាក់ នៅ​ត្រឹម​ខែតុលា​ឆ្នាំ​២០១៦។

លោក​បាន​មាន​ប្រសាសន៍​ថា ប្រាក់​បង់​ឲ្យ​សេវា​ធានា​រ៉ាប់រង​ប្រចាំ​ឆ្នាំ​នឹង​កំណត់​នៅ​ឆ្នាំ​បន្ទាប់ ពេលណា​អង្គការ​សេដាក​និង​អង្គការ Achmea ពិគ្រោះ​ជាមួយ​កសិករ​ដើម្បី​កំណត់​តម្លៃ។

លោក សំអាត វាសនា អនុប្រធាន​​សហព័ន្ធ​អង្គការ​កសិករ​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍ ជា​សហករណ៍​កសិករ​ស្រូវ បាន​ស្វាគមន៍​គម្រោង​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា “នេះ​ជា​លើក​ទី​១​ហើយ ដែល​ខ្ញុំ​បាន​ឮ​ថា ការ​ធានា​រ៉ាប់រង​កសិកម្ម​នឹង​មាន​ផ្តល់​ជូន​កសិករ។ ខ្ញុំ​គាំទ្រ​គម្រោង​នេះ​យ៉ាង​ខ្លាំង ពីព្រោះ​កសិករ​មាន​ហានិភ័យ​ច្រើន​ណាស់”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស