មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(អង្គការសេដាក) នឹងផ្តល់ការធានារ៉ាប់រងផ្នែកកសិកម្មដល់ប្រជាកសិករខ្មែរនៅទូទាំងប្រទេសនៅឆ្នាំក្រោយ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយអង្គការមិនមែនរដ្ឋាភិបាលមួយទៀតកាលពីថ្ងៃអង្គារ។
លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាក បានមានប្រសាសន៍កាលពីថ្ងៃពុធថា អង្គការសេដាក និងមូលនិធិ Achmea Foundation មានមូលដ្ឋាននៅប្រទេសហូឡង់ កំពុងធ្វើសហប្រតិបត្តិការអនុវត្តគម្រោង ដែលនឹងចាប់ផ្តើមផ្តល់ការធានារ៉ាប់រងនៅដើមឆ្នាំ២០១៥។
លោក សាំងកុមារ បានមានប្រសាសន៍ថា “គម្រោងនេះនឹងធ្វើការកំណត់ ថាតើការធានារ៉ាប់រងកសិកម្មសម្រាប់កសិករនឹងជួយទប់ស្កាត់ការខាតបង់[ហិរញ្ញវត្ថុ]…ដោយសារហានិភ័យដូចជាអាកាសធាតុ ទឹកជំនន់ និងជំងឺដំណាំឬយ៉ាងណា”។
ក្រោមកិច្ចព្រមព្រៀងនេះ លោក សាំងកុមារ បានមានប្រសាសន៍ថា អង្គការ Achmea នឹងផ្តល់ប្រាក់៩០.០០០ដុល្លារដល់គម្រោងនេះ ដែលមានបំណងផ្តល់សេវាធានារ៉ាប់រងដល់ប្រជាកសិករ៣.០០០នាក់ នៅត្រឹមខែតុលាឆ្នាំ២០១៦។
លោកបានមានប្រសាសន៍ថា ប្រាក់បង់ឲ្យសេវាធានារ៉ាប់រងប្រចាំឆ្នាំនឹងកំណត់នៅឆ្នាំបន្ទាប់ ពេលណាអង្គការសេដាកនិងអង្គការ Achmea ពិគ្រោះជាមួយកសិករដើម្បីកំណត់តម្លៃ។
លោក សំអាត វាសនា អនុប្រធានសហព័ន្ធអង្គការកសិករកម្ពុជាដើម្បីអភិវឌ្ឍន៍ ជាសហករណ៍កសិករស្រូវ បានស្វាគមន៍គម្រោងនេះ។
លោកបានមានប្រសាសន៍ថា “នេះជាលើកទី១ហើយ ដែលខ្ញុំបានឮថា ការធានារ៉ាប់រងកសិកម្មនឹងមានផ្តល់ជូនកសិករ។ ខ្ញុំគាំទ្រគម្រោងនេះយ៉ាងខ្លាំង ពីព្រោះកសិករមានហានិភ័យច្រើនណាស់”៕មានិត