38.1 C
Phnom Penh

តុលាការ​ចោទ​ប្រកាន់​អតីតព្រះសង្ឃពីរអង្គ​ពាក់ព័ន្ធការ​ដឹក​បំពង់​ឫស្សី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ បាន​​​ចោទ​​​ប្រកាន់​​​អតីត​​​ព្រះ​​​សង្ឃ​​​ពីរ​​​នាក់​​​ដែល​​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​សមាគមជនទុច្ចរិត​ បន្ទាប់ ពី​​​ពួក​​​គេ​​​ទាំង​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពីថ្ងៃ​​​ពុធ​​​ នៅ​​​ក្រៅ​​​វត្ត​​​មួយ​​​ដែលពួកគេកំពុង​ដឹក​​​​បំពង់​ឫស្សី​​​ដែល​មាន​ចងភ្ជាប់ទង់ជាតិ​​ពេញបាវ។monks

យោង​​​តាម​​​ លោក អ៊ុំ សុភ័ក្រ ព្រះ​​​រាជ​​​អាជ្ញារង​​​អម​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​បាន​​​ឲ្យ​​​ដឹង​​​ថា ឃិត វណ្ណៈ អាយុ​​​២៦​​​ឆ្នាំ និង សាង កុសល អាយុ​​​១៩​​​ឆ្នាំ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​តាម​​​មាត្រា​​​៤៩៩​​​នៃ​​​ក្រម​​​ព្រហ្មទណ្ឌ​​​ពី​​​បទ​​​ព្យាយាម​​​ចូល​​​រួម​​​ជាមួយ​​​ក្រុម​​​អ្នក​​​ភូមិ​​​មក​​​ពី​​​ខេត្ត​​​ព្រះវិហារ ដែល​​​មាន​​​គម្រោង​​​ហែ​​​ក្បួន​​​ទៅកាន់​​​រដ្ឋសភា​​​ និង​​​ទៅ​​​ភូមិ​​​គ្រឹះ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ដើម្បី​​​ អំពាវ​​​នាវ​​​សុំ​​​ការ​​​អន្តរាគមន៍​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​ដី​​​ធ្លី​​​របស់​​​ពួក​​​គាត​​​់​​​នៅ​​​ក្នុង​​​ខេត្ត​​​ភាគ​​​ពាយព្យនេះ។

លោក សុភ័ក្រ្ត​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​ចោទ​​​ប្រកាន់​​​អតីត​​​ព្រះ​​​សង្ឃ​​​ទាំង​​​ពីរ​​​អង្គ​​​នេះ​​​ពីបទ​​​ចូល​​​រួម​​​ក្នុង​​​សមាគម​ជន​ទុច្ចរិត​​​ ពីព្រោះ​​​ពួក​​​គេ​​​មាន​​​គម្រោង​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការ​​​តវ៉ា​​​កាល​​​ព​ី​​​ម្សិលមិញ”។ លោក​​​បាន​​​​​​បន្ថែម​​​ថា “ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​​​​មិន​​​ទាក់​​​ទង​​​ទៅ​​​នឹង​​​ការ​​​តវ៉ា​​​មុន​​​ៗ​​​ទេ​​​” ហើយ​​​លោក​​​បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​សំណួរ​​​បន្ថែម​​​ឡើយ​​​។ តាម​​​មាត្រា ៤៩៩​​​នៃ​​​ក្រម​​​ព្រហ្មទណ្ឌ​​​អាច​​​មាន​ទោស​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​​​​ប្រាំ​​​ឆ្នាំ​​​។

លោក ហម សុ៊នរិទ្ធ មេធាវី​​​ការ​​​ពារ​​​អតីត​​​ព្រះ​​​អង្ឃ​​​ទាំង​​​ពីរ​​​អង្គ​​​នេះ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​ទាំង​​​ពីរ​​​បាន​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​កាល​​​ពី​​​យប់​​​មិញ ដើម្បី​​​រង់​​​ចាំ​​​ការ​​​កាត់​​​ក្តី បន្ទាប់ ពី​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​ដោយ​​​ចៅ​​​ក្រម​​​សើុបសួរ​​​ នូ វាសនា និង​​​លោក សុភ័ក្រ្ត​។

ដោយ​​​អង្គុយ​​​ទាំង​​​ដៃ​​​ជាប់​​​ខ្នោះ​​​នៅ​​​ក្នុង​​​សាល​​​សវនាការ​​​កាល​​​ពី​​​ម្សិលមិញ អតីត​​​ព្រះ​​​សង្ឃ​​​ទាំង​​​ពីរ​​​អង្គ​​​នេះ​​​ ដែល​​​ជា​​​ខ្មែរ​​​ក្រោម ហើយ​​​បាន​​​ធំធាត់​​​ដឹង​​​ក្តី​​​ក្នុង​​​ប្រទេស​​​វៀតណាម​​​នោះ​​​បាន​​​និយាយថា ពួក​​​គេ​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​យ៉ាង​​​យូរ​​​ពី​​​ការ​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​បាតុកម្ម​​​ជា​​​សាធា​រណៈ​​​កន្លង​​​មក​​​ ផ្ទុយ​​​ទៅ​​​នឹង​​​ការ​​​អះ​​​អាង​​​របស់​​​ព្រះ​​​រាជ​​​អាជ្ញា។

លោក វណ្ណៈ ដែល​​​បាន​​​ផ្លាស់​​​ពី​​​ប្រទេស​​​វៀតណាម​​​មក​​​នៅ​​​ប្រទេស​​​កម្ពុជាប្រហែល​​​​បី​​​ឆ្នាំ កន្លង​​​មក​​​បាន​​​និយាយ​​​ថា “ព្រះ​​​រាជ​​​អាជ្ញា​​​រង​​​បាន​​​សួរ​​​ពី​​​គោល​​​បំណង​​​របស់​​​យើង​​​កាល​​​ពី​​​ម្សិល​មិញ ប៉ុន្តែ ក៏​​​បាន​​​សួរ​​​អំពី​​​ការ​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការ​​​តវ៉ា​​​មុន​​​ៗ​​​ដែរ”។

ជា​​​ពិសេស​​​អ្នក​​​ទាំង​​​ពីរ​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​អំពី​​​ការ​​​ចូល​​​រួម​​​នៅក្នុង​​​ការ​​​តវ៉ា​​​នៅមុខ​​​ស្ថានទូត​​​វៀតណាម​​​កាល​​​ពីខែ​​​មុន​​​ ដែល​​​មាន​​​ការ​​​ដុត​​​ទង់​​​ជាតិ​​​របស់​​​ប្រទេស​​​នេះ​​​ និង​​​មានការ​​​គំរាម​​​កំហែង​​​ប្រើ​​​អំពើ​​​ហិង្សា​​​​​​។

លោក វណ្ណៈ បាន​​​និយាយ​​​ថា “យើង​​​មិន​​​ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ការ​​​ដុត​​​ទង់​​​​​​ជាតិ​​​ ឬ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ទេ…។ យើង​​​គ្រាន់​​​តែ​​​ចូល​​​រួម​​​តវ៉ា​​​ដើម្បី​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​វៀតណាម​​​សូមទោស​​​ចំពោះ​​​ការ​​​អះ​​​អាង​​​ដែល​​​ថា កម្ពុជា​​​ក្រោម​​​មិន​​​មែន​​​ជា​​​កម្ម​​​សិទ្ធិ​​​របស់​​​កម្ពុជាតែប៉ុណ្ណោះ។ យើង​​​បាន​​​ចូល​​​រួម​​​ការ​​​តវ៉ា ពីព្រោះ​​​វៀតណាម​​​បាន​​​ប្រឌិត​​​ប្រវត្តិសាស្ត្រ​​​ក្លែងក្លាយ”។

លោក អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​ផ្នែក​​​បច្ចេកទេស​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ជឿ​​​ថា ការ​​​ចោទ​​​ប្រកាន់​​​លើ​​​អ្នក​​​ទាំង​​​ពីរ​​​ដោយសារ​​​ពួក​​​គេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ព្រះ​​​តេជគុណ សឹង ហៃ សកម្ម​​​ជន​​​ជា​​​ព្រះ​​​សង្ឃ ដែល​​​ត្រូវ​​​បាន​​​ផ្សឹក​​​​​​ ហើយ​​សម្រេចដាក់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ពុធ ពីបទ​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ ប្រឆាំង​​​នឹង​​​ការ​​​ចាប់​​​ខ្លួន​​​សកម្ម​​​ជន​​​ប្រាំពីរ​​​នាក់​​​កាល​​​ពី​​​មួយ​​​ថ្ងៃ​​​មុន​​​។

កាល​​​ពីខែ​​​តុលា លោក សឹង ហៃ បាន​​​ដឹក​​​នាំ​​​ការ​​​ដុត​​​ទង់​​​ជាតិ​​​វៀតណាម​​​នៅ​​​មុខ​​​ស្ថាន​​​ទូត​​​នេះ​​​។

លោក សំអាត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​គឺ​​​ដោយសារ​​​អតីត​​​ព្រះ​​​សង្ឃទាំង​​​ពីរ​​​អង្គនេះ​​​ជាប់ពាក់ព័ន្ធ​ជាមួយ​​​លោក សឹង ហៃ ហើយ​​​ទាក់ទងនឹង​​​ការ​​​ចូល​​​រួម​​​បាតុកម្ម​​​មុន​​​ៗ ពីព្រោះ​​​ពួកគេ​​​ទាំង​​​ពីរ​​​​​ស្នាក់​​​នៅ​​​កុដិ​​​តែ​​​មួយ​​​ក្នុង​​​វត្ត​​​នេះ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​យល់​​​ថា ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​គ្រាន់តែ​​​ជា​​​ល្បិច​​​របស់​​​អាជ្ញាធរ​​​ដើម្បី​​​ស្វែង​​​រក​​​កំហុស​​​របស់​​​ពួក​​​គេ​​​ប៉ុណ្ណោះ ពីព្រោះ​​​ពួក​​​គាត់​​​បាន​​​​​​ចូល​​​រួម​​​បាតុកម្ម​​​​​​នៅ​​​ខាង​​​ក្រៅ​​​ស្ថាន​​​ទូត​​​វៀតណាម​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “ពួក​​​គេមិន​​​អាច​​​ប្រើ​​​ប្រាស់​​​ការ​​​តវ៉ា​​​ជា​​​លេស​​​ដើម្បី​​​​​​ចាប់ខ្លួន​​​អ្នកទាំងពីរ​បានឡើយ ពីព្រោះ​​​មាន​​​មនុស្ស​​​ច្រើន​​​​​នៅ​​​ទី​​​នោះ​​​ ហើយ​​​​​​ពួក​​​គេ​​​ទើបតែបានឃើញ​​​ហេតុ​​​ការណ៍ថ្មីដើម្បីចាត់​​​វិធានការ​​​លើ​​​អតីត​​​ព្រះ​​​សង្ឃ​​​ទាំង​​​ពីរ​​​អង្គ​​​នេះ​​​​​​”៕សារុន​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស