34 C
Phnom Penh

សហគមន៍​ថ្មគោល​បាញ់​ថ្នាំ​សរសេរ​អក្សរ​ SOS ធំៗ​លើ​ដំបូល​ផ្ទះ​ដើម្បី​ឲ្យ​លោក​ ហ៊ុន សែន មើល​ឃើញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ព្រឹក​ម្សិលមិញ អ្នកភូមិ​​ដែល​ប្រឈម​ការ​បណ្ដេញ​ចេញ​ដោយ​សារ​គម្រោង​ពង្រីក​អាកាសយាន​ដ្ឋាន​​អន្តរជាតិ​ភ្នំពេញ ​បាន​បាញ់​​ថ្នាំ​សរសេរ​អក្សរ​ SOS ធំៗ​នៅ​លើ​ដំបូល​ផ្ទះ​របស់​ខ្លួន​ដោយ​សង្ឃឹម​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​មើល​ឃើញ ​នៅ​ពេល​លោក​ជិះ​យន្តហោះ​វិល​ត្រឡប់​ពី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៥ នៅ​ក្នុង​ប្រទេស​ភូមា​កាលពី​យប់​មិញ។front

ប្រជា​ពល​រដ្ឋ​​រស់​នៅ​ក្នុង​សហគមន៍​ថ្មគោល​ ក្នុង​​​ខណ្ឌ​ដង្កោ ដែលស្ថិត​​នៅ​ជាប់​​អាកាស​យាន​ដ្ឋាន​នេះ​​ បាន​​​ធ្វើ​ស្រដៀង​គ្នា​នេះ​ដែរ​ នៅ​ពេល​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បារ៉ាក់ អូបាម៉ា ជិះ​យន្ត​ហោះ​ចូល​មក​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​នៅ​ក្នុង​ឆ្នាំ​២០១២។

កាលពី​ពីរ​ឆ្នាំ​មុន នគរ​បាល​ប្រដាប់​អាវុធ​បាន​ចុះ​ទៅ​តំបន់​នោះ ហើយ​បាន​បង្ខំ​ឲ្យ​អ្នកភូមិ​​ដែល​ត្រូវ​បាន​ជូន​ដំណឹង​កាលពី​ខែ​កក្កដា ​ឆ្នាំ​២០១២​​​ថា​ពួកគាត់​​ត្រូវ​រើ​ចេញ​នោះ​​ ឲ្យ​យក​សារ​ SOS ចេញ​ ដែល​សារ​នោះ​​មាន​បំណង​ធ្វើ​ឲ្យ​លោក បារ៉ាក់ អូបាម៉ា ​ដឹង​ពីការ​បណ្ដេញ​ពួកគាត់​​ចេញ​ក្នុង​ពេល​ឆាប់ៗ។

លោក កៅ សុវណ្ណ ​តំណាង​ប្រជា​ពលរដ្ឋ​​ប្រមាណ​៦០០​គ្រួសារ​នៅ​សហគមន៍​ថ្មគោល​បាន​លើក​ឡើង​ថា កាលពី​រសៀល​ម្សិលមិញ ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​សង្កាត់​កាកាប ​បាន​ចាប់​ផ្ដើម​​​ដក​​សារ​អំពាវ​នាវ​ដែល​បាញ់​​ថ្នាំ​នៅ​លើ​ដំបូល​ផ្ទះ​ប្រកស័ង្កសី​​របស់​អ្នកភូមិ​ ដែល​មាន​អម​ដោយ​រូប​ថត​របស់​លោក ហ៊ុន សែន និង​លោកស្រី ប៊ុនរ៉ានី។ លោក​បាន​លើក​ឡើង​ទៀត​ថា “ចៅសង្កាត់​កាកាប​​បាន​ចុះ​ទៅ​ជាមួយ​​សន្តិសុខ​របស់​គាត់​​ ដើម្បី​ដក​​​រូប​ថត​​ចេញ​ និង​បាញ់​ថ្នាំ​ពី​លើ​អក្សរ​ SOS”។

ប៉ុន្តែ​នៅ​ពេល​យប់​ចូល​មក​ដល់​​ ​ពេល​ជើង​ហោះ​ហើរ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ត្រូវ​ចុះ​ចត​ សន្តិសុខ​អាច​បាញ់​ថ្នាំ​​ពី​លើ​​អក្សរ​ SOS នៅ​លើ​ដំបូល​ផ្ទះ​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ដំបូល​ផ្ទះ​ចំនួន​បី​ដែល​មាន​អក្សរ​នេះ​ ដែល​អ្នកភូមិ​​​និយាយ​ថា​តំណាង​ឲ្យ​ពាក្យ​ស្លោក​​ “សាមគ្គី​ឈ្នះ​” នេះ​បើ​យោង​តាម​លើក​ឡើង​របស់​លោក ច្រាយ នីម ដែល​ជា​មេគំនិត​នៅ​ពីក្រោយ​ការ​តវ៉ា​ដោយ​ប្រើ​និមិត្ត​សញ្ញា​នេះ​។

លោក ច្រាយ នីម មាន​ប្រសាសន៍​ថា “បន្ទាប់ពី​យើង​ទទួល​ដំណឹង​ថា ​សម្ដេច​ [ហ៊ុន សែន] ទៅ​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ភូមា​ យើង​បាន​​ឆ្លៀត​ឱកាស​នេះ​បង្ហាញ​រូប​ថត​របស់​សម្ដេច​ជាមួយ​នឹង​សារ​ SOS ដើម្បី​សុំ​ឲ្យ​សម្ដេច​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​ពួកយើង”។ លោក​បាន​លើក​ឡើង​ទៀត​ថា អ្នកភូមិ​សង្ឃឹម​ថា លោក​នាយក​រដ្ឋមន្ត្រី​នឹង​បាន​ឃើញ​សារ​របស់​ពួកគេ​ ពីព្រោះ​​ការ​តវ៉ាដោយ​មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ​មិន​ទទួល​បាន​ផ្លែផ្កា​រហូត​មក​ទល់​ពេល​នេះ​។

លោក​បាន​លើក​ឡើង​ទៀត​ថា “យើង​បាន​ដាក់​ញត្តិ​មួយ​កាលពី​ថ្ងៃ​ទី​២៧ ខែ​តុលា ប៉ុន្តែ​យើង​មិន​ទាន់​ទទួល​បាន​ដំណឹង​អ្វីទាំង​អស់​ ដូច្នេះ​ខ្ញុំ​គិត​ថា​​វា​មិន​បាន​ទៅ​ដល់​ដៃ​​សម្ដេចទេ​ ពីព្រោះ​អាជ្ញាធរ​មូលដ្ឋាន​មិន​ចង់​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដឹង​​ពី​បញ្ហា​របស់​យើង​ ដោយ​សារ​​វា​នឹង​បង្ក​បញ្ហា​ដល់​ពួកគេ​។ នៅ​ពេល​សម្ដេច​ដឹង​រឿង​នេះ​ នឹង​មាន​ដំណោះ​ស្រាយ​សម​ស្រប​​សម្រាប់​សហគមន៍​របស់​យើង”។

លោក​ សុខ អែល ចៅសង្កាត់​កាកាប​បាន​មាន​ប្រសាសន៍​ថា លោក​បាន​បញ្ជា​ឲ្យ​​សន្តិសុខ​​របស់​លោក​បាញ់​ថ្នាំ​ពី​លើ​សារ​ SOS ពីព្រោះ​វា​នឹង​ទាក់​ទាញ​ចំណាប់​​អារម្មណ៍​អវិជ្ជមាន​មក​លើ​សហគមន៍​​ នៅ​ពេលលោក ហ៊ុន សែន ត្រឡប់​ពី​ចូល​រួម​កិច្ច​ប្រជុំ​ការ​ទូត​ដ៏សំខាន់​នេះ​។

លោក​​បាន​មាន​ប្រសាសន៍​ទៀត​ថា “ហេតុ​អ្វី​បានជា​ពួកគាត់​ធ្វើ​បែប​នេះ? វា​បង្ក​រូប​ភាព​អាក្រក់​សម្រាប់​សង្កាត់​របស់​យើង ពីព្រោះ​សម្ដេច​នាយក​ស​​នឹង​វិល​ត្រឡប់​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅភូមា​វិញ ដូច្នេះ​យើង​ក៏​បាញ់​ថ្នាំ​ពី​លើ​អក្សរ​ SOS របស់​ពួកគាត់​ ហើយ​ដក​រូប​ថត​​ចេញ​ និង​ប្រគល់​ឲ្យ​ទៅ​ម្ចាស់​ផ្ទះវិញ​”៕ សុខុម​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស