30 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​​ទទួល​បាន​ជោគ​ជ័យ​​ក្នុង​ការ​ចុះ​បញ្ជី​ក្រុម​ហ៊ុន​​ដើម្បី​បង្កើត​ទូរទស្សន៍​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ឲ្យ​ដឹង​កាលពី​ម្សិល​មិញ​ថា ពាណិជ្ជករ​​មួយ​ក្រុម​ដែល​ស្និទ្ធ​នឹង​គណបក្ស​ប្រឆាំង​​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​​ចុះ​បញ្ជី​ក្រុម​ហ៊ុន​មួយ​ជាមួយ​​​ក្រសួងពាណិជ្ជកម្ម​​ហើយ ហើយ​បន្ទាប់​មក​ទៀត​ក្រុម​ហ៊ុន​នេះ​នឹង​ដាក់​ពាក្យ​សុំ​​អាជ្ញាប័ណ្ណ​​បង្កើត​ទូរទស្សន៍​​ដែល​រដ្ឋាភិបាល​បាន​សន្យា​ចំពោះ​គណបក្ស​ប្រឆាំង​។

លោក យឹម សុវណ្ណ បាន​លើក​ឡើង​​ថា គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ដំណឹង​នេះ​កាលពី​សប្ដាហ៍​​​កន្លង​មក​នេះ​ថា ពាក្យ​សុំ​ចុះ​បញ្ជី​​ក្រុម​ហ៊ុន​ដែល​មាន​ឈ្មោះ​ថា Cambodia Independent Media ​ត្រូវ​បាន​រដ្ឋាភិបាល​យល់​ព្រម​ហើយ​។

លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា “យើង​​ទទួល​បាន​ការ​ឆ្លើយ​តប​ ហើយ​ក្រុម​ហ៊ុន​ត្រូវ​បាន​ចុះបញ្ជី​រួច​ហើយ ហើយ​ឥឡូវ​នេះ​ក្រុម​ហ៊ុន​កំពុង​តែ​រៀបចំ​ផ្ញើ​លិខិត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី”។

មន្ត្រី​មួយ​រូប​នៅ​ក្រសួង​ពាណិជ្ជកម្ម​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​លោក​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ បាន​បញ្ជាក់​​ពីការ​ចុះ​បញ្ជី​ដែល​ទទួល​បាន​ជោគជ័យនេះ​។

មន្ត្រី​រូប​នេះ​បាន​និយាយ​ថា “ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៤ ហើយ​ឈ្មោះ​របស់​ក្រុម​ហ៊ុន​នេះគឺ​​ Cambodia Independent Media Co.Ltd”។

លោក យឹម សុវណ្ណ បាន​លើក​ឡើង​កាលពី​ខែ​មុន​ថា ស្ថានីយ​ទូរទស្សន៍​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​មនុស្ស​ដែល​ស្និទ្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ ប៉ុន្តែ​​​នឹង​ធ្វើ​ប្រតិបត្តិការ​ដោយ​ស្វយ័ត​ ហើយ​​មេដឹកនាំ​គណបក្ស​នឹង​មិន​ជ្រៀតជ្រែក​​ក្នុង​​ខ្លឹមសារ​ព័ត៌មាន​​របស់​ស្ថានីយ​ទូរទស្សន៍​នេះ​ឡើយ។

លោក​បាន​បដិសេធ​​មិន​ប្រាប់​ឈ្មោះ​មនុស្ស​​ដែល​ស្ថិត​នៅ​ពីក្រោយ​ស្ថានីយ​ទូរទស្សន៍​នេះ​ទេ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រាប់​ឲ្យ​ដឹង​ក្នុង​ពេល​ឆាប់ៗ​។

លោក​​​ យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា “ពួកគេ​​នឹង​មក​ជួប​ជុំគ្នា​ក្នុង​ពេល​ឆាប់ៗ។ អ្នកខ្លះ​នៅ​ក្នុង​ប្រទេស​បារាំង​ ហើយ​អ្នក​ចូល​ភាគហ៊ុន​ខ្លះ​ទៀត​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ ហើយ​ពួកគេ​នឹង​មក​ជួបជុំ​គ្នា​នៅ​សប្ដាហ៍ក្រោយ​”។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សន្យា​កាលពី​ដើម​ឆ្នាំ​នេះ​ថា រដ្ឋាភិបាល​​នឹង​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​បើក​ទូរទស្សន៍​​ប្រសិនបើ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​បញ្ជី​ក្រុម​ហ៊ុន​ឯកជន​មួយ​ បន្ទាប់មក​​ដាក់​ពាក្យ​ទៅ​រដ្ឋាភិបាល​សុំ​អាជ្ញាប័ណ្ណ​បើក​​ស្ថានីយ​ទូរទស្សន៍​នោះ។

រដ្ឋាភិបាល​​បាន​សន្យា​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​ដូច្នេះ គឺ​ដើម្បី​​លើក​ទឹក​ចិត្ត​​ឲ្យ​គណបក្ស​ប្រឆាំង​បញ្ចប់​ការ​តវ៉ា​របស់​ខ្លួន​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដ៏ចម្រូង​ចម្រាស​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣។

ស្ថានីយ​ទូរទស្សន៍​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជា​ស្ថានីយ​ទូរទស្សន៍​ដំបូង​ ដែល​ត្រូវ​បាន​ធ្វើ​ប្រតិបត្តិការ​ដោយ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ស្ថានីយ​ទូរទស្សន៍​ទាំង​ប្រាំបួន​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​សុទ្ធ​តែ​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ឬទំនង​ជា​​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណបក្ស​កាន់​អំណាច​ ហើយ​គណបក្ស​ប្រឆាំង​​បាន​រិះគន់​ជាយូរ​មក​ហើយ​ថា ​គណបក្ស​ផ្សេងៗ​​គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយព័ត៌មាន​របស់​ខ្លួន​តាម​បណ្ដាញ​ស្ថានីយ​ទូរទស្សន៍ទាំង​នេះ​ឡើយ​៕ ស៊ុយឈាង​

(រាយការណ៍​បន្ថែម​ដោយ ហ៊ុល រស្មី)​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស