សហព័ន្ធសហជីពអន្តរជាតិចំនួនបីបានចេញមកប្រឆាំងនឹងសេចក្តីសម្រេចរបស់រដ្ឋាភិបាលកាលពីថ្ងៃពុធ ដែលដំឡើងប្រាក់ខែគោលថ្មីសម្រាប់កម្មកររោងចក្រនៅកម្ពុជាពី១០០ដុល្លារដល់១២៨ដុល្លារនោះ។
សហជីពក្នុងស្រុកនៅមិនទាន់សម្រេចថា តើត្រូវទទួលយកការដំឡើងប្រាក់ខែគោលថ្មីនេះ ឬត្រូវត្រឡប់ទៅធ្វើកូដកម្មវិញ ឬយ៉ាងណានោះឡើយ ប៉ុន្តែ បានច្រានចោលការព្រមានចុងក្រោយពីរោងចក្រដែលថា ការដំឡើងប្រាក់ខែគោលថ្មីនេះនឹងបង្ខំឲ្យរោងចក្រភាគច្រើនបិទទ្វារ ហើយធ្វើឲ្យបាត់បង់ការងាររាប់មឺុននោះ។
ក្រសួងការងារបានប្រកាសអំពីប្រាក់ខែគោលថ្មីកាលពីរសៀលថ្ងៃពុធ ដែលត្រូវបានដំឡើងចំនួនប្រាំដុល្លារ ពីលើប្រាក់ខែគោលចំនួន១២៣ដុល្លារ ដែលគណៈកម្មាធិការប្រឹក្សាការងារបានកំណត់នៅក្នុងការបោះឆ្នោតសម្ងាត់មួយនាព្រឹកនោះ។ ក្នុងចំណោមសមាជិកទាំង២៨រូបរបស់គណៈកម្មាធិការនេះ ដែលមាន១៤រូបមកពីរដ្ឋាភិបាល ប្រាំពីររូបមកពីសហជីព និងប្រាំពីរូបទៀតមកពីរោងចក្រនោះ គឺមានតែសមាជិកពីររូបប៉ុណ្ណោះបានបោះឆ្នោតគាំទ្រប្រាក់ខែគោល១៤០ដុល្លារដែលសហជីពកំពុងទាមទារ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីសេចក្តីប្រកាសនៃការដំឡើងប្រាក់ខែគោលថ្មី សហជីពអន្តរជាតិចំនួនបីដែលមានដូចជា សហជីព IndustriALL សហជីពUNI Global Union និង សហជីព International Trade Union Confederation បានលើកឡើងថា សេចក្តីសម្រេចរបស់ក្រសួងការងារ “បង្ហាញឲ្យឃើញពីការខ្ជះខ្ជាយឱកាសមួយផ្សេងទៀត”។
លោក Jyrki Raina អគ្គលេខាធិការសហជីព Industri ALL បានមានប្រសាសន៍ថា “ប្រាក់ខែគឺមិនមែនគ្រាន់តែចាំបាច់សម្រាប់កម្មករដើម្បីរស់នៅដោយភាពថ្លៃថ្នូរនោះទេ ប៉ុន្តែ វាក៏ចាំបាច់សម្រាប់ការធ្វើឲ្យឧស្សាហកម្មកាត់ដេរមាននិរន្តរភាពផងដែរ។ ហេតុដូច្នេះហើយ ទើបក្រុមហ៊ុនសម្លៀកបំពាក់អន្តរជាតិយីហោល្បីៗដែលនាំមុខគេបានបង្ហាញការគាំទ្ររបស់ខ្លួនចំពោះប្រាក់ខែគោលដ៏សមរម្យមួយ”។
អំឡុងការចរចាដ៏តានតឹងមុនសេចក្តីសម្រេចលើការដំឡើងប្រាក់ខែគោលនៅសប្តាហ៍ នេះក្រុមហ៊ុនសម្លៀកបំពាក់យីហោល្បីៗបំផុតមួយចំនួនដែលសព្វថ្ងៃបញ្ជាទិញសម្លៀកពាក់មានប្រភពចេញពីប្រទេសកម្ពុជាបានសន្យាផ្តល់តម្លៃខ្ពស់ជាងមុនសម្រាប់ការបញ្ជាទិញរបស់ខ្លួន ដើម្បីជួយរោងចក្រមានលទ្ធភាពដំឡើងប្រាក់ខែជូនកម្មករ។
លោក Riana បានមានប្រសាសន៍បន្តថា “យើងចង់ឲ្យក្រុមហ៊ុនសម្លៀកបំពាក់យីហោល្បីៗរក្សាការសន្យារបស់ខ្លួន ហើយយើងនឹងបន្តធ្វើការងារជាមួយពួកគេលើយន្តការមួយដែលនឹងដំឡើងប្រាក់ខែសម្រាប់កម្មករនៅក្នុងរោងចក្រដែលផ្គត់ផ្គង់សម្លៀកបំពាក់នានា”។
ប៉ុន្តែ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលតំណាងឲ្យរោងចក្រភាគច្រើនបានលើកឡើងថា វានៅមិនទាន់អាចធ្វើឲ្យមានការផ្លាស់ប្តូរអ្វីបាននៅឡើយទេ ព្រោះការសន្យានេះត្រូវបានធ្វើឡើងតែពីអ្នកបញ្ជាទិញអន្តរជាតិមួយចំនួនតូចប៉ុណ្ណោះ។ហើយបន្ទាប់ពីក្រសួងការងារប្រកាសអំពីប្រាក់ខែគោលថ្មីកាលពីថ្ងៃពុធ GMAC បានព្រមានថា សមាជិករបស់ខ្លួនភាគ ច្រើនឥឡូវនេះកំពុងស្ថិតក្នុងដំណាក់កាលដ៏ធ្ងន់ធ្ងរមួយដែលអាចនឹងបិទទ្វារ។
លោក ណាង សុធី តំណាងរោងចក្រមួយបានលើកឡើងថា ប្រាក់ខែគោលថ្មីអាចធ្វើឲ្យរោងចក្រប្រហែល៥០នឹងដកខ្លួនចេញពីប្រទេសកម្ពុជា ដោយនឹងធ្វើឲ្យបាត់បង់ការងារយ៉ាងតិច៥០.០០០។
ឧស្សាហកម្មកាត់ដេរទាំងមូលបានផ្តល់ការងារឲ្យពលរដ្ឋកម្ពុជាប្រមាណជាង៦០០.០០០នាក់ ដែលភាគច្រើនជាស្ត្រីវ័យក្មេង។
GMAC បានលើកឡើងទៀតថា ដោយរួមមានទាំងប្រាក់រង្វាន់ពីរោងចក្របន្ថែមផងនោះប្រាក់ខែគោលថ្មីនេះនឹងអាចកើនឡើងដល់១៤៥ដុល្លារក្នុងមួយខែ ដោយវាស្របតាមប្រាក់ខែខ្ពស់បំផុតនៅប្រទេសវៀតណាម ជាទីដែលកម្មកររោងចក្រកាត់ដេរមានផលិតភាពការងារខ្ពស់ជាងឆ្ងាយណាស់។
ទោះជាយ៉ាងណា កាលពីខែតុលា លោក កែន លូ អគ្គលេខាធិការ GMAC បានលើកឡើងថា ប្រាក់ខែដែលអាចប្រកួតប្រជែងជាមួយប្រទេសវៀតណាមបានគឺ ១៤៩ដុល្លារ ប៉ុន្តែ ប្រាក់ខែខ្ពស់បំផុតដែលរោងចក្រនៅកម្ពុជាអាចរ៉ាប់រងបាននោះគឺ១៣២ដុល្លារ ដោយវាលើសចំនួនបួនដុល្លារពីប្រាក់ខែដែលក្រសួងបានកំណត់។
នៅក្នុងករណីផ្សេងទៀត សហជីពដែលកំពុងទាមទារឲ្យដំឡើងប្រាក់ខែគោលថ្មីដល់១៤០ដុល្លារ ឬក៏ខ្ពស់ជាងនេះ បានលើកឡើងថា ការនិយាយថារោងចក្រភាគច្រើនអាចនឹងបិទទ្វារនោះ គឺគ្រាន់តែជាការបន្លាចមួយពីរោងចក្រដើម្បីធ្វើឲ្យខ្លួននៅតែអាចទទួលបានប្រាក់ចំណេញច្រើនដដែលប៉ុណ្ណោះ។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករបានមានប្រសាសន៍ថា “ទោះបីជាប្រាក់ខែគោលត្រូវបានដំឡើងដល់២០០ដុល្លារក៏ដោយ ក៏រោងចក្រធំៗទាំងនេះនឹងមិនបិទទ្វារដែរ។ មានតែរោងចក្រតូចៗ ដែលគ្មានអាជ្ញាប័ណ្ណប៉ុណ្ណោះនឹងបិទទ្វារនោះ”។
លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករបានច្រានចោលការព្រមានរបស់ GMAC ដោយលើកឡើងថា នេះគ្រាន់តែជា “លេស” ដើម្បីព្យាយាមធ្វើឲ្យប្រាក់ខែគោលនៅតែទាបដដែលប៉ុណ្ណោះ។
ខណៈមានតែសមាជិកពីររូបរបស់គណៈកម្មាធិការប្រឹក្សាការងារបោះឆ្នោតគាំទ្រការទាមទារដំឡើងប្រាក់ខែគោលឲ្យដល់១៤០ដុល្លារកាលពីថ្ងៃពុធនោះ លោក ជា មុនី និងលោក ប៉ាវ ស៊ីណា បានលើកឡើងថា ការដំឡើងប្រាក់ខែគោលថ្មីត្រឹមតែ១២៨ដុល្លារនេះគឺវានៅមានចំនួនទាបខ្លាំងណាស់ ហើយថា ខ្លួននឹងជួបជាមួយសមាជិកខ្លួននៅប៉ុន្មានថ្ងៃខាងមុខនេះមុនពេលសម្រេចថា តើត្រូវទទួលយកប្រាក់ខែគោលថ្មីនេះ ឬអំពាវនាវឲ្យមានការធ្វើកូដកម្ម និងការតវ៉ាបន្តទៀត ដើម្បីទាមទារឲ្យមានការដំឡើងប្រាក់ខែលើសពីនេះ ឬយ៉ាងណា។
លោក ប៉ាវ ស៊ីណា ក៏បានលើកឡើងផងដែរថា លោកព្រួយបារម្ភខ្លាចក្រែង ម្ចាស់ផ្ទះនៅ ជុំវិញរោងចក្រនឹងដំឡើងថ្លៃឈ្នួលផ្ទះរបស់ពួកគាត់ ជាមួយនឹងថ្លៃទឹក ភ្លើងផងដែរ នៅពេលប្រាក់ខែគោលថ្មីនឹងចូលជាធរមាននៅខែមករានោះ ព្រោះថា ពួកគាត់តែងតែធ្វើដូច្នេះជារៀងរាល់លើក។
លោកបានមានប្រសាសន៍ថា “ប្រាក់ខែ១២៨ដុល្លារនេះមិនទាន់ស្របតាមតម្រូវការរបស់កម្មករយើងនៅឡើងទេ។ យើងនឹងសួរកម្មកររបស់យើងនៅក្នុងរោងចក្រថា តើប្រាក់ខែនេះអាចទទួលយកបាន ឬក៏អត់។ ប្រសិនបើពួកគេមិនទទួលយកទេ សហជីពរបស់យើងនឹងសម្រេចធ្វើតាមអ្វីដែលពួកគាត់ស្នើឡើង”៕ស៊ុយឈាង