32 C
Phnom Penh

​ទីផ្សារ​ស្រោម​អនាម័យក្នុង​វិស័យ​ឯកជន​​មាន​ការ​រីក​ចម្រើន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​នៅ​ពេល​​រាជ​ធានី​​ភ្នំពេញ​ជោរជន់​ទៅ​ដោយ​ស្រោម​អនាម័យ​ចែក​​ឥត​គិត​ថ្លៃ អំឡុង​ពិធី​បុណ្យ​អុំទូក​កាលពី​សប្ដាហ៍​មុន​ ដើម្បី​ធានា​ថា​អ្នក​​​​​​ចូល​រួម​អបអរ​ពិធី​នេះ​​ ដែល​ទៅ​​ស្វែង​រក​ការ​សប្បាយ​​​​បំពេញ​ចំណង់​ផ្លូវ​ភេទ​មាន​សុវត្ថិភាព​នោះ អ្នក​លក់​ស្រោម​អនាម័យ​នៅ​ក្នុង​រាជ​ធានី​​មិន​សប្បាយ​ចិត្ត​ឡើយ​ចំពោះរឿង​នេះ​។condoms

លោក កែម វិចិត្រ នាយក​ក្រុម​ហ៊ុន​ PPES Group ដែល​ជាក្រុម​ហ៊ុន​ក្នុង​ស្រុក​ទទួល​ចែក​ចាយ​ស្រោម​អនាម័យ​ Yoi បាន​មាន​ប្រសាសន៍​ថា “អំឡុង​ពិធី​បុណ្យ​អុំទូក​ ក្រុម​ហ៊ុន​របស់​ខ្ញុំ​ស្ទើរ​តែ​មិន​ទទួល​បាន​ការ​កុម៉្មង់​​ទិញ​ពី​បណ្ដា​ផ្ទះ​​សំណាក់ ពីព្រោះ​ភ្ញៀវ​ភាគ​ច្រើន​ដែល​មក​ភ្នំពេញ​ទទួល​បាន​ស្រោម​អនាម័យ​ឥតគិត​ថ្លៃ​ពីអង្គការ​មិន​មែន​រដ្ឋាភិបាល​”។

ប៉ុន្តែ​​បុណ្យ​អុំទូក​​គឺ​ជា​ពិធី​ដែល​​ប្រារព្ធ​ឡើង​​មួយ​ឆ្នាំ​ម្ដង ហើយ​បណ្ដា​ក្រុម​ហ៊ុន​ឯកជន​ផ្សេងៗ​ទៀត​ក្នុង​វិស័យ​ស្រោម​អនាម័យ​និយាយ​ថា ស្ថាប័ន​រដ្ឋាភិបាល​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ផ្នែក​សុខភាព​ដែល​បាន​ចែក​ចាយ​ស្រោម​អនាម័យ​ឥតគិត​ថ្លៃ​កាលពី​សប្ដាហ៍​មុន ក៏​បាន​ជួយ​​ឲ្យ​ទីផ្សារ​ស្រោម​អនាម័យ​ដែល​ស្វែងរក​ប្រាក់​ចំណេញ​​ទទួល​បាន​ប្រជា​ប្រិយភាព​ផង​ដែរ​។

Population Services International (PSI) ​ជា​អង្គការ​សុខភាព​ពិភព​លោក​ ដែល​​ពេល​នេះ​​ប្រតិបត្តិការ​របស់​ខ្លួន​​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ ត្រូវ​បាន​​ដាក់​ឈ្មោះ​ថា Population Services Khmer (PSK) គ្រប់​គ្រង​ភាគច្រើន​នៃ​ទីផ្សារ​ស្រោម​អនាម័យ​​ ហើយ​ស្រោម​អនាម័យ​ម៉ាក​ NumberOne និង​ម៉ាក OK របស់​វា ​ទទួល​បាន​ឧបត្ថម្ភ​ធន​យ៉ាង​​ច្រើន​។ ទោះបី​ជា​​អង្គការ​នេះ​នៅ​តែ​ផ្ដល់​ស្រោម​អនាម័យ​ដោយ​ឥតគិត​ថ្លៃ​ក្ដី​ ក៏​ខ្លួន​​បាន​ព្យាយាម​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ទម្លាប់​ទិញ​ស្រោម​អនាម័យ ដោយ​ចាប់​ផ្ដើម​ពី​​តម្លៃ​ថោក​បំផុត​ ខណៈ​​លុយ​ម្ចាស់​ជំនួយ​សម្រាប់​​ស្រោម​អនាម័យ​​ឥតគិត​ថ្លៃ​ ចាប់​ផ្ដើម​អស់​ជា​បណ្ដើរ​ៗ។

ហើយ​កិច្ច​​ប្រឹង​ប្រែង​របស់​​ពួកគេ​ហាក់​ទទួល​បាន​ផល​។ សម្រាប់​ក្រុម​ហ៊ុន​ FullWell Trading ​ជា​ក្រុម​ហ៊ុន​ចែក​ចាយ​​​​​ស្រោម​អនាម័យ​ Okamoto ផ្លូវ​ការ​​​​​ ភាគហ៊ុន​របស់​​ខ្លួន​​នៅ​ក្នុង​ទីផ្សារ​ស្រោម​អនាម័យ ដែល​មិន​ទទួល​បាន​ឧបត្ថម្ភធន​​​ បាន​កើន​ឡើង​​​ពី​៣០​ភាគរយ​ទៅ​៥០ភាគរយ​ ដោយ​ធ្វើ​ឲ្យ​វា​​ក្លាយ​ជា​ក្រុម​ហ៊ុន​ឈាន​មុខ​គេ​នៅ​ក្នុង​​វិស័យ​ឯកជន​ក្នុង​រយៈ​ពេល​២ឆ្នាំ​ចុង​ក្រោយ​នេះ​។

លោក​ អឿង វាសនា នាយក​ផ្នែក​លក់​នៅ​ក្រុម​ហ៊ុន Full Well Trading បាន​មាន​ប្រសាសន៍​ថា ទីផ្សារ​នេះ​​ត្រូវ​បាន​ជំរុញ​ដោយ​​សារ​ប្រាក់​ចំណូល​កើន​ឡើង​ និង​ការ​ផ្លាស់​ប្ដូរ​ឥរិយា​បថ​ចំពោះ​ស្រោម​អនាម័យ ហើយ​ភាគច្រើន​គឺ​ដោយ​សារ​យុទ្ធនាការ​អប់រំ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​រដ្ឋាភិបាល​។

លោក​បាន​មាន​ប្រសាសន៍​ថា “ពីមុន​ ស្រីៗ​ធ្លាប់​តែ​ពឹង​ដៃគូ​របស់​ពួកគេ​ឲ្យ​ទៅ​ទិញ​ស្រោម​អនាម័យ​ ប៉ុន្តែ​ពេល​នេះ​ពួកគេ​មាន​ទំនុកចិត្ត​ជាង​មុន​ ដោយ​ហ៊ាន​ចូល​ទៅ​ទិញ​ស្រោម​អនាម័យ​​ដោយ​គ្មាន​ការ​ខ្មាស់​អៀន ហើយ​ខ្សឹប​ដាក់​អ្នក​លក់​”។​

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ក្រុម​ហ៊ុន​​របស់​លោក​លក់​ស្រោម​អនាម័យ​បាន​ប្រហែល​១,៣លាន​ស្រោម​ក្នុង​មួយ​ឆ្នាំ​ ពោល​គឺ​កើន​ឡើង​ពី​ចំនួន​តិច​ជាង​១លាន​ស្រោម​កាលពី​២ឆ្នាំ​មុន​។ លោក​លើក​ឡើង​ថា ការ​លក់​របស់​ក្រុម​ហ៊ុន​លោក​គឺ​មាន​ចំនួន​តិច​តួច​ប៉ុណ្ណោះបើ​ប្រៀបធៀប​នឹង​ការ​ចែក​ចាយ​របស់​ PSK នូវ​ស្រោម​​អនា​ម័យ​រហូត​ដល់​ទៅ​២០​លាន​ស្រោម ​ទាំង​មិនគិត​ថ្លៃ​ទាំង​ទទួល​បាន​​ឧបត្ថម្ភ​ធន​ក្នុង​មួយ​ឆ្នាំ​ៗ។

លោក​បាន​​បន្ត​ថា ​” ដោយ​វិស័យ​ឯកជន​មាន​ការ​រីក​ចម្រើន និង​វត្តមាន​របស់​ PSI ទីផ្សារ​នេះ​​បាន​ក្លាយ​ជា​ទីផ្សារ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង”។

​ប៉ុន្តែ​លោកបាន​មាន​ប្រសាសន៍​ថា ​យុទ្ធសាស្ត្រ​របស​់​ PSK ក្នុង​ការ​​ណែនាំ​ស្រោម​អនាម័យ​តម្លៃ​ថោក​សម្រាប់​ប្រជា​ពលរដ្ឋទូទៅ​ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​​ប្ដូរ​ទៅ​ទិញ​ស្រោម​អនាម័យផ្សេងៗ​ ដោយ​បង្កើត​បាន​​សន្សឹមៗ​នូវ​ទីផ្សារ​​​​មួយ​ប្រកប​ដោយ​និរន្តរភាព។

​លោក ស៊ូរ៉េស គ្រីសនែន (Suresh Krishnan) ម្ចាស់​ក្រុម​ហ៊ុន​ Dhanam Enterprise ដែល​ចែក​ចាយ​ស្រោមអនាម័យ​ Moods ​បាន​ប៉ាន​ប្រមាណ​ថា វិស័យ​ស្រោម​អនាម័យ​ឯកជន​​កំពុង​កើន​ឡើង​​​ក្នុង​អត្រា​ប្រហែល​៣០ភាគរយ​​ក្នុង​មួយឆ្នាំ​។ ប្រហែល​​២ឆ្នាំ​មុន​លោក​លក់​ស្រោម​អនាម័យ​បាន​ប្រមាណ​​១.០០០​ស្រោម​ប៉ុណ្ណោះ​ក្នុង​១ខែ ប៉ុន្តែ​ពេល​នេះ​លោក​លក់​បានដល់​ទៅ​​ប្រហែល​២០.០០០​ស្រោម​ក្នុង​១ខែ។

​វិស័យ​​ស្រោម​អនាម័យ​ឯកជន​​ក៏​បាន​ជួប​ប្រទះ​បញ្ហា​​​ខ្លះ​ដែរ​ ដោយ​ស្រោមអនាម័យ​មួយ​ចំនួន​ដែល​គ្មាន​ការ​ចុះ​បញ្ជី​ត្រឹម​ត្រូវ និង​​គ្មាន​សុវត្ថិភាព​កំពុង​ធ្វើ​ចរាចរ​នៅ​លើ​ទីផ្សារ​​ នេះ​បើ​យោង​តាម​លោក ស៊ូរ៉េស គ្រីសនែន ដែល​បាន​​ប៉ាន់​ប្រមាណ​​ថា ​បច្ចុប្បន្ន​​មាន​ស្រោម​អនាម័យ​គ្មាន​ការ​ចុះ​បញ្ជី​ត្រឹម​ត្រូវ​ប្រហែល​ប្រាំបួន​ម៉ាក​ ដែល​ត្រូវ​បាន​រត់ពន្ធ​​ចូល​ក្នុង​ប្រទេស​កម្ពុជា​ ចំណែក​ឯ​​ស្រោម​អនាម័យ​ដែល​មាន​ការ​ចុះ​បញ្ជី​ត្រឹម​ត្រូវ​វិញ​ លោក​បាន​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន​ប្រាំបី​ប៉ុណ្ណោះ។

លោកស្រី មា៉រី អូឌីល អុីម៉ុន (Marie-Odile Emond) មន្ត្រី​សម្រប​សម្រួល​របស់​អង្គការ​ UNAIDS ប្រចាំប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា វិស័យ​ឯកជន​ដែល​កំពុង​មាន​ការ​រីក​ចម្រើន​ គឺ​ជា​សន្ទស្សន៍​រឹង​មាំ​មួយ​បង្ហាញ​ថា តម្រូវ​ការ​ស្រោម​អនាម័យ​កំពុង​កើន​ឡើង​ ដែល​មាន​សារៈសំខាន់​ខ្លាំង​នៅ​ពេល​មួយ​ដែល​ជំនួយ​ពី​បណ្ដា​អង្គការ​សុខភាព​ធំៗ​ត្រូវ​បាន​កាត់​បន្ថយ​ ខណៈ​កម្ពុជា​មាន​ការ​​រីក​ចម្រើន​ខ្លាំង​​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ឆ្លង​ជំងឺ​អេដស៍​។

​លោកស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា “ស្រោម​អនាម័យ​ដែល​ឥត​គិត​ថ្លៃ​មាន​តិច​ជាង​មុន​ ប៉ុន្តែ​​នៅ​តែ​អាច​រក​ទិញ​បាន​ក្នុង​​តម្លៃ​ថោកៗ​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​។ ប៉ុន្តែ​​ប្រជា​ពល​រដ្ឋ​កាន់​តែ​ច្រើន​​ទិញ​ស្រោម​​អនាម័យ​នៅ​តាម​ឱសថស្ថាន​ ពីព្រោះ​​ពួកគេ​គ្មាន​ការ​ខ្មាស​អៀន ឬការ​ភ័យ​ខ្លាច​ដូច​ពី​មុន និង​ដោយ​សារ​​អត្រា​ប្រាក់​ចំណូល​កើន​ឡើង​។ ការ​ប្រកួត​ប្រជែងក្នុង​ចំណោម​ក្រុម​ហ៊ុន​ឯកជន គឺ​ជារឿង​ល្អ​ ពីព្រោះ​វា​រក្សា​​​​​ឲ្យ​តម្លៃ​ធ្លាក់​ចុះ​ ប៉ុន្តែ​បញ្ហា​ប្រឈម​បន្ទាប់​​គឺ​យើង​ត្រូវ​មើល​ថា តើ​រដ្ឋាភិបាល​អាច​ទទួល​ភារកិច្ច​​បន្ត​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​​​បាន​ឬយ៉ាង​ណា​ ចំពេល​ជំនួយ​ពី​ខាង​ក្រៅ​​ធ្លាក់​ចុះ​ ហើយ​ត្រូវកំណត់​អត្តសញ្ញាណ និង​ចែក​ចាយ​ស្រោម​អនាម័យ​​ដល់​ប្រជា​ពល​រដ្ឋក្រីក្រ”៕ សុខុម​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស