នៅពេលដែល អ្នកស្រី ហៃ ប៊ុននី ចាកចេញពីផ្ទះរបស់អ្នកស្រីនៅខេត្តព្រៃវែងប្រហែល៥ឆ្នាំកន្លងទៅនេះ ដើម្បីស្វែងរកការងារធ្វើនៅក្រុងភ្នំពេញ អ្នកស្រីមិនរំពឹងថា ធ្លាក់ខ្លួនមករស់នៅក្នុងផ្ទះខ្ទមស័ង្កសីតូច ព័ទ្ធជុំវិញដោយលំនៅសឹងតែដូចគ្នារាប់សិបផ្ទះស្កេកស្កះ នៅលើដីឡូតិ៍តែមួយកន្លែងដូច្នេះទេ។
អ្នកលក់លៀសអាយុ៣៦ឆ្នាំរូបនេះរស់នៅក្នុងផ្ទះជួលជាមួយឪពុកម្តាយ ប្តី និងកូនស្រីអាយុ១០ឆ្នាំរបស់អ្នកស្រី ក្នុងខណ្ឌចម្ការមនក្រុងភ្នំពេញ។ អ្នកស្រីបាននិយាយថា មានបង្គន់ប្រើប្រាស់តែចំនួន៣ប៉ុណ្ណោះសម្រាប់ប្រជាជន៥០គ្រួសារ ដែលរស់នៅលើកន្លែងចោលសំរាមនេះ។
អ្នកស្រី ប៊ុននី បាននិយាយនៅខាងក្រៅផ្ទះរបស់អ្នកស្រីកាលពីថ្ងៃព្រហស្បតិ៍ថា “ខ្ញុំមិនចូលចិត្តស្ថានភាពរស់នៅនៅទីនេះទេ ប៉ុន្តែនៅខេត្តខ្ញុំគ្មានការងារធ្វើទេ ហើយនៅទីនេះ ខ្ញុំមានឱកាសឲ្យកូនរបស់ខ្ញុំបានរៀនសូត្រ”។
អ្នកស្រីបាននិយាយថា ការត្រូវគេបណ្តេញចេញដែលអាចកើតមានឡើង ជាអំរែកដ៏ធ្ងន់លើអ្នកស្រី ត្បិតអី អ្នកស្រីមិនមានលិខិតព្រមព្រៀងជួលផ្ទះទេ។ អ្នកស្រីធ្លាប់ត្រូវបានគេបង្ខំឲ្យចេញពីផ្ទះជួលពីមុនតាមតែចិត្តម្ចាស់ផ្ទះម្តងរួចមកហើយ។
អ្នកស្រីបានឲ្យដឹងថា “ខ្ញុំព្រួយបារម្ភខ្លាចក្រែងរឿងនេះកើតឡើងជាថ្មីទៀតណាស់ ពីព្រោះ វានឹងបង្កការលំបាកច្រើនដល់យើង ប្រសិនបើយើងត្រូវរើចេញទៀតនោះ ជាពិសេស ប្រសិនបើនៅឆ្ងាយពីសាលារៀនរបស់កូនស្រីរបស់ខ្ញុំ”។
សមាគមធាងត្នោត (STT) ជាអង្គការមិនមែនរដ្ឋាភិបាល និយាយថា អ្នកជួលផ្ទះដូចជាអ្នកស្រី ប៊ុននី អ៊ីចឹង ភាគច្រើនជាជនចំណាកស្រុកមកពីខេត្តនានា ដែលធ្វើការមានប្រាក់ចំណូលតិច ហើយជួលផ្ទះតូចៗនៅប្រជ្រៀតគ្នា នៅកន្លែងកខ្វក់ រស់នៅប្រកបដោយគ្រោះថ្នាក់ ប្រឈមនឹងរយៈពេលរស់នៅមិនទៀងទាត់ ស្ថានភាពសុខភាពអន់ខ្សោយ និងការគំរាមកំហែងដល់សុវត្ថិភាពរបស់ពួកគេ។
កាលពីថ្ងៃព្រហ្បតិ៍ សមាគមធាងត្នោតបានចេញរបាយការណ៍មួយស្តីពីលទ្ធផលនៃការចុះអង្កេតផ្ទះបែបនេះ១២៤ខ្នង ដែលមានទំហំជាមធ្យម១៣ម៉ែត្រក្រឡា ដែលផ្ទះខ្លះមានមនុស្សដេកដល់ទៅ១០នាក់។
លោក អីុ សារ៉ុម នាយកប្រតិបត្តិសមាគមធាងត្នោត បានឲ្យដឹងក្នុងរបាយការណ៍នោះថា “ដោយចំណាកស្រុកមកក្រុងភ្នំពេញមានកាន់តែច្រើនឡើង គឺច្បាស់ណាស់ថា តម្រូវការសម្រាប់ការនៅផ្ទះជួលបណ្តោះអាសន្ន នាពេលអនាគតប្រាកដជាកើនឡើងជាមិនខានទេ”។
លោកបាននិយាយថា “ស្ថានការណ៍នេះគឺពិបាកសម្រាប់អ្នកជួលផ្ទះ ព្រោះជាតម្រូវការបន្ទាន់សម្រាប់ការស្នាក់នៅ ដែលជាធម្មតា ពួកគេមិនមានកិច្ចព្រមព្រៀងជាផ្លូវការ ជាមួយម្ចាស់ផ្ទះ ដែលគេអាចដំឡើងតម្លៃជួលផ្ទះស្រេចតែចិត្តពីមួយថ្ងៃទៅមួយថ្ងៃ”។
សមាគមធាងត្នោតបានរកឃើញថា តម្លៃទឹកនិងអគ្គិសនីខ្ពស់ ជាការលំបាកមួយថែមទៀតចំពោះអ្នកជួលផ្ទះ ហើយបានអំពាវនាវឲ្យរដ្ឋាភិបាលជួយក្នុងបញ្ហានេះ។
របាយការណ៍ដដែលហៅអ្នកជួលផ្ទះក្រីក្រក្នុងក្រុងជា “ក្រុមប្រជាជនត្រូវគេបំភ្លេចចោល” ដែលមិនមាន”ការនិយាយដល់”ក្នុងគោលនយោបាយសិទ្ធិលំនៅដ្ឋានរបស់រដ្ឋាភិបាលទេ។
គន្លឹះសំខាន់ក្នុងចំណោមគោលនយោបាយទាំងនេះ គឺ សារាចរ០៣ ដែលជាយុទ្ធសាស្ត្ររដ្ឋាភិបាលកាលពីឆ្នាំ ២០១០ ដើម្បីបញ្ជូនអ្នកដែលរស់នៅលើដីរដ្ឋទៅកន្លែងថ្មី និងគោលនយោបាយលំនៅដ្ឋានជាតិ ដែលជាអនុក្រឹត្យអនុម័តដោយគណៈរដ្ឋមន្ត្រីកាលពីខែឧសភា ស្វះស្វែងជួយពលរដ្ឋខ្មែរមានចំណូលតិចនិងមធ្យម ឲ្យអាចទិញផ្ទះផ្ទាល់ខ្លួនបាន។
ក្នុងរបាយការណ៍របស់ខ្លួន សមាគមធាងត្នោតផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលចាប់ប្រើដំណោះស្រាយលំនៅដ្ឋានសាធារណៈសម្រាប់អ្នកជួលផ្ទះក្រីក្រ និងបង្កើតស្តង់ដាសំណង់សម្រាប់លំនៅដ្ឋានជួលថ្មីៗ។
របាយការណ៍ក៏អំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានអនុវត្តកិច្ចព្រមព្រៀងរវាងម្ចាស់ផ្ទះនិងអ្នកជួល ធានាឲ្យមានការប្រមូលសំរាមទៀងទាត់នៅតាមលំនៅដ្ឋាន និងត្រួតពិនិត្យតម្លៃទឹកភ្លើងជាដើម។
លោក សូ សុខ អគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅដ្ឋានទើបបង្កើតថ្មីនៅក្រសួងគ្រប់គ្រងដែនដីនិងនគរូបនីយកម្ម បានមានប្រសាសន៍ថា គោលនយោបាយសិទ្ធិលំនៅដ្ឋានជាតិបង្ហាញការប្តេជ្ញារបស់រដ្ឋាភិបាលក្នុងការធ្វើឲ្យស្ថានភាពរស់នៅសម្រាប់អ្នកក្រីក្រក្នុងទីក្រុងប្រសើរឡើង។
ដោយបដិសេធមិនអត្ថាធិប្បាយអំពីអ្នកជួលផ្ទះនៅក្រៅក្រុង លោកបាននិយាយថា “រដ្ឋាភិបាលមានគោលដៅដោះស្រាយបញ្ហាលំនៅសម្រាប់ពលរដ្ឋក្រីក្រ និងពលរដ្ឋមានចំណូលតិច”។
លោក ជ្រៀង សុផាន់ អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ថា មន្ត្រីមូលដ្ឋានមិនគួរអន្តរាគមន៍ក្នុងរឿងឯកជនទេ។ លោកបានឲ្យដឹងទៀតថា “វាជាការព្រមព្រៀងរវាងអ្នកជួលនិងម្ចាស់ផ្ទះ។ ប្រសិនបើអ្នកមិនពេញចិត្ត អ្នកអាចស្វែងរកកន្លែងផ្សេងទៀតដើម្បីរស់នៅ”៕មានិត