28 C
Phnom Penh

កងកម្លាំង​​​ប្រដាប់​​​អាវុធ​​​ចាំ​​​ឃ្លាំ​​​មើល​​​វត្ត​​​សាមគ្គីរង្សី​​​ជាប់​​​ ធ្វើ​​​ឲ្យ​​​ព្រះ​​​សង្ឃ​​​មិន​​​ហ៊ាន​​​ចេញ​​​ក្រៅ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​​​តេជ​​​គុណ សៀង សុវណ្ណរ៉ា ព្រះ​​​ចៅ​​​អធិការ​​​វត្ត​​​សាមគ្គីរង្សី បាន​​​មាន​​​សង្ឃដីកា​​​ថា ព្រះ​​​អង្គ​​​មិន​​​បាន​​​ចាក​​​ចេញ​​​ពី​​​បរិវេណ​​​វត្ត​​​នេះ​​ជិត​​​មួយ​​​សប្តាហ៍​​​មក​​​ហើយ​​​។ ចាប់តាំង​​​ពី​​​សកម្ម​​​ជន​​​ព្រះ​​​សង្ឃ​​​ សឹុង ហៃ ត្រូវ​​​បាន​​​ចាប់​​​​​​ផ្សឹក​​​ពី​​​បទ​​​​​​តវ៉ា​​​ដោយ​​​សន្តិវិធី​​​នៅ​​​ខាង​​​ក្រៅ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​មក​​​ វត្ត​​​សាមគ្គី​​​រង្សី​​​ ដែល​​​ជា​​​កន្លែង​​​ប្រមូល​​​ផ្តុំ​​​របស់​​​ព្រះ​​​សង្ឃ​​​ប្រឆាំង​​​ និង​​​សហគមន៍​​​ដែល​​​​​​រង​​​ការ​​​​គាប​​​សង្កត់​​​ បាន​​​ស្ថិត​​​ក្រោម​​​ការ​​​ឡោម​​​ព័ទ្ធរហូត។

ព្រះ​​​តេជ​​​គុណ សៀង សុវណ្ណរ៉ា បាន​​​មាន​​​សង្ឃដីកា​​​​​​ពី​​​វត្ត​​​​​​របស់​​​ព្រះ​​​អង្គ​​​ដែល​​​ស្ថិ​​​ត​​​ក្នុង​​​សង្កាត់​​​ស្ទឹង​​​មាន​​​ជ័យ​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា “ពេល​​​អាត្មា​​​ភ្ញាក់​​​ពី​​​សឹង​​​​​ព្រឹក​​​ឡើង ជា​​​ធម្មតា​​​នៅ​​​ម៉ោង​​​ប្រហែល​​​៤ ប៉ូលិស​​​ និង​​​ប៉េអឹម​​​បាន​​​មកឈរជើង​​​​​​​​​​​​យាម​​​​​​កាម​​​នៅ​​​ខ្លោង​​​ទ្វារ​​​វត្ត​​​​​​បាត់​​​​​​ទៅ​​​ហើយ​​​។ ពួក​​​គេ​​​មក​​​ទី​​​នេះ ដើម្បី​​​ឃ្លាំ​​​មើល​​​សកម្មភាព​​​របស់​​​យើង តាម​​​ដាន​​​មើល​​​អ្នក​​​ណា​​​ចេញ​​​ចូល​​​​​​ និង​​​ដើម្បី​​​រារាំង​​​កុំ​​​ឲ្យ​​​មាន​​​អ្នក​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​នៅ​​​ក្នុង​​​ក្រុង​​​”។

ក្រៅ​​​ពី​​​អន្ទិត​​​ សឹុង ហៃ ​​​ដែល​​​ត្រូវ​​​បាន​​​តុលាការ​​​កាត់​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​មួយ​​​ឆ្នាំ​​​ពីបទ​​​រារាំង​​​មន្ត្រី​​​សាធារណៈ​​​ ព្រះ​​​សង្ឃ​​​ពីរ​​​អង្គ​​​ទៀត​​​ព្រះ​​​នាម ថាច់ សាង ព្រះជន្ម​​​១៩​​​ព្រះ​​​វស្សា និង​​​ព្រះ​​​តេជគុណ ឃិត វណ្ណៈ ព្រះជន្ម​​​២០​​​វស្សា ក៏​​​ត្រូវ​​​បាន​​​ចាប់​​​​​​ផ្សឹក​​​ដែរ​​​ក្នុង​​​​​​ពេល​​​មួយ​​​សប្តាហ៍នេះ​​​។ព្រះ​​​សង្ឃ​​​ទាំង​​​ពី​​​រ​​អង្គ​​​​​​ត្រូវ​​​គេ​​​មើល​​​ឃើញ​​​កាន់​​​ទង់​​​ជាតិ​​​ខ្មែរ​​​ និង​​​ទង់​​​ព្រះ​​​ពុទ្ធ​​​សាសនា​​​ចេញ​​​ពី​​​វត្ត​​​ស្ទឹង​​​មាន​​​ជ័យ​​​ ឆ្ពោះ​​​ទៅ​​​វត្ត​​​សាម​​​គ្គីរង្សី ដែល​​​​​​មាន​​​សហ​​​គមន៍​​​រង​​​ការ​​​បណ្តេញ​​​ចេញ​​​ពី​​​ដីធ្លី​​​​​​មួយ​​​មក​​​ពី​​​ខេត្ត​​​ព្រះ​​​វិហារ​​​ កំពុង​​​រង់ចាំ​​​ទទួល​​​ទង់​​​ទាំង​​​នោះ​​​​​នៅ​​​ទី​​​​នោះ​ដើម្បី​​​​​​ហែ​​​ក្បួន​​​ចូល​​​រាជ​​​ធានីភ្នំពេញ​​​​​​ក្នុង​​​បំណង​​​ទាក់​​​ទាញ​​​ការ​​​​​​ចាប់​​​អារម្មណ៍​​​ចំពោះ​​​ការ​​​តស៊ូ​​​របស់​​​ពួក​​​គាត់​​​ដើម្បី​​​រក្សា​​​ការពារ​​​ដីធ្លី​​​របស់​​​ខ្លួន​​​។

តុលាការ​​​បាន​​​ចោទ​​​ប្រកាន់​​​ព្រះ​​​សង្ឃ​​​កាន់​​​ទង់​​​ទាំង​​​ពីរ​​​អង្គ​​​ពីបទ​​​ចូល​​​រួម​​​ក្នុង​​​ក្រុម​​​ឧក្រិដ្ឋ​​​ជន​​​ ​​​មួយដែល​​​ទំនង​​​ជាសំដៅ​​​​​​ដល់​​​​​​កសិករ​​​មួយក្រុម​​​មក​​​ពី​​​​​ខេត្ត​​​​​​ព្រះ​​​វិហារ​​​។ បទ​​​ល្មើស​​​នេះ​​​ត្រូវ​​​មាន​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​ច្រើន​​​បំផុត​​​៥​​​ឆ្នាំ។ បច្ចុប្បន្ន​​​ អន្ទិត​​​ទាំង​​​ពីរ​​​កំពុង​​​ជាប់​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​
រង់​​​ចាំ​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​។

ព្រះ​​​តេជ​​​គុណ សៀង សុវណ្ណរ៉ា ​​​បាន​​​មាន​​​សង្ឃដីកា​​​ថា “ការ​​​ចាប់ខ្លួន​​​ទាំង​​​នេះ​​​ជា​​​ការ​​​គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភ​ ​​ពីព្រោះ​​​អាត្មា​​​បាន​​​ឮ​​​ថា អាជ្ញាធរ​​​ចង់​​​ចាប់​​​ខ្លួន​​​អាត្មា និង​​​គ្រូ​​​សូត្រ​​​  [ថាច់​​​ហា] សំអាង។ ពួក​​​គេ​​​ដឹង​​​ថា បើ​​​ពួក​​​គេ​​​ចាប់​​​យើង​​​ដែល​​​ជា​​​អ្នក​​​ដឹក​​​នាំ​​​​​​បាន​​​ ពេល​​​នោះ​​​ព្រះ​​​សង្ឃ​​​របស់​​​យើង​​​នឹង​​​គ្មាន​​​អ្នក​​​រៀប​​​ចំ​​​​​​ចាត់​​​ចែង​​​”។

រូប​​​ថត​​​អន្ទិត សឹុង ហៃ ស្រែក​​​ និង​​​​​​ស្ថិត​​​ក្នុង​​​សម្លៀក​​​បំពាក់​​​​​​ស៊ីវិល ​​​ត្រូវ​​​បាន​​​ចុះ​​​ផ្សាយ​​​ព្រោង​​​ព្រាត​​​តាម​​​គេ​​​ហ​​​ទំព័រ​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​នានា​​​​​​ ក្រោយ​​​ពី​​​ការ​​​​​​​​​​​ចាប់​​​​​​​​​​​​​​​ផ្សឹកដែល​​​ត្រូវ​​​ធ្វើ​​​ឡើង​​​​​​ដោយ​​​​​​គណៈ​​​សង្ឃ​​​ជាន់​​​ខ្ពស់​​​។

ព្រះ​​​តេជគុណ​​​ ប៊ុត ប៊ុនទិញ ស្ថាបនិក​​​បណ្តាញ​​​ព្រះ​​​សង្ឃ​​​ឯករាជ្យ​​​ដើម្បី​​​យុត្តិធម៌​​​សង្គម ​​​បាន​​​មាន​​​សង្ឃ​​​ដីកា​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ការ​​​​​​ចាប់​​​ផ្សឹក​​​ព្រះ​​​សង្ឃ​​​ទាំង​​​បី​​​អង្គ​​​នៅ​​​សប្តាហ៍​​​នេះ​​​ មិន​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​​​​ស្រប​​​តាម​​​ធម៌​​​វិន័យ​​​​​ព្រះ​​​ពុទ្ធ​​​សាសនា​​​ឡើយ​​​។ព្រះ​​​អង្គ​​​បាន​​​​​​បន្ត​​​​​​ថា “បើ​​​ព្រះ​​​សង្ឃ​​​​​ធ្វើ​​​ខុស​​​ វា​​​ជា​​​កិច្ច​​​​​​ការ​​​របស់​​​ព្រះ​​​សង្ឃយើង​​ដែល​​​ត្រូវ​​​​​​​​ផ្សឹក​​​។ ​​​​​វា​​​បែប​​​នេះ​​​ច្រើន​​​ជំនាន់​​​មក​​​ហើយ​​​”។

ព្រះ​​​តេជគុណលើក​​​ឡើង​​​​​​ទៀតថា យោង​​​តាម​​​ធម៌​​​វិន័យ​​​ព្រះ​​​ពុទ្ធ​​​សាសនា ប្រសិន​​​បើ​​​គេ​​​គិត​​​ថា ព្រះ​​​សង្ឃ​​​ល្មើស​​​ច្បាប់​​​​​​រដ្ឋ អាជ្ញាធរ​​​គួរ​​​តែ​​​ជូន​​​ដំណឹង​​​ទៅ​​​គណៈ​​​សង្ឃ​​​ដែល​​​នឹង​​​កោះហៅ​​​ព្រះ​​​សង្ឃ​​​​​​​​​ប្រព្រឹត្ត​​​ខុស​​​ឲ្យ​​​ចូល​​​បំភ្លឺ​​​។ ព្រះ​​​អង្គ​​​បាន​​​​​​បន្ថែម​​​​​​ថា “បើ​​​ក្រសួង​​​ធម្មការ និង​​​សាសនា​​​សម្រេច​​​ថា ព្រះ​​​សង្ឃ​​​អង្គ​​​នោះ​​​បាន​​​ប្រព្រឹត្តខុស​​​​​​ច្បាប់​​​មែន​​​ ពេល​​​នោះ​​​ពួក​​​គេ​​​នឹង​​​អនុញ្ញាត​​​ឲ្យ​​​ផ្សឹក​​​ព្រះ​​​សង្ឃ​​​នោះ​​​​​​​​​​​​។ ប៉ុន្តែ ប៉ូលិស​​​គ្មាន​​​សិទ្ធិ​​​​​​​​​ចាប់​​​ខ្លួន​​​ និង​​​ផ្សឹក​​​ព្រះ​​​សង្ឃ​​​​​​ទេ​​​”។

នៅ​​​ឯវត្ត​​​សាមគ្គីរង្សី​​​ ព្រះ​​​តេជ​​​គុណ សៀង សុវណ្ណរ៉ា បាន​​​មាន​​​សង្ឃដីកា​​​ថា គណៈ​​​​​​សង្ឃ​​​តែង​​​តែ​​​មិន​​​អើពើ​​​ចំពោះ​​​ព្រះ​​​សង្ឃ​​​ដែល​​​គង់​​​នៅ​​​ក្នុង​​​វត្ត ឬ​​​ដែល​​​មាន​​​ទំនាក់​​​ទំនង​​​ជា​​​មួយ​​​វត្ត​​​នេះ​​​ ជា​​​ការ​​​អះ​​​អាង​​​មួយ​​​ដែល​​​ស្តែង​​​ឲ្យ​​​ឃើញ​​​​​​តាម​​​រយៈ​​​​​​​​សភាព​​​​​​របស់​​​វត្ត​​​​​​នេះ។ព្រះ​​​ចៅ​​​អធិការ​​​អង្គ​​​នេះ​​​មាន​​​សង្ឃដីកា​​​ទៀត​​​ថា ព្រះ​​​អង្គ​​​គ្មាន​​​​​​ការ​​​ជឿ​​​ជាក់​​​ថា ព្រះ​​​អង្គ​​​អាច​​​ទៅ​​​ពឹង​​​ពាក់​​​​​​ព្រះ​​​សង្ឃ​​​អង្គ​​​ណា​​​​​​នៅ​​​ក្នុង​​​ជួរ​​​​​​គណៈ​​​សង្ឃ​​​បាន​​​​​ឡើយ​​​ក្នុ​​​ងករណី​​​មាន​​​ការ​​​បំពាន​​​លើ​​​​​​ធម៌​​​វិន័យ​​​។

សំដៅ​​​ដល់​​​អគ្គ​​​មហា​​​សង្ឃរាជា​​​ធិបតី ​​​នៃ​​​គណៈ​​​មហានិកាយ​​​ ដែល​​​ជា​​​អតីត​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ព្រះ​​​អង្គ​​​បាន​​​​​មាន​​​សង្ឃ​​​ដី​​​កា​​​​​បន្ត​​​​​​ថា “សម្តេច​​​ព្រះ​​​សង្ឃ​​​រាជ​​​ ទេព វង្ស មិន​​​ដែល​​​ជួយ​​​យើង​​​ទេ​​​ពី​​​មុន​​​មក។ ក្រសួង​​​ធម្មការ​​​ និង​​​សាសនា​​​​​​មិន​​​ខ្វាយ​​​ខ្វល់ពី​​​​​​ព្រះ​​​សង្ឃ​​​កម្ពុជា​​​ក្រោម​​​ទេ​​​។​​​​​​ អ្នក​​​ដែល​​​យើង​​​អាច​​​ទូរស័ព្ទ​​​ហៅ​​​បាន​​​នៅ​​​ពេល​​​មាន​​​ការ​​​រំលោភ​​​បំពាន​​​ គឺ​​​មានតែ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ និង​​​អ្នក​​​កាសែត​​​ប៉ុណ្ណោះ​​​​​​”។

នៅ​​​ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ព្រះញាណវង្ស​​​ ឃឹម សន ព្រះ​​​មេគណ​​​រាជ​​​ធានី និង​​​ជា​​​ប្រធាន​​​លេខាធិការដ្ឋាននៃ​​​គណៈមហានិកាយ ​​​បាន​​​មាន​​​សង្ឃដីកា​​​ថា ព្រះ​​​សង្ឃ​​​ដែល​​​មាន​​​ទំនាក់​​​ទំនង​​​ជា​​​មួយ​​​វត្ត​​​សាមគ្គីរង្សី បាន​​​​​​ប្រ​​​ព្រឹត្ត​​​​​​ប្រាស់​​​​​ចាក​​​​​​ធម៌​​​វិន័យ​​​របស់​​​បព្វ​​​ជិត ហេតុ​​​ដូច្នេះ​​​ហើយ​​​ព្រះ​​​សង្ឃ​​​ទាំង​​​នោះ​​​គ្មាន​​​សិទ្ធិ​​​ទទួល​​​បាន​​​​​​ការ​​​ការពារ​​​ដូច​​ព្រះ​​​សង្ឃ​​​គង​​​់​​​នៅ​​​វត្ត​​​​​​​​​​​ផ្សេងៗ​​​ដែល​​​​​​ស្តាប់​​​បង្គាប់​​​គណៈ​​​សង្ឃ​​​ឡើយ​​​​​​។

ព្រះ​​​អង្គ​​​មាន​​​សង្ឃដីកា​​​​​​បន្ត​​​ថា វត្ត​​​នេះ​​​បាន​​​ផ្តាច់​​​ខ្លួន​​​ចេញ​​​ពី​​​គណៈ​​​សង្ឃ​​​កាល​​​ពី​​​ឆ្នាំ​​​២០១០​​​នៅ​​​ពេល​​​ព្រះតេជគុណ យឹង សិុន អ្នកបង្កើត​​​វត្ត​​​នេះ​​​បាន​​​សុគតទៅ​​​។ ព្រះ​​​អង្គ​​​បាន​​​​​មាន​​​សង្ឃ​​​ដីកា​​​​​​ថា “កាល​​​ពី​​​ចៅ​​​អធិការ​​​មុន​​​នៅ​​​មាន​​​ព្រះជន្ម​​​ អាត្មា​​​ធ្លាប់​​​ទៅ​​​ភាវនា​​​នៅ​​​ក្នុង​​​វត្ត​​​នេះ និង​​​ដឹក​​​នាំ​​​ព្រះ​​​សង្ឃ​​​នៅ​​​វត្ត​​​នោះ​​​ឲ្យ​​​គោរព​​​ធម៌វិន័យ​​​ព្រះ​​​ពុទ្ធ​​​សាសនា”។

ព្រះ​​​អង្គ​​​លើក​​​ឡើង​​​ថា នៅពេល​​​ព្រះ​​​តេជគុណ យឹង សិុន ​​​បាន​​​សុគតទៅ​​​ ព្រះសង្ឃ​​​គង់​​​នៅ​​​វត្ត​​​នេះ​​​មិន​​​ព្រម​​​ឲ្យ​​​គណៈ​​​សង្ឃ​​​តែង​​​តាំង​​​ព្រះ​​​ចៅ​​​អធិការ​​​ថ្មី​​​​​​ឡើយ ដោយសុំ​​​​​​ឲ្យ​​​ជ្រើស​​​រើស​​​​​​​​ចៅ​​​អធិការ​​​ក្នុង​​​ចំណោមព្រះ​​​​​​សង្ឃ​​​ទាំង​​​​​នេះ​​​។ ព្រះ​​​អង្គ​​​​​បាន​​​​​​បន្ថែម​​​​​​ថា “ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​វត្ត​​​សាមគ្គី​​​រង្សី​​​ បាន​​​ដំណើរ​​​ការ​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​សមត្ថកិច្ច​​​សង្ឃ​​​កម្ពុជា ពីព្រោះ​​​ពួក​​​គេ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​យើង​​​គ្រប់​​​គ្រង​​​ពួក​​​គេ​​​ទេ។ ពួក​​​គេ​​​ចង់​​​ដំណើរ​​​ការ​​​ដោយ​​​ឯករាជ្យ​​​ ដូច្នេះ​​​ពួកគេ​​​មិន​​​ត្រូវ​​​ការ​​​សមត្ថ​​​កិច្ច​​​សង្ឃ​​​ជួយ​​​ពួក​​​គេ​​ឡើយ​​​”។

ព្រះ​​​តេជ​​​គុណ ឃឹម សន មាន​​​សង្ឃដីកា​​​ទៀត​​​​​​ថា ធម៌​​​វិន័យ​​​ព្រះពុទ្ធ​​​សាសនា​​​សម្តែង​​​ថា ការ​​​ផ្សឹក​​​ព្រះ​​​សង្ឃ​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​​​​លុះ​​​ត្រា​​​តែ​​​មាន​​​ការ​​​ចូល​​​រួម​​​ពី​​ព្រះ​​​ចៅអធិកា​​​រវត្ត​​​របស់​​​ព្រះ​​​សង្ឃ​​​អង្គ​​​នោះ​​​ ដែល​​​ព្រះ​​​អង្គ​​​មាន​​​សង្ឃដីកា​​​ថា បាន​​​អនុវត្ត​​​នៅ​​​ក្នុង​​​ករណី​​​ទាំង​​​បី​​​នៅ​​​សប្តាហ៍​​​នេះ​​​។ ព្រះ​​​អង្គ​​​បាន​​​បន្ថែម​​​ថា “ក្នុង​​​ករណី​​​នេះ ​​​ចៅ​​​អធិការ​​​វត្ត​​​ស្ទឹង​​​មាន​​​ជ័យ​​​បាន​​​ចូល​​​រួម​​​ជា​​​មួយ​​​សមត្ថកិច្ច​​​សង្ឃ​​​ដើម្បី​​​ផ្សឹក​​​ពួក​​​គេ​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា ព្រះ​​​តេជគុណ ថៃ ប៊ុនធឿន ព្រះ​​​ចៅអធិការ​​​វត្ត​​​ស្ទឹង​​​មាន​​​ជ័យ​​​ បាន​​​មាន​​​​​សង្ឃដីកា​​​ថា វា​​​មិន​​​មែន​​​បែ​​​ប​​​នោះ​​​ឡើយ។ ដោយ​​​បង្វែរ​​​សំណួរ​​​បន្ថែម​​​ទៀត​​​ទៅ​​​ក្រសួង​​​ធម្មការ​​​ និង​​​សាសនា ព្រះ​​​អង្គ​​​មាន​​​សង្ឃដីកា​​​​​ថា “អាត្មា​​​មិន​​​បាន​​​ចូល​​​រួម​​​ផ្សឹក​​​ព្រះ​​​សង្ឃ​​​ទាំង​​​នោះ​​​ទេ​​​”។

លោក សេង សុមុនី អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ធម្មការ និង​​​សាសនា បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ផ្សឹក​​​ព្រះ​​​សង្ឃ​​​ទាំង​​​បី​​​អង្គ​​​នេះ គឺ​​​ធ្វើ​​​ឡើង​​​តាម​​​ធម៌​​​វិន័យ​​​​​​ព្រះ​​​ពុទ្ធ​​​សាសនា។ លោក​​​បាន​​​បន្ត​​​ថា “មុន​​​ពេល​​​អាជ្ញាធរ​​​​​​បញ្ជូន​​​​​ពួក​​​គេ​​​ទៅ​​​តុលាការ​​​ គេ​​​បាន​​​សុំ​​​ការ​​​អនុញ្ញាត​​​ពី​​​សមត្ថ​​​កិច្ច​​​សង្ឃ​​​ដើម្បី​​​ផ្សឹក​​​ពួក​​​គេ​​​”។

លោកបាន​​​បដិសេធ​​​មិន​​​​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​បទ​​​ចោទ​​​ប្រកាន់​​​មក​​​លើ​​​ព្រះ​​​សង្ឃ​​​ដែល​​​ត្រូវ​​​​​​បាន​​​ចាប់​​​ផ្សឹក​​​ទាំង​​​បី​​​អង្គ​​​ ដែល​​​ពេល​​​នេះ​​​កំពុង​​​ជាប់​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​ទេ ដោយ​​​គ្រាន់​​​តែ​​​លើក​​​ឡើង​​​ថា “ពួក​​​គេ​​​បាន​​​ល្មើស​​​ច្បាប់​​​រដ្ឋ ដូច្នេះ​​​ពួក​​​គេ​​​មិន​​​អាច​​​នៅ​​​ជា​​​ភេទ​​​សង្ឃ​​​ទៀត​​​បាន​​​ទេ​​​”។

ត្រឡប់​​​ទៅ​​​វត្ត​​​សាមគ្គីរង្សី​​​ឯណោះវិញ ព្រះ​​​តេជ​​​គុណ សៀង សុវណ្ណរ៉ា បានមាន​​​សង្ឃដីកា​​​ថា ​​​ព្រះ​​​អង្គ​​​ព្រួយ​​​បារម្ភ​​​ថា មិន​​​យូរ​​​ទេ​​​ព្រះអង្គ​​​នឹង​​​ត្រូវ​​​គេ​​​ចាប់​​​ផ្សឹក​​​ដែរ​​​​​ជា​​​មិនខាន។ ព្រះ​​​អង្គ​​​​​​បាន​​​មាន​​​សង្ឃដីកា​​​ទៀត​​​ថា “មន្ត្រី​​​សង្ឃ​​​ជាន់​​​ខ្ពស់​​​មិន​​​ដែល​​​ទូរស័ព្ទ​​​មក​​​អាត្មា​​​ដោយ​​​ផ្ទាល់​​​ដើម្បី​​​សួរ​​​នាំ​​​អំពី​​​សកម្ម​​​ជន​​​នៅ​​​វត្ត​​​នេះ​​​ទេ។ ប៉ុន្តែ​​​​​​​​​​​​​​​​​​​​​​​​ ថ្មី​​​ៗ​​​នេះ​​​អាត្មា​​​បាន​​​ទទួល​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​ដែល​​​គំរាម​​​អាត្មា​​​ថា ‘បើ​​​លោក​​​ឯង​​​មិន​​​ឈប់​​​ទេ លោក​​​ឯង​​​នឹង​​​ត្រូវ​​​ចាប់ខ្លួន​​​’”។

ព្រះអង្គ​​​បាន​​​មាន​​​សង្ឃដីកា​​​បន្ថែមថា ដោយ​​​មាន​​​នគរ​​​បាល​​​ចាំ​​​ឃ្លាំ​​​មើល​​​វត្ត​​​​​​របស់​​​ព្រះ​​​អង្គ​​​យ៉ាង​​​ស្អិត​​​ ព្រះ​​​អង្គ​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​ចំពោះ​​​ការ​​​ចាប់​​​​​​ព្រះ​​​កាយ​​​ព្រះ​​​សង្ឃ​​​​​​ ប្រសិន​​​បើ​​​ព្រះ​​​សង្ឃ​​​និមន្ត​​​ចេញ​​​ពី​​​បរិវេណ​​​វត្ត​​​តែ​​​អង្គ​​​ឯង​​​ ឬ​​​​​​មាន​​​គ្នា​​​តិច​​​។ ព្រះ​​​អង្គ​​​បាន​​​​​បន្ថែម​​​ទៀត​​​ថា “យើង​​​នឹង​​​មិន​​​បញ្ឈប់​​​ការ​​​ងារ​​​សង្គម​​​របស់​​​យើង​​​ទេ​​​។ ពេល​​​យើង​​​ចេញ​​​ក្រៅ​​​ ​​​​​​យើង​​​​​​ត្រូវ​​​ទៅ​​​គ្នា​​​ច្រើន ពួកគេ​​​មិន​​​ហ៊ាន​​​ឃាត់​​​យើង​​​ទេ ​​​បើ​​​យើង​​​មាន​​​គ្នា​​​

ច្រើន​​​”។ហើយ​​​ប្រសិនបើ​​​នៅ​​​ខាង​​​ក្រៅ​​​វត្ត​​​មាន​​​សភាព​​​ការ​​​ណ៍​​​មិន​​​ស្រួល ព្រះអង្គ​​​នឹង​​​ប្រាប់​​​ព្រះ​​​សង្ឃ​​​របស់​​​ព្រះអង្គ​​​ឲ្យ​​​គង់​​​នៅ​​​ខាង​​​ក្នុង​​​វត្ត​​​ ពីព្រោះ​​​ព្រះអង្គ​​​ជឿ​​​ថា ការ​​​គង់​​​នៅខាង​​​ក្នុង​​​វត្ត​​​នឹង​​​ធ្វើ​​​ឲ្យ​​​ព្រះ​​​សង្ឃ​​​ទាំង​​​នោះ​​​គេចផុត​​​ពី​​​សំណាញ់​​​ច្បាប់​​​។ ប៉ូលិស និង​​​ប៉េអឹម មិន​​​អាច​​​ចូល​​​មក​​​ក្នុង​​​វត្ត​​​បាន​​​ទេ បើ​​​ពួក​​​គេ​​​ចូល ​​​យើង​​​នឹង​​​ដេញ​​​ពួក​​​គេ​​​”៕ សុខុម​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស