34 C
Phnom Penh

សហជីព​មិន​សប្បាយចិត្ត​ជាមួយ​ការ​ដំឡើង​ប្រាក់ខែ​ថ្មី ប៉ុន្តែ​មិន​បន្ត​ធ្វើ​កូដកម្ម​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហជីព​បួន​ក្នុង​ចំណោម​សហ​ជីព​ធំៗ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា ពួកគេ​នឹង​មិន​ធ្វើ​កូដ​កម្ម​ជុំវិញ​ការ​ច្រានចោល​ថ្មី​បំផុត​របស់​រដ្ឋាភិបាល​អំពី​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​​របស់​ខ្លួន​សម្រាប់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ទេ ដោយ​លើកឡើង​ដដែល​ៗ​ពី​ភាព​ចលាចល និង​ការ​ប៉ះ​ពាល់​ដល់​វិស័យ​កាត់​ដេរ​កាល​ពី​ខែ​ធ្នូ និង​ខែ​មករា។

ប៉ុន្តែ​​ពួកគេ​បាន​ព្រមាន​ថា ការ​តវ៉ា​អាច​​កើត​ម្តង​ទៀត​ ប្រសិន​បើ​ម្ចាស់​ផ្ទះ​ឈ្នួល​​នៅ​ជុំវិញ​រោង​ចក្រ​ចាប់​ផ្តើម​ដំឡើង​ថ្លៃឈ្នួល​ផ្ទះ និង​​ថ្លៃ​ទឹក​ភ្លើង​ ពីព្រោះ​តាម​ធម្មតា​ពួកគេ​តែង​តែ​ធ្វើ​នៅ​ពេល​ណា​មានការ​ដំឡើង​ប្រាក់ខែ។

សហជីព​មួយ​ចំនួន​បាន​ធ្វើ​កូដកម្ម​​ជាច្រើន​លើក​ ដែល​បាន​ធ្វើ​ឲ្យវិស័យ​កាត់​ដេរ​ដែល​មាន​ទឹក​ប្រាក់​ ៥,៥ពាន់លាន​ដុល្លារ​នៅ​ទ្រឹ​ង​ នៅ​ពេល​ដែល​រដ្ឋាភិបាល​​បាន​ច្រាន​ចោល​ការ​ទាម​ទារ​​ដំឡើង​ប្រាក់​ខែ​​គោល​១៦០ដុល្លាររបស់ខ្លួន​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន។

កូដកម្ម​បាន​បញ្ចប់​បន្ទាប់ពី​កង​រាជ​អាវុធ​ហត្ថ​​បាន​បាញ់​ទៅលើ​ក្រុម​បាតុករ​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៣ ខែ​មករា ដោយ​បណ្តាល​ឲ្យ​កម្មករ​យ៉ាង​តិច​ប្រាំ​នាក់​ស្លាប់​ និង​របួស​ជា​ច្រើន​នាក់​ទៀត។

នៅ​ពេល​នេះ​សហជីព​​បាន​បន្ទាប​ការ​ទាមទារ​របស់​ខ្លួន​​មក​ត្រឹម​១៤០ដុល្លារ​ ប៉ុន្តែ​នៅតែ​តិច​ដដែល​ នៅ​ពេល​ដែល​ក្រសួង​ការ​ងារ​ កាលពី​សប្តាហ៍​មុន​បាន​សម្រេច​ដំឡើង​ប្រាក់ខែ​គោល​បច្ចុប្បន្ន​ដែល​មាន​១០០ដុល្លារ​នោះ​ដល់​១២៨ដុល្លារ​។

លោក អាត់​ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​​ ជា​សហជីព​ឯករាជ្យ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​​បាន​មាន​ប្រសា​សន៍​ថា តំណាង​រោង​ចក្រ​ស្ទើរ​តែ​ទាំង​អស់​​បាន​បោះ​ឆ្នោត​ជំទាស់​នឹង​ការ​បន្ត​ធ្វើ​កូដ​កម្ម​ នៅ​កិច្ច​ប្រជុំ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​។

រវាង​ការ​បន្ត​ធ្វើ​កូដ​កម្ម​ ក៏​មាន​ការ​សប្បាយ​ចិត្ត​ទទួល​យក​ការ​ដំឡើង​ប្រាក់​ខែ​ថ្មី​ និង​ការ​ជំទាស់​ចំពោះ​ការ​ដំឡើង​ប្រាក់​ខែ​ថ្មី​ផង​ដែរ​ ប៉ុន្តែ ជម្រើស​មិន​ធ្វើ​កូដ​កម្ម​ទេ ហើយ​តំណាង​ប្រហែល​​១០០នាក​់នៅ​កិច្ច​ប្រជុំ​នោះ ​បាន​បោះឆ្នោត​ជ្រើស​យក​ជម្រើស​ទី​៣​។

លោក អាត់ ធន់​ បាន​មាន​ប្រសាសន៍​កាល​ពីម្សិលមិញ​ថា “នេះ​មាន​ន័យ​ថា​ ពួក​គេ​មិន​សប្បាយ​ចិត្ត ប៉ុន្តែ​ យើង​នឹង​មិន​ធ្វើ​កូដ​កម្ម​ទេ​។ ដូច្នេះ​យើង​នឹង​ព្យាយាម​រក​វិធី​ថ្មី​ដើម្បី​ទាម​ទារ​ដំឡើង​ប្រាក់​ខែ ប៉ុន្តែ មិន​មែន​ធ្វើ​កូដកម្ម​ទេ​”។ លោក​បាន​មាន​ប្រសាសន៍​ថា តំណាង​សហជីព​ត្រូវ​ផ្សព្វផ្សាយ​​ព័ត៌​មាន​ដល់​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​នៅ​តាម​រោង​ចក្រ​របស់​ពួកគេ។ លោក​បាន​មាន​ប្រសាសន៍​ថា “ពួក​គេ​និយាយ​ថា យើង​មិន​ចង់​ធ្វើ​កូដ​កម្ម​ទេ​ ពីព្រោះ​រដ្ឋា​ភិបាល​នឹង​បង្ក្រាប…ហើយ​ពួក​គេ​ចង់​ព្យាយាម​ធ្វើ​តាម​រយៈ​ក្រុម​ហ៊ុន​យីហោ​ធំ​ៗ​វិញ”។

អំឡុ​ង​ការ​ចរចា​ដែល​ឈាន​ទៅ​រក​ការ​សម្រេច​របស់​ក្រសួង​ការ​ងារ​កាល​ពី​សប្តាហ៍​មុន ក្រុម​ហ៊ុន​យីហោ​ធំៗ​ក្រៅ​ប្រទេស​​មួយ​ចំនួន​ដែល​បច្ចុ​ប្បន្ន​ ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ប្រទេស​កម្ពុជា បាន​សន្យា​បង្កើន​ការ​បញ្ជា​ទិញ​របស់​ខ្លួន​បន្ថែម​ទៀត​ ដើម្បី​ជួយ​ដល់​រោង​ចក្រ​ក្នុង​ប្រទេ​ស​កម្ពុជា ទប់​ទល់​បន្ទុក​នៃ​ការ​ដំឡើង​ប្រាក់​ខែ​ណាមួយ។

លោក អាត់​ ធន់​ បាន​មាន​ប្រសាសន៍​ថា ឥឡូវ​នេះ​សហជីព​ផ្តោត​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា ក្រុមហ៊ុន​យីហោ​ធំ​ៗ​ទាំង​នោះ​គោរព​តាម​ការ​សន្យា​របស់​ខ្លួន​ ហើយ​បញ្ជា​ទិញ​ឲ្យ​បាន​គ្រប់​គ្រាប់​ដើម្បី​អនុញ្ញាត​ឲ្យ​រោង​ចក្រ​មាន​លទ្ធភាព​បើក​ប្រាក់​ខែ​ឲ្យ​កម្ម​ករ​ សូម្បី​លើស​ពី​១២៨​ដុល្លារ​​។

សហជីព​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក្សា​តម្លៃ​​​ឈ្នួល​ផ្ទះ និង​​ថ្លៃ​ទឹក​ភ្លើង​ឲ្យ​នៅ​ទាប​ផង​ដែរ​ បន្ទាប់​ពី​ការ​ដំឡើង​ប្រាក់​ខែ​គោល​ថ្មី​ចូល​ជា​ធរមាន​នៅ​ខែ​មករា។ ម្ចាស់​ផ្ទះ​ឈ្នួល​នៅ​ជុំ​វិញ​រោង​ចក្រ​តែង​តែ​ដំឡើង​ថ្លៃ​នៅ​ពេល​​រោង​ចក្រ​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ខែ​ ដោយ​ឆ្លៀតយក​​ប្រយោ​ជ​ន៍​​ពី​ការ​ដំឡើង​ប្រាក់​ខែ​នេះ។

លោក អាត់ ធន់ បាន​មាន​ប្រសាសន៍​ថា លោក​មាន​គម្រោង​ជួប​ជា​មួយ​សមាជិក​របស់​ខ្លួន​ ដែល​មាន​​ប្រហែល​ពីរ​បី​ពាន់​នាក់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ពេល​ណា​មួយ​នៅ​ដើម​ខែ​ធ្នូ​ដើម្បី​ប្រមូល​ព័ត៌មាន​បន្ថែម​ថា តើ​ពួកគេ​ចង់​ឲ្យ​សហជីព​ដំណើរ​ទៅមុខ​ដោយ​របៀប​ណា​។

អ្នក​ស្រី កេន ឆេង​ឡាង​​ ប្រធាន​ស្តី​ទី​សហព័ន្ធ​ឯក​រាជ្យ​ជាតិ​នៃ​ឧស្សាហ​កម្ម​វាយនភណ្ឌ​កាត់ដេរ​​​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា តំណាង​របស់​លោក​ស្រី​ក៏បាន​បោះ​ឆ្នោត​ជំទាស់​នឹង​ការ​បន្ត​ធ្វើ​កូដកម្ម​ផង​ដែរ​ ឲ្យតែ​​ផ្ទះ​ជួល​ថ្លៃ​ទឹក​ភ្លើង​ និង​ការ​ចំណាយ​ផ្សេង​ៗ​ទៀត​នៅ​ជុំ​វិញ​រោង​ចក្រ​មិន​ឡើង​ថ្លៃ។

អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ថា “ប្រសិនបើ​តម្លៃ​ផ្ទះ​ជួល​ និង​ម្ហូប​អាហារ​ឡើង​ថ្លៃ​ នឹង​មាន​ការ​ធ្វើ​កូដ​កម្ម​ និង​ការ​តវ៉ា​ដ៏ធំ​ជា​ថ្មី​ម្តង​ទៀត​។ កម្មករ​ក៏បាន​ស្នើ​ឲ្យ​សហជីព​របស់​យើង​ និង​រដ្ឋាភិបាល​​ចាត់​វិធាន​ការ​ទប់​ស្កាត់​កុំ​ឲ្យ​តម្លៃ​ផ្ទះ​ជួល​ និង​ម្ហូប​អាហារ​ឡើង​ថ្លៃ​ផង​ដែរ។ ការ​ដំឡើង​ប្រាក់​ខែ​នឹង​គ្មាន​ប្រយោជន៍​ឡើយ ​ប្រសិន​បើ​តម្លៃ​ទាំង​នោះ​​ឡើង​ថ្លៃ​នោះ។ លុយ​បន្ថែម​នោះ​នឹង​ចូល​ទៅ​ក្នុង​ហោប៉ៅ​ម្ចាស់​ផ្ទះឈ្នួល​”។

លោក ជា​ មុនី ប្រធាន​សហជីព​សេរី​កម្មករ​ ដែល​បាន​ចូល​រួម​កូ​ដ​កម្ម​ កាល​ពីខែ​ធ្នូ និង​ខែ​មករា បាន​មាន​ប្រសាសន៍​ថា សហជីព​រ​បស់​លោក ក៏​នឹង​ចៀសវាង​​ការ​ធ្វើ​កូដ​កម្ម​​ផង​ដែរ​ដោយ​បារម្ភ​​ពី​ការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​ពី​សំណាក់​រដ្ឋាភិបាល​។

លោក ប៉ាវ ស៊ីណា មេ​ដឹក​នាំ​សហជីព​ដែល​ក៏បាន​ចូល​រួម​ការ​ធ្វើ​កូដ​កម្ម​ចុង​ក្រោយ​ដែរ​បាន​មាន​ប្រសាសន៍​ថា លោក​នៅ​តែ​កោះហៅ​​តំណាង​រោង​ចក្រ​របស់​ខ្លួន​ដើម្បី​ទទួល​បាន​ការ​ផ្តល់​​មតិ​ត្រឡប់​​​​ពី​​សមាជិក​របស់​ខ្លួន​​ដដែល​។

ដូច​អ្នក​ស្រី ឆេង​ឡាង ដែរ​បើ​ទោះ​ណា​ជា​លោក​បាន​ព្រមាន​ថា លោក​នឹង​អាច​ផ្លាស់​ប្តូរ​ចិត្ត​ប្រសិន​បើ​ម្ចាស់​ផ្ទះ​ឈ្នួល​ព្យាយាម​ឆ្លៀត​យក​ប្រយោជន៍​ពី​ការ​ដំឡើង​ប្រាក់​ខែ​គោល​ថ្មី​ជា​វិធី​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​ពីមុន​មកនោះ​។ លោក​បាន​មាន​ប្រសា​សន៍​ថា “​ប្រសិន​បើ​រដ្ឋាភិបាល​ និង​ស្ថាប័ន​នានា​មិន​អាច​ទប់​ស្កាត់​ការ​ដំឡើង​ថ្លៃ​ទេ​នោះ​ នឹង​មាន​ចលនា​កម្មករ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​កាន់​តែ​ខ្ពស់​​ ពី​ព្រោះ​ពួក​គេ​គ្មាន​ជម្រើស​”៕សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស