ដើម្បីប្រឈមនឹងការរិះគន់ដែលចេះតែកើនឡើងចំពោះការចាប់ខ្លួនសកម្មជន និងបុគ្គលលេចធ្លោរបស់គណបក្សប្រឆាំងចំនួន១៥រូបកាលពីសប្តាហ៍មុន រដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍មួយ ដោយការពារការចាប់ខ្លួននេះថា “ស្របច្បាប់” ហើយបានសង្កត់ធ្ងន់ចំពោះការប្តេជ្ញារបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំង នឹងនិទ្ទណ្ឌភាព។

សកម្មជនការពារសិទ្ធិដីធ្លីជាស្ត្រីចំនួន១០នាក់ ព្រះសង្ឃចំនួនបីអង្គ និងបុគ្គលលេចធ្លោមកពីគណបក្សសង្គ្រោះជាតិចំនួនពីរនាក់ត្រូវបានចាប់ខ្លួនចន្លោះថ្ងៃច័ន្ទ និងថ្ងៃព្រះហស្បតិ៍កាលពីសប្តាហ៍មុនពីបទចូលរួម ឬមានផែនការចូលរួមការតវ៉ា។ នៅក្នុងសេចក្តីសម្រេចដ៏ឆាប់រហ័សចំនួនពីរ សកម្មជនចំនួនប្រាំពីរនាក់ក្នុងចំណោមអ្នកទាំង១៥រូបនេះត្រូវបានផ្តន្ទាទោសដោយសាលាដំបូងរាជធានី ហើយឥឡូវនេះកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។
សេចក្ដីថ្លែងការណ៍ដែលចុះថ្ងៃទី១៤ ខែវិច្ឆិកា និងចុះហត្ថលេខាដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានខ្លឹមសារថា “រដ្ឋាភិបាលបានប្តេជ្ញាពង្រឹងច្បាប់” ហើយនឹងមិនព្រមធ្វើតាមការតវ៉ាឲ្យមានការដោះលែងសកម្មជនឡើយ។ សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារដូច្នេះថា “រាជរដ្ឋាភិបាលកម្ពុជាបដិសេធ និងថ្កោលទោសចំពោះពាក្យទាំងអស់ និងបុគ្គល ក្រុម ឬស្ថាប័នណាមួយ ដែលចោទប្រកាន់ និងបំផ្លើស ហើយបន្ទោសលើ[រដ្ឋាភិបាល] ដោយគ្មានមូលដ្ឋានពិតប្រាកដដែលជាដើមហេតុធ្វើឲ្យសាធារណជនយល់ច្រឡំ [និងគិត] ថា រដ្ឋាភិបាលកំពុងដាក់សម្ពាធលើគណបក្សសង្គ្រោះជាតិ”។
សេចក្តីសម្រេចយ៉ាងឆាប់រហ័សកាលពីសប្តាហ៍មុន គឺវាផ្ទុយទៅនឹងទង្វើរបស់តុលាការដែលធ្លាប់ធ្វើចំពោះមន្ត្រីរដ្ឋាភិបាល និងបុគ្គលមានខ្នងក្រាស់ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ។
ក្នុងចំណោមសំណុំរឿងលេចធ្លោក្នុងពេលថ្មីៗនេះ គឺការពាក់ព័ន្ធរបស់លោក ជាម យៀប សមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជានៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ការបុក ហើយរត់បណ្តាលឲ្យមានមនុស្សស្លាប់នៅក្នុងខេត្តកណ្តាលកាលពីឆ្នាំមុន ដែលមិនដែលត្រូវបានចាត់ការដោយសាលាដំបូងខេត្តឡើយ និងការបាញ់ប្រហារកាលពីឆ្នាំ២០១២លើកម្មការិនីចំនួនបីនាក់ដោយលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលមិនដែលជាប់ពន្ធនាគារដោយសារបទឧក្រិដ្ឋរបស់ខ្លួននោះ។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក ផៃ ស៊ីផាន បានលើកឡើងថា រដ្ឋាភិបាលមិនអាចធ្វើអន្តរាគមន៍នៅក្នុងដំណើរការរបស់តុលាការបានឡើយ។លោកបានបន្ថែមថា “មនុស្សគ្រប់ៗរូបត្រូវតែមានការអប់រំ ហើយរៀនគោរពច្បាប់”។ លោកបានមានប្រសាសន៍ថា “វាលឿនពេកហើយ ដែលស្នើឲ្យរដ្ឋាភិបាលដាក់សម្ពាធលើតុលាការដើម្បីដោះលែងមនុស្សទាំងនោះ។ យើងមិនអាចធ្វើបានទេ”។
លោកផៃ ស៊ីផាន បានលើកឡើងទៀតថា អ្នកដែលជាប់ពន្ធនាគារទាំងនោះ “មានមេធាវីរបស់ពួកគេ ហើយអាចប្តឹងទៅសាលាឧទ្ធរណ៍បាន” ប្រសិនបើពួកគេមិនពេញចិត្តនឹងការផ្តន្ទាទោសកាលពីសប្តាហ៍មុន។
កាលពីម្សិលមិញ អ្នកតវ៉ាបានបន្តអំពាវនាវឲ្យមានការដោះលែងអ្នកទាំងនោះ។ មនុស្សប្រហែល២០០នាក់ដែលរួមមានទាំងសាច់ញត្តិអ្នកដែលត្រូវបានឃុំខ្លួនទាំងនោះផងបានហែក្បួនពីផ្នែកមួយនៃពន្ធនាគារព្រៃសទៅផ្នែកមួយទៀតជាទីដែលពួកគាត់បានបួងសួងនិងបង្ហោះប៉េងប៉ោង។
ដោយអមដំណើរដោយបងប្អូនបង្កើតចំនួនប្រាំមួយនាក់ សៀង សុខហេង អាយុ១៨ឆ្នាំ បានចូលរួមនៅក្នុងការគាំទ្រដល់ម្តាយរបស់នាងគឺអ្នកស្រី ភួង សុភាព ដែលត្រូវបានបញ្ជូនទៅពន្ធនាគារកាលពីថ្ងៃព្រហស្បតិ៍ពីបទតវ៉ានៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ។
សុខហេង បាននិយាយថា “យើងទាមទារឲ្យរដ្ឋាភិបាលដោះលែងគាត់ ហេតុដូច្នេះគាត់អាចត្រឡប់មកផ្ទះ ហើយមើលថែយើងវិញ។ បើគ្មានគាត់ទេយើងនឹងរស់នៅក្នុងស្ថានភាពលំបាកបំផុត”។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា វាជារឿងខុសឆ្គងដែលរដ្ឋាភិបាលមិនចាត់វិធានការតាមចាប់ខ្លួនអ្នកដែលពាក់ព័ន្ធក្នុងករណីធ្ងន់ធ្ងរដូចជាការបាញ់ប្រហារបណ្តាលឲ្យកម្មកររោងចក្របាត់បង់ជីវិតចំនួនប្រាំនាក់នៅលើផ្លូវវេងស្រេងកាលពីខែមករា ជាដើម ប៉ុន្តែ បែរជាចាត់វិធានការហាក់បីដូចជាមិនត្រឹមត្រូវទៅវិញ។
លោកបានមានប្រសាសន៍ថា “តើទង្វើទាំងនេះអាចត្រូវបានយកមកប្រើប្រាស់ដើម្បីលុបបំបាត់និទ្ទណ្ឌភាពនៅក្នុងសង្គម ខណៈពួកគាត់ [សកម្មជន] មិនបានប្រព្រឹត្តិបទល្មើសណាមួយ ឬសម្លាប់អ្នកណានោះឡើយយ៉ាងដូចម្តេចទៅ”។
កាលពីថ្ងៃសុក្រ អង្គការលើកលែងទោសអន្តរជាតិ ក្លាយជាអង្គការសិទ្ធិមនុស្សថ្មីបំផុតដែលថ្កោលទោសការចាប់ខ្លួននេះដោយចេញវិធានការណ៍ដ៏បន្ទាន់មួយដល់សមាជិករបស់ខ្លួនដោយស្នើឲ្យពួកគេសរសេរលិខិតជូនរដ្ឋាភិបាលដើម្បីសំដែងអំពីការតវ៉ារបស់ខ្លួន។
សេចក្តីថ្លែងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិនេះបានមានខ្លឹមសារដូច្នេះថា “អង្គការលើកលែងទោសអន្តរជាតិចាត់ទុកថា បុគ្គលចំនួន១១នាក់ ដែលត្រូវបានបញ្ជូនទៅពន្ធនាគារមិនគួរត្រូវបានផ្តន្ទាទោសនោះទេ។ ពួកគេគ្រាន់តែអនុវត្តសិទ្ធិរបស់ខ្លួនពាក់ព័ន្ធនឹងសេរីភាពក្នុងការជួបជុំ ដែលមានចែងក្នុងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិនយោបាយ និងសិទ្ធិសីុវិល ដែលមានប្រទេសកម្ពុជាជាហត្ថលេខី និងដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញប៉ុណ្ណោះ”៕ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Holly Robertson)