30.7 C
Phnom Penh

ជន​សង្ស័យ​មួយ​ក្រុម​​​បាញ់​ជន​រង​គ្រោះ​ពីរ​នាក់​លើ​ស្ពាន​ព្រះមុនីវង្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរបាល​ម្នាក់​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា បុរស​មួយ​ក្រុម​ប្រដាប់ដោយ​កាំភ្លើង​ខ្លី​និង​ដាវ បាន​វាយ​ប្រហារ​អ្នក​ជិះ​ម៉ូតូ​ពីរ​នាក់​​ ខណៈ​ដែល​ពួកគេ​បាន​បើក​កាត់​ស្ពាន​ព្រះ​មុនី​វង្ស​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​សៅរ៍។

យោង​តាម​អធិការ​រង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​​បាន​ឲ្យ​ដឹង​ថា ការ​វាយប្រហារ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល​​៥និង​២០នាទីល្ងាច​ ខណៈ​ដែល​ រស់ សំបូរ អាយុ​២១ឆ្នាំ និង​ហ៊ុយ ប៊ុនឃាង អាយុ​២២ឆ្នាំ កំពុង​បើក​ម៉ូតូ​កាត់​ស្ពាន​នេះ​ពី​ខណ្ឌ​មានជ័យ​ទៅ​ខណ្ឌ​ច្បារ​អំពៅ។

មន្ត្រី​នគរបាល​ម្នាក់ ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​ពីព្រោះ​ចៅហ្វាយ​របស់​លោក​បាន​ណែនាំ​លោក​កុំឲ្យ​ប្រាប់​ឈ្មោះ​ដល់​អ្នក​កាសែត​​ ហើយ​ផ្តល់​ព័ត៌មាន​មានកម្រិត​តែ​ប៉ុណ្ណោះ​អំពី​ករណី​នេះ​ បាន​មាន​​ប្រសាសន៍​ថា បុរស​ប្រាំ ឬ​ប្រាំមួយ​នាក់​​បាន​បាញ់​ទៅលើ​ជន​រងគ្រោះ បន្ទាប់​មក​បាន​យក​ដាវ​របស់​ខ្លួន​កាប់​លើ​ម៉ូតូ​របស់​ជន​រងគ្រោះ​ទៀត។

មន្ត្រី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ​ សំបូរ និង​ ប៊ុនឃាង អាច​រត់គេច​ខ្លួន​រួច​ដោយ​លោត​ចុះ​ពី​ស្ពាន​ទៅលើ​ផ្ទះ​មួយ​ចំនួន​នៅ​ខាងក្រោម។ លោក​បាន​មាន​ប្រសា​សន៍​​ថា “ម៉ូតូ​របស់​ពួកគេ​​ត្រូវ​ជន​សង្ស័យ​ទាំងនោះ​យក​ដាវ​កាប់​ត្រូវ​​ពីរ​ឬ​បី​កន្លែង​”។ មន្ត្រី​រូប​នេះ​បាន​បន្ថែម​ថា ជន​សង្ស័យ​ទាំង​អស់ ដែល​នៅ​មិនទាន់​ស្គាល់​អត្ត​សញ្ញាណ​នៅឡើយ​នោះ​បាន​រត់​គេ​ច​ខ្លួន​បាត់។

ដោយ​ធូរស្រាល​ពី​មុខ​របួស​ដោយ​គ្រាប់កាំភ្លើង​ត្រង់​ស្មា​របស់​ខ្លួន​ និង​ជើង​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​​កាល​ពីម្សិលមិញ​ ប៊ុនឃាង​ បាន​និយាយ​ថា គាត់​មិន​ដឹង​ថា ហេតុអ្វី​បាន​ជា​គេ​ចង់​ធ្វើ​បាប​គាត់​នោះ​ឡើយ។ គាត់​បាន​និយាយ​ថា “មិត្ត​ភក្តិ​របស់ខ្ញុំ​ និង​ខ្ញុំ​​មិនដែល​មាន​ជម្លោះ​ជាមួយ​នរណា​ម្នាក់​ទេ​ពីមុន​មក​។ ហើយ​ខ្ញុំ​មើល​មិន​ឃើញ​អ្នក​វាយ​ប្រហារ​នោះ​ទេ ពីព្រោះ​ពួកគេ​នៅ​ពីក្រោយ​ពួក​យើង​ ហើយ​ខ្ញុំ​មិន​បាន​ងាក​មើល​ពួកគេ​ទេ”។

ប៊ុនឃាង​​ បាន​និយាយ​ថា លោក និង​លោក សំបូរ បាន​ធ្វើដំណើរ​តាម​ផ្លូវ​ទៅ​ហូប​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយ​ដ្ឋាន​មួយ​​ ស្រាប់តែ​ដំបូង​​ជន​សង្ស័យ​ទាំងនោះ​បា​​ន​បាញ់​ សំបូរ​​ ចំ​ដៃ​បណ្តាល​ឲ្យ​បាត់​បង់​ម្ចាស់ការ​ពេល​កំពុង​បើក​ម៉ូតូ។ លោក​បាន​និយាយ​ថា “បន្ទាប់ពី​យើង​ត្រូវ​បាន​បាញ់​មក ម៉ូតូ​បាន​ដួល។ យើង​បាន​លោត​ចុះ​ពី​ស្ពាន ហើយ​ខ្ញុំ​បាន​រត់​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នកភូមិ​​ដើម្បី​រក្សា​ជីវិត”។ សំបូរ​ បាន​និយាយ​ថា ខ្លួន​មិន​ដឹង​ថា ហេតុអ្វី​បាន​គេ​បាញ់​ខ្លួន​នោះ​ឡើយ​ ហើយ​បាន​បដិ​សេធ​មិន​និយាយ​បន្ថែម​ទេ៕សារុន​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស