អ្នកភូមិនិងមន្ត្រីមូលដ្ឋានបាននិយាយកាលពីម្សិលមិញថា ក្រុមហ៊ុន Union Development Group (UDG) ដែលកាន់កាប់ដោយជនជាតិចិនកាលពីសប្តាហ៍មុនបានបំផ្លាញផ្ទះ២១ខ្នងនៅកន្លែងអភិវឌ្ឍន៍ទេសចរណ៍ដែលមានទឹកប្រាក់៣,៨ពាន់លានដុល្លារនៅក្នុងខេត្តកោះកុង។
ក្រុមហ៊ុន UDG ដែលបានចាប់ផ្តើមសាងសង់កន្លែងមួយលើដីទំហំ៤៥.០០០ហិកតានៅក្នុងឧទ្យានជាតិបទុមសាគរកាលពីឆ្នាំ២០១០ រហូតមកទល់ពេលនេះបានបណ្តេញអ្នកភូមិជាង១.០០០គ្រួសារពីដីរបស់ខ្លួន។
អ្នកស្រី ប្រាក់ នឿន អាយុ៣៣ឆ្នាំ បាននិយាយថា កាលពីថ្ងៃទី ១០ និងទី១១ ខែវិច្ឆិកា សន្តិសុខដែលក្រុមហ៊ុន UDG បានជួលប្រហែល៤០នាក់បានបំផ្លាញផ្ទះ២១ខ្នងទៀត។
អ្នកស្រី នឿន បាននិយាយថា “សន្តិសុខទាំងនោះបានចាប់ផ្តើមបំផ្លាញ និងដុតផ្ទះរបស់ខ្ញុំដោយគ្មានជូនដំណឹង ឬផ្តល់សំណងអ្វីឡើយ”។ អ្នកស្រីបានបន្ថែមថា អ្នកស្រីបានធ្វើស្រែចម្ការលើដីទំហំ២ហិកតាដែលគាត់បានរស់នៅតាំងពីឆ្នាំ១៩៩៥មកម៉្លេះ។ អ្នកស្រីបាននិយាយថា ឥឡូវនេះគ្រួសារដែលត្រូវបានបណ្តេញចេញទាំង២១គ្រួសារកំពុងស្នាក់នៅក្នុងវត្តពោយោ ឆពណ្ណ (Poyo Chorpon)។
កាលពីម្សិលមិញ លោក ខឹម ចាន់ឌី អភិបាលស្រុកបានមានប្រសាសន៍ថា លោកបានស៊ើបអង្កេតហេតុការណ៍នេះហើយ ហើយបានរកឃើញថា ក្រុមហ៊ុន UDG បានធ្វើសកម្មភាពដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានឡើយ។ លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុនមិនបានជូនដំណឹង ឬសហការជាមួយអាជ្ញាធរមូលដ្ឋានទេ” ដោយលោកបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។ លី តឹកហី មេការនៅក្រុមហ៊ុន UDG បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ៕សារុន