32.9 C
Phnom Penh

មេដឹកនាំ​សហជីព​នាំ​និស្សិត​ទៅ​មើល​ព្រំដែន​ជាប់​ប្រទេស​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​រំដួល, ខេត្ត​ស្វាយរៀង-បំពក់​កម្តៅ​កំហឹង​ជំុវិញ​បញ្ហា​ដី​ដែល​បាត់​បង់​ទៅ​លើ​ប្រទេស​វៀតណាម លោក រ៉ុង ឈុន​​ មេ​ដឹក​នាំ​សហជីព​កាលពីថ្ងៃ​អាទិត្យ​បាន​ដឹកនាំ​យុវ​និស្សិត​និង​អ្នក​កាសែត​២​រថយន្ត​ក្រុង ​ពី​ភ្នំពេញ​ទៅស្រុក​ព្រំដែន​ដាច់ស្រយាល​នេះ ដើម្បី​ពិនិត្យ​បង្គោល​ព្រំដែន​ដែល​មាន​ជម្លោះ។border

ដោយ​មិន​ដើរ​តួនាទី​របស់​លោក​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា​ទេ ប៉ុន្តែ​ជា​តំណាង​នៃ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ក្រុម​និស្សិត​ចម្រុះ និង​សមាគម​ការងារ លោក រ៉ុង ឈុន បាន​ដឹកនាំ​ក្រុមនេះ​ដើរ​កាត់​តាម​វាលស្រែ ដីល្បាប់​និង​ព្រៃគុម្ពោត​អស់​រយៈ​ពេល​ប្រហែល​៣​ម៉ោង។

ដោយ​មាន​អ្នកភូមិ​មូលដ្ឋាន​ប្រហែល​១០០​នាក់​ចូលរួម​ដោយ​មនុស្ស​១០០​នាក់​មកពី​ភ្នំពេញ​ផង លោក រ៉ុង ឈុន ដំបូង​បាន​ទៅ​ដល់​បង្គោល​ថ្ម​ក្រហម​មួយ ដែល​អ្នក​ស្រុក​ម្នាក់​បាន​និយាយ​ថា ត្រូវ​បាន​រំកិល​ដោយ​អាជ្ញាធរ​ព្រំដែន​កម្ពុជា​កាលពី​ខែ​កុម្ភៈ។

លោក ចឹក លី អាយុ​៥៨​ឆ្នាំ​បាន​និយាយ​ថា “គេ​បាន​រំកិល​បង្គោល​នេះ​ចូល​ប្រហែល​៣០០​ម៉ែត្រ​ពី​ព្រំដែន​ចាស់”។ លោក​បាន​ពន្យល់​ថា គ្រួសារ​របស់​លោក​បាន​ដាំ​ដើម​ស្វាយចន្ទី​លើ​ដី​នោះ​ដោយ​គ្មាន​ការ​រំខាន​តាំងពី​ឆ្នាំ​១៩៨២​មក​ម៉្លេះ។

លោក​បាន​និយាយ​ថា “ខ្ញុំ​បាន​ព្យាយាម​ឃាត់​ពួកគេ​មិន​ឲ្យ​ដាំ​បង្គោល​ព្រំដែន​នេះ ប៉ុន្តែ​ពួកគេ​បាន​និយាយ​ថា ពួកគេ​ត្រូវតែ​ដាំ​វា។ ពេល​ដែល​ខ្ញុំ​និយាយ​ថា ‘ខ្ញុំ​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដាំ​បង្គោល​នៅ​ទី​នេះ​ទេ’ ពួកគេ​បាន​និយាយ​ថា ‘យើង​នឹង​វាយ​អ្នក​ឯង’”។ អ្នកភូមិ​រូប​នេះ​បាន​និយាយ​ទៀត​ថា “ពួកគេ​យក​ដី​នេះ​ធ្វើ​ជា ‘តំបន់​ស’ អ៊ីចឹង​ហើយ ពួកគេ​ស្នើ​ខ្ញុំ​កុំ​ឲ្យ​ប៉ះពាល់”។

ក្រោម​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ឆ្នាំ​២០០៥​ដ៏​ចម្រូងចម្រាស​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម ដី​មាន​ជម្លោះ​ត្រូវ​កំណត់​ទុក​មិន​ឲ្យ​ប្រទេស​ណាមួយ​ប្រើ​ប្រាស់​ឡើយ។

លោក ឈុន ជា​មេដឹកនាំ​សហជីព ស្ថិត​ក្នុង​ចំណោម​ក្រុម​មេដឹកនាំ​សង្គម​ស៊ីវិល​៤​នាក់​ដែល​ជាប់​ពន្ធនាគារ​កាលពី​ចុង​ឆ្នាំ​២០០៥ ពីបទ​បរិហារកេរ្តិ៍​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បន្ទាប់ពី​ពួកគេ​បាន​ស្តី​បន្ទោស​លោក​នាយករដ្ឋមន្ត្រី​ជាសាធារណៈ​អំពី​សន្ធិសញ្ញា​ឆ្នាំ​២០០៥។ លក្ខខណ្ឌ​នៃ​សន្ធិសញ្ញា​នោះ​ត្រូវ​បាន​ចរចា​លើ​មូលដ្ឋាន​នៃ​កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៨៥ ​ដែល​ចុះ​ហត្ថលេខា​មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ក្លាយ​ជានាយក​រដ្ឋមន្ត្រី​ ក្រោម​ការ​កាន់កាប់​របស់​វៀតណាម ហើយ​ទុក​ជា​សម្ងាត់​រហូត​ដល់​មាន​ការ​អនុម័ត​ដោយ​សភា​ជាតិ។

មេដឹកនាំ​ប្រឆាំង​ជាច្រើន​រូប​របស់​ប្រទេស​នេះ ដែល​មួយ​ចំនួន​មាន​ប្រភព​ក្នុង​ក្រុម​ចលនា​តស៊ូ​ប្រដាប់​អាវុធ​និង​សម្ងាត់​ប្រឆាំង​ប្រទេស​វៀតណាម​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ និង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ បាន​ចាត់ទុក​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥​ជា​មោឃៈ និង​បាន​បដិសេធ​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០០៥ ពីព្រោះ​វា​បាន​ធ្វើ​ឲ្យ​សន្ធិ​សញ្ញា​ដើម​មាន​ភាព​ស្រប​ច្បាប់។

ចំពោះ​មនុស្ស​មួយ​ចំនួន​ដែល​មាន​វត្តមាន​នៅ​ព្រំដែន​កាលពី​ថ្ងៃ​អាទិត្យ ការ​ចូល​កាន់កាប់​ទឹកដី​នា​ពេល​កន្លង​មក​ដោយ​ប្រទេស​វៀតណាម នៅតែ​​មាន​ឥទ្ធិពល​លើ​ការ​បកស្រាយ​របស់​ខ្លួន​ទាក់ទិន​នឹង​ការ​បាត់បង់​ទឹកដី​ថែម​ទៀត​នាពេល​ថ្មីៗ​នេះ។

លោក ស៊ុន ធន់ ជា​គ្រូ​វិទ្យាល័យ​ វ័យ​៥០​ឆ្នាំ​មកពី​ខេត្ត​កំពង់​ធំ បាន​និយាយ​​ទៅ​កាន់​ក្រុម​និស្សិត​ថា “វា​ជា​រឿង​អយុត្តិធម៌​និង​ជា​ការ​ឈ្លានពាន និង​មាន​ន័យ​ថា ខ្មែរ​នឹង​បន្ត​បាត់បង់​ទឹកដី​របស់​ខ្លួន​ទៀត”។ លោក​បាន​និយាយ​ថា “តាម​ប្រវត្តិ​សាស្ត្រ ទឹកដី​នេះ​ជា​របស់​ដូនតា​ខ្មែរ​របស់​យើង។ ប្រសិនបើ​យើង​រំឭក​ប្រវត្តិ​សាស្ត្រ​ខ្មែរ​របស់​យើង នេះ​ជា​វិធី​មួយ​ដែល​​ប្រទេស​ខ្មែរ​យើង​ត្រូវ​គេ​រំលោភ​យក​ជារហូត​មក។ នៅ​សម័យ​នេះ តាំងពី​ឆ្នាំ​១៩៨០​មក ការ​ឈ្លានពាន​គឺ​ធ្ងន់ធ្ងរ​ណាស់”។

ឈរ​នៅ​ជិត​បង្គោល​ព្រំដែន​មួយ លោក ធន់ បាន​ប្រាប់​និស្សិត​ថា កុំ​ភ្លេច​រឿង​សំខាន់​ជាក់​ស្តែង​អំពី​បង្គោល​រំកិល​នេះ ដែល​បង្ហាញ​ព្រំប្រទល់​”តំបន់​ស”។ លោក​បាន​ពន្យល់​ថា “នេះ​ជា​ការ​ល្បងមើល។ គេ​ចង់​ដឹង​ថា​​យើង​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា ពីព្រោះ​ពួកគេ​នឹង​យក​ដី​យើង​ទៀត​ស្រេចតែ​ចិត្ត ប្រសិនបើ​យើង​នៅ​ស្ងៀម​នោះ។ យើង​ប្រហែល​នឹងក្លាយ​ទៅ​ជា​ប្រទេស​ចំប៉ា​ក្នុង​ពេល​១០​ឆ្នាំ​ទៀត​យ៉ាង​យូរ”។

ប្រទេស​ចំប៉ា ដែល​ជា​រាជាណាចក្រ​ចាម កកើត​រាប់​សតវត្សរ៍​មក​ហើយ ដែល​ឥឡូវ​នេះ​ក្លាយ​ជា​វៀតណាម​កណ្តាល​នោះ ត្រូវ​បាន​ឆក់​ប្លន់​និង​ដណ្តើ​ម​យក​ដោយ​ពួក​មេដឹកនាំ​វៀតណាម​ខាង​ជើង​នៅ​ពាក់​កណ្តាល​សតវត្សរ៍​ទី​១៩។

ក្រុម​របស់​លោក រ៉ុង ឈុន ដែល​ភាគច្រើន​ពាក់​អាវ​យឺត​ស​មាន​អក្សរ​និង​ផែនទី​បង្ហាញ​ការ​សោក​ស្តាយ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​របស់​ខ្មែរ ជា​បណ្តា​ខេត្ត​ដែល​សព្វ​ថ្ងៃ​នេះ​ក្លាយជា​វៀតណាម​ខាង​ត្បូង បាន​ដើរ​ទៅ​ពិនិត្យ​បង្គោល​ក្រហម​ចំនួន​៥ មុន​ពេល​ទៅ​ដល់​បង្គោល​មួយ​ក្នុង​ចំណោម​បង្គោល​ធំៗ​៥​នៅ​ស្រុក​នេះ។

ដើរ​ហួស​ទាហាន​វៀតណាម​ម្នាក់​ពាក់​ឯកសណ្ឋាន​ខៀវខ្ចី លោក ឈុន បាន​ឈរ​នៅ​ត្រង់​បង្គោល​ព្រំដែន​លេខ​១៤៨ និង​បាន​ថ្លែង​អំពាវនាវ​ដល់​សភា​និង​ព្រឹទ្ធ​សភា​ឲ្យ​ពិនិត្យ​ព្រំដែន​របស់​ប្រទេស​កម្ពុជា​ឡើង​វិញ។ លោក​បាន​និយាយ​ថា “យើង​បាន​មើល​ឃើញ​ថា បង្គោល​ទាំង​នេះ​បាន​ដាំ​និង​ខិត​ចូល​ដី​របស់​យើង។ សូម្បីតែ​​បង្គោល​លេខ​១៤៨​នេះ​ដែល​ខ្ញុំ​កំពុង​ឈរ​ជិត ក៏​បោះ​ចូល​ដី​ខ្មែរ​រាប់រយ​ម៉ែត្រ​ដែរ”។

លោក ឈុន បាន​និយាយ​ទៀត​ថា “យើង​ចាំបាច់​ត្រូវ​សើរើ​[ព្រំដែន] ប៉ុន្តែ​យើង​ត្រូវ​លុប​ចោល​កិច្ច​ព្រមព្រៀង​បំពេញ​បន្ថែម​ជា​មុន​សិន។ ហើយ​នៅពេល​យើង​ធ្វើ​ការ​កំណត់​ព្រំដែន​លើក​ក្រោយ យើង​នឹង​មិន​ធ្វើ​ជា​ទ្វេភាគី​ទេ ពីព្រោះ​យើង​នៅ​ក្រោម​[ការ​គ្រប់គ្រង​របស់]​វៀតណាម ដូច្នេះ​ត្រូវ​តែ​មាន​អង្គការ​អន្តរជាតិ ដែល​ចូលរួម​ក្នុង​ការ​បោះ​ព្រំដែន​នេះ”។ ដោយ​ស្រែក​ពាក្យ “ជយោ​ទឹកដី​កម្ពុជា!” បន្ទាប់មក​ក្រុម​នេះ​បាន​ដើរ​ត្រឡប់​មក​វត្ត​វិញ​ជា ទីដែល​ពួកគេ​បាន​ចេញ​ដំណើរ ហើយ​ដែល​មាន​រថយន្ត​ក្រុង​ត្រៀម​ដឹក​ពួកគេ​ត្រឡប់​មក​ភ្នំពេញ​វិញ។ បន្ទាប់ពី​ការ​ធ្វើ​ដំណើរ​ស្វែងយល់ ក្រុម​និសិ្សត​បាន​និយាយ​ថា ពួកគេ​យល់​ដឹង​ច្រើន​អំពី​ស្ថានការណ៍​ព្រំដែន​របស់​ប្រទេស​កម្ពុជា។

ម៉ៃ សុផាន់ អាយុ​១៨​ឆ្នាំ ជា​សិស្ស​រៀន​ចប់​វិទ្យា​ល័យ​ថ្មីៗ បាន​និយាយ​ថា “តាម​ការ​សង្កេត​មើល​របស់​ខ្ញុំ ជាការ​ពិត​ដែល​ពួកគេ​បាន​បោះ​បង្គោល​ព្រំដែន​ចូល​ជ្រៅ​ក្នុង​ដី​របស់​យើង។ ក្នុង​នាម​ជា​យុវជន យើង​មាន​អារម្មណ៍​ឈឺ​ចាប់​ក្រៃលែង បន្ទាប់ពី​ដឹង​ថា ពួកគេ​បង្ខិត​ចូល​ដី​របស់​យើង”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស